បេសកជន​អង់​គ្លេស​មក​កម្ពុជា​ខណៈ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ភ្ជាប់​លក្ខ​ខណ្ឌ​សិទ្ធិ​មនុស្ស​និង​ការ​ងារ

បេសកជន​ពាណិជ្ជកម្ម​អង់​គ្លេស លោក ម៉ាត់ វេស្ទើន (Matt Western) មក​បំពេញ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និង​ការ​វិនិ​យោគ ខណៈ​ទីផ្សារ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ភ្ជាប់​លក្ខ​ខណ្ឌ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការ​ងារ សម្រាប់​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច​ដូច​កម្ពុជា​ជា​ដើម។

ប្រភពពីគេហទំព័រ​​របស់​រដ្ឋាភិបាល​​ចក្រ​ភព​អង់​គ្លេស បាន​ផ្សាយ​នៅ​ថ្ងៃ​ទី១​៩ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា បេសក​ជន​ពាណិជ្ជ​កម្ម​របស់​នាយក​រដ្ឋ​មន្ត្រី​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា វៀត​ណាម ថៃ និង​ឡាវ លោក Matt Western កំពុង​បំពេញ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​បញ្ជាក់​ឡើង​វិញ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ចក្រ​ភព​អង់​គ្លេស ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា។ ដំណើរ​ទស្សនៈ​កិច្ច​នេះ បង្កើត​បាន​ជា​កម្លាំង​ជំរុញ​ក្រោម​វេទិការ​ពាណិជ្ជ​កម្មនិង​ការ​វិនិយោគ​រួម​គ្នា រវាង​ចក្រ​ភព​អង់​គ្លេស និង​ប្រទេស​កម្ពុជាដែ​ល​ជា​វេទិការ​សំខាន់​សម្រាប់​សម្រប​សម្រួល​ទ្វេ​រ​ភាគី​ និង​ការ​ចូល​រួម​ពី​វិស័យ​ឯកជន។

ប្រភព​បន្ត​ថា អំឡុងពេលទស្សនៈកិច្ចរបស់លោក វេស្ទើន (Western) នឹង​ចូល​រួម​ពិធី​សម្ពោធ​ព្រលាន​យន្ត​ហោះអ​ន្តរ​ជាតិ​តេជោ ដែល​សម្គាល់​ជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​រចនា​ឡើង​ដោយ​ក្រុម​ហ៊ុន​ចក្រ​ភព​អង់​គ្លេស​ហ្វូស​ស្ទ័រ និង​ផាត​ន័រ ដែល​ជា​និមិត្ត​រូប​នៃ​ការ​រួម​ចំណែក​របស់​ចក្រ​ភព​អង់​គ្លេស ចំពោះ​ការ​តភ្ជាប់​ និង​កំណើន​រយៈ​ពេល​វែង​របស់​ប្រទេស​កម្ពុជា។

ប្រភព​បន្ថែម​ថា លោក​ក៏នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ដើម្បីតា​ម​ដាន​គោល​នយោ​បាយ​ពាណិជ្ជ​កម្ម​របស់​ប្រទេស​កម្ពុជា ហើយ​កិច្ច​ពិភាក្សា​និង​រួម​បញ្ចូល​ទាំង​ស្ថាបត្យ​កម្ម​ពាណិជ្ជ​កម្ម​ក្នុង​តំបន់ ពិសេស​ការ​អភិវឌ្ឍ​ជុំ​វិញ​ភាព​ជា​ដៃគូរ​អន្តរ​ជាតិ​ប៉ាស៊ីហ្វិ​ក​រីក​ចម្រើន​គ្រប់​ជ្រុង​ជ្រោយ និង​ថា​តើ​កម្ពុជា​និង​ចក្រ​ភព​អង់​គ្លេស​ អាច​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​សមាហរណ​កម្ម​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​ដោយ​របៀប​ណា?

លោក វេស្ទើន(Western) នឹង​ជួប​ជាមួយ​អ្នក​ជំនួញ​អង់​គ្លេស​ប្រតិ​បត្តិ​ការ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​អំពី​ការ​រួម​ចំណែក​របស់​ពួក​គេ​ ក្នុង​ការ​បង្កើត​ការ​ងារ ច្នៃ​ប្រឌិត និង​កំណើន​ប្រកប​ដោយ​ចីរភាព។ លោក​ក៏​នឹង​ចូលរួម​ជាមួយ​ស្ថាប័ន​អប់​រំ​សកម្ម​របស់​អង់​គ្លេស នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ ការ​កែល​ម្អ​លទ្ធ​ភាព​ការ​ងារ សង្គម​ចល័ត និង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ប្រកប​ដោយ​បរិយា​ប​ន្ន។

ក្នុងដំណើរទស្សនៈកិច្ចនេះ ឆ្លុះ​បញ្ចាំង​ភាព​ជា​ដៃគូ​រ​យូរអ​ង្វែង​របស់​អង់​គ្លេស ក្នុង​ការ​ជួយ​ដល់​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​កម្ពុជា​ពី​ស្ថាន​ភាព​ការ​អភិវឌ្ឍ​អប្បបរមា និង​ការ​ខំប្រឹ​ង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​បៃតង និង​ការ​រីក​ចម្រើន​សមធម៌។ វា​ក៏​ស្រប​តាម​បំណង​ដ៏​ទូលំ​ទូលាយ​របស់​ចក្រ​ភព​អង់​គ្លេស ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក ដោយ​ទទួល​ស្គាល់​តួនាទី​ស្នូល​របស់​អាស៊ាន ក្នុង​ការ​ជំរុញ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​ក្នុង​តំបន់។

ចក្រភពអង់គ្លេស នៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ​ដៃគូ​រប្រទេស​កម្ពុជា ដើម្បី​លើក​កម្ពស់​វិបុល​ភាព​ទៅ​វិញ​ទៅម​ក និង​បើក​ឱកាស​ពាណិជ្ជ​កម្ម​ថ្មី​សម្រាប់​ប្រជា​ជាតិ​ទាំង​ពីរ។

ទំហំពាណិជ្ជកម្មរវាង កម្ពុជា និង​ចក្រ​ភព​អង់​គ្លេស មាន​ទឹក​ប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៤ ខណៈ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ ចក្រ​ភព​អង់​គ្លេស ដោយ​ភាគ​ច្រើន​ គឺ​ជា​សម្លៀក​បំពាក់ និង​ស្បែក​ជើង ។ បច្ចុប្បន្ន​មាន​រោង​ចក្រ​ជាង ១៨០ រោង​ចក្រ កំពុង​ផលិត​សម្លៀក​បំពាក់ ស្បែក​ជើងឱ្យ​​ក្រុម​ហ៊ុន​ម៉ាក​ល្បីៗ​របស់​អង់​គ្លេស។

ប្រព័ន្ធអនុគ្រោះពន្ធ​ពាណិជ្ជ​កម្ម UK DCTS គឺ​ដូច​គ្នា​ទៅ​នឹង​​ប្រព័ន្ធ​អនុ​គ្រោះព​ន្ធ​ពាណិជ្ជ​កម្ម EU EBA ដែរបន្ទាប់​ពី​ចក្រភព​អង់​គ្លេស​ចាក​ចេញ​ពី​សមាជិក​ភាព សហភាព​អឺរ៉ុប ដោយ​ផ្សារ​ភ្ជាប់​លក្ខ​ខណ្ឌ​សិទ្ធិ​មនុស្ស និងសិទ្ធិ​ការ​ងារ សម្រាប់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​ជាក់​ស្តែង​ដូច​ប្រទេស​កម្ពុជា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភព​អង់​គ្លេស មាន​គោល​ដៅ​ខ្ពស់​ដើម្បី​សម្រេច​បាន​ការ​ចាក​ចេញ​ពីប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច ក្លាយ​ទៅ​​ជា​ប្រទេស​ដែល​ប្រជា​ពលរដ្ឋ មាន​ប្រាក់​ចំណូល​មធ្យម​ក​ម្រិតខ្ពស់​ក្នុង​ឆ្នាំ​២០៣០ ដែល​ទាម​ទារ​ឱ្យ​​កម្ពុជា​មាន​ការ​តាំង​ចិត្ត និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ក្រប​ខណ្ឌ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​រវាង កម្ពុជា និង​ចក្រភព​អង់​គ្លេស ដើម្បី​កសាង​សេដ្ឋកិ​ច្ច​កម្ពុជា​ ជាពិសេស​ការ​លើក​កម្ពស់​ឱ្យ​​មាន​អភិបាល​កិច្ច​ល្អ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ការ​ងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ