កម្មករនិយោជិត និងតំណាងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៏ ធ្វើយុទ្ធនាការដាក់ញត្តិនៅក្រសួងការងារ និងស្ថានទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជា ជំរុញឱ្យពន្លឿនការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ (ILO) និងលុបបំបាត់ការរិះគន់កន្លងមក ដែលថា កម្ពុជាមិនបានការពារសិទ្ធិការងារ និងសេរីភាពសហជីព។
បណ្តាស្ថានទូតបរទេសនៅកម្ពុជា ដែលពួកគេបានដាក់នោះមានដូចជា ស្ថានទូតបារាំង កាណាដា អង់គ្លេស អាមេរិក អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី និងអាល្លឺម៉ង់ ។
ក្នុងញត្តិរបស់កម្មករនិយោជិត និងតំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដាក់ជូនលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ពួកគេបានដាក់ពាក្យបណ្តឹងទៅអង្គការអន្តរជាតិខាងការងារ (ILO) ពាក់ព័ន្ធនឹងការរើសអើងសេរីភាពសហជីព ពីសំណាក់ក្រុមហ៊ុនណាហ្គា ក្រោមរូបភាពបញ្ឈប់ការងាររួម បន្ទាប់ពីកម្មករបានប្រើប្រាស់អស់លទ្ធភាពនូវយន្តការដោះស្រាយវិវាទក្នុងស្រុក ប៉ុន្តែមិនមានដំណោះស្រាយយុត្តិធម៌ណាមួយ ដែលកម្មករអាចទទួលយកបាន ក្រៅពីការបង្ខំដាក់សម្ពាធឱ្យកម្មករ ព្រមទទួលយកសំណងដែលមិនត្រឹមត្រូវស្របតាមច្បាប់ និងបោះបង់សិទ្ធិចងក្រងសហជីពដែលត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
បើតាមញត្តិនោះ អង្គការ ILO ជាពិសេសគណៈកម្មការទទួលបន្ទុកខាងសេរីភាពនៃការជួបជុំបញ្ចេញមតិ (The Committee on Freedom of Association) បានផ្តល់នូវអនុសាសន៍ជាច្រើន ដោយថា មេដឹកនាំសហជីព LRSU កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានបង្ខំឱ្យជាប់ទោសពេញលេញ គួរត្រូវបានអនុញ្ញាតដោយសេរីក្នុងការសកម្មភាពសហជីពស្របតាមច្បាប់ ដោយគ្មានការគំរាមកំហែងដល់សេរីភាពជាមូលដ្ឋានរបស់ខ្លួន ឬសិទ្ធិសហជីព និងគួរទម្លាក់ចោលនូវការចោទប្រកាន់ទៅលើសមាជិកសហជីព។
រដ្ឋាភិបាលកម្ពុជាត្រូវធានាពីការទទួលស្គាល់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហជីព LRSU កាលពីខែមេសា ឆ្នាំ២០២២ ដើម្បីឱ្យពួកគាត់ការពារផលប្រយោជន៍របស់សមាជិកដោយប្រសិទ្ធភាព កុំបង្ខំឱ្យកម្មករនិយោជិតលាលែងពីសមាជីកភាពសហជីព ព្រមទាំងចាត់វិធានការស៊ើបអង្កេតដោយឯករាជ្យទៅលើការចោទប្រកាន់ប្រឆាំងនឹងសហជីព ការប្រើអំពើហិង្សានិងការបៀតបៀនទៅលើកម្មករនិយោជិតនិងសហជីព។
ក្រៅពីនោះ គណៈកម្មការទទួលបន្ទុកខាងសេរីភាពនៃការជួបជុំបញ្ចេញមតិ រំពឹងថា រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ព័ត៌មានបន្ថែម អំពីការចោទប្រកាន់របស់ក្រុមហ៊ុន ឬសហគ្រាស ទៅលើកូដករណាហ្គាវើលដ៍ចំនួន ១៨នាក់ រួមទាំង កញ្ញា ឈឹម ស៊ីថរ ហើយនិងស្ថានភាពបច្ចុប្បន្ននៃសំណុំរឿងទាំងនោះជាដើម។
ក្នុងញតិ្តដដែលនោះ បានគូសបញ្ជាក់ថា៖ «យើងខ្ញុំជាកម្មករនិយោជិត និងតំណាងសហជីព សង្ឃឹមថា ក្រសួងនឹងពន្លឿនដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុននេះ ដើម្បីឆ្លើយតបនឹងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ(ILO) និងដើម្បីលុបបំបាត់ការចោទប្រកាន់កន្លងមក ដែលថាកម្ពុជាមិនបានការពារសិទ្ធិការងារ និងសេរីភាពសហជីពដែលកម្ពុជា ត្រូវធានាក្នុងនាមជារដ្ឋសមាជិក បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារលេខ C87 និង C98»។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ បានថ្លែងថា ការដាក់ញត្តិទៅកាន់ក្រសួងការងារ ដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា និងបណ្តាស្ថានទូតបរទេសទាំងនេះ គឺស្របពេលដែលគណៈកម្មការទទួលបន្ទុកខាងសេរីភាពនៃការជួបជុំបញ្ចេញមតិរបស់អង្គការ ILO នឹងមានកិច្ចប្រជុំមួយនៅខែតុលាជារៀងរាល់ឆ្នាំ ហើយក្នុងនោះកម្ពុជាក៏ត្រូវចូលរួមផងដែរ។
កញ្ញាបន្តថា បញ្ហានៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ប្រសិនបើរដ្ឋាភិបាល នៅតែមិនព្រមអនុវត្ត និងពន្លឿនការដោះស្រាយអនុឡោមទៅនឹងអនុសាសន៍របស់អង្គការ ILO ទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កេរ្តិ៍ឈ្មោះ និងការវិនិយោគនៅកម្ពុជា។
កញ្ញាថា៖ «ទាំងអស់ហ្នឹង វាប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគ ព្រោះមែនទែនទៅ ប្រទេសដែលគោរពសិទ្ធិការងារ គោរពលទ្ធិប្រជាធិបតេយ្យទាំងអស់ហ្នឹង គឺមុននឹងគេមករកស៊ីនៅប្រទេសណា គឺគេតែងតែមើលថាប្រទេសហ្នឹងបានគោរពសិទ្ធិកម្មករឬអត់ ដូចយើងដឹងទាំងអស់គ្នា ទាំងបារាំងក្តី ទាំងសហគមន៍អឺរ៉ុបក្តី ទាំងអាមេរិកក្តី ទាំងអង់គ្លេសក្តី ទាំងកាណាដាក្តី គឺពួកគាត់មាន Brand ជាច្រើនដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង ហើយលក្ខខណ្ឌដែលក្រុមហ៊ុនទាំងអស់នោះវិនិយោគ គឺពួកគាត់ត្រូវតែធានាថា ប្រទេសដែលគាត់វិនិយោគហ្នឹង ត្រូវតែគោរពសិទ្ធិមនុស្ស គោរពសិទ្ធិកម្មករ ហើយករណីណាហ្គាវើលដ៍ហ្នឹងមួយ ជាករណីដែលយើងមើលឃើញថា ជាករណីដែលរំលោភសិទ្ធិការងារ សិទ្ធិសហជីពជាប្រព័ន្ធ មានតាំងពីការប្រើអំពើហិង្សាទៅលើកូដករដែលជាស្ត្រី មានតាំងពីការចាប់ថ្នាក់ដឹកនាំសហជីព មានរូបខ្ញុំ និងថ្នាក់ដឹកនាំផ្សេងៗទៀតដាក់ពន្ធនាគារ»។
កញ្ញា ឈឹម ស៊ីថរ បន្តថា គោលបំណងដែលពួកគាត់ដាក់ញត្តិនេះ ស្នើឱ្យស្ថានទូតបណ្តាប្រទេសទាំងនោះ ជំរុញទៅក្រសួងការងារ ជាពិសេសក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវដោះស្រាយវិវាទការងារត្រឹមត្រូវតាមច្បាប់ ដោយការទទួលយកថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិតទាំងអស់ឱ្យចូលធ្វើការវិញ និងទូរទាត់សំណងតាំងពីថ្ងៃបញ្ឈប់ដល់ថ្ងៃចូលធ្វើការ។
កញ្ញាបញ្ជាក់ដែរថា៖ «រាល់ការអះអាងទាំងឡាយណាកន្លងមក ដែលនិយាយថា ទាំងក្រសួង ទាំងក្រុមហ៊ុនព្យាយាមដោះស្រាយហើយហ្នឹង គឺនាងខ្ញុំសូមជម្រាបថា ដំណោះស្រាយនៅក្នុងការដែលបង្ខំឱ្យកម្មករនិយោជិតទទួលយកសំណងខុសច្បាប់ហ្នឹង គឺពួកយើងមិនទទួលទេ ពីព្រោះថាការទទួលយកសំណង គឺជាការចូលរួមចំណែកក្នុងការរំលាយសហជីព ហើយនិងការរិតត្បិតសេរីភាពសហជីព ពីព្រោះថា បើសិនជាការបង្កើតសហជីពហើយ ថៅកែមានសិទ្ធិនៅក្នុងការបញ្ឈប់សហជីពតំណាងសហជីព គ្រាន់តែបង់សំណង គឺបានន័យថា យើងអត់មានសិទ្ធិនៅក្នុងការបង្កើតសហជីព យើងអត់មានសេរីភាពសហជីពនៅប្រទេសកម្ពុជាយើងទេ អីចឹងដំណោះស្រាយបែបហ្នឹង មិនមែនជាដំណោះស្រាយទេ សូមកុំធ្វើឱ្យមានការយល់ច្រលំ ឬក៏ក្លែងបន្លំការពិត សូមឱ្យនិយាយពាក្យដែលពិត»។
បើតាមមេដឹកនាំសហជីពរូបនេះ ការដាក់ញត្តិនាព្រឹកមិញនេះ ខាងតំណាងក្រសួងការងារ បានចុះហត្ថលេខាទទួលយកញត្តិរបស់ពួកគេ ប៉ុន្តែទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ ខណៈស្ថានទូតបរទេសមួយចំនួនបានទទួលញត្តិ លើកលែងតែស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលពួកគេស្នើឱ្យផ្ញើញត្តិតាមសារអេឡិចត្រូវនិចវិញ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានទេ គិតមកដល់រសៀលថ្ងៃទី២០ ខែតុលានេះ។
កន្លងមក អ្នកនាំពាក្យក្រសួងការងារចាស់ លោក កត្តា អ៊ន ធ្លាប់ការពារថា ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គា ក្រសួងបានដោះស្រាយមកជាហូរហែ។ មួយវិញទៀត លោកថា ក្រុមហ៊ុនក៏បានផ្ទេរប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារ ចូលគណនីធនាគារអតីតបុគ្គលិក ដែលក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាការងារចំនួន ៣៧៣នាក់ រួចមកហើយដែរ។
វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏ ផ្តើមចេញពីក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិកប្រមាណ ១ ៣០០នាក់ កាលពីខែមេសា ឆ្នាំ២០២១ ដែលភាគច្រើនជាប្រធាននិងសមាជិកសហជីព អំឡុងពេលផ្ទុះជំងឺកូវីត-១៩ ដែលថៅកែអះអាងពីមូលហេតុជួបវិបត្តិហិរញ្ញវត្ថុ។
ប៉ុន្តែភាគីបុគ្គលិកដែលបានបញ្ឈប់ អះអាងថា ជាចេតនារបស់ថៅកែ ដើម្បីបំបាត់សហជីពឯករាជ្យ ក្នុងក្រុមហ៊ុនដែលតែងតែជំរុញលក្ខខណ្ឌការងារ ការពារសិទ្ធិបុគ្គលិក។
ជុំវិញបញ្ហានេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ ដែលជាអង្គការមួយធ្វើការផ្តោតលើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារផងនោះ បាននិយាយថា គន្លឹះដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ស្ថិតក្នុងដៃរដ្ឋាភិបាលកម្ពុជាច្រើនជាង។
លោកថា៖ «ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលនេះ គន្លឹះកូនសោរនៅក្នុងការដោះស្រាយបិទបញ្ចប់ គឺវាអាស្រ័យទៅលើតួអង្គរដ្ឋទេ ជាពិសេសគឺអាជ្ញាធរពាក់ព័ន្ធក្រសួងការងារហ្នឹងហើយ ទោះបីមានការសម្របសម្រួលដោយក្រសួងការងារច្រើនលើកច្រើនសារក៏ដោយ ក៏ប៉ុន្តែលទ្ធផលមិនអាចទទួលបាន ពីភាគីទាំងសងខាង ចឹងករណីនេះលុះត្រាតែរាជរដ្ឋាភិបាលត្រូវតែជំរុញ ដើម្បីលើកយកនូវករណីដែលមិនសះជាហ្នឹង យកមកនៅក្នុងការដោះស្រាយដោយសន្តិវិធី ដែលអាចទទួលយកបានពីភាគីពាក់ព័ន្ធ ហើយគន្លឹះនៅក្នុងការដោះស្រាយបញ្ហា ប្រសិនបើភាគីអាចទទួលយកបាន ខ្ញុំគិតថា វាជារឿងល្អសម្រាប់ប្រទេសកម្ពុជា»។
លើសពីនេះ លោកថា បើវិវាទនេះនៅបន្តជាប់គាំង អ្នករងផលប៉ះពាល់ មិនមែនមានតែមេដឹកនាំសហជីព និងបុគ្គលិតថៅកែបានបញ្ឈប់ទេ រដ្ឋាភិបាលក៏រងផលប៉ះពាល់ដូចគ្នា ព្រោះថា រដ្ឋាភិបាលនឹងត្រូវគេមើលឃើញថា មិនបានបំពេញកាតព្វកិច្ច ក្នុងនាមប្រទេសដែលបានប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិការងារ ។
លោកថា៖ «ករណីដែលមានការពន្យារពេលអូសបន្លាយនៅក្នុងការដោះស្រាយបញ្ហានេះ វាធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះកិត្តិយសរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងកាតព្វកិច្ចក្នុងការទទួលខុសត្រូវលើកកម្ពស់នូវសិទ្ធិសេរីភាពផ្នែកសហជីព ខណៈពេលដែលករណីណាហ្គាវើលដ៍នេះ វាស្ថិតនៅក្នុងបណ្ដឹងរបស់សហជីពទៅកាន់អង្គការពលកម្មអន្តរជាតិ ហើយបណ្ដឹងមួយនេះ វាស្ថិតក្រោមការតាមដានត្រួតពិនិត្យរបស់អង្គការពលកម្មអន្តរជាតិ ជាពិសេសគឺអនុសាសន៍ដើម្បីផ្ដល់ទៅរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវសិទ្ធិសេរីភាពផ្នែកសហជីព ជាពិសេសគឺអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិបរិបទ៩៨ហ្នឹង ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានតាមដានករណីនេះ ថ្លែងថា យន្តការច្បាប់របស់កម្ពុជា មានភាពល្អប្រសើរណាស់ មានទាំងសហជីព ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រសួងការងារ និងតុលាការជាដើម ប៉ុន្តែច្បាប់ និងនីតិវិធីក្នុងការដោះស្រាយនេះ មិនត្រូវបានរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធយកមកអនុវត្តទេ ដែលធ្វើឱ្យបញ្ហាវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅបន្តដល់សព្វថ្ងៃដែលមានរយៈពេលជិត ៤ឆ្នាំមកហើយ។
លោកបន្តថា៖ «ហើយយើងមើលអញ្ចឹង បើសិនជារដ្ឋាភិបាលលើកទឹកចិត្តដល់កម្មករ លក្ខខណ្ឌការងារដែលធ្វើតាមច្បាប់ ខ្ញុំមើលទៅមិនរញ៉េរញ៉ៃ មិនមានការតវ៉ាទាមទារអីទេ ប៉ុន្តែដោយសារមិនយកច្បាប់ការងារហ្នឹង មកអនុវត្ត ទើបមានបញ្ហាដល់កម្មកររហូតមកដល់ថ្ងៃនេះ។ ហើយយើងមើលទៅឃើញ កន្លងមកហេតុអីបានកម្មករយើងចំណាកស្រុកខុសច្បាប់ទៅប្រទេសគេ ដោយសារអី ដោយសារតែលក្ខខណ្ឌការងារហ្នឹង ថៅកែមួយចំនួនមិនយកច្បាប់មកដោះស្រាយតែប៉ុណ្ណឹងឯង បានជាពួកគាត់នៅតែចាត់ទុកថា ប្រទេសគេល្អជាងប្រទេសយើង»។
ការជំរុញលក្ខខណ្ឌការងារនៅក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា ជាការតស៊ូមតិធំជាងគេក្នុងប្រទេសកម្ពុជា ដែលបានអះអាងបន្លាយរហូតជាង៣ឆ្នាំ ទោះប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ដាក់ពន្ធនាគាររហូតពីរលើក។
ភាពជាប់គាំងនៃការរកដំណោះសា្រយនេះ ជំរុញឱ្យមានការព្រួយបារម្ភថា កម្មករនិងបុគ្គលិកច្រើនកន្លែងទៀត នឹងត្រូវបានគេរំលោភសិទ្ធិការងារ ដោយយកគំរូមិនល្អចេញពីក្រុមហ៊ុនណាហ្គាវើលដ៍នេះ បើក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនអាចចាប់បង្ខំឱ្យថៅកែបរទេស គោរពច្បាប់របស់កម្ពុជាបាន៕









