ក្រសួងថា លោក ស សុខា​ មិនជាប់ពាក់ព័ន្ធ​ជាមួយ លោក ចេន ហ្ស៊ី

ក្រសួងមហាផ្ទៃ ប្រកាស​ដកខ្លួន​ថា លោក ស សុខា មិន​​ជាប់​​ពាក់​ព័ន្ធ​​ជាមួយ​​នឹ​​ងកា​ស៊ីណូអ​ន​ឡាញ​ ក្រោយ​​របាយ​ការណ៍​ពី​​​អន្តរ​ជាតិ​​​រ​ក​​ឃើញ​មន្ត្រី​​ជាន់​ខ្ពស់​កម្ពុជា​​​មួយ​ចំនួន ក្នុង​នោះ​​មាន​​ទាំង​​រដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​ផង​នោះ ថា​​​មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​​​​​​ប​ទឧក្រិដ្ឋ​ឆបោក​តាមអនឡាញ​​លំដាប់ពិភពលោក។

យ៉ាងណា​​ អ្នក​ឃ្លាំ​មើល យល់ថា ដើម្បីលាងជម្រះ​ខ្លួន​ពីបញ្ហានេះ មេដឹកនាំ ក៏ដូចជា​​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ គួរតែ​ស៊ើប​អង្កេត​ស្រាវជ្រាវឱ្យ​បាន​ស៊ី​ជម្រៅ និង​​​ចាប់ខ្លួនមេខ្លោង​​ដែលពាក់ព័ន្ធ​​​នឹង​បទ​​ឧក្រិដ្ឋ​​នេះ យក​​​មក​បំភ្លឺវិញ ជាជាង​ការ​​​​​បំភ្លឺតែ​ខ្លួន​ឯង។

ការ​ប្រកាស​របស់ក្រសួង​នេះ ធ្វើឡើង​ក្រោយពី​មានការ​ផ្សព្វផ្សាយព័ត៌មាន​មួយចំនួន ដោយផ្អែក​លើរបាយការណ៍​ដែល​ថា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ជា​សហ​វិនិយោគិន​ជាមួយ​នឹង​ក្រុមហ៊ុន​កាស៊ីណូ ជីន ប៉ី នៅក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។​

នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០២៥ ​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីបំភ្លឺមួយ​​​ថា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពុំ​មានការ​ពាក់ព័ន្ធ​ និង​ពុំមានភាគហ៊ុន​ណា​មួយជាមួយ​នឹង​អាជីវកម្ម​កាស៊ីណូ ជីន ប៉ី (Jin Bei) ដូចការ​លើកឡើង​នៅក្នុង​របាយការណ៍ និងការ​ចោទប្រកាន់​​នោះឡើយ។

ក្រសួងបន្តថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បាន​និងកំពុង​ខិត​ខំ​ប្រឹង​ប្រែង​​​ក្នុ​ងការ​សម្រប​សម្រួល​​ដឹកនាំ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ការ​គ្រប់​គ្រង​ថែ​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធារណៈ សំដៅទប់ស្កាត់ និង​លុប​បំបាត់​​បទ​ល្មើស​គ្រប់​ប្រភេទជា​អាទិ៍ បទ​ល្មើស​បច្ចេក​វិទ្យា អំពើ​ជួញដូរ​មនុស្សគ្រប់ទម្រង់ និង​បទ​ល្មើស​ជួញ​​ដូរ​គ្រឿង​ញៀន​ជាដើម។​

ការណ៍នេះ ក្រសួងថា ការផ្សព្វផ្សាយ​ដែល​​​ចោទប្រកាន់ទៅលើ ​លោក ស សុខា ថាមានពាក់ព័ន្ធ​​នឹ​ង​​កាស៊ីណូ​​ល្បែង​អន​ឡាញ​​មួយ​នេះ ជារឿង​មិន​ពិត និង​ថា ទង្វើ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ា​ង​ធ្ងន់​ធ្ងរ​ដល់​កិតិ្ត​យស​ស្ថាប័ន​​ជាតិ​ទាំងមូល និង​សេចក្តីថ្លៃ​ថ្នូរ​របស់​បុគ្គល។ 

បើ​តាមក្រសួង​មហាផ្ទៃ ក្នុង​រយៈពេល ៩ខែ ឆ្នាំ២០២៥​ ក្រោម​ការ​ដឹកនាំ​របស់​លោក ស សុខា  សមត្ថកិច្ច​បាន​ស្រាវ​ជ្រាវ និង​បង្ក្រាប​​​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ (Online Scam) ចំនួន ៤៨​លើក ដោយ​​ឃាត់​ខ្លួន​មនុស្ស​បញ្ជូន​ទៅ​តុលាការចំនួន ១៦៨នាក់ និង​បណ្តេញ​ចេញ​ពី​កម្ពុជា ២ ៧២២នាក់។ បទល្មើស​ជួញ​ដូរ​មនុស្ស​ ១៤៧ករណី ឃាត់​ខ្លួន ២០៥នាក់ កសាងសំណុំរឿង​ទៅ​តុលាការ​ និង​រំដោះជនរង​គ្រោះបាន ៤៨៣នាក់។ បទល្មើស​គ្រឿង​ញៀន ៦ ៩១៤ករណី ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ ១៧ ៤០៦នាក់ រឹបអូសគ្រឿង​ញៀន​គ្រប់​ប្រភេទ​បាន​ប្រមាណ ៧តោន និង ៥០៩​គីឡូ​ក្រាម​ ព្រមទាំង​សារធាតុ​គីមីផ្សំ​ប្រមាណ ៤៨តោន​។

ទោះយ៉ាងណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KOD) លោក ស៊ឹង សែនករុណា​ យល់ថា ការ​បំភ្លឺឬការ​ច្រានចោលរបស់មេដឹកនាំ​ និង​​មន្ត្រី​រដ្ឋាភិបាលកម្ពុជា​ ចំពោះ​របាយការណ៍ជាតិ និង​​​អន្តរជាតិ​ ដែលរកឃើញ ទាំ​ងរឿង​ការ​រំលោភ​​សិទ្ធិ​មនុស្ស​ និ​ងបទឧក្រិដ្ឋ​ឆបោកតាមអនឡាញនេះ​ជាដើម វាក្លាយ​​ជាប្រពៃណី​ និង​ជារឿងធម្មតាទៅហើយ​ ខណៈបញ្ហាបទឧក្រិដ្ឋ​អនឡាញនេះ បាននិងកំពុងកើតមានជាប្រព័ន្ធ ដែល​មិនទាន់​មានការ​ទប់ស្កាត់ឱ្យ​មានប្រសិទ្ធភាព​នៅឡើយ​​។  

លោកថា៖ «ការ​​ឆ្លើយ​​តប​​ការ​​​បំ​ភ្លឺ​​ណា​​​មួយ គឺ​ពិតជា​សិទ្ធិ​ក្នុងការ​ឆ្លើយ​តបបំភ្លឺ​ចឹង​មែន​ ប៉ុន្តែ​អ្វីដែល​គួរធ្វើឱ្យ​មានការ​ជឿជាក់បានហ្នឹង គឺ​ត្រូវធ្វើការ​ស៊ើប​អង្កេត​​ឱ្យ​បាន​ស៊ីជម្រៅ​​​ ហើយ​ចាប់​​ខ្លួន​​មេខ្លោ​ថ​​​​ដែលពាក់ព័ន្ធ​ក្នុង​បទល្មើស​ហ្នឹង​ ឱ្យ​​ពួកគេ​មក​សារភាព ឬក៏​បង្ហាញ​ឱ្យ​ច្បាស់​ថា ពួក​គេ​ពិតជា​ប្រព្រឹត្ត​ដោយ​ខ្លួន​គេ ដោយ​អត់មាន​ពាក់ព័ន្ធជាមួយ​នឹង​​លោក ស សុខា អីចឹង​ទៅ អាហ្នឹង​​ទើ​ប​មាន​ឥទ្ធិពល ហើយ​អាច​ធ្វើ​ឱ្យ​មានការជឿ​ជាក់​ជាង​ ក្នុងការ​បំភ្លឺតែ​ខ្លួន​ឯង ខណៈដែល​វិធានការដែលធ្វើឱ្យ​ស៊ីជម្រៅ​ ធ្វើ​ឱ្យ​​មានការ​ចាប់ខ្លួនទៅ​ដល់​មេខ្លោ​ងធំៗ​​​ ដូចដែលមានការ​ចោទប្រកាន់​នៅ​ក្នុង​រឿង​ហ្នឹង ឧទាហរណ៍ដូចជា​ លោក ចេន ហ៊្សី ដែលជា​ជន​ជាតិ​ចិន​ហ្នឹង​ជា​ដើម ហើយ​ប្រសិន​ជា​​ចាប់​ខ្លួន​ហើយ បុគ្គលរូបនោះ​ឆ្លើយ​ថា​អត់មាន​ពាក់ព័ន្ធ​នឹង​លោក ស សុខា​​ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋ​ក៏ដូចជា​សហគមន៍​ជាតិ​ អន្តរ​ជាតិ គេ​អាច​ជឿ​ជាក់បាន»។

បើតាម​ លោក ស៊ឹង សែនករុណា បើសិនជារដ្ឋាភិបាលកម្ពុជា​​ មិន​ទទួលយកនូវអ្វី​ដែល​សហគមន៍ជាតិ និង​​អន្តរ​ជាតិ​ បានរកឃើញ ​និង​ចាត់​វិធានដោះស្រាយ​បន្ទាន់​ទេ នោះបញ្ហា​បទឧក្រិដ្ឋ​​ឆបោក​តាមអនឡាញ ដែលកំពុងល្បីកក្រើក​នៅកម្ពុជានេះ នឹង​មិន​អាច​លុបបំបាត់​ ឬទប់ស្កាត់​បាននោះទេ ហើយ​បញ្ហានេះនឹង​ធ្វើឱ្យ​មុខមាត់កម្ពុជា​បន្តស្អុយ​រលួយ ឬអាប់ឱននៅលើ​ឆាកអន្តរជាតិ ដែលធ្វើឱ្យ​គេ​មានការ​ខ្លាចរអា​​ក្នុងការ​ចូលមក​វិនិយោគ និង​ទេសចរណ៍នៅ​កម្ពុជា​ ហើយទំនាក់​ទំនងនយោបាយ​​​អន្តរជាតិ​ក៏ធ្លាក់ចុះផង​ដែរ​​។​

លោក​បន្ថែមថា៖ «ហើយ​បើ​កាលណា​មានបញ្ហា​ហ្នឹង​កើត​ឡើង​ យើង​ដឹង​ហើយសេដ្ឋកិច្ចប្រទេស​​​​​​កម្ពុជា​យើង​​កំពុងធ្លាក់​ដុន​ដាប​ស្រាប់ផង​ ពលរដ្ឋ​កំពុ​ងតែ​រង​គ្រោះ​នូវ​វិបត្តិ​ជីវភាព ក្រីក្រ​ធ្ងន់ធ្ងរ​ទៅ​ៗផង ចឹង​វា​រឹតតែ​ធ្វើឱ្យ​កម្ពុជាហ្នឹង​​កាន់តែ​ធ្លាក់ កាន់តែ​មានស​ភាព​យ៉ាប់យឺនបន្តទៅ​ទៀង ចឹង​វាអត់មាន​អី​មានភាព​ធូរ​ស្រាល​មក​វិញ ដើម្បី​ឱ្យ​​​​សហគមន៍ជាតិ អន្តរជាតិ ឬគេ​ជឿ​ជាក់​បាន​ហ្នឹង វាកាន់តែ​ធ្វើឱ្យ​កម្ពុជា​​កាន់​តែ​ឆ្ងាយ​ពីខាង​សហគមន៍​អន្តរ​ជាតិ​ហើយ»។​

ប្រភព​នៅ​លើ​គេហទំព័រ​​របស់​​ក្រុម​ហ៊ុន DW Capital Holdings មាន​​មូល​ដ្ឋាន​​នៅ​​ប្រទេស​​សិង្ហ​បុរី (Singapore) ដែល​​​​​ជា​ក្រុម​ហ៊ុន​​គ្រប់​គ្រង​មូលនិ​ធិ​​​ឱ្យ​​​ការវិនិយោគ​​ផ្ទាល់​​របស់ ​លោក ចេន ហ្ស៊ី បាន​​សរ​សេរ​ថា លោក ចេន ហ្ស៊ី (Chen Zhi) មានដើមកំណើតជាជនជាតិចិនទទួលបាន​សញ្ជាតិ​ខ្មែរ​ និង​មានងារ​ជា​ឧកញ៉ា ក្នុង​ពេល​រក​ស៊ី​នៅកម្ពុជា​នេះ បាន​​បង្កើត​​​អាជីវ​កម្ម​​​រួ​មគ្នា​​​មួយ​​​​ជាមួយ ​លោក ស សុខា ដែលក្រុមហ៊ុននោះ មានឈ្មោះ​ថា​ ជីនប៉ី​ (Jinbei Cambodia Investment Co. Ltd.)។

ប្រភពនោះបន្តថា កាលពី​ពេល​នោះ ឪពុក​​លោក ស សុខា គឺលោក ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ មុន​នឹង​លោក​បាន​​ផ្ទេរ​​តំណែង​​នេះ​​ឱ្យ​ទៅ លោក ស សុខា នៅ​ឆ្នាំ​២០២៣។ តែយ៉ាងណា ​អាជីវកម្ម​រួមគ្នា​មួយ​ជាមួយ​លោក ស សុខា នេះ ត្រូវ​បាន​រំលាយ​ចោល​នៅ​ឆ្នាំ២០២១។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា​ លោក​មិន​បានដឹង​ការ​ពិត​នៅពី​ក្រោយ​បញ្ហា​ឧក្រិដ្ឋ​កម្ម​តាមអនឡាញ ដែលកំពុង​​ល្បីកក្រើក​នៅ​កម្ពុជា​នេះទេ ប៉ុន្តែ​លោក​យល់​ថា បញ្ហា​ទាំងនេះកើតឡើង​បច្ចុប្បន្ន ​ដោយសារ​តែ​កម្ពុជា មិន​ព្រម​ទទួលស្គាល់កា​រ​​ពិត ហើយ​​​ចាត់វិធានការ​ស៊ើបអង្កេត ដោះស្រាយ​នោះទេ ផ្ទុយទៅ​វិញ​​តែងតែ​ប្រកែក ​ឬច្រានចោល​ និង​ការ​ពារ​គ្នា​ទៅវិញ​ទៅមក នៅពេលដែលមានរបាយការណ៍ ឬការ​រកឃើញ​នានា​ពី​សហគមន៍ជាតិ​ និង​អន្តរ​ជាតិ។​

លោកថា សម្រាប់នៅបណ្តា​ប្រទេស​ប្រជាធិបតេយ្យ នៅពេល​ដែល​មានការ​ចោទប្រ​កាន់​ណាមួយ មិនថាការ​ចោទប្រកាន់ទៅលើ​ថ្នាក់ដឹកនាំ ឬមន្ត្រីធំៗក្តី ក៏គេ​មានការ​ស៊ើបអង្កេត​ រហូត​ដល់​មន្ត្រីខ្លះប្រកាស​​ចុះចេញពីតំណែង ដើម្បីបើក​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​ដើម។

លោកថា៖ «ប៉ុន្តែប្រទេស​យើង​អត់​ទេ កាលណា​មានការ​ចោទប្រកាន់ តែង​តែ​បដិសេធ​ហើយ​បន្តកាន់អំណាចតទៅទៀត អត់បើក​ផ្លូវ​ឱ្យ​មានការ​ស៊ើប​អង្កេត​ទេ អាហ្នឹង​ដែលជាបញ្ហាសម្រាប់​ប្រទេស​យើង​ ដូច្នេះខ្ញុំ​គិត​​ថា​ រឿងពិតយ៉ាងម៉េច​យើង​អត់ហ៊ានថាទេ ព្រោះអាច​​ប្រឈម​​ផ្លូវ​ច្បាប់ ព្រោះ​បើ​សិនជា​​យើង​​ថា យើង​ចោទ​ប្រកាន់ ប៉ុន្តែ​បើអ្វី​ដែល​​គេ​ចោទ​​ប្រកាន់ យើង​គួរ​តែ​បើក​ផ្លូវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត ​ត្រឹម​ត្រូវ​ទៅ​ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់​មន្ត្រី​យើង ហើយ​​ជាពិសេសថ្នាក់​ដឹក​នាំ​របស់​យើង»

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃទី១៥ ​ខែ​តុលា ឆ្នាំ​២០២៥ ​បាន​រួមគ្នា​​ដាក់​ទណ្ឌ​កម្ម​​​ធ្ងន់​ធ្ងរ​​​​លើ​​​ក្រុម​​​ហ៊ុន Prince Group របស់​អ្នក​ឧកញ៉ា ចេន ហ្ស៊ី ដែល​ជា​ទីប្រឹក្សា​​របស់​ប្រធាន​ព្រឹទ្ធ​​សភា​​កម្ពុជា លោក ​ហ៊ុន សែន ​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ ជុំវិញឧក្រិដ្ឋ​កម្ម​ឆបោក​​​តាម​អន​ឡាញ។ ជាមួយគ្នានេះ​ ​អា​មេរិកបានសម្រេច​បង្កកប្រាក់​ លោក​ ​ចេន ហ្ស៊ី ​ក្នុង​ទឹក​ប្រាក់​ជាង ១៥ពាន់លានដុល្លារ​។

ក្រៅពី លោក ចេន ហ្ស៊ី ​មន្រ្តី​​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​និង​ឧកញ៉ា​មួយ​​ចំនួន ​ក៏​ជាប់​​ក្នុង​​បញ្ជី​​ខ្មៅ​​របស់​​អាមេរិក ​​ពាក់​​ព័ន្ធ​​នឹង​​ការ​ចាប់​​ជម្រិ​ត​​តាម​​ប្រព័ន្ធ​​​អន​ឡាញ​​នេះ​​ផង​ដែរ​ ក្នុង​​នោះ​​មាន​​ដូ​ច​ជា ​លោក​​នេត សារឿន ឧបនាយក​រដ្ឋមន្រ្តី​និងជា​ក្មួយ​​ប្រសារ​លោក ហ៊ុន សែន ឧកញ៉ា​ហ៊ុន តូ ជាក្មួយ​លោក​ហ៊ុន សែន ឧកញ៉ាកុក អានស​មាជិ​ក​ព្រឹទ្ធ​សភា​ លោកឌី វិជ្ជា កូនប្រសារ​លោក ហ៊ុន សែន លោកគួច ចំរើន អភិបាល​ខេត្ត​កណ្តាល ​លោកស សុ​ខា រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​ និង​លោក​យឹម លក្ខណ៍ ប្អូនថ្លៃ​លោកហ៊ុន ម៉ានី ។ល។

មកដល់ពេល​នេះ មន្ត្រី​ទាំងនោះ នៅមិនទាន់មានការ​ចេញមុខ​បំភ្លឺជុំវិញ​បញ្ហានេះ ដូចខាង​ក្រសួង​មហា​ផ្ទៃ​នៅ​ឡើយ។

បើតាម​សារព័ត៌មានក្នុង​ស្រុក​មួយចំនួន កាស៊ីណូ ជីនប៉ី ដែលមានមូលដ្ឋាននៅ​ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន​នេះ ហាក់​មានការ​ពង្រីកសាខា​មួយចំនួន ដូចជា កាស៊ីណូជីនប៉ី២ កាស៊ីណូជីងប៉ី​៤ ជាដើម។ ក្នុងនោះ បើតាម​គេហទំព័រ​ SBM News កាលពីថ្ងៃទី​២១ ​ខែ​ឧសភា ឆ្នាំ​២០២៤ នៅអគារ​កាស៊ីណូជីនប៉ី​៤ សមត្ថ​កិច្ចខេត្ត​ព្រះសីហនុ ​​បាន​ចុះ​​បង្ក្រាប​ជនបរទេស​រាប់សិប​នាក់ ក្រោយ​មានសេចក្តីរាយការណ៍​ថា មានការ​ផ្ទុះអាវុធ និង​មានមនុស្ស​ស្លាប់ ដែលជាករណីជម្លោះរវាង​ជនជាតិឥណ្ឌាគ្នា​​ឯង ដែលចង់​ផ្លាស់​ប្តូរ​កន្លែង​ការ​ងារ​ថ្មី។

ជាមួយគ្នានេះ មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី ក៏ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឱ្យជាប់ពន្ធនាគារ ១៨ខែ ពីបទ «ញុះញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​​អាទិ៍» និង​បទ «​​ធ្វើ​​ឱ្យ​​បាត់បង់​​ជំនឿ​​លើ​​​សេចក្តី​​សម្រេច​​របស់​តុលាការ» និង​​ពិន័យ​ជា​ប្រាក់​​ពីរ​លាន​រៀល (ប្រមាណ ៥០០​ដុល្លារ) កាលពីអំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ ជុំវិញការ​ចេញ​មុខរបស់​លោក ​​ទាម​ទារ​យុត្តិ​ធម៌​ឱ្យបុគ្គលិក​ជាស្ត្រី​ម្នាក់ ធ្វើការ​នៅ​​កាស៊ីណូ​ ជីន​ប៉ី២ ក្នុង​ខេត្តព្រះសីហនុនេះ​ផងដែរ។​

លោក រិទ្ធី តាម​​ចោទ​​ថា បាន​ឡាយ​តាម​បណ្តាញ​សង្គម​​​ហ្វេសប៊ុក ​​​រិះគន់​​កាស៊ីណូ ជីនប៉ី ២ ក្នុង​ខេត្ត​ព្រះ​សីហនុ ដោយ​ថា​​ក្រុម​ហ៊ុន​​នេះ​​បាន​​ចោទ​ប្រកាន់​បុគ្គលិក​ម្នាក់​ឈ្មោះ ម៉ម ស្រីលក្ខណ៍​ ថា​​បាន​ជួយ​ភ្ញៀវ​បន្លំ​ឈ្នះ​​ប្រាក់​​​ប្រមាណ​ ១៨ ០០០​ដុល្លារ ហើយភ្ញៀវ​​នោះ​​លែង​​មក​លេង​​កាស៊ីណូ​ទៀត។ អំ​ឡុង​ពេល​​នោះ លោក រិទ្ធី ក៏​បាន​រិះគន់​​តុលាការ​ផង​ដែរ ចំពោះ​ការឃុំខ្លួន​អ្នកនាង​ ម៉ម ស្រីលក្ខណ៍ ដោយគ្មាន​​ភស្តុតាង និង​បាន​ស្នើ​ឱ្យ​តុលាការ​បញ្ចេញ​​វីដេអូ​ ដែល​​តុលាការ​យក​​មក​​ចោទ​ប្រកាន់​លើ​រូប​នាង។

​បើតាម​អ្នកឃ្លាំ​មើល កម្ពុជាគួរមានស្រាវ​ជ្រាវស៊ើបអង្កេតឱ្យ​បាន​ច្បាស់លាស់​ និងបង្ក្រាប​បញ្ហា​បទ​ល្មើសឆបោក​តាម​​អនឡាញនេះ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយ​តបទៅ​នឹង​របាយការណ៍ ឬក៏ការ​រកឃើញនានា ជាជាង​ការ​ប្រកែក​យក​រួច​ខ្លួន និងការ​ពារបក្ខពួក​ បើពុំនោះ​ទេ​ ស្ថានភាពបទឧក្រិដ្ឋ​ដែល​កំពុងល្បីខ្ទរខ្ទារ​នៅលើ​ពិភពលោក​នេះ នឹងរីក​ដុះ​ដាល​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ ហើយស្ថាន​ភាព​​កាន់អាក្រក់​​​ខ្លាំង​ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ