បទឧក្រិដ្ឋអន​ឡាញ​​មិន​​ត្រឹ​ម​ធ្វើ​ឱ្យខូ​ច​មុខ​មាត់​កម្ពុជា​​ថែ​ម​ទាំង​​​ធ្វើ​ឱ្យ​ខ្មែរ​​​នៅ​កូរ៉េ​រង​ការ​រើស​អើង​

នៅ​​ពេល​​មន្ត្រី​ជាន់​​ខ្ពស់​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន ​ដែល​​កើត​ចេញ​ពី​ការ​​បោះ​​ឆ្នោត​​​បង្គ្រប់​​កិច្ច​​មិន​​សុចរិត​​ជាច្រើន​នាក់​ ត្រូវ​​បាន​​លាត​ត្រដាង​​ថា ​មាន​​ជាប់​​ពាក់​ព័ន្ធ​​យ៉ា​ង​ជ្រៅ​​នៅក្នុ​ង​​ប​ទឧ​ក្រិដ្ឋ​​ចាប់​​ជម្រិត​​តាម​​ប្រព័ន្ធ​​អនឡាញ​ ​ដែល​​ចុង​ក្រោយ​​​នេះ​បាន​​ធ្វើ​ទា​រុណកម្ម​​​លើ​​និស្សិត​​ជន​ជាតិ​​កូរ៉េ​វ័យ​​២២​​ឆ្នាំ​​ម្នាក់​​ រហូត​​ដល់​ស្លាប់​​​ វា​មិន​ត្រឹម​​តែ​ធ្វើ​ឱ្យប៉ះ​​ពាល់​​ដល់​​មុខ​មាត់​ និង​​កេរ្តិ៍​​ឈ្មោះ​​របស់​​កម្ពុជា​​​លើ​​ឆាក​អន្តរ​ជាតិ​ប៉ុណ្ណោះ​​ទេ ​វា​ក៏​​ថែម​​ទាំង​​ធ្វើ​ឱ្យ​ពល​រដ្ឋ​ខ្មែរ ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេសកូរ៉េ​រងការរើសអើងផងដែរ។

យុវជន ​​យង់ ស៊ីណេត ​កំពុង​រស់នៅកូរ៉េដែល​សកម្ម​នឹង​កិច្ចការងារ​សង្គម ​បានប្រាប់វីអូឌីនៅ​ថ្ងៃ១៧​ខែ​​តុលានេះ​ថា លោ​ក​មិន​​ទាន់​​ជួប​ដោយ​​​​ផ្ទាល់​នូវការ​រើសអើង​នោះទេ ​គឺគ្រាន់​តែ​ជួប​​ជន​ជាតិកូរ៉េ​មួយ​​ចំនួន​គេបង្ហាញ​​កែវ​ភ្នែក​​ឱ្យ​ឃើញ​ពីការ​​រើស​អើង ប៉ុន្តែមា​ន​​ពលករ​​ខ្មែរ​​ផ្សេង​​ទៀត ​​​ជួប​​ដោយ​​ផ្ទាល់​​ពី​ការ​​រើស​អើង​។

លោកថា៖ «គេសួរថា អ្នកឯងដឹងអត់ៗ​ ហេតុអីបានប្រទេសអ្នកឯងទៅជាចឹង? ហីលក្ខណៈ​ថា សួរ​ហ្នុង​ សួររបៀបសួរមិន​មែនដោយការចង់ដឹង សួរ​ដោយ​ថាផ្ជុចយកឱ្យយើង​គាំងធ្វើឱ្យ​យើង​នឹង​ទទួល​រងនូវសម្ពាធ​ផ្លូវចិត្ត​។ បងយល់​​ហើយ​​មួយ​គេហៅ​​ថា​​សំណួរ​​សួរ​ចង់​ដឹង​​ច​ង់​ឮ​ ​មួយ​​សួរ​ថា លក្ខណៈ​​​ថា​​ចង់​​ផ្ចាញ់​ផ្ចាល់​អ៊ីចឹង​មាន​​ករ​ណីចឹ​ង។ ហើយ​គាត់​​និយាយ​​ជាមួយ​ខ្ញុំថា​ វា​មាន​​អារម្មរ​​​ណ៍សម្ពាធ​ផ្លូវ​ចិត្តខ្លាំ​ង​​មែន​ទែន។ ហើយ​កន្លែង​ផ្សេងៗ ម្សិល​​មិញ​​​ខ្ញុំ​ជួប​​ប្អូន​ស្រីដែ​ល​​គាត់​​​ដាក់​​ពាក្យ​​​រ​កកា​រងា​រ​ ហើយ​​នៅ​​ពេល​​ដែល​​គាត់​ខល​ទៅ​​ថា យក​គាត់​​​អាហ្នឹង​ខ្មែរ​យើង​​នៅ​​នឹង​​ទាក់​​ទង​​ទៅ​។ ស្រាប់​តែ​ឮគា​ត់​ថា អ្នក​​ដែល​​ចូល​​នឹង​គឺ​ខ្មែរ​ទេ​ ស្រា​​ប់​តែ​​​ឮ​ថា​​ខ្មែរ​​លែង​យក​វិញ​​អ៊ីចឹង»​។

លោក មាស ពិសាល ​ប្រធានចលនាយុវជនគណបក្ស​សង្គ្រោះជាតិ​​​​​នៅ​​កូរ៉េខាង​ត្បូង ​​​​​ក៏បា​ន​ប្រាប់​​វីអូឌី​​​នៅ​​ថ្ងៃទី​​១៧ខែ​​តុ​​លា​​​នេះដែ​រ​​ថា ពិត​​ជាមាន​​ការ​រើសអើង​​មក​លើ​ពលករខ្មែរ​នៅ​កូរ៉េ​ពិត​ប្រាកដ​​មែន ចាប់​តាំងពីមានការ​​ចុះ​ផ្សា​យ​​ថា និស្សិត​កូរ៉េ​ម្នាក់​​​ត្រូវបា​នក្រុ​ម​​ឧក្រិដ្ឋ​ជន​​ជន​​ជាតិ​​ចិន ​ធ្វើ​​ទារុណ​កម្ម​​រហូត​ដល់​​ស្លាប់​នៅ​​ភ្នំបូក​គោ​​ក្នុង​​ប្រទេស​​កម្ពុជា។

លោកថា៖ «មាន​មែន​បងករណីនឹងមាន​មែន ប៉ុន្តែចំពោះ​បងប្អូនដែល​​គាត់​​ផ្តល់​មក​​យើង​​ដែល​​មាន​​លក្ខណៈ​ភស្តុតាង​​​រឹង​មាំអី​ហ្នឹង​ វាមិ​ន​​ទាន់​​មា​ន​​ទេ ប៉ុន្តែ​បើនិ​យាយ​​​ពីកា​រ​​ព្រួយ​បារម្ភ​​វិញ គឺពួ​ក​​គាត់​​គ្រប់​​គ្នា​​​ព្រួយ​បារម្ភ​ខ្លាំង​ហ្មង ​ភាគ​ច្រើន​​គឺ​បង្ហាញ​ពីកា​រ​​ព្រួយ​​បារម្ភ​ខ្លាំង»។

បន្ថែមពីនេះ ​​លោក ​ពិសាល ​បាន​អំពាវនាវ​ឱ្យ​ឯកអគ្គរាជទូត​ខ្មែរប្រចាំនៅប្រទេសកូរ៉េ ជួប​ជា​មួយស្ថាប័នអាជ្ញាធរ​កូរ៉េ ពាក់ព័ន្ធ​ដើម្បី​ពន្យល់ពី​ការ​ពិត ​ក៏ដូច​ជាសំណូមពរឱ្យមាន​ការ​ជួយ​​​សម្របសម្រួល ​ជួយ​ណែនាំ​ទៅ​​ដល់​រោងចក្រ​​សហគ្រាស ​ដែល​​ពលរដ្ឋ​ខ្មែរ​​កំពុង​ធ្វើការ ​ជួយ​ផ្សព្វផ្សាយ​កុំឱ្យពលរដ្ឋ​កូរ៉េមាន​ការ​រើសអើង​ឬ​ក៏ធ្វើទុក្ខ​បុកម្នេញ​លើ​ពលករខ្មែរ។

លោក ​ពិសាល បាន​អំពាវនាវ​ទៅ​ដល់​ពលករខ្មែរ​នៅកូរ៉េ សូមកុំ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេកតែ​ត្រូវ​បន្ត​ផ្តោត​​លើការធ្វើការងារ​ឱ្យ​បានល្អ ដើម្បី​បង្ហាញ​អំពី​អត្តចរិកល្អ​របស់​ខ្មែរ​បន្ត​ទៅ​​ទៀត ហើយព្យាយាម​អត់ធ្មត់​ធ្វើ​ការងារ​ប្រកបដោយ​ទំនួល​ខុសត្រូវ ​​ដោយ​មិន​បាច់​ព្យា​យាម​បកស្រាយ ​ឬក៏ព្យាយាម​ធ្វើការ​តបតអ្វី​ទេ​ ហើយ​​ប្រសិន​បើមាន​បញ្ហា​អ្វី ​គឺត្រូវ​ទាក់​ទងទៅស្ថានទូត​ខ្មែរ ​ទាក់​ទង​ទៅ​មជ្ឈមណ្ឌល​គាំពារ​ជនបរទេស ដើម្បី​​ឱ្យគេជួយ ​ឬទាក់​ទង​មក​លោក​​​ក៏​បាន ​លោក​នឹងព្យាយាម​ជួយ​ឱ្យអស់​ពីលទ្ធភាព​។

ស្ត្រីខ្មែរម្នាក់​រស់នៅក្នុង​ទីក្រុងសេអ៊ូល​ ប្រទេសកូរ៉េខាងត្បូង​​ បាន​និយាយ​នៅលើផេកហ្វេស​​ប៊ុក​​ឈ្មោះ Yun Jeong-hee នៅថ្ងៃទី​១៧​ខែតុលាថា អ្នកស្រី​បាន​ទទួលដំណឹងពីពលករខ្មែរ​​ជាច្រើន​​ថា រោងចក្រ​កូរ៉េ​មួយ​ចំនួន​ បាន​បដិសេធ​មិន​ទទួល​យក​ពលករខ្មែរចូលធ្វើការ​ឡើយ ​ដោយ​ប្រាប់​ថា គេឈប់​យក​ពលករខ្មែរ​ធ្វើការ​ទៀតហើយ គឺលុបចោលទាំងអស់។

អ្នក​ស្រី​លើក​ឡើងថា មាន​ពលករខ្មែរ​ម្នាក់​​ដែល​ឡើង​មក​ធ្វើការ​នៅ​ប្រទេសកូរ៉េ​​តាម​រដូវ​កាល គឺត្រូវ​ចប់​កុងត្រា​​នៅ​​ខែ១២ ប៉ុន្តែមិន​ទាន់​ចប់​កុងត្រា​​ផង​ ថៅកែគប់​ឥវ៉ាន់​ដេញ​គាត់​ឱ្យ​ទៅ​ទិញសំបុត្រ​​យន្តហោះត្រឡប់​ទៅ​កម្ពុជា​​វិញ​​ គឺមាន​ករណី​រើសអើងជាច្រើន​មិន​មែន​មាន​តែ២-៣នាក់ទេ។

អ្នកស្រីថា៖ «សូម្បីតែខ្ញុំ ខ្ញុំខ​ល​​​ទៅ​​​ខាង​ថៅកែ​ផ្ទា​ល់​ថា មាន​​ត្រូវ​ការ​រើស​​មនុស្ស​​ទៀត​អត់​ ដោយ​​សារ​ខ្ញុំ​មាន​​បង​ប្អូន​ខ្មែរ​មួយ​​ចំនួន​​គាត់​​អត់​មាន​ការ​ងារ​ធ្វើ​ទេ។ ពាក្យ​​ដែ​ល​​គាត់​និយាយ​​ជាមួយ​​ខ្ញុំ គាត់​ថា ចាប់​ពី​ថ្ងៃ​នឹង​ទៅ​​គាត់​​ឈប់​​យក​​ពលករ​ខ្មែរ​​ទៀ​ត​ហើយ ហើយ​ខ្ញុំសួ​រ​គាត់​ថា ថី? គាត់​​​ថា​គាត់​​អត់​សូវចូ​ល​ចិត្ត​​បង​​ប្អូន​​​ខ្មែរយើង​ទេ គាត់​និយាយ​​ចឹង​ហ្មង​ ហើយ​ខ្ញុំ​​ថា ហេតុ​​អី​បាន​​អត់​ចូលចិ​ត្ត? ពីព្រោះ​មិន​មែន​​ម​ក​​​ពីព័​ត៌​​មាន​​ណាហី​ពីព្រោះ​ព័ត៌មាន​​​គឺ​ជារឿងប្រទេស ​ហើយ​យើងជាអ្នកធ្វើ​ការ​ធម្មតា​ យើងធ្វើការ​ធ​ម្មតា​ទៅ​ខ្ញុំប្រាប់គាត់​ចឹង។ ប៉ុន្តែនៅ​តែគាត់ថា រោងចក្រគាត់​លែងទទួល​បងប្អូន​ខ្មែរ​ទៀត​ហើយ គឺ​ខ្ញុំ​ជួបឡើង​ប៉ុន្មាន​រោងចក្រហើយ​ខ្ញុំតេ​ទៅ​ជួប គឺគាត់​និយាយ​ដូចគ្នា​ចឹង ខ្ញុំពិតជា​សោក​ស្តាយ​មែនទែន​​»

លោក​នាយក​ដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ កាលពីថ្ងៃទី​១៦ខែ​តុលា​ បាន​ជួបពិភាក្សាការងារ​ជាមួយ អ្នកស្រី ​គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ ដោយ​បានពិភា​ក្សាគ្នាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង​នឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោក​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហ​ប្រតិបត្តិការជា​ច្រើន​ឆ្នាំ​កន្លងមក រវាង​អាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវ​លទ្ធផល​ល្អ​ ជាផ្លែផ្កាជាច្រើន​រួច​ម​កហើយ។

ក្នុងពេលជាមួយគ្នា កម្ពុជា និង​កូរ៉េ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិ​បត្តិ​ការ​​រួ​ម​គ្នា​​ដើម្បី​បង្ការ ទប់​ស្កាត់ និង​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ឱ្យ​មាន​​ប្រសិទ្ធ​ភាព​ខ្ពស់​​ផ​ង​ដែរ​។ ​នេះ​​បើ​យោង​តាម​​បណ្តាញ​​សង្គម ​លោក​ហ៊ុន ម៉ាណែត។

ជាមួយគ្នា​នេះ ​លោក ​ឃួន ផុន​រតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅ​ព្រឹក​ថ្ងៃ​​​ទី​១៦ ខែ​​តុលា​ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ លោក​ PARK IL ដែល​ទើប​ទទួល​​បាន​​ការ​តែង​តាំង​​​ជា​តំណាង​ជាន់​ខ្ពស់​របស់​ក្រសួង​​ការ​បរទេស​កូរ៉េ​ ទទួល​បន្ទុក​ជា​ឯកអគ្គ​រដ្ឋ​​ទូ​ត​​​ស្ដី​ទីនៃ​សាធារណ​រដ្ឋ​កូរ៉េ​​ប្រចាំក​ម្ពុជា មុន​ពេល​ដែល​​លោក​​ចេញ​​ដំណើរ​​ទៅបំ​ពេញ​បេសក​​កម្ម​ការ​ទូត​នៅ​កម្ពុជា​ ក្នុងពេល​ឆាប់ៗ​ខាង​មុខ។ កិច្ចពិភាក្សា បាន​ផ្ដោត​ជាពិសេស​ពាក់​ព័ន្ធ​​នឹង​ការ​ប្ដេជ្ញា​​ចិត្ត​​​រួម​គ្នា ក្នុងការ​ទប់​ស្កាត់ និង​បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ដើម្បី​​ការ​ពារ​​ផល​ប្រយោជន៍​របស់​ប្រជា​ជន និង​ប្រជាជាតិ​ទាំង​ពីរ។ នេះ​​​បើ​យោងតាម​ស្ថាន​ឯក​អគ្គ​​រាជ​ទូត​កម្ពុជា​​ប្រចាំ​នៅ​កូរ៉េ។

ក្នុង​រយៈ​ពេល​ជាច្រើន​ថ្ងៃកន្លងមក​នេះ ​គេឃើញ​សមត្ថកិច្ច​ចម្រុះ​នៅ​តាម​បណ្តា​ខេត្ត​​ក្រុង​​ជា​ច្រើន ​បាន​​ចុះ​បង្ក្រាប​​នៅ​​តាម​​អគារ​ដែល​​សង្ស័យ​ថា កំពុង​​ប្រតិ​បត្តិ​ការ​​ណ៍​​ឆបោក​​តាម​​ប្រព័ន្ធ​​បច្ចេក​វិទ្យា​ ដោយ​​នៅ​​​តាម​​ទីតាំង​ខ្លះ​​បាន​​ឃាត់​​ខ្លួន​​ជន​បរទេស​រាប់​​រ​យ​នាក់​ ​​ភាគ​ច្រើន​​ជាជន​​ជាតិ​​ចិន ក៏ប៉ុ​ន្តែ​​​គេមិន​​ទាន់​​ឃើញ​​ព័ត៌​មាន​ណា​​មួយ​ ​​ពីកា​រ​​ចា​ប់​​ខ្លួន​​ឬ​ក៏បើ​ក​ការ​ស៊ើប​អង្កេត​​ទៅ​​​លើ​មន្ត្រី​​ជាន់​​ខ្ពស់​រដ្ឋាភិបាល ​ឬ​ឧកញ៉ា​​ណា​ម្នាក់​​ដែល​​សហរដ្ឋ​​អាមេរិក ​បាន​​ចង្អុល​​​ចំឈ្មោះ​​​​​ពីកា​រ​​ជាប់​​ពាក់​ព័ន្ធ​​ក្នុង​​ឧក្រិដ្ឋ​កម្ម​នេះ​ទេ រួម​​ទាំង​​ឧកញ៉ា ​ចេន ហ្ស៊ី ​ផងដែរ​ ខណៈ​​ក្នុង​រយៈ​ពេល​ជាច្រើន​ថ្ងៃ​​មក​នេះ ​ផេក​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ ​មិន​ឃើញ​ចុះផ្សាយ​ពីការចុះ​​បង្ក្រាប​​នេះ​​ឡើយ​។

លោក ខែម មុនីកុសល អតីតមន្ត្រីគណបក្ស​សង្គ្រោះជាតិ​ បាន​ចោទសួរ​​ថា តើអ្នកណា​ជា​អ្នក​​ដឹកនាំយុទ្ធនាការ​​បង្ក្រាប​​ឧក្រិដ្ឋកម្ម​អនឡាញ ​ដែល​កំពុង​តែផ្ទុះ​ផ្អើល​ពេញពិភពលោក​ ដែល​​បាន​​និង​​កំពុង​​​ធ្វើឱ្យ​​កម្ពុជាស្អុយ​ឈ្មោះ​​អាសោច​នេះ​? ​លោក​​ថា គឺ​លោក​ ស សុខា​ ឧប​នាយក​ដ្ឋមន្ត្រី​ និង​​ជា​​​រដ្ឋ​មន្ត្រីក្រ​សួង​​មហា​ផ្ទៃ​ លោក​​នេត សាវឿន ឧបនាយក​​រដ្ឋ​​មន្ត្រី​​ទទួល​​បន្ទុក​​សន្តិសុខជាតិ លោក​ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ គឺជាមនុស្ស​ដែល​ស្ថិត​នៅក្នុង​ចំណោម​មន្ត្រីជាន់​ខ្ពស់កម្ពុជា ​​២៨​នាក់ ​​ដែល​វិទ្យាស្ថាន​ស្រាវ​​ជ្រាវ​ Humanity Research Consultancy បាន​​រក​ឃើញ​​កាល​​ពី​​ថ្ងៃទី​២៥ ​ខែ​ឧសភា ​ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹងការ​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អនឡាញ។

លោកថា៖ «អារបាយការណ៍ Humanity Research Consultancy គឺគេចុះផ្សាយនៅក្នុង​​ហ្នឹង​វា​មាន​​២០-៣០​​នាក់ ​មា​ន​​ឈ្មោះ​​នៅក្នុ​ង​​ហ្នឹង ហើយ​​បញ្ជាឱ្យ​ម​នុស្ស​​ទាំង​អស់​ហ្នឹង ទៅ​​បង្ក្រាប​​យ៉ាង​ម៉េច​ទៅ បើ​​ពួកគាត់​​មាន​​ឈ្មោះ​​នៅ​​ក្នុង​​មាន​ជា​​មេក្លោង​រកស៊ី​ល្បែង​អន​ឡាញ​ហ្នឹង? ឥឡូវ​យើង​គិត​មើល​​ប​ងប្អូ​ន​ជួយ​គិត​មើល​​បា​ន​​មិន​បាន»

ពលករខ្មែរម្នាក់​​ដែល​កំពុង​ធ្វើការនៅ​កូរ៉េ​ ដែល​កំពុង​បារម្ភពីការ​​រើសអើង ​បាន​​និយាយ​​លើ​​បណ្តាញ​​សង្គមដោ​យ​​ចោទ​សួរ​​ថា ហេតុអ្វី​​​នៅ​​ពេល​​អន្តរ​ជាតិ ​​ជាពិសេស​អាមេរិក​ មិន​ទាន់​​លើកឡើង​ពីបញ្ហា​​ចាប់​​ជម្រិត ​និង​ហ្គេម​អន​ឡាញ​​​នេះ រដ្ឋាភិបាល​កម្ពុជាមិន​ព្រម​ធ្វើការ​បង្ក្រាប ​ដល់​គេ​​និយាយ​​ទើប​​ចុះ​​បង្ក្រាប​?

លោក​លើកឡើង​ថា មន្ត្រីស៊ីប្រាក់ខែរាស្ត្រ ​ប៉ុន្តែ​បែរ​ជាមិនធ្វើការ​​បម្រើរាស្ត្រ​ហើយ ថែមទាំង​មន្ត្រីមួយ​ចំនួន​ចូល​ដៃ​ចូល​ជើ​ង​​ជាមួយ​ក្រុម​ឧក្រិដ្ឋជន ​រកស៊ីបំផ្លាញខ្មែរ​បំផ្លាញ​មុខមាត់​កម្ពុជា ​​លើឆាកអន្តរជាតិ ​ឱ្យល្បីតែពី​រឿង​អាក្រក់។ លោកថា បើគ្មាន​សមត្ថភាព​មិនចេះធ្វើ​ការ​​​ទេ​ សូមចុះចេញ​ទៅ ​ទុក​ឱ្យខ្មែរ​ដែល​គេមាន​សមត្ថ​​ភាព​ធ្វើម្តង។

ពលកររូបនោះ និយាយថា៖«ឥឡូវពួកខ្ញុំនៅក្រៅប្រទេស ​ដូចសំរាមវាអន់​​វាថោក​​ចឹង! តែ​ខ្ញុំអ​ត់​ខឹង​ទេ​​ដែល​​ជន​ជាតិ​គេ​​ប្រមាថ​ជន​ជាតិ​យើង ដោយ​សារ​យើង​​​វាអ៊ីចឹង​យល់​ហ្ហេ? ទោះ​​ខំ​​បក​ស្រាយ​​រិចមាត់​​យ៉ាង​ម៉េច​​ក៏​បក​មិន​​កើត​ដែរ ​អា​អ្នក​​ខំ​ប​ក​យើង​​ខំ​ប​ក​ហើយ ហើយ​ចុះ​អាអ្ន​ក​បើក​ដៃ​ឱ្យ​ខ្មោច​ព្រៃ​​ចូ​លម​ក​​អុក​​ឡុក​ពេញ​ស្រុក​ហ្នឹង អ្នក​ណា? បាន​​ប្រយោជន៍​អីខ្លះ​​ពី​ពួក​​បើក​ដៃឱ្យ​គេ​នឹ​ង​? ខំ​ទ្រ​សម្បើម​​ណាស់ រលាយ​រលត់​​ជាតិ​​ស្អុយ​ឈ្មោះ​​អស់​ហើយ។ ខឹង​ជន​ជាតិ​កូរ៉េ ឥឡូវ​ទៅ​​ខឹ​ងជ​ន​ជាតិ​​អាមេរិ​ក​​ផ​ង​ទៅ​​​សមាជិក​សភាគេ​៣​នា​ក់ ​បើតាម​​ខ្ញុំ​ស្តាប់​ព័ត៌​មាន​ គេ​ស្នើ​​ដា​ក់ក​ម្ពុជា​ចូល​ក្នុង​​ប​ញ្ជី​ខ្មៅ​ បញ្ជី​ប្រផេះ ក៏​បាន​​ខ្មៅ​ក៏​បាន​ ​រឿង​ឧក្រិដ្ឋក​ម្ម​អន​ឡាញ​ស្កេម​មើ​ហ្នឹង ដល់​ក​ហើយមិន​​​ដឹ​ងនិ​យាយ​ថាម៉េ​ច​ទៀត​ទេ»

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃទី១៥​ខែ​តុលា បាន​រួមគ្នា​​ដាក់​ទណ្ឌកម្ម​​ធ្ងន់ធ្ងរ​​លើ​​ក្រុម​​ហ៊ុន Prince Group របស់​អ្នក​ឧកញ៉ា ចេន ហ្ស៊ី ដែល​ជា​ទីប្រឹក្សា​​របស់​ប្រធាន​ព្រឹទ្ធ​​សភា​​កម្ពុជា លោក ​ហ៊ុន សែន​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ ជុំវិញឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អន​ឡាញ។

ជាមួយគ្នានេះ​ ​អា​មេរិកបានសម្រេច​បង្កកប្រាក់​ឧកញ៉ា ​ចេន ហ្ស៊ី ដែល​​ជា​ជន​ជាតិ​ចិនទទួល​បាន​សញ្ជាតិខ្មែរ​ក្នុង​ទឹក​ប្រាក់​ជាង ១៥ពាន់លានដុល្លារ​។

ក្រៅពី លោក ចេន ហ្ស៊ី ​មន្រ្តី​​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​និង​ឧកញ៉ា​មួយ​​ចំនួន ​ក៏​ជាប់​​ក្នុង​​បញ្ជី​​ខ្មៅ​​របស់​​អាមេរិក​​ពាក់​​ព័ន្ធ​​នឹង​​ការ​ចាប់​​ជម្រិ​ត​​តាម​​ប្រព័ន្ធ​​អន​ឡាញ​​នេះ​​ផង​ដែរ​ ក្នុង​​នោះ​​មាន​​ដូ​ច​ជា ​លោក​នេត សារឿន ឧបនាយក​រដ្ឋមន្រ្តី​និងជា​ក្មួយ​​ប្រសារ​លោក ហ៊ុន សែន ឧកញ៉ា​ហ៊ុន តូ ជាក្មួយ​លោក​ហ៊ុន សែន ឧកញ៉ាកុក អានស​មាជិ​ក​ព្រឹទ្ធ​សភា​ លោកឌី វិជ្ជា កូនប្រសារ​លោក ហ៊ុន សែន លោកគួច ចំរើន អភិបាល​ខេត្ត​កណ្តាល​លោកស សុ​ខា រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​ និង​លោកយឹម លក្ខណ៍ ប្អូនថ្លៃ​លោកហ៊ុន ម៉ានី ។ល។

ចាប់តាំងពី លោក ​ហ៊ុន សែន ​បាន​​ប្រើតុលាការ​ដែល​​ជាឧបករណ៍​នយោបាយ​របស់​លោក ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ចាប់ឃុំខ្លួន​មេបក្ស ​លោក ​កឹម សុខា ​ដែល​​មាន​​ពលរដ្ឋ​​គាំទ្រ​ជិត​កន្លះ​ប្រទេស ​កាល​ពី​ចុង​ឆ្នាំ​២០​១៧​​ម​ក​ ប្រទេសកម្ពុជា ​ត្រូវបានគេមើល​ឃើញ​ថា​ បាន​​បាត់បង់​ប្រព័ន្ធ​​ត្រួតពិនិត្យ​​អំណាច​តាម​​បែប​ប្រជា​ធិបតេយ្យ​ ធ្វើឱ្យ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​អាចជិះសេះ​លែង​​ដៃ ​ធ្វើ​អ្វី​ៗ​តាម​តែអំពើចិត្ត ​ដូច​ជា ធ្វើឱ្យបាត់​បង់​​ទឹកដី​ទៅ​​ប្រទេស​​ជិត​​ខាង ​​ធ្វើឱ្យ​​មាន​អយុត្តិ​ធម៌​​សង្គម​​រីក​កាន់​តែ​ធំ គម្លាត​​រវាង​​អ្នក​មាន​​និង​អ្នក​ក្រ​កាន់​​តែ​ខ្លាំង​ ​និង​​គប់​​គិត​​បើក​ដៃ​​ឱ្យ​ឧក្រិដ្ឋ​ជន​​ជន​ជាតិ​​ចិន ​ចូល​មក​​បើក​​អាជីវកម្ម​ល្បែង​ចាប់​ជម្រិត​​តា​ម​​ប្រព័ន្ធ​​អនឡាញ​ ​ធ្វើ​ឱ្យក​ម្ពុជា​​កាន់​តែមា​ន​​កេរ្តិ៍​ឈ្មោះ​​ស្អុយ​អាសោច​នាពេល​​បច្ចុប្បន្ន​ និ​​ង​​ក៏​បាន​​ធ្វើ​​​ឱ្យ​ពល​រ​ដ្ឋ​​ខ្មែរ​​ដែល​កំពុង​​រស់​នៅ​​និង​ធ្វើការ​នៅបរទេស ​រងការរើសអើងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ