ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មស្មើភាពគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បន្ទាប់ពីហានិភ័យនៃការប៉ះទង្គិចគ្នា ជុំវិញបញ្ហាតៃវ៉ាន់ចំពេលដែលអ្នកចរចាពាណិជ្ជកម្មរបស់លោក ចោទប្រកាន់ក្រុងប៉េកាំងថាបានចូលរួមក្នុង‘‘ការបង្ខិតបង្ខំសេដ្ឋកិច្ច’’។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះថា លោក ត្រាំ(Trump) បានផ្តល់យោបល់ទៅកាន់អ្នកសារព័ត៌មានថា ប្រទេសចិនមិនមានគម្រោងការលើការឈ្លានពានតៃវ៉ាន់ទេ ប៉ុន្តែបានទទួលស្គាល់ដោយលោករំពឹងថា បញ្ហានេះ នឹងស្ថិតក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុកជាមួយ លោក ស៊ី(Xi) ខាងក្រៅនៃសន្និសីទសេដ្ឋកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ។
ភាពតានតឹងនៃពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅក្នុងពិភពលោក បានអូសបន្លាយរយៈពេលយូរ ដែលវិវាទជុំវិញពន្ធគយ បច្ចេកវិទ្យា និងការចូលដំណើរការទៅកាន់ទីផ្សារ នៅតែមិនទាន់ដោះស្រាយប៉ុន្មានថ្ងៃមុនកិច្ចប្រជុំ។ លោក ត្រាំ បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់តូនី អាល់បែននីស(Anthony Albanese) ជាកន្លែងដែលអ្នកទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ ក្នុងគោលបំណងប្រឆាំងនឹងប្រទេសចិន។
ការអធិប្បាយរបស់លោក ត្រាំ លើកោះតៃវ៉ាន់ឆ្លុះបញ្ចាំងអំពីបញ្ហារស៊ើបបំផុតមួយ រវាងទំនាក់ទំនងចិន និងអាមេរិក។ ក្រុងប៉េកាំង បានជំរុញក្រុងវ៉ាស៊ីនតោនម្តងហើយម្តងទៀត ឱ្យផ្លាស់ប្តូរពាក្យពេចន៍ដែលខ្លួនប្រើប្រាស់ ក្នុងការពិភាក្សាជំហរស្តីអំពីឯករាជ្យភាពរបស់តៃវ៉ាន់។
លោក ត្រាំ សន្យាថា នឹងពន្លឿនការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ ទៅអូស្ត្រាលី ហើយត្រូវបានសួរថា តើសកម្មភាពរបស់សហរដ្ឋអាមេរិក នៅក្នុងដែនទឹកនៃឥណ្ឌូប៉ាស៊ីហ្វិក គឺការរារាំងគ្រប់គ្រាន់ពី លោក ស៊ី(Xi) ក្នុងការឈ្លានពានទៅលើតវ៉ាន់ដែរឬទេ?
‘‘ប្រទេសចិនមិនចង់ធ្វើបែបនោះទេ’’ លោក ត្រាំ បាននិយាយមុនពេលអួតអំពីទំហំ និងកម្លាំងយោធារបស់សហរដ្ឋអាមេរិក។
ដោយឡែក តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ជែមមីសឹន គ្រៀ(Jamieson Greer) បានចាត់វិធានការយ៉ាងតឹងរឹង ដោយព្រមានថា សហរដ្ឋអាមេរិក នឹងឆ្លើយតបជាមួយសកម្មភាពមិនជាក់លាក់ណាមួយដែល លោកហៅថា ‘‘គំរូទូលំទូលាយនៃការបង្ខិតបង្ខំសេដ្ឋកិច្ច’’ ដោយទីក្រុងប៉េកាំងប្រឆាំងនឹងក្រុមហ៊ុនដែលបង្កើតការវិនិយោគយុទ្ធសាស្ដ្រនៅក្នុងឧស្សាហកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក៕











