រដ្ឋាភិបាល​បន្តវេន​រង​ការ​រិះគ​ន់​ថា​បាន​បរាជ័យ​លើក​កម្ពស់​យុត្តិ​ធម៌​សង្គម

ការ​ដែល​ក្រសួង​យុត្តិធម៌​ចេញ​អធិ​បញ្ជា​ឱ្យ​ប្តឹង​ជំទាស់ លើ​ការ​សម្រេច​ក្តី​របស់​ចៅ​ក្រម ក្នុង​សំណុំ​រឿង​មន្រ្តី​បុក​រះ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស ក្រោយ​មហាជ​ន​រិះ​គន់​នោះ ជំរុញ​ការ​លើក​ឡើង​ថា តុលាការ​ក្រោម​អំណាច​គ្រួសារ​ហ៊ុន​បន្ត​ចាក់​ស្រែះ​ ដោយ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ បក្ស​ពួក​និយម ទោះ​រដ្ឋាភិបាល​ប្តេជ្ញា​កែ​ទម្រង់​ច្រើន​ឆ្នាំ​ទៅ​នេះ​ក្តី។

ការណ៍​នេះ​ជាក្តីបារម្ភ​ថា ប្រព័ន្ធ​យុត្តិ​ធម៌​ទន់​ខ្សោយ​ជា​ដើម​ចម​ពង្រីក​អយុត្តិ​ធម៌​សង្គម រួម​ទាំង​បទ​ឧក្រិដ្ឋច្រើន​ទម្រង់​ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បន្ត​រង​គ្រោះ​តជំនាន់ បើ​គ្មាន​ការ​លម្អ។  

ការិះគន់នេះ ក្រោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ នៅ​ថ្ងៃ​ទី១​៦ ខែ​តុលា បាន​បញ្ជា​ឲ្យ​ព្រះ​រាជ​អាជ្ញា​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​កាត់​ទោស​អតីត​ប្រធាន​ការិយា​ល័យ​ភស្តុ​ភារ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ លោក ហ៊ុន ហេង ដាក់​ពន្ធនាគារ​៣ឆ្នាំ​តែ​អនុវត្ត​ទោស​១ឆ្នាំ។

ករណី​នេះ លោក ហ៊ុន ហេង បាន​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​បុក​រះ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​៣នាក់ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥។

បើតាម​សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ការ​សម្រេច​ព្យួរ​ទោស​បែប​នេះ ព្រោះ​ជន​ជាប់​ចោទ​មាន​វ័យ​ចាស់ និង​ទទួល​ស្គាល់​កំហុស ព្រម​ទាំង​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើ​ស​ឈាម។

ការណ៍​នេះ មហាជ​ន​រិះ​គន់​ជា​បន្ត​បន្ទាប់​លើប​ណ្តាញ​សង្គម​ថា ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ និង​ជាកា​រអ​នុវត្ត​ច្បាប់​ស្តង់​ដាពី​រ ។

ជុំវិញរឿង​នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់​ថា ក្នុង​រឿង​ក្តីនេះ ហាក់​មាន​ការ​គប់​គិ​ត​គ្នាជា​ប្រព័ន្ធ​រវាង​មន្រ្តីអ​នុវត្ត​ច្បាប់ និង​ជន​ល្មើស ​បាន​តុលាការព្យាយាម​បង្កើត​លេស​ផ្សេងៗ ដើម្បី​សម្រាល​បន្ទុក​ដល់​ជន​ល្មើស។

មួយវិញទៀតលោកថា ការដែលក្រសួងយុត្តិធម៌ចេញបញ្ជាឱ្យប្តឹង​ជំទាស់​នៅ​ពេល​នេះ វា​កើត​ចេញ​ពី​សម្ពាធ​មហាជន​ប្រតិកម្ម​រួម​គ្នា ដែល​ជាស​ម្ពាធ​មួយ​ជំរុញ​ប្រសួង​យុត្តិ​ធម៌​លូក​ដៃ​ក្នុង​រឿង​ក្តី​នៅ​ពេល​នេះ។

លោកថា៖ «តុលាការគាត់ធ្វើកិច្ចការមួយនៅក្នុង​ការ​កាត់​សេច​ក្ដី​ មិន​ផ្អែក​ទៅ​លើ​អង្គ​ច្បាប់ អង្គ​ហេតុ។ គាត់​កាត់​សេច​ក្ដី​មើល​ទៅ​ហាក់​ដូច​ជា​បន្លែ​បន្លំ ស៊ុម​គ្រលុំ ក្នុង​គោល​បំណង​ដើម្បី​បន្ធូរ​បន្ថយ​ជន​ល្មើស ដោយ​ចុង​ក្រោយ​គាត់​យក​លេស​ថា​មនុស្ស​ចាស់​អាយុ​៦០​ជាង មាន​ជំងឺ​ជាប់​ប្រចាំ​កាយ ជាតិ​អាល់​កុល ស្រា មាន​កម្រិត​ទាប ដូច្នេះខ្ញុំ​គិ​ត​ថា​បង្កើត​រឿង​ដើម្បី​ដោះ​បន្ទុក​ជន​ដៃ​ដល់ ឬជ​ន​ជាប់​ចោទ​នេះ។ តាម​ពិ​ត​ទៅ​មិន​មែន​ផ្អែក​លើ​ភ័ស្តុ​តាង​ទេ គឺ​ជាកា​រ​ស៊ុម​គ្រលុំ​គ្នា​ក្នុង​បទ​មួយ​ ដែល​យើង​អាច​ចាត់​ទុក​ថា​ ជា​អំពើ​ពុក​រលួយ​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌»។

ជ្រុងមួយ​នៃបញ្ហាប្រព័ន្ធយុត្តិធម៌នេះដែរ កាលខែមិ​ថុនា ឆ្នាំ​២០២៤ អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាញ់​សម្លាប់​គូរ​ដណ្តឹង​​មួយ​​គូរ​​នោះ ក៏​ត្រូវ​បាន​មហា​ជន​បញ្ចេញ​ប្រតិកម្ម​ព្រោង​ព្រាត​ដោយ​បារម្ភ​ថា ឃាតករ​នឹង​រួចផុ​ត​ពី​សំណាញ់​ច្បាប់។

ក្រោយ​មក អតីត​ឧកញ៉ា ស្រី ស៊ីណា ត្រូវ​ជាប់​ទោស​កម្រិត​ខ្ពស់ គឺ​ជាប់​ពន្ធនា​គារ​៣១​ឆ្នាំ និង​ផ្តល់​សំណង​ជាង​២លាន​ដុល្លារ​ ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ។

ក្រោមសម្ពាធ​ពីមហាជន​នេះ រដ្ឋមន្រ្តី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធិ ចេញ​មុខ​ប្រកាស​ថា លោក​​នឹង​ចុះ​ចេញ​ពី​តំណែង​​បើ​ឃាតករ ស្រី ស៊ីណា ត្រូវ​រួច​ទោស ហើយលោក​ក៏​បាន​ប្រកាស​បញ្ជូន​ខ្មាន់​កាំភ្លើង​រូប​នេះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ឧក្រិដ្ឋ​ជន​ឃោ​រឃៅ​ផង​ដែរ។

យ៉ាងណាណា កន្លងទៅ មានរឿងក្តីជាច្រើនដែលពាក់ព័ន្ធអ្នកមាន​អំណាច តែ​ពួក​គេ​ត្រូវ​ជាប់​ទោស​តែ​ប៉ុន្មាន​ឆ្នាំ​ក៏​រួច​ខ្លួន។

ក្នុងនោះដូចជា ករណី ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ ប៉ុន្តែ​គាត់​សម្រាក​នៅ​បន្ទប់ VIP នៅម​ន្ទីរ​ពេទ្យ​រុស្ស៊ីប្រ​ហែល​ជាង​៣ឆ្នាំ ក៏​ត្រូវ​តុលាការ​ដោះ​លែង​ឱ្យ​​​នៅ​ក្រៅ​ឃុំ។

ដោយឡែក ឧកញ៉ា គិត ធាង ដែល​ជា​បងប្រុស​របស់​ឧកញ៉ា គិត ម៉េង ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​​ជាប់​គុក​៤ឆ្នាំ​ ពាក់​ព័ន្ធគ្រឿង​ញៀន​៥០​គីឡូ​ក្រាម ប៉ុន្តែ​ជាប់​ឃុំ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ប្រហែល​២ឆ្នាំ ក៏​ត្រូវ​តុលាកា​រ​ដោះ​លែង​ដែរ។

អ្នកវិភាគ​បញ្ហា​សង្គម លោក ប៉ោ មករា លើ​កឡើ​ង​ថា ប្រព័ន្ធ​យុត្តិធ​ម៌​​នៅ​កម្ពុជា​រង​ការ​រិះ​គន់​ច្រើន​ឆ្នាំ​ទៅ​នេះ​ថា នៅ​ទន់​ខ្សោយ ហើយ​ថា បើ​ធៀប​ប្រទេស​ជិត​ខាង​មាន​ថៃ និង​វៀត​ណាម​ជាដើម គេ​មាន​ប្រព័ន្ធ​យុត្តិ​ធម៌​រឹង​មាំ​ជាង​កម្ពុជា។ លោក​ថា ប្រទេស​វៀត​ណាម​ ទោះ​ជា​ប្រទេស​ដឹក​នាំ​បែប​កុម្មុយ​នីស​ក្តី តែ​ពេល​មាន​របាយ​ការណ៍​នានា រិះ​គន់​​ពី​ប្រព័ន្ធ​យុត្តិ​ធ៌ម រដ្ឋាភិបាល​វៀត​ណាម​ក៏​ព្យាយាម​កំណែ​ទម្រ​ង់​ស៊ី​ជម្រៅ​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ។

យ៉ាងណា លោក​បារម្ភ​ថា បើ​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុ​ជា​ទន់​ខ្សោយ នឹង​បង្កើត​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់​ដារ​២ ពោល​គឺ​បើ​បក្ស​ពួក​ខ្លួន​ត្រូវ​រួច​ទោស​ហើយ​ពលរដ្ឋ​ខ្សោយ ឬ​ក្រុម​ប្រឆាំង​រដ្ឋាភិ​បាល​អាច​ប្រឈម​ការ​ដាក់​សម្ពាធ​ផ្លូវ​ច្បាប់។

លោកថា៖ «បើកម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រព័ន្ធយុត្តិធម៌មួយ ដែល​មិន​មាន​ភាព​រឹង​មាំ វា​មាន​បញ្ហា​ច្រើន​ណា​ស់​ស​ម្រាប់​​សង្គម​ជាតិ ដូ​ច​ជា​បញ្ហា​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​អំពើ​ពុក​រលួយ​បញ្ហា​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​បើក​ឱកាស​ឲ្យ​ជន​ឧក្រិដ្ឋ​ជន​មួយ​ចំនួន​និង​រក​ស៊ីជួ​ញ​ដូរ​នៅ​កម្ពុជា ឬ​អាច​ទៅ​ជា​ប្រទេស​ឆ្លង​កាត់​ តាម​រយៈ​ឧក្រិដ្ឋ​ជន​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង។ ការ​ពង្រឹង​នីតិរដ្ឋកា​រ​ពង្រឹ​ងប្រ​ព័ន្ធ​ច្បាប់​ហ្នឹង គឺ​វា​ជាក​ត្តា​សំខាន់​សម្រាប់​ការ​អភិវ​ឌ្ឍ​ប្រទេស ជាពិសេស​គឺ​ការ​បំបាត់​អំពើ​ពុក​រលួយ​ជា​មហារីក​សង្គម ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​សង្គម​ហ្នឹង ធាក់​ថយ​មិន​អាច​អភិវឌ្ឍន៍​ទៅ​មុខ​បាន»។

វីអូឌី មិន​អាច​សុំការ​អត្ថាធិប្បាយពី ​អ្នកនាំ​ពាក្យ​​ក្រសួង​​យុត្តិ​ធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​​ថ្ងៃ​​​​ទី​១៧ ខែ​​តុលា​នេះ។​

យ៉ាងណា បើគេសង្កេតមើលក្បាលម៉ាស៊ីនដឹកនាំរបស់តុលាការ​កំពូល​វិញ លោក ជីវ កេង ដែល​ធ្លាប់​ចូល​រួម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ចុង​ឆ្នាំ​២០១៧ ជាមួយ លោក ឌិត មន្ទី នោះ ត្រូវ​បាន​តែង​តាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​​កំពូល នៅ​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ជំនួស​លោក ឌិត មន្ទី ។

ខណៈ លោក ជីវ កេង និង​លោក ឌិត មន្ទី បច្ចុប្បន្ន នៅ​ជាស​មាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន។

បើតាម​របាយការណ៍ដែ​ល​ចេញ​ដោយ​​អង្គ​​ការ​​គម្រោង​​យុត្តិ​​ធម៌​​ពិភព​​លោក កាល​​​ពី​​ពាក់​​កណ្តា​​ល​​​ខែ​​​តុ​លា ឆ្នាំ​​២០២៤ បង្ហាញ​​ពី​​ការ​​ធ្លាក់​​​ចុះ​​នៃ​​នីតិរ​​ដ្ឋ​​របស់​​ប្រទេស​​កម្ពុជា។

បើតាម​គម្រោង​យុត្តិធម៌ពិភព​លោក ក្នុង​ពេ​​​លប្រ​ទេសនៅក្នុង​​តំបន់​​មា​ន​វៀត​​ណាម​ជាដើម បាន​​កែ​​លម្អ​ប្រព័ន្ធ​​​នីតិ​រដ្ឋ​បាន​​ល្អ​ប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​មុន រីឯ​​​កម្ពុ​​ជា​​នៅ​​ឆ្នាំ​​នេះ នៅតែបន្ត​ឈ​​របា​ត​តារា​​ង​ដដែល​។

ផ្អែកលើទិន្នន័យនៃតារាងពិន្ទុការអនុវត្តនីតិរដ្ឋ ១៤១ ក្នុងចំណោម១៤២​ប្រទេស តួ​លេ​ខ​នេះ នៅ​​តែមិនល្អបើ​​ធៀ​បកាលពីឆ្នាំ​២០២៣ ដែលកាលណោះកម្ពុជា នៅឈរក្នុងលំ​ដាប់លេ​ខ​រៀ​​ង ដូចអ្វីដែលកម្ពុជា ទទួ​ល​បានពិន្ទុនៅពេលនេះ​ដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ