ភាពចម្រូងចម្រាសនៃគម្រោងចុះកិច្ចព្រមព្រៀងថ្មី ដែលគេហៅថា ជាកិច្ចព្រមព្រៀងសន្តិភាព ជុំវិញជម្លោះព្រំដែនជាមួយថៃ ដែលបានអូសបន្លាយជិត៣ខែទៅនេះ ហាក់បានក្លាយទៅជាសង្គ្រាមពាក្យសម្តី ចោទប្រកាន់គ្នាទៅវិញទៅមក រវាងអ្នកតាមដាន និងគណបក្សកាន់អំណាច អំពីការចោទថា កិច្ចព្រមព្រៀងនេះ គឺជាការកាត់ដីខ្មែរតាមព្រំដែនឱ្យទៅថៃ ដើម្បីការពារអំណាច ជ្រកក្រោមពាក្យសន្តិភាព។
បើគ្មានអ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងសន្តិភាពថ្មីនេះ គ្រោងធ្វើនៅចុងខែតុលានេះ ក្រោមយន្តការអាស៊ាន និងធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាលកម្ពុជា។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលមានបទពិសោធន៍កិច្ចការព្រំដែន បាននិយាយក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៩ខែតុលាថា បើតាមការបកស្រាយរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី១៧ ខែតុលា កិច្ចព្រមព្រៀងថ្មីនេះ បញ្ជាក់ច្បាស់ថា រដ្ឋាភិបាលកម្ពុជានិងកាត់ដីតាមព្រំដែនឱ្យទៅថៃ ដើម្បីដោះដូរយកសន្តិភាព។
លោកថា៖ «ខ្ញុំយល់ថា កិច្ចព្រមព្រៀងសន្តិភាពនេះ គឺដូចជាការកាត់ទឹកដីខ្មែរទៅឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិងអំណាច ព្រោះអីយើងឃើញថា សូម្បីតែថៃឱ្យវាយប៉ូស្តិ៍នគរបាលនៅច១ ផ្ទះបាយទាហានយើងនៅអូរភ្លុកដំរីហ្នឹងវាយចោលដែរហ្នឹង។ អាហ្នឹងវាយខ្លួនឯងទៀត ផ្ទះទាហានដែលនៅអូរភ្លុកដំរីយើងទេ ។ ដូច្នេះរដ្ឋាភិបាលយើងដូចជាខ្លាចថៃមែនទែន»។
លោកគូសបញ្ជាក់ប្រសាសន៍របស់ លោក ប្រាក់ សុខុន ដែលជាតួអង្គចូលរួមបង្កើតកិច្ចព្រមព្រៀងនេះ មិនបាននិយាយទាល់តែសោះពីការទាមទារឱ្យថៃ ដកកងទ័ពចេញពីទីតាំងដែលថៃរំលោភយកក្រោយមានបទឈប់បាញ់ និងដាក់បន្លាលួសហ៊ុំព័ទ្ធយកដីខ្មែរ ជាច្រើនកន្លែង ដូចជា នៅប្រាសាទតាមាន់ធំ តំបន់អានសេះ និងភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យនោះទេ។
លោកថា៖ «នៅពេលដែលចរចាទ្វេភាគីថៃមិនឱ្យទេ នៅពេលកន្លងមកយើងដឹងហើយ មានបទពិសោធន៍ហើយ ដូចជាអតីតផ្ទះតាម៉ុក ផ្ទះក្រហម នៅជិតព្រះវិហារ ថៃយកឆ្នាំ១៩៨៨តើ ថៃមានឱ្យមកខ្មែរវិញណា កោះគុតថៃមានឱ្យណា។ ប្រាសាទតាមាន់់តូច ថៃយកឆ្នាំ៩០ជាងតើ ថៃមានឱ្យមកវិញណា ហើយប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក៏នៅប្រទាញប្រទង់ដែរ ឃើញដែស។ ដូច្នេះបើថៃគ្រប់គ្រងហើយមិនអាចចរចាតាមរយៈការចរចាទ្វេភាគីគណៈកម្មាធិការព្រំដែនចម្រុះ(JBC)ហ្នឹង យកទឹកដីហ្នឹងបានមកវិញនោះទេ»។
ការអះអាងរបស់លោក អ៊ុំ សំអាន នេះធ្វើឡើងពី២ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអះអាងពីកិច្ចខិតខំប្រឹងប្រែងចតុភាគីរួមទាំងថៃ និងភាគីអាមេរិក ដើម្បីឱ្យមានសេចក្តីថ្លែងការណ៍រួមមួយ សម្រាប់នាយករដ្ឋមន្ត្រីថៃ និងកម្ពុជាចុះហត្ថលេខានៅចុងខែនេះ ក្រោមយន្តការអាស៊ាន និងវត្តមាន លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។
យ៉ាងណា ក្នុងវីដេអូជាង១៧នាទីនោះ លោក ប្រាក់ សុខុន មិនបាននិយាយពីការតម្រូវឱ្យថៃដកបន្លាលួសចេញពីដីខ្មែរច្រើនកន្លែង ដែលថៃបានរំលោភក្រោយបទឈប់បាញ់ទេ ដោយគ្រាន់តែអះអាងថា កិច្ចព្រមព្រៀងបានឈានដល់ការឯកភាពគ្នា ដកអាវុធធន់ធ្ងន់ចេញពីព្រំដែន វិធានការដោះមីន និងបញ្ហាមួយចំនួនទៀត សំដៅដល់ការស្តារទំនាក់ទំនងឡើងវិញដោយមិនប្រើអាវុធ។
លោកថា៖ «យើងក៏បានឯកភាពគ្នានៅក្នុងឯកសារនេះ ក្រៅពីកិច្ចការងារទាំងអស់នេះ ខាងភាគីថៃនឹងដោះលែងដោយមិនរងចាំយើងហៅថៃទាហានយើងទាំង១៨នាក់ ដែលត្រូវចាប់ខ្លួនតាំងពី១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមានម្លេះ»។
យ៉ាងណា ក្រោយការបកស្រាយរបស់លោក ប្រាក់ សុខុន កាសែតក្នុងស្រុកថៃ បានចុះផ្សាយពីការច្រានចោល ដោយថៃនឹងមិនព្រមដោះលែងទាហានខ្មែរ១៨នាក់នេះទេ បើកម្ពុជាមិនព្រមធ្វើតាមសំណើររបស់ខ្លួន៤ចំនុច រួមទាំងការបណ្តេញពេលខ្មែរ ខ្មែរចេញពីភូមិព្រៃចាន់ ភូមិជោគជ័យ និង១៧ទីតាំងទៀតនៅខេត្តពោធិ៍សាត់។
យ៉ាងនេះក្តី ក្នុងពិធីសម្ពោធប្រលានយន្តហោះថ្មីនៅខេត្តកណ្តាលថ្ងៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានការការអត់ធ្មត់គោរពបទឈប់បាញ់របស់រដ្ឋាភិបាលជិត៣ខែទៅនេះ ទោះបទឈប់បាញ់នេះ ថៃបានចូលមករំលោភយកដីខ្មែរជាបន្តបន្ទាប់ក្តី។
លោកថា៖ «សភាពការណ៍នៅខេត្តបន្ទាយមានជ័យ វាកើតប៉ុណ្ណឹង តែបើគ្មានកិច្ចអន្តរាគមន៍ទេ វាអាចកើតច្រើនជាងហ្នឹង។ អីចឹងសូមឱ្យបងប្អូនកុំអាលបាត់ជំនឿនូវការអត់ធ្មត់ និងការខិតខំបង្រួមសភាពការណ៍ និងការចូលរួមរបស់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ គឺយើងត្រូវជឿលើច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិ ទោះបីពេលខ្លះវាអត់បានលឿនដូចយើងគិត នៅគ្រប់កន្លែងទាំងអស់ ខ្ញុំសូមឱ្យបងប្អូនជឿនតែប៉ុណ្ណោះ»។
លើសពីនេះ លោកការពារថា ជុំវិញបញ្ហាចរចាជាថៃ ដើម្បីវិលទៅរកភាពប្រក្រតីឡើងវិញ ដោយមិនប្រើអាវុធនេះ លោកសុំមិនពន្យល់ច្រើនទេ ដោយសំអាងថា រដ្ឋាភិបាលនឹងបកស្រាយនៅពេលក្រោយ។
លោកថា៖ «ខ្ញុំក៏មិនអាចទៅពន្យល់ សន្លឹកបៀរកំពុងតែលេងថាខ្ញុំមានអីក្នុងដៃថា ខ្ញុំដោះអីយ៉ាងម៉េចអីយ៉ាងម៉េចទេ តែគោលដៅតែមួយគត់ គឺយើងចង់ឈ្នះៗអី គឺការបញ្ចប់ដើម្បីនាំយកសន្តិភាពត្រឡប់មកឱ្យប្រជាពលរដ្ឋយើងវិញ»។
យ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសនេះ អ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន់ ចាន់ឡូត ដែលតាមដានបញ្ហាព្រំដែននេះ ហៅការចុះកិច្ចព្រមព្រៀងសន្តិភាព ក្រោមការអះអាងរបស់រដ្ឋាភិបាលពេលនេះ ប្រៀបបាននឹងការចុះកិច្ចសន្យាចុះចាញ់ ដើម្បីសន្តិភាព។
លោកថា៖ «នៅក្នុងករណីដែលមេដឹកនាំកម្ពុជា ពិតជានឹងទៅចុះហត្ថលេខានៅកូឡាឡំាពួ នៅចុងខែនេះប្រាកដណាស់ភាគីកម្ពុជានិងចាញ់ប្រៀបភាគីថៃ ដោយទី១កម្ពុជានឹងមិនទទួលបានទឹកដីដែលខ្លួនបាត់បង់ទាំងយោធាថៃឈ្លានពាន ទំាំងកម្រោលរយៈពេល៥ថ្ងៃ ហើយទាំងក្រោយដែលយោធាថៃ មានបទឈប់បាញ់ជាមួយកម្ពុជា ហើយនៅតែថៃរំលោភបំពាន ទឹកដីទាំងអស់នេះ ថៃនឹងមិនប្រគល់ឱ្យកម្ពុជាទេទោះបីជាកម្ពុជាប្តឹងទៅដល់ណា ឬក៏កម្ពុជាប្រឹងប្រែងឱ្យអន្តរជាតិដាក់សម្ពាធថៃយ៉ាងម៉េច ខ្ញុំជឿជាក់ថា ទឹកដីទាំងអស់នេះ នឹងមិនត្រឡប់មកដល់ដៃកម្ពុជាវិញទេ»។
ការលើកឡើងរបស់អ្នកតាមដានហាក់ស៊ីគ្នាទៅនឹងការលើងឡើងរបស់ លោក ហ៊ុន សែន កាលពីអំឡុងខែកក្កដាថា ការចរចាទ្វេភាគីជាមួយថៃ ទោះប្រើពេល២០០ឆ្នាំទៀត ក៏មិនអាចរកច្រកចេញរួចដែរ ខណៈថៃបានជ្រើសរើសយកការកំណត់ដែនសីមាព្រំដែន តាមផែនទីដែលថៃគូសដោយឯកតោភាគី ដែលលោក ហ៊ុន សែន ហៅថាជាផែនទីចោរនោះ៕









