អ្នកឃ្លាំ​មើល​ព្រមាន​ពី​ហានិភ័​យ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​បើ​មិន​ចាប់​ខ្លួន​លោក ចេន ហ្ស៊ី

ក្រោយ​ពី​សហរដ្ឋ​អាមេរិក និង​ចក្រ​ភព​អង់​គ្លេស ចាត់​វិធាន​ការ​មេ​ឧក្រិដ្ឋ​ជន​លំដាប់​ពិភព​លោក​ លោក ចេន ហ្ស៊ី ស្ថាបនិក​ធនាគារ​ព្រីនស៍ និង​ជា​ទីប្រឹក្សា​មេដឹក​នាំ​​កំពូល​កម្ពុជា​នោះ ជំរុញ​ឱ្យ​មាន​ការ​ព្រមាន​ពី​ហានិភ័យ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា បើ​មិន​ចាប់​ខ្លួន​ លោក ចេន ហ្ស៊ី ឱ្យ​អន្តរជាតិ កាត់​ទោស​ទាន់​ពេល។

ការព្រមាន​នេះ ក្រោយ​សហរដ្ឋ​អាមរិក និង​​​ចក្រ​​ភ​ព​​អង់​​គ្លេស បាន​រួម​គ្នា​​បង្ក​ក​​​ទ្រព្យ​​សម្បត្តិ​​​ក្រុម​​ហ៊ុន​​​ព្រីនស៍​​​របស់​​​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​ លោក ហ៊ុន សែន ដែល​ពាក់​ព័ន្ធ​​​​​ឧក្រិដ្ឋ​​​កម្ម​​​ឆបោក​​អន​​ឡាញ​​ខា្នត​អន្តរ​ជាតិ បង្ក​ការ​ភ័យ​ខ្លាច​ដល់​បណ្តា​ប្រទេស​ទូទាំង​​​ពិភព​​​លោក។

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI រកឃើញ​ថា លោក ចេន ហ្ស៊ី បាន​​​ធ្វើ​​​ឱ្យ​​ក្រុម​​ហ៊ុន Prince Group ក្លាយ​​​​ជា​​អង្គកា​រ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដ៏​ធំ​​បំផុត​​មួយ​​នៅ​អាស៊ី ដែល​កំពុង​​ប្រតិ​បត្តិ​​​ការ​​​នៅ​ក្នុង​ប្រទេស​​ចំនួន​​​៣០​​នៅ​លើ​ពិភព​លោក។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា បើរដ្ឋាភិបាល​គ្រួសារហ៊ុនមិនចាប់ខ្លួន​ឧក្រិដ្ឋ​ជន ចេន ហ្ស៊ី ឱ្យ​អន្តរ​ជាតិ​កាត់​ទោស​ទេ វា​ជា​គ្រោះ​ថ្នាក់​ដល់​ប្រព័ន្ធ​ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ក្នុងន័យនេះ លោក​ពន្យល់​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​លើ​កម្ពុជា​ ដែល​ជំរុញ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ធំៗ​ ដក​សេចក្តី​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ ដែល​ជា​ហានិភ័យ​ធ្ងន់​ធ្ងរ​ដល់​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ពេល​ដ៏ខ្លី។

លោកថា៖ «មានបញ្ហាអ្វីដល់ប្រទេសកម្ពុជាខ្លាំងមែន​ទែន​ហើយ។ មាន​បញ្ហា សេដ្ឋ​កិច្ច​គ្រប់​វិស័យ​ទាំង​អស់​ វា​ប៉ះ​ពាល់​ទាំង​អស់​ហើយ។ វិនិយោគ​គេ​ពិត! ប្រាកដ​ជា​អត់​មាន​ទៅ​កម្ពុជា​ទេ ជា​ពិសេស​ឈ្មោះ ហ៊ុន សែន ឈ្មោះ​កម្ពុជា​ហ្នឹង​គេ​អត់​មក។ ប៉ះ​ពាល់​ទាំង​អស់​ហើយ​ចេញ​មក​និយាយ​ថា មិ​ន​ប៉ះ​ពាល់​ទេ ដោយ​មាន​ធនាគារ​ជាតិ​កម្ពុជា អ្នក​រ៉ាប់​រង​ទាំង​អស់។ និយាយ​ហ្នឹង​ និយាយ​កូន​ក្មេង​ ដូច​កូន​ក្មេង! ប៉ះ​ពាល់​ទាំង​អស់​ឲ្យ​ធនាគារ​រតនាគារ​នៅ​កណ្តាល​នៅ​សហរដ្ឋ​អាមេរិ​ក គេ​ចាត់​វិធាន​ការ ប៉ះពា​ល់​ទាំង​អស់ ទាល់​តែ​គាត់​កុំ​ចាយ​លុយ​ដុល្លារ ចាយ​លុយ​ខ្មែរ​អាហ្នឹង​បាន​អត់​ប៉ះ​ពាល់»។

ជាងនេះទៀត លោកថា ការបង្រ្កាបមេឧក្រិដ្ឋជនធំៗរបស់​សហគម​ន៍អ​ន្តរជាតិ​ពេល​នេះ ក៏​ជា​គ្រោះ​ថ្នាក់​អំណាច​គ្រួសារ​ហ៊ុនដែ​រ បើ​មិន​វះ​កាត់​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​នៅ​ក្បែរ​ខ្លួន​ចោល​ទេ​នោះ។

លោក​ថា៖ «របបហ៊ុន សែន នឹង​ត្រូវ​រលាយ​ជាមួយ​ក្រុម​ម៉ា​ហ្វី​យ៉ា​ចិន​ ដែល​អន្តរ​ជាតិ​កំពុង​តែ​បង្ក្រាប​។ លោក ហ៊ុន សែន គាត់​កំពុង​តែ​បារម្ភ​ភ័យ​ខ្លាំង​ណាស់ ដូច​ជា គោ​ដំបៅខ្ន​ង​ចឹង! ព្រោះ​គាត់​ទាក់​ទង​យ៉ាង​ជ្រៅ​ ក្នុង​រឿង​ឧក្រិដ្ឋ​កម្ម​ទាំង​អស់​នោះ! ដែល​ពិភព​លោក​កំពុង​តែ​បង្រ្កាប​តែ​កម្ចាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន នឹង​ធ្វើ​ឱ្យ​របប​ត្រកូល​ហ៊ុន ដួល​រលំ​ជា​មិន​ខាន ពីព្រោះ​នៅ​ជុំវិ​ញ​គាត់​សុទ្ធ​តែ​ជាមេ​ចោ​រ​ម៉ាហ្វីយ៉ា ហើយ​មាន​ឧក្រិដ្ឋ​ជន​ឈ្មោះ ចេន ហ្ស៊ី ចឹង​ហើយ​នៅ​ជុំវិញ​ទាំង​អស់ ដែល​ចក្រ​ភព​អង់​គ្លេស អាមេរិក​គេ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ហ្នឹង គឺ​បញ្ហា! ចឹង​គាត់​ ហ៊ុន សែន ភ័យ​ខ្លាំង​មែន​ទែន​ពី​រឿង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នេះ»។

យ៉ាងណា ធនាគារ​ព្រីនស៍ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា បាន​ប្រកាស​ថា ខ្លួន​កំពុង​ស្វែង​រក​យុទ្ធ​សាស្ត្រ​ដើម្បី​ចាក​ចេញ​ពី​ទណ្ឌ​កម្ម​នេះ និង​ប្តេជ្ញា​រក្សា​ភាព​ស្មោះ​ត្រង់ ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ ព្រម​ទាំង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​បង្ហាញ​តម្លាភាព​គ្រប់​ដំណាក់​កាល។

បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ដែរ​ថា ខ្លួន​កំពុង​ចាត់​វិធាន​ការ​ចាំបាច់​នានា ដើម្បី​ធានា​ប្រតិ​បត្តិ​ការ​ជាប្រក្រតី​នូវ​គណនី​ទាំង​ឡាយ​របស់​អតិថិ​ជន នៅ​ធនាគារ​ព្រីនស៍ ជា​ពិសេស​ដើម្បី​ធានានូ​វ​សុវត្ថិ​ភាព​សាច់​ប្រាក់​របស់​អតិថិជន​របស់​ធនាគារ​នេះ។

ការចេញមុខអះអាងនេះ ក្រោយក្រុមអតិថិជនរបស់ធនាគារ​ព្រីនស៍ បាន​អះ​អាង​លើ​បណ្តាញ​សង្គម​ជុំវិញ​ភាព​មិន​ប្រក្រតី​ ក្នុង​ប្រតិ​បត្តិ​ការ​ផ្ទេរ​សាច់​ប្រាក់​ទៅ​ធនាគារ​ផ្សេង ដោយ​ថា​លុយ​របស់​ពួក​គេ​ត្រូវ​បាន​កាត់​ចេញ​ តែ​មិន​ទទួល​បាន​ក្នុង​គណនី​ធនាគារ​ផ្សេង​អស់​ជាច្រើ​ន​ថ្ងៃ។

យ៉ាងណា អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា ទោះ​បី​ជាធនាគារ​ព្រីនស៍​ជា​ស្ថាប័ន​ឯកជន​ពិត​មែន ប៉ុន្តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​លោក​ថា​ នេះ​ជា​វិញ្ញាសារ​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ការ​ជាប់​គាំង​ប្រតិ​បត្តិ​ការ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា។

សម្រាប់លោក សុជាតិ ទោះជាលោក ចេន ហ្ស៊ី ត្រូវ​បាន​អន្តរ​​ជាតិ រួ​ម​ទាំង​ប្រទេស​ចិន​ផង លាតត្រដាង​​ថា បុគ្គល​នេះមា​ន​ជាប់​ពាក់​ព័ន្ធ​ពី​​ឧក្រិដ្ឋ​​កម្ម​​ឆបោក​ លាង​​លុ​យ​​កខ្វក់​ក៏​​ដោយ ក៏​​រដ្ឋាភិ​បាល​​កម្ពុជា​មិន​​បាន​​ចាប់​​ខ្លួន លោក ចេន ហ្ស៊ី ឱ្យ​​ទៅ​អន្តរជាតិ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​​​នោះ​​ឡើយ​។

ក្នុងន័យនេះ លោក​ថា ការ​មិន​ចាត់​វិធាន​ការ​លើ​រឿង​នេះ​ នោះ​អន្តរ​ជាតិ​នឹង​ចាត់​ទុក​ថា​កម្ពុជា​គ្មាន​ចេតនា​ ក្នុង​ការ​បង្រ្កាប​បទ​ឧក្រិដ្ឋ​ឆបោក​ជាមួយ​អន្តរ​ជា​តិ​នេះ​ទេ ហើយ​វា​នឹង​ប៉ះ​ពាល់​ដល់​ការ​វិនិយោគ អ្នក​ជំនួញ​ធំៗ​លែង​ទុក​ចិត្ត​​ប្រព័ន្ធ​ធនាគារ​កម្ពុជា ដែល​រាល​ដាល​ដល់​ប្រតិ​បត្តិ​ការ​ផ្ទេរ​សាច់​ប្រាក់ ធ្វើ​ឱ្យ​ជាប់​គាំង​សេដ្ឋកិច្ច​ផង​ដែរ។

លោកថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនឹង​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ ពីព្រោះ​បើ​សិន​ជា​ក្នុង​ករណី​យើង​មិន​អាច​ដោះ​ស្រាយ​ ចឹង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​មាន​ភាព​មិន​ប្រក្រតី​ ដូច្នេះ​រាល់​ការ​រក​ស៊ី​ការ​ជួញ​ដូរ​ធំៗ​ជាមួយ​នឹង​អ្នក​វិនិ​យោគ​សុចរិត​អី​យ៉ាង​ណា​ក៏​ដោយ ក៏​ត្រូវ​បាន​ដាក់​ការ​សង្ស័យ​ពី​សហគមន៍​អន្តរ​ជាតិ​ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ជាប់​គាំង​នៅ​ក្នុង​សេដ្ឋ​កិច្ច​កម្ពុជា​ នៅ​ក្នុង​រយៈ​ពេល​ខាង​មុខ​ បើ​សិន​ជា​យើង​មិន​មាន​ចំណាត់​ការ ឬ​ក៏​មាន​វិធាន​ការ​ពិសេស​ទាន់​សភាព​ការណ៍​ណា​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​ទេ»។

កាលពីថ្ងៃទី១៤ ខែតុលា អាមេរិក និង​​ចក្រ​​ភ​ព​​អង់​​គ្លេស​រួ​​ម​គ្នា​​ដាក់​​ទណ្ឌ​​កម្ម​​បង្ក​​ក​ទ្រព្យ​​សម្បត្តិ​ក្រុម​ហ៊ុន​ព្រីនស៍​របស់​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​ លោក ហ៊ុន សែន ក្រោយ​រក​ឃើញ​ថា ជា​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​ឆបោក​​ខ្នាត​អន្តរ​ជាតិ​ លួច​លុយ​រាប់​ពាន់​លាន​ដុល្លារ ពី​ជន​រង​គ្រោះ​ជុំវិញ​ពិភព​​លោក។

រដ្ឋាភិបាលអង់គ្លេស បានចោទថា លោក ចេន ហ្ស៊ី គឺជា​មេបណ្ដាញក្រុម​ឧក្រិដ្ឋជន​ឆបោកតាមអន​ឡាញ និងបក្ខពួក កំពុងបើកអាជីវកម្មជាច្រើនកន្លែងនៅក្នុងប្រទេសអង់គ្លេស ក្នុងនោះរួមទាំង​​ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ​ក្នុងទីក្រុងឡុងដ៍ (London) ការកាន់កាប់ភូមិគ្រឹះមួយ​កន្លែង ដែលមានតម្លៃ​១២លានផោន មានអាគារ​ការិយាល័យតម្លៃ ១០០លានផោន រួមទាំង​ផ្ទះល្វែងចំនួន១៧ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ