ប្រភពមួយ​ចំនួនអះអា​ង​ថា លោក ហ៊ុន សែន បាន​កសាង​ភូមិ​គ្រឹះ​នៅ​ក្រុង​តាខ្មៅ​សម្រាប់​លោក ថាក់​ស៊ីន

បន្ទាប់​ពី​មាន​សង្គ្រាម​ហែក​កេរ្ដិ៍ រវា​ង​អតីត​បង​ប្អូន​ធម៌​ទាំង​២ គឺ​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន និង​អតីត​​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក ថាក់​ស៊ីន ទើ​ប​តែ​ស្ងប់​ស្ងាត់​ទៅមិ​ន​បាន​ប៉ុន្មាន​ផង​នោះ ប្រភព​បែក​ធ្លាយ​មួយ បាន​អះ​អាង​ថា លោក ហ៊ុន សែន ធ្លាប់​បាន​កសាង​ភូមិ​គ្រឹះមួ​យ​កន្លែង នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​បាសាក់ ក្នុង​រាជ​ធានី​ភ្នំពេញ សម្រាប់​អតីត​បង​ធម៌ គឺ​លោក ថាក់​ស៊ីន កាល​ពី​ពេល​ដែល​ពួក​គេ​នៅ​ល្អូក​ល្អឺន​ជាមួយ​គ្នា។

អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​នៅលើ​ប​ណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ កាល​ពី​ថ្ងៃទី​១​៣ ខែ​តុលា​ថា លោក ហ៊ុន សែន បាន​កសាង​ភូមិ​គ្រឹះ​មួយ​កន្លែង នៅក្បា​ល​កោះ​អន្ល​ង់​ចិន នៅ​ត្រើយ​ខាង​កើត​ទន្លេ​​បាសាក់ នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ ឱ្យ​លោក ថាក់ស៊ីន។ លោក​បញ្ជាក់​ថា ក្រោយ​ពេល​ទំនាក់​ទំនង​គ្រួសារ​ហ៊ុន និង​ត្រកូល​ស៊ី​ណា​វ៉ាត់ ប្រេះ​ឆា​គ្នា លោក ហ៊ុន សែន បាន​ឱ្យ​មេ​បញ្ជាការ​កង​អង្គ​រក្ស​របស់​លោក គឺ​លោក ហ៊ីង ប៊ុន​ហៀង ជា​អ្នក​គ្រប់​គ្រង​ភូមិ​គ្រឹះ​នេះ។

បន្ថែមពីនេះ លោក អ៊ុំ សំអាន បានអះអាងប្រាប់​វីអូឌី​ថា រឿង​លោក ហ៊ុន សែន ធ្វើ​ផ្ទះ​ឱ្យ​លោក ថាន់​ស៊ីន នេះ គឺ​លោក​បាន​ទទួល​បាន​ប្រភព​ពី​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ដែល​លោក​សុំ​លាក់​អត្ត​សញ្ញាណ ដើម្បី​ការ​ពារ​សុវត្ថិ​​ភាព ហើយ​ដែល​ប្រភព​នេះ គឺ​អាច​ទុក​ចិត្ត​បាន។

លោក អ៊ុំ សំអាន ថ្លែង​ថា​៖ «ដូច្នេះ​រឿង​នេះ​ គឺ​ជា​រឿង​ពិត ហើយ​យើង​មិន​អាច​បញ្ចេញ​ឈ្មោះ ឬ​អត្ត​សញ្ញាណ​អ្នក​ដែល​ផ្ដល់​មក​ឱ្យ​យើង​បាន​ទេ ព្រោះ​គេ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ប្រភព​បាន​មក​ពី​មន្រ្តី​គណបក្ស​ប្រជាជន​គេ​ផ្ដល់​មក​ឱ្យ​យើង»

ផ្អែកតាមរូបភាពពីផ្កាយរណប​របស់​ក្រុម​ហ៊ុន​ហ្គូហ្គល (Google Earth) ភូមិ​គ្រឹះ​នៅ​ត្រើយ​ខាង​កើត​ទន្លេ​បាសាក់ ក្នុង​សង្កាត់​ព្រែក​ថ្មី ដែល​គេ​អះ​អាង​ថា​ជា​ផ្ទះ​ដែល​លោក ហ៊ុន សែន ធ្វើ​សម្រាប់​ជូន​បង​ធម៌ ​គឺ​លោក ថាក់​ស៊ីន នោះ​ចាប់​ផ្ដើម​កសាង​ឡើង​ក្នុង​ចន្លោះ​ដើម​ឆ្នាំ​២០០៨ ពោល​គឺ​នៅ​ក្នុង​កំឡុង​ពេល​ដែលលោ​ក ថាក់​ស៊ីន បា​ន​និរទេស​ខ្លួន​ជា​លើក​ទី២ ក្រោយ​មាន​រឿង​ក្ដី​ក្ដាំ​នៅ​តុលាការ​ថៃ កាល​ពី​ឆ្នាំ​២០០៨ និង​ក្រោយ​មក​ត្រូវ​បាន​លោក ហ៊ុន សែន ដែល​កាល​នោះ​ជា​ប្អូន​ធម៌ បាន​តែង​តាំង​ជា​ទីប្រឹក្សា​សេដ្ឋ​កិច្ច។

ភូមិគ្រឹះនេះ បានបុកគ្រឹះសាងសង់ឡើង​នៅ​លើ​ទំហំ​ក្បាល​ដី ២២​ម៉ែត្រ និង​បណ្ដោយ​ជាង ១៣០​ម៉ែត្រ​ ដោយ​មាន​ផ្ទះ​វីឡា​ស្កឹម​ស្កៃ​មួយ​ខ្នង អាង​ទឹក អាហារ​ដ្ឋាន សួន​ច្បារ និង​ផ្ទះលំ​ហែនៅ​ជាប់​មាត់​ទន្លេ ដ៏​មាន​ផាសុខភាព​​មួ​យក​ន្លែង សម្រាប់​គយ​គន់​ទេស​ភាព​សាឡង់​ដឹក​ខ្សាច់​នា​ដង​ទន្លេ។ បើ​មើល​ពី​លើ​ដំបូល ភូមិគ្រឹះ​នេះ ហាក់​មិន​ទំនង​មាន​ម្ចាស់​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ ឬ​មន្រ្តី​តូច​តាច​នោះ​ឡើយ។

យ៉ាងណាមិញ នៅដើមឆ្នាំ២០១៣ ផ្ទៃដីក្នុងភូមិគ្រឹះនេះ បានពង្រីក​ចំនួន​២ដង ទៅ​ទិស​ខាង​លិច​រហូត​មាន​ក្បាល​ដី​ទំហំ​ជាង ៧០​ម៉ែត្រ រហូត​ដល់​ឆ្នាំ​២០១៤ ទីតាំង​បរិវេ​ណ​ថ្មី ដែល​បាន​ពង្រីក​ស្ថិត​ក្នុង​របង​ជាមួយភូ​មិគ្រឹះ​​នេះ ត្រូវ​បាន​គេ​សាង​សង់​ភោជនីយ​ដ្ឋាន​ដ៏​ធំ​មួយ ដែល​ឈ្មោះ​ថា បាសាក់ សួគ៌ និង​មួយ​ផ្នែក​ទៀត ធ្វើ​ជា ប៊ូទីក វីឡា អាហារ​ដ្ឋាន ហាង​កាហ្វេ និង​មាន​ការ​សាង​សង់​វីឡា​ដ៏​ធំ​មួយ​បន្ថែម​ទៀត ហើ​យ​នៅឆ្នាំ​២០១៦ បរិវេណ​ភូមិ​គ្រឹះ​នេះ បាន​ពង្រីក​ខ្លួន និង​មាន​ការ​សាង​សង់​សំណង់​មួយ​ចំនួន​បន្ថែម​ទៀត។

ទោះជាបែបនេះក្ដី ក្នុងកំឡុងឆ្នាំ២០២០ អាជីវកម្មដែល​មាន​ឈ្មោះ បាសាក់ សួគ៌ ទាំង​អស់ មាន​សភាពកាន់​តែស្ង​ប់​ស្ងាត់ រហូត​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំង​ស្រុង ហើយ​នៅ​ឆ្នាំ​២០២២ សំណង់ និង​សួន​ច្បារ​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្នុង​របង​ភូមិ​គ្រឹះ​នេះ ត្រូវ​បាន​រុះ​រើ និង​វាយ​កម្ទេច​ចោល។

វីអូឌី មិន​អាច​ស្វែង​រក​មធ្យោ​បាយ​ដើម្បី​ទាក់​ទង​ម្ចាស់​អាជីវក​ម្ម​យីហោ​ទន្លេ​ បាសាក់ សួគ៌ ដើម្បី​សុំ​ការ​បក​ស្រាយ​បាន​​នោះ​ទេ ដោយ​សារ​ឈ្មោះអា​ជីវក​ម្ម​នេះ មិន​មាន​នៅក្នុ​ង​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ស្វែង​រក នៅ​លើហ្គូ​ហ្គល​នោះ​ទេ។ ដោយ​ឡែក​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្នុង​តំបន់​នោះ ក៏​ពុំមា​ន​នរណា​ម្នាក់​បាន​ដឹង​ពី​អត្ត​សញ្ញាណ​នៃ​ម្ចាស់​វិមាន​ដ៏​អាថ៌​កំបាំង​នេះ​ដែរ។

ចំណែកលោក ហ៊ីង ប៊ុនហៀង ដែលប្រភពពីមន្រ្តីជា​ន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អះ​អាង​ថា បាន​ទទួល​សិទ្ធិ​ពី លោក ហ៊ុន សែន ក្នុង​ការ​គ្រប់​គ្រង​ភូមិ​គ្រឹះ​មួយ​នេះ បន្ត​ពី​លោក ថាក់ស៊ីន នោះ វីអូឌី ក៏​មិន​អាច​ទាក់​ទង​បាន​ដូច​គ្នា គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អាស្រ័យតាមរូបភាពរបស់ផ្កាយរណប ភូមិគ្រឹះ ដែល​គេ​សង្ស័យ​ថា របស់​លោក ថាក់​ស៊ីន នេះ​បានបិ​ទ​ទ្វារ​ និង​មាន​ស្មៅ​ដុះ ដែល​ទំនង​ដោយ​សារ​មិន​សូវ​មាន​មនុស្ស​ចេញ​ចូល​ឆ្លង​កាត់​ ​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ តាំ​ង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ពោល​គឺ​ស្រប​គ្នា ទៅ​នឹង​ពេល​ដែល​លោក ថាក់​ស៊ីន និ​ងប្អូន​ស្រី​បង្កើត គឺ​លោក​ស្រី យីង​ឡាក់ កំពុ​ងនិ​រទេស​ខ្លួន​នៅ​ទីក្រុង​ឌូបៃ និង​មិន​សូវ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ជា​ញឹក​ញាប់នោះ​ឡើយ។ កាល​នោះ គេឃើ​ញ​លោក ថាក់​ស៊ីន បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ម្ដង​ម្កាល ដើម្បីម​ក​លេង​កូ​នហ្គោល ឬ​ចូល​រួម​ក្នុង​កម្មវិធី​ជួប​ជុំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ការ​​ប្រគ​ល់ភូ​មិ​គ្រឹះ​នោះ​ទៅ​ឱ្យ​លោក ហ៊ីង ប៊ុន​ហៀង បង្ហាញ​ពី​ទំនាក់​ទំន​ងប្រេះ​ឆា​កាន់​តែ​ខ្លាំង រវាង​បង​ប្អូន​ធម៌​ទាំង​ពីរ។

លោកបន្តថា ប្រសិន​បើរឿង​នេះ​ជា​ការ​ពិត លោក ហ៊ុន សែន អាច​មាន​ទោស​ពី​បទ​បំពាន​លើ​សិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ ដោយ​ការ​ប្រគល់​ភូមិ​គ្រឹះ​ និ​ង​ដី​ធ្លី​ក្នុង​ប្រទេស​ខ្មែរ ឱ្យ​​ទៅ​ជន​ជាតិ​បរទេស​ធ្វើ​កម្ម​សិទ្ធិ។

តែយ៉ាងណា លោក​ថា ករណី​នេះ​ពិបាក​ស៊ើប​អង្កេត ព្រោះ​គ្រួសារ​លោក ហ៊ុន សែន ជា​អ្នក​ក្ដោប​ក្ដាប់​អំណាច ខណៈ​អង្គ​កាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្មាន​តម្លា​ភាព។

លោក ម៉ែន ណាត និយាយ​ថា៖ «ស៊ើបអង្កេតយ៉ាងម៉េច បើ​គ្រួសារ​មេដឹក​នាំ​កំពូល លោក ហ៊ុន សែន ជា​អ្នក​ផ្ទេរ​ប្រគល់​​ផ្ទះទៅ​ឱ្យ​ លោក ថាក់​ស៊ីន ឬ​ក៏​ប្រគល់​ដី​ឱ្យ​លោក​ ថាក់​ស៊ីន ធ្វើ​វីឡា​ស្កឹម​ស្កៃ​នេះ ឱ្យ​អ្នក​ណា​ស៊ើប​អង្កេត​បាន បើ​លោក​ហ៊ុន សែន ជា​មេដឹកនាំ​កំពូល​របស់​កម្ពុជា​ទៅ​ហើយ​ហ្នឹង។ បើ​ស៊ើប​អង្កេត​បាន​ទាល់​តែ​មាន​រដ្ឋាភិបាល​ថ្មី មិន​មែន​ជា​រដ្ឋាភិបាល​សព្វ​ថ្ងៃ»។

ពាក់ព័ន្ធនឹងរឿងនេះ លោក ហ៊ុន សែន ដែលជាអតីត​ប្អូន​ធម៌​ លោក ថាក់​ស៊ីន បាន​ទម្លាយ​ក្រោយ​​ពេល​ទំនាក់​ទំនង​​បង​ប្អូន​ធម៌ បាន​បែក​បាក់​គ្នា​នោះ​ថា លោក​ធ្លាប់​ជួយ​ដល់​អតីត​បង​ធម៌ គឺ​លោក ថាក់​ស៊ីន និង​ប្អូន​ស្រីប​ង្កើត គឺ​លោក​ស្រី យ៉ីង​ឡាក់ នៅ​ពេល​មាន​បញ្ហា និង​ត្រូវ​និរទេ​សខ្លួ​ន ហើ​យ​នៅ​ភូមិ​គ្រឹះ​របស់​លោក​ ហ៊ុន សែន ​នៅ​ទីក្រុង​​តាខ្មៅ ខេត្ត​កណ្តាល ក៏​មាន​បន្ទប់​ពីរ សម្រាប់​ទុក​ជូន​ដល់​បង​ប្អូន​ទាំង​ពីរ​នាក់​សម្រាក​នៅ​ពេល​មក​កម្ពុជា។

ទោះជាយ៉ាង​នេះ​ក្ដី តាមទម្លាប់ការរស់នៅរបស់គ្រួសារត្រកូល​ហ៊ុន ពួក​គេ​មិន​ដែល​បង្ហាញ​ពី​កន្លែង​​សំខាន់​ៗ នៅក្នុង​​​ភូមិ​​គ្រឹះ​ដ៏​ធំ​ស្កឹម​ស្កៃរ​បស់​ពួក​គេ ជា​សាធារ​ណៈ​នោះ​ឡើយ ក្រៅ​តែ​​ពី​បន្ទប់​ទទួល​ទាន​អាហារ​ បន្ទប់​ធ្វើកា​រ​ផ្ទាល់​របស់​លោក ហ៊ុន សែន កន្លែង​ហាត់​ប្រាណ និង​ទីធ្លា​ក្នុង​បរិវេណ​មួយ​ចំនួន​ប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ មតិ​របស់​អ្នក​ឃ្លាំមើល​ភាគ​ច្រើន ជឿ​ថា ការ​បញ្ចេញ​ព័ត៌​មាន​អំពី​ករណី​លោក ហ៊ុន សែន កសាង​ភូមិ​គ្រឹះ​ឱ្យ​ លោក ថាក់​ស៊ីន នេះ​​គឺ​ជា​រឿង​ពិត ព្រោះ​កន្លង​មក មន្រ្តី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​តែង​តែ​លួច​បញ្ចេញ​​ព័ត៌​មាន​សម្ងាត់​ជា​ច្រើន​មក​ផង​ដែរ ដែល​ព័ត៌​មាន​ទាំង​នោះ​ភាគ​ច្រើន គឺ​ជា​រឿង​ពិត​ ជាក់​ស្ដែង ដូច​ជា​ការប​ញ្ចេញ​សំឡេង​របស់​ លោក ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​បក្ខ​ពួក​របស់​លោក ធ្វើ​ការ​វាយ​ប្រហារ និង​តាម​កម្ចាត់​អ្នក​ប្រឆាំង ដែល​រ​ស់​នៅ​ក្នុង​ប្រទេស​ថៃ​ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ