អ្នកឃ្លាំ​មើល​ឱ្យ​ស៊ើប​សង្កេត​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ក្រោយ​ក្រសួង​តវ៉ា​ការ​កាត់​ក្តី​របស់​ចៅ​ក្រម

មន្ទិលរឿង​ពុក​រលួយ​​​ក្នុង​ប្រព័ន្ធ​តុលាការ ​បាន​កម្រើក​ឡើង​ថ្មី​ទៀត ក្រោយ​ក្រសួង​យុត្តិ​ធម៌​​ប្រតិកម្ម​​នឹង​​​ការ​កាត់​ក្តី​នៅ​​តុលាកា​រ​ក្រុង​​​ភ្នំពេញ ដែល​​ការណ៍​នេះ អ្នកឃ្លាំ​មើល បាន​​ជំរុញ​ទៅ​ក្រសួង​សាម៉ី ​បើក​​ការស៊ើប​អង្កេតទៅលើ​មន្ត្រី​តុលាការ ​ដើម្បី​ផ្តល់ទំនុកចិត្ត​ជា​ថ្មីដល់​មហាជន និង​ពង្រឹង​យុត្តិធម៌សង្គម​ឡើង​វិញ។

ការ​ជំរុញ​នេះ ស្របពេល​ដែល​មហាជន​​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ​នៅលើ​បណ្តាញ​សង្គម ក្នុ​ងរយៈពេល​ពីរបីថ្ងៃ​មក​នេះ​ ជុំ​វិញ​​​សាល​ក្រម​របស់​​​​តុលាការ​ក្រុង​ភ្នំពេញ ផ្តន្ទា​ទោស​ទៅ​លើ​​អតីត​មន្ត្រី​​​នគរបាល​​នៃ​ស្នងការ​នគរបាល​រាជ​ធានី​​ភ្នំពេញ លោក ហ៊ុន ហេង ដែល​បើក​បរក្នុង​ស្ថានភាព​​​ស្រវឹង​ទាំង​ថ្ងៃ បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​​ច្រើន​​​នាក់ នៅលើ​មហាវិថី​ព្រះ​​នរោត្តម ក្បែរ​ក្រសួ​ងវប្បធម៌​ និង​វិចិត្រ​សិល្បៈ ក្នុង​ខណ្ឌ​ចំការ​មន​ រាជធានីភ្នំពេញ​។

សំណុំរឿង​នេះ តុលាការ​​បាន​ផ្តន្ទាទោស​ លោក ហ៊ុន ហេង ដាក់​​ពន្ធនា​គារ​​កំណត់ ៣ឆ្នាំ តែ​តម្រូវ​​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​​តែ​ ១ឆ្នាំ ទោស​ស​ល់ពីនេះ​​ត្រូវ​ព្យួរ និង​ពិន័យ​ជា​ប្រាក់​​​ចំនួន ៤លាន​រៀល ពីបទ «បើក​បរ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ស្លាប់​ និង​របួស​អ្នក​​ដទៃ»។

ក្រោយមានប្រតិកម្មរិះគន់​​ពីមហាជនទៅលើតុលាការ​ក្រុង​ភ្នំពេញ​​​ ​រដ្ឋមន្ត្រី​​ក្រសួង​យុត្តិធម៌ លោក កើត​ រិទ្ធ នៅ​​​​​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៥ បានចេញលិខិត​​​អធិបញ្ជា​ទៅ​ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ ឱ្យ​ប្តឹង​ឧទ្ធរណ៍​​តាម​កំណត់​ច្បាប់ ​ចំពោះ​​សាលក្រម​​ករណី​ លោក ហ៊ុន ហេង នេះ។​

ក្នុងលិខិតនោះ​ ​ក្រសួងយុត្តិធម៌​​​ពិនិត្យ​ឃើញ​ថា អង្គ​ហេតុ​ខាង​លើ​​នេះ មាន​មនុស្ស​ស្លាប់ និង​របួស​​​ច្រើន​នាក់ ព្រមទាំង​យាន​យន្ត​​ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន រង​ការ​ខូចខាត​ ដែល​បាន​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

លោក​ កើត​ រិទ្ធ បញ្ជាក់​ក្នុង​​​លិខិត​​ថា៖ «ក្រសួង​យុត្តិធម៌​សូម​ចេញ​អធិបញ្ជា​ឱ្យ​ឯកឧត្តម​ ធ្វើបណ្តឹង​​​ឧទ្ធរណ៍​ចំពោះ​សាល​ក្រម​ព្រហ្មទណ្ឌ​លេខ​៣៨០៩ ចុះ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ របស់​សាលា​ដំបូ​ងរាជ​ធានីភ្នំពេញខាង​លើ​ ស្រប​តាម​នីតិវិធី​ជាធរមាន ដើម្បីធានា​ដល់​ការ​ពង្រឹង​​ការ​អនុវត្ត​ច្បាប់​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​»

តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ លោក សួន សូរីដា មាន​ប្រសាសន៍​ថា ការ​ដែល​ក្រសួង​យុត្តិធម៌​ធ្វើអធិបញ្ជាទៅ​តុលាការក្រុង​ភ្នំពេញ ឱ្យ​ប្តឹង​ឧទ្ធរណ៍​លើ​ករណីជនជាប់ចោទ ឈ្មោះ ហ៊ុន ហេង នេះដោយសារ​តែ​ប្រជាពលរដ្ឋ​ផ្ទុះ​ប្រតិ​កម្ម​ខ្លាំ​ងលើបណ្តាញ​សង្គម ដែល​ពួកគាត់​មិន​អាច​ទទួល​យក​បាន​ ចំពោះការ​កាត់​ក្តី​ដោយ​អយុត្តិធម៌​សម្រាប់ជនរងគ្រោះ។

ករណីនេះ លោក​មើលឃើញ​ទិដ្ឋភាព​ពីរយ៉ាង ទី​១ ក្នុ​ងសំណុំរឿង​ដែលមានជនជាប់ចោទ​ជា​អតី​ត​មន្ត្រី​នេះ តុលាការ​ហាក់​ធ្វើកា​រកាត់​ក្តី​​បែប​ប្រឡែប្រឡំ​ស៊ុម​គ្រឡុំ ជួយដោះ​បន្ទុក​ជន​ជាប់​ចោទ​​ ដោយ​មិន​ផ្អែកលើ​អង្គ​ច្បាប់ និង​អង្គហេតុ ក្រោម​ការ​យកលេស​ថា ជនជាប់ចោទ​មានជំងឺ​ប្រចាំកាយ វ័យ​ចាស់ និង​កម្រិត​អាល់កុល​ក្រោម​កម្រិត​នៃ​បទល្មើស​ជា​ដើម។

ទិដ្ឋភាពទី២ លោក​ថា ទាល់តែ​មាន​ការ​​រិះគន់ខ្លាំង​ក្លា​ពីមហាជនថា​​​ការ​កាត់​ក្តីរឿង​​នេះ​​មិន​សម​ហេតុ​ផល បាន​​ក្រសួង​យុត្តិធម៌ចេញ​មុខ​ប្រតិ​កម្ម និង​ឆ្លើយតប​​ធ្វើ​អធិបញ្ជា​ទៅ​តុលាការឱ្យ​ប្តឹង​ឧទ្ធរណ៍​។ ដូច្នេះ​លោក​យល់ថា ជា​ចំណុចវិជ្ជមានមួយដែរ ដែល​ប្រជាពលរដ្ឋ​ហ៊ាន​ប្រតិកម្ម ហ៊ាន​និយាយ ហើយ​រឿង​នេះ ក្រសួង​គួរតែ​បើក​ការ​ស៊ើបអង្កេតទៅតុលាការ​​ ថាតើ​ចៅ​ក្រម​មានជាប់ពាក់ព័ន្ធ​នឹង​​​អំពើពុករលួយ​នៅក្នុង​ការ​កាត់ក្តីនេះទេ ? មូលហេតុ​អ្វី​បាន​មានភាព​មិន​ប្រក្រតី​លើ​ការ​កាត់​ក្តី​ក្នុង​រឿង​នេះ។​ ​

លោក សួន សូរីដា ថ្លែង​ថា៖ «នៅពេល​ដែល​ការកាត់​ក្តីនៃ​ចៅក្រម ឬការ​​មាន​ភាព​​មិន​​ប្រក្រតី រដ្ឋ​​មន្ត្រី​​ក្រសួង​​យុត្តិធម៌​គួរ​តែ​​បើក​ការ​​ស៊ើប​​អង្កេត ថា​តើ​ចៅក្រម​ដែលកាត់​ក្តី​រឿង​មិន​ធម្ម​តា ដែល​​ប្រជាពលរដ្ឋ​​រិះគន់​ព្រោង​ព្រាត​នេះ មាន​ពាក់ព័ន្ធជាមួយ​​នឹង​អំពើពុករលួយ​ដែលឬទេ? ប្រសិន​​បើ​​​​ចៅក្រមទាំង​នោះ​ មាន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ​ ដូច្នេះ​រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិ​​ធម៌​​ត្រូ​វ​ដាក់​ទោសទណ្ឌ​ទៅ​លើចៅក្រមនោះ​ផងដែរ ដើម្បីរឹត​តែ​​​បង្ហាញឱ្យ​​ប្រជាពលរដ្ឋដែល​រិះ​គន់ទៅ​​លើ​​ចំណាត់​​ការ​​របស់​តុលាការនេះ​​ គេ​ស្ងប់​ចិត្ត ហើយ​និ​ងទទួល​យក​បាន​»

ពលរដ្ឋ​ប្រើប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុក​​​មួយ​រូប ឈ្មោះ Rithya Khan ក៏បាន​ស្នើ​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធ៌​បើកការ​ស៊ើប​អង្កេត​ចំពោះ​មន្ត្រី​តុលាការ​ដែលអនុវត្ត​ច្បាប់​ផងដែរ ចំពោះ​ករណី​កាត់ក្តី​ក្នុ​ងសំណុំរឿង​លោក ហ៊ុន ហេង នេះ​ផងដែរ។

លោក​សរសេរក្នុងសំណេរ​ដើម​ថា៖ «សូម​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី មេត្តា​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ខាង​អ្នក​អនុវត្ត​ច្បាប់​ផង»

ស្រដៀងគ្នានេះដែរ​​ ​លោក អំ សំអាត នាយក​ទទួលបន្ទុកកិច្ចការ​ទូទៅនៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ មានប្រសាសន៍​ថា បញ្ហា​អតីតមន្ត្រីនគរបាល​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹងដែល​ហាម​ឃាត់​​ដោយច្បាប់​ ហើយ​បង្កគ្រោះថ្នាក់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ថែម​ទៀតនេះ មហាជន​ចង់​ឃើញ​តុលាការ​មានការ​​​កាត់​ក្តី​​ដោយ​​​​យុត្តិធម៌ ស្មើភាពគ្នា​ចំពោះ​​មុខ​ច្បាប់ ​និង​​ជា​​គំរូ​មួយ​​សម្រាប់​​​យុត្តិធ​ម៌​សង្គម។​ ប៉ុន្តែ​បែរជា​ការ​កាត់ក្តីនោះ មហាជន​មើល​ទៅ​ថាជារឿង​អយុត្តិធម៌សម្រាប់​​ជន​រងគ្រោះ​​ និង​ផ្តល់​ស្ថាន​សម្រាលទោស​​ដល់​ជន​បង្ក​ទៅវិញ ដែលរឿង​នេះ ចង់មិនចង់ ធ្វើ​ឱ្យ​មហា​ជន​​​ផ្ទុះកា​ររិះគន់លើ​​ប្រព័ន្ធ​​តុលាការ និង​​ឈានដល់ទៅក្រសួង​យុត្តិធម៌​ត្រូវ​ធ្វើអធិបញ្ជា​​ទៅ​​តុលាការ​​ថែម​​ទៀត។​

លោក​​ថា៖ «អីចឹង​យើងឃើញថា ចំណុច​ទាំង​អស់​ហ្នឹង​​ហើយ ដែល​តែង​តែមានការ​រិះគន់ជា​ច្រើន​​ពីសហគមន៍​ជាតិ និង​អន្តរ​ជាតិ​ ទៅ​​​លើ​​ប្រព័ន្ធ​តុលាការ​​​ថា ធ្វើ​យ៉ាង​ម៉េច​គឺ​ឱ្យ​កម្ពុជាហ្នឹង​ធ្វើ​​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​ និង​ប្រព័ន្ធតុលាការ​ហ្នឹង​ ទៅជា​ប្រព័ន្ធ​តុលាការ​​​មួយឯករាជ្យ ដែលមាន​ជំនឿទុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ ចឹង​យើងឃើញថា រាជរដ្ឋាភិបាល មានការ​ប្តេជ្ញា​ចិត្ត​ថា កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​តុលាការ ចឹង​យើង​ជា​អង្គការ​សង្គម​ស៊ីវិល យើង​ចង់​ឃើញ​​ការ​ពន្លឿនក្នុងការ​ធ្វើ​កំណែ​ទម្រង់​ទាំង​អស់​ហ្នឹង​​ ធ្វើ​ម៉េច​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌ និង​ប្រព័ន្ធ​តុលាការ​​​នេះវា​ឯករាជ្យ​ ហើយធានាបាន​នូវ​យុត្តិធម៌​នៅក្នុង​សង្គម​​ ហើយធានានូវ​ភាព​ស្មើ​​​គ្នា​ចំពោះ​មុខ​ច្បាប់ ដែលកុំ​ឱ្យតែ​​មាន​ការរិះគន់ដូច​ករណីនេះ​ មាន​​មតិខ្លះលើក​ឡើង​ហើយ​ថា វា​ជា​​ការ​អនុវត្ត​​ស្តង់​ដា​ពីរ​អីចឹង​ទៅ​ អាហ្នឹ​ងវា​ធ្វើឱ្យ​​​ភាព​​ទំនុក​ចិត្ត​​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង វា​ហាក់ទៅជា​នៅតែ​បន្តកើត​មាន​នូវផាព​មិន​ទាន់មានទំនុកចិត្ត​ពេញលេញ​»។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី​១៧ ខែ​តុលានេះ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានលើកឡើង​ពីករណីរបស់​អតីត​មន្ត្រីនគរបាល​រូបនេះ​ ដែល​ស្រវឹង​បើក​បរបុកមនុស្សស្លាប់ និ​ងរបួស​នេះ​ផងដែរ ដោយ​លោកថា ត្រូវ​តែ​ផ្តន្ទា​ទោស​ដោយគ្មានការ​លើកលែង​​ឡើយ មិន​ថា​អ្នកនោះជា​មន្ត្រី​នគរបាល ឬមន្ត្រីជាន់ខ្ពស់​ណា​នោះទេ។ លោកបន្តថា ករណី​គ្រោះថ្នាក់ចរាចរណ៍​បណ្តាលឱ្យ​មនុស្ស​ស្លាប់​នេះ ទាំង​រឿង​​​​សង​សំណង​​ដោះស្រាយ​ផលប៉ះពា​ល់​ទៅ​ជន​រង​គ្រោះ ក៏​​ត្រូវ​តែធ្វើ​ ហើយ​ការ​ទទួល​ខុស​​ត្រូវ​ចំពោះ​មុខ​ច្បាប់ ​ក៏ត្រូវ​តែ​ធ្វើ អត់មានយោគយល់​នោះទេ ព្រោះ​ការ​ធ្វេស​ប្រហែសនេះ បាន​ធ្វើ​​​ឱ្យ​​បាត់​​បង់ជីវិត​មនុស្ស និង​​អនាគត​​គ្រួសារ​​ជន​រង​គ្រោះ។

លោកថា៖ «​គោលការណ៍នេះយើង​បានអនុវត្ត​តាំង​ពី​ដើមអាណត្តិ​មក​ហើយ​ គឺរាល់ការ​បុកមនុស្ស​ស្លាប់ ដោយ​​​មាន​ជាតិស្រវឹងនេះ គឺ​យើង​ត្រូវ​​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់​ មិនមែនត្រឹម​តែដោះស្រាយ និយាយ​រួម​ខ្ញុំក៏ធ្លាប់បានបញ្ជាក់ ឯកឧត្តម​ កើត​ រិទ្ធ​ ក៏បានធ្លាប់​​បញ្ជាក់​ដែរ គឺ​​គោល​ការណ៍​នេះ មិន​មែន​ត្រឹម​តែ​សងលុយ រួច​ខ្លួន​នោះទេ ចំពោះ​អ្នក​ដែល​​បុក​គេស្លាប់ ហើយ​​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន មិន​ថា​អ្នក​នោះ​ជា​អ្នកណា[…] ហើយ​សុំ​ឱ្យ​បងប្អូន​ឈប់​បារម្ភ ហើយ​ឈប់​សម្តែង​នូវ​ការ​មិន​ទុក​​ចិត្តទៅលើ​អាជ្ញាធរ​របស់​យើង ទៅ​លើ​ប្រព័ន្ធច្បាប់​របស់យើង យើ​ងបាន​ដាក់​បទបញ្ជា​ច្បាស់​លាស់​ហើយ ហើយ​រឿ​ងកិច្ច​ការ​ទាំង​អស់​នេះ ជាពិសេសទាក់​ទង​​រឿង​បុកស្លាប់ គឺ​​នាយករដ្ឋមន្ត្រី​តាម​ផ្ទាល់​តែ​ម្តង តុលាការ និង​សមត្ថកិច្ច​ ក្រសួងស្ថាប័ន​ដឹង​ច្បាស់​ហើយ»។

​បើ​​តាម​​មាត្រា៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ចែង​​ថា ជន​ណាដែ​ល​បើក​បរ​ដោយ​ធ្វេសប្រហែស ខ្ជី​ខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំ​លាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៥ ដដែល ក៏បានចែងថា អ្នកបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ រត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវ ជាដើម គឺត្រូវជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅ ២៥លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ