មាតាធម្មជាតិ​ថា សង្គម​កំពុង​វិវត្ត​ទៅ​ជា​ប្រព័ន្ធ «ខ្មៅ​ទៅ​ស សទៅ​​ខ្មៅ»

មាតា​ធម្ម​ជាតិ ហៅ​សង្គម​បច្ចុប្បន្ន កំពុង​វិវត្ត​ទៅ​ជា​ប្រព័ន្ធ​ពី​ខ្មៅ​ទៅ​ស និង​ពី​សទៅ​ខ្មៅ ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ភាព​វាសនា​ខុស​គ្នា រវាង​សកម្ម​ជន​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ និង​បណ្តាញ​ឧក្រិដ្ឋ​ជន​ឆបោក​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ការ​ពាក់​ព័ន្ធ​យ៉ាង​ជ្រៅ​ទៅ​នឹង​ទី​ប្រឹក្សា លោក ហ៊ុន សែន គឺ​លោក ចេន ហ្ស៊ី ។

មាតា​ធម្មជាតិ​​ បាន​និយាយ​នៅ​​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ខែ​តុលា​នេះ​ថា សកម្ម​ជន​ចលនា​មាតា​ធម្ម​ជាតិ​ចំនួន ៥​រូប ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៦ ដល់ ៨ ឆ្នាំ ដោយ​តុលាការ មហា​អយុត្តិ​ធម៌​ កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៤។

តាមប្រភពខាងលើ ពួក​គេ​តស៊ូ ដើម្បី​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ បង្ហាញ​ការ​កេង​ប្រវ័ញ្ច​ដី​ធ្លី និង​ធន​ធាន​ធម្ម​ជាតិ​នៅ​តាម​ទីជនបទ ជួយ​ប្រជាជន​ដែល​រ​ង​គ្រោះ តាម​រយៈ​ការ​តស៊ូ​មតិ​អហិង្សា ហើយ​លើក​មុខ​មាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ។

ប៉ុន្តែការតស៊ូដើម្បីធម្មជាតិ បាន​នាំ​ឲ្យ​ពួក​គេ​ទទួល​ទោស​ជា​ឧក្រិដ្ឋ​ជន ខណៈ​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​គុក​ ឧក្រិដ្ឋ​កម្ម​អន​ឡាញ​វិញ​កំពុង​រីក​ដុះ​ដាល។

តាម​របាយការណ៍២ឆ្នាំចុងក្រោយរបស់​អង្គការ​សហ​ប្រជា​ជាតិ ឆ្នាំ​២០២៣ ប្រភព៖ OHCHR – “Online Scam Operations in Southeast Asia,” ២០២៤ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក (Trafficking in Persons Report) និង​ខែ​មិថុនា ឆ្នាំ​២០២៥ អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ Amnesty International – “No One Returns from This Hell,” ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សកល​នៃ​ការ​បោក​ប្រាស់​តាម​អ៊ីនធឺ​ណិត ដែល​មាន​ការ​ជួញ​ដូរ​មនុស្ស និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​យ៉ាង​រំលោភ​បំពាន។

កាន់​តែផ្ទុះឡើង​នាពេ​ល​ថ្មីៗ​នេះ​ នៅ​ខែ​តុលា ឆ្នាំ​២០២៥ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់ ទីប្រឹក្សា​លោក ហ៊ុន សែន Chen Zhi ប្រធាន​ក្រុម​ហ៊ុន Prince Group ថា បាន​ដំណើរ​ការ​ការ​ងារ​ដោយ​បង្ខំ និង​សំបុក​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នៅ​កម្ពុជា ព្រម​ទាំង​លាង​លុយ​កខ្វក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ តាម​បណ្តាញ​បោក​ប្រាស់។ ទោះ​បី​ជា​ការ​លក់​មុខ​មាត់​ជាតិ និង​ការ​បំពាន​សិទ្ធិ​មនុស្ស​កំពុង​កើត​ឡើង​ចំពោះ​ភ្នែក​មនុស្ស​ជា​ច្រើន​ក៏​ដោយ របប​ក្រុង​ភ្នំពេញ​មិន​បាន​ប្រតិ​កម្ម ឬ​បង្រ្កាប​ជាក់​ស្តែង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ឡើយ​តាំង​ពី​ដើម​មក។ គេ​បង្រ្កាប​តែ​ពេល​ចាប់​ផ្ដើម​មាន​ការ​ផ្ទុះ​ពេញ​ពិភព​លោក ឬ​ស្ទើរ​តែ​ហួស​ពេល​។

តើការ​បង្រ្កាប​នេះ ឈាន​ដល់​ការ​ចាប់​ខ្លួន​មេក្លោង​សំខាន់ៗ ក្រោយ​ឧក្រិដ្ឋ​កម្ម​នេះ​ទេ ឬ​យ៉ាង​ណា? ងាក​មក​សកម្ម​ជន​ដែល​ការ​ពារ​ធម្ម​ជាតិ និង​តស៊ូ​ដើម្បី​សេចក្ដី​ត្រឹម​ត្រូវ​វិញ ត្រូវ​បាន​គេ​ចាប់​ឃុំ ធ្វើ​ទារុណ​កម្ម​ផ្លូវ​ចិត្ត​ជា​ច្រើន​លើក​ច្រើន​សារ។ សង្គម​កំពុង​វិវត្ត​ទៅ​ជា​ប្រព័ន្ធ​ដែល “ខ្មៅ​ទៅ​ស ស​ទៅ​ខ្មៅ”។ អ្នក​ការ​ពារ​ធម្មជាតិ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ឧក្រិដ្ឋ​ជន ខណៈ​ឧក្រិដ្ឋ​ជន​ពិត​ប្រាកដ​ដែល​កំពុង​បំផ្លាញ​កិត្តិយស​ប្រទេស​ ត្រូវ​បាន​ការ​ពារ​ដោយ​អំណាច​នយោ​បាយ។

សម្រាប់​មាតា​ធម្ម​ជាតិ បញ្ហា​នេះ ប្រជាជន​គួរ​តែ​សួរ​ថា -តើ​នរណា​ដែល​ជា​ឧក្រិដ្ឋ​ជន​ពិត​ប្រាកដ? អ្នកការ​ពារ​ធម្ម​ជាតិ ឬ​អ្នក​ដែល​លក់​មុខ​មាត់​ប្រទេស​ជាតិ​អំពី​ឧក្រិដ្ឋ​កម្ម​ឆបោក​នេះ? ដែល​ការណ៍​នេះ មាតា​ធម្មជាតិ​ទាម​ទារ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត គួរ​តែ​ដោះ​លែង​អ្នក​ទាំង ៥នាក់ ឱ្យ​មាន​សេរី​ភាព​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ