ការផ្ញើសារមិនឱ្យពលរដ្ឋចង់ដឹងពីបញ្ហាបូរណភាពទឹកដី ខណៈថៃកំពុងពង្រីកការឈ្លានពាននោះ ជំរុញឱ្យមានការរិះគន់ថា ជាកំហុសធ្ងន់ធ្ងររបស់មេដឹកនាំដែលចង់បិទបាំងទង្វើកាត់ទឹកដីឱ្យបរទេស ដើម្បីតែពង្រឹងអំណាច ក្បត់ប្រជាជាតិ និងក្បត់ឆន្ទៈពលរដ្ឋម្ចាស់ប្រទេស។
ការរិះគន់នេះ ក្រោយពីនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២០ ខែតុលានេះថា ម៉ោងនេះសូមពលរដ្ឋកុំទាន់សួរនាំរឿងបាត់បង់ដី កន្លែងណាខ្លះ ឬបាត់បង់ទាហានប៉ុន្មាននាក់។
លោកអះអាងថា សង្រ្គាមមិនទាន់ចប់ទេ រដ្ឋាភិបាលកម្ពុជាមានសន្លឹកបៀរដែលមានប្រៀបលើភាគីថៃ «ស្ងាត់តែ មិនស្ងៀមទេ» ដូច្នេះសូមឱ្យពលរដ្ឋខ្មែរបន្តជឿទុកចិត្តលើរដ្ឋាភិបាល ក្នុងការការពារទឹកដី។
លោកថា៖ «ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន ដែលសួរក្រោយបទឈប់បាញ់ និងបាត់ណាខ្លះការពារណាខ្លះ មេទ័ពណាស្លាប់ មេទ័ពណារស់ ជម្លោះមិនទាន់ចប់ទេ បញ្ហាវានៅការលាក់ការណ៍យោធាយ៉ាងណា ប៉ុន្តែខ្ញុំសូមកុំសួររឿងកន្លែងណាបាត់ កន្លែងណាបាន ខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្ត តែមួយគត់ថា ក្នុងរយៈពេលប្រយុទ្ធគ្នារហូតមកដល់ម៉ោងនេះ កងទ័ពរបស់យើងទាំងអ្នកបញ្ជាការសមរភូមិរហូតដល់យុទ្ធជនម្នាក់ៗ បានខិតខំលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីរបស់យើងហើយ»។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២១ ខែតុលានេះថា ការហាមពលរដ្ឋមិនឱ្យសួរនាំរឿងទឹកដីឆ្លុះបញ្ចាំងថា មេដឹកនាំគ្រួសារហ៊ុនកំពុងចង់បិទបាំងកំហុសធ្វើឱ្យបាត់ទឹកដីខ្មែរ។
លោកហាក់ស្តីបន្ទោសថា លោក ហ៊ុន ម៉ាណែត កំពុងយកគំរូអាក្រក់តាមឳពុកគឺលោក ហ៊ុន សែន ចង់គំរាមនិងបិទសិទ្ធិពលរដ្ឋខ្មែរកុំឱ្យឈឺឆ្អាលរឿងបាត់បង់ទឹកដី ទៅប្រទេសជិតខាងថៃ និងវៀតណាមនេះ។
លោកអះអាងថា ការហាមពលរដ្ឋខ្មែរ មិនឱ្យសួរនាំរឿងបាត់បង់ទឹកដីនេះ ជាចេតនា លោក ហ៊ុន ម៉ាណែត ចង់លាក់បាំងកំហុសដែលខ្លួនធ្វើឱ្យបាត់បង់ ភ្នំទ្រព្យ ប្រាសាទតាមាន់ធំ និងច្រកអានសេះ ជៀសវាងកុំឱ្យពលរដ្ឋខឹងសម្បារ ងើបប្រឆាំងបះបោរនឹងការដឹកនាំរបស់ខ្លួន ដែលធ្វើឱ្យបាត់ទឹកដីបុព្វបុរសខ្មែរ។
លោកថា៖ «ការហាមពលរដ្ឋខ្មែរមិនឲ្យសួរនាំរឿងទឹកដីហ្នឹង គឺជាការបិទបាំងកំហុសរបស់ត្រកូលហ៊ុន នៅក្នុងការកាត់ទឹកដីទៅឱ្យបរទេសជិតខាង ជាពិសេសគឺការកាត់ទឹកដីទៅឱ្យប្រទេសថៃ ដូចដែលលោក ហ៊ុន សែន ធ្លាប់កាត់ទឹកដីទៅឲ្យប្រទេសវៀតណាមកន្លងមកអីចឹងឯង អ្វីដែលបិទបាំងពីការបាត់បង់ទឹកដី គឺជាបំណងរបស់ លោក ហ៊ុន ម៉ាណែត ហ្នឹងចង់កាត់ទឹកដីខ្មែរយើងទៅឲ្យប្រទេសថៃ ដើម្បីដូរយកសន្តិភាពនិងអំណាច»។
សម្រាប់លោក អ៊ុំ សំអាន អះអាងថា លោក ហ៊ុន ម៉ាណែត កំពុងប្រើយុទ្ធសាស្រ្តឳពុកដើរគំរាមបំបិទមាត់ពលរដ្ឋខ្មែរ មិនឱ្យសួរដេញដោលរឿងបាត់ទឹកដី ខណៈថៃកំពុងពង្រីកការឈ្លានពានទឹកដីខ្មែរ។
ក្នុងន័យនេះ លោកពន្យល់ថា កន្លងទៅ ក្នុងអាណត្តិ លោក ហ៊ុន សែន តែងតែគំរាម ធ្វើទុក្ខបុកម្នេញ ចាប់ចង និងចោទប្រកាន់ពលរដ្ឋខ្មែរ និងអ្នកនយោបាយបក្សប្រឆាំង ដែលហ៊ានរិះគន់រឿងបាត់បង់ទឹកដី។
លោកថា៖ «បើតាមរដ្ឋធម្មនុញ្ញប្រជាពលរដ្ឋខ្មែរ គឺជាម្ចាស់ទឹកម្ចាស់ដី គឺជាម្ចាស់ប្រទេស ហើយលោក ហ៊ុន ម៉ាណែត គ្រាន់តែជាខ្ញុំបម្រើប្រជាពលរដ្ឋប៉ុណ្ណោះឯង ប្រជាពលរដ្ឋគឺជាចៅហ្វាយនាយ ហើយរឿងអីចៅហ្វាយនាយអត់មានសិទ្ធិសួរនាំកូនចៅជាអ្នកបម្រើប្រជាពលរដ្ឋហ្នឹង ដូច្នេះរឿងទឹកដីមិនមែនជារឿង ផ្ដាច់មុខរបស់មេដឹកនាំកាន់អំណាច ឬរបស់ត្រកូលហ៊ុនទេ»។
សកម្មជនបក្សសង្រ្គោះជាតិប្រចាំនៅប្រទេសជប៉ុន អ្នកស្រី គឹម នាង និយាយថា ទឹកដីខ្មែរ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់មេដឹកនាំគ្រួសារហ៊ុនទេ ដូច្នេះលោក ហ៊ុន ម៉ាណែត គ្មានសិទ្ធិហាមពលរដ្ឋខ្មែរទេ។
អ្នកស្រីយល់ថា ការហាមពលរដ្ឋមិនសួរនាំរឿងទឹកដី ឆ្លុះបញ្ចាំងថា លោក ហ៊ុន ម៉ាណែត កំពុងបិទបាំងទង្វើរបស់ខ្លួនដែលគ្មានសមត្ថភាពការពារទឹកដីបាន ធ្វើឱ្យទឹកដីបុព្វបុរសបាត់ទៅប្រទេសជិតខាង។
អ្នកស្រីបន្តថា បើលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពការពារទឹកដី ឬទាមទារទឹកដីដែលបាត់បង់ត្រឡប់មកវិញទេ គួរតែចុះចេញពីអំណាច កុំបន្តក្រាញអំណាចធ្វើឱ្យបាត់បង់ទឹកដីខ្មែរបន្ថែមទៀតអី។
អ្នកស្រីថា៖ «ហើយក៏ខ្ញុំចង់ឲ្យនាយករដ្ឋមន្ត្រីអសមត្ថភាពនិងចុះចេញ ហើយឱ្យអ្នកមានសមត្ថភាពដឹកនាំវិញ ដោយសារគាត់ដឹកនាំប្រទេសធ្វើបាបរាស្រ្ត ពលរដ្ឋខ្លួនឯង ហើយនឹងធ្វើឱ្យបាត់បង់ទឹកដីខ្មែររហូតតាំងពីឳពុកដល់កូន ខ្ញុំចង់ផ្ដាំថាបើគាត់គ្មានសមត្ថភាពដឹកនាំប្រទេសកម្ពុជាទេ គាត់ចុះចេញពីអំណាច ឱ្យអ្នកផ្សេងគេដឹកនាំជំនួសគាត់វិញ»។
ប្រហែលគ្នានេះដែរ អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងជាអតីតនិស្សិតអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅប្រទេសជប៉ុន លោក ឈិន សុធា និយាយថា លោកគ្មានជំនឿចិត្តលើលោក ហ៊ុន ម៉ាណែត ក្នុងការការពារទឹកដីទេ។
លោកអះអាងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនខុសពីការដឹកនាំរបស់ឳពុកគាត់ លោក ហ៊ុន សែន ទេ គឺកាត់ទឹកដីឱ្យបរទេស ដើម្បីរក្សាអំណាច មិនខ្វល់ពីទឹកដីរបស់បុព្វបុរសខ្មែរនោះទេ។
លោកថា៖ «ក្នុងនាមជាអ្នកដឹកនាំហើយ ទៅនិយាយបង្ការប្រជាជនថាមិនបាច់ចង់ដឹងទេ ថាបាត់កន្លែងណាមេទ័ពណាស្លាប់អីខ្លះហ្នឹង អាហ្នឹងវាគឺជាលទ្ធិមួយដែលបង្ហាញថាប្រទេសនេះ លើកលែងជាប្រទេសប្រជាធិបតេយ្យទៅជាប្រទេសផ្ដាច់ការតែម្ដង។ មួយវិញទៀត យើងត្រូវគិតថាបើបូរណភាពទឹកដីយើង យើងមើលប្រវត្តិសាស្ត្រមករាប់ជំនាន់ទៅ យើងអត់ចំណេញទេ រឿងទឹកដីនោះ ហើយយើងតែងតែខាត សៀមវាព័ន្ធដល់ប៉ុណ្ណេះតាំងពីភូមិព្រៃចាន់ ភូមិជោគជ័យប៉ុណ្ណេះហើយ គឺគេមិនងាយដកថយទេបើសៀមវាដកថយ គឺស្មើនឹងធ្វើឲ្យប្រជាជនសៀមហ្នឹង រើបម្រះទូទាំងប្រទេស សូម្បីតែបង្ល័ង្គស្តេចក៏ពិបាកក្នុងការធានាដែរ»។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចឆ្លើយតបការចោទប្រកាន់នេះ ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកសាររបស់លោក ហ៊ុន ម៉ាណែត ដែលហាមពលរដ្ឋកុំឱ្យសួររឿងទឹកដីនេះ ជាចេតនាទុច្ចរិតចង់បំបិទកំហុសរបស់ខ្លួន កាត់ទឹកដីខ្មែរឱ្យទៅថៃ។
លោកបារម្ភថា លោក ហ៊ុន ម៉ាណែត និងបន្តយុទ្ធសាស្រ្តផ្តាច់ការរបស់ឳពុកគាត់បន្តបង្រ្កាបខ្មែរគ្នាឯង គឺបន្តយុទ្ធសាស្រ្តងើបមួយវ៉ៃមួយ លើពលរដ្ឋខ្មែររូបណាដែលហ៊ានរិះគន់ថា គ្រួសារហ៊ុនធ្វើឱ្យបាត់បង់ទឹកដី។
លោកថា៖ «លោក ហ៊ុន ម៉ាណែត ហ្នឹងគឺគាត់ដើរតាមផ្លូវរបស់ឪពុករបស់គាត់ ឪពុករបស់គាត់លោក ហ៊ុន សែន ធ្វើកំហុសសម្រាប់ជាតិដោយព្យាយាមដោះដូរយកកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយវៀតណាម ហើយយើងបាត់ទឹកដីមួយចំនួន ដូចជា កោះត្រល់ ឬកោះក្រចកសេះ ឈូងសមុទ្រខ្មែរមួយចំនួននិងព្រំដែនគោកមួយចំនួនទៀត ហើយអ្នកណាហ៊ាននិយាយពីរឿងព្រំដែនវៀតណាម ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន បើនិយាយគឺត្រូវចាប់ដាក់គុក ហើយមនុស្សច្រើននាក់ហើយដែលជាប់គុកដោយសាររឿងបញ្ចេញមតិយោបល់ជាមួយវៀតណាម លោក ហ៊ុន សែន ចាប់ដាក់គុកទាំងអស់»។
គួររំឭកថា ក្រោយប៉ះទង្គិចគ្នាដោយអាវុធទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដានោះ ថៃមិនបានគោរពបទឈប់បាញ់ទេ ។
ថៃចូលមករាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងភូមិព្រៃចាន់ ភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមវាយកយកទីតាំង១៧កន្លែងទៀតនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូរដោយឯកតោភាគីខ្នាត១លើ៥០ពាន់។
ក្រៅពីនេះ ជុំវិញគម្រោងចុះកិច្ចព្រមព្រៀងជាមួយថៃ ដែលរដ្ឋាភិបាលហៅថា ជាកិច្ចព្រមព្រៀងសន្តិភាពក្រោយថៃបើកការឈ្លានពាននោះ រដ្ឋាភិបាលរងការចោទថា ជាកិច្ចព្រមព្រៀងកាត់ដីឱ្យថៃ ដើម្បីការពារអំណាចជ្រកក្រោមពាក្យសន្តិភាព ។តែយ៉ាងណារដ្ឋាភិបាលបានច្រានចោលការចោទនេះ។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
រីឯក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕











