បន្ទាប់ពីពលរដ្ឋ និងអ្នកសាក្សីរស់ នាសម័យសង្គ្រាមស៊ីវិល លោក ញឹក ប៊ុនឆៃ ជាដើម បានចង្អុលបង្ហាញថា ថៃបានលួចរំកិលព្រំដែនចូលដីខ្មែរ ក្នុងជម្រៅប្រមាណ៣គីឡូម៉ែត្រផងនោះ លោក ហ៊ុន ម៉ាណែត បានហាមពលរដ្ឋខ្មែរ កុំឱ្យសួរពីរឿងបាត់ដី ខណៈអាជ្ញាធរថៃបានផ្តល់បណ្ណកម្មសិទ្ធិដីរបស់ពលរដ្ឋខ្មែរ ដែលទ័ពថៃទើបឈូសឆាយរំលោភយកឱ្យទៅពលរដ្ឋថៃកាន់កាប់។
នៅក្នុងពិធីបើកសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកហ៊ុន ម៉ាណែត បានថ្លែងជាថ្មីទៀតថា លោកមិនបានបញ្ជាកងទ័ពឱ្យដកថយ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដានោះទេ។
លោកថា៖ «ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនដែលសួរ ក្រោយបទឈប់បាញ់នឹងបាត់ណាខ្លះ ការពារណាខ្លះ មេទ័ពណាស្លាប់ មេទ័ពណារស់? ជម្លោះមិនទាន់ចប់ទេ បញ្ហាវានៅការលាក់ការណ៍យោធាយ៉ាងណា! ប៉ុន្តែខ្ញុំសូមកុំសួររឿងកន្លែងណាបាត់ កន្លែងណាបាន ខ្ញុំសូមឱ្យបងប្អូនជឿទុកចិត្តតែមួយគត់ថា ក្នុងរយៈពេលប្រយុទ្ធគ្នារហូតមកដល់ម៉ោងនេះ កងទ័ពរបស់យើងទាំងអ្នកបញ្ជាការសមរភូមិ រហូតដល់យុទ្ធជនម្នាក់ៗបានខិតខំលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីរបស់យើងហើយសូមជឿប៉ុណ្ណឹងទៅ»។
បើទោះបីជា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនបានដោះលែងអ្នកទោសនយោបាយ ដែលកំពុងជាប់ឃុំ ថែមទាំងនៅតែបន្តចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាលរបស់លោក យ៉ាងហោច៥នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកជាប់ឃុំឡើងទៅដល់ជាង ៨០នាក់ ចាប់តាំងពីមានការផ្ទុះសង្គ្រាមជាមួយថៃក្តី ក៏លោកនាយករដ្ឋមន្ត្រីនៅតែថ្លែងក្នុងពិធីសម្ពោធព្រលានយន្តហោះថា នៅពេលនេះ ជាពេលដែលខ្មែរត្រូវរួបរួមសាមគ្គីគ្នា មិនមែនជាពេលដែលត្រូវបំបែកបំបាក់គ្នាមិនទុកចិត្តគ្នា គិតតែនិយាយបំផុសថៃយកកន្លែងនេះ ថៃយកកន្លែងនោះ អ្នកនេះស្លាប់ អ្នកនោះស្លាប់ គឺវាអត់ត្រូវទេ។
លោក ហ៊ុន ម៉ាណែត សូមឱ្យខ្មែរមានការមូលមតិគ្នាមិនថានិន្នាការណាទេ គឺត្រូវទទួលស្គាល់ចំពោះការខិតខំលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ព ក្នុងការការពារទឹកដី ទាំងមេទ័ព ទាំងយុទ្ធជន។ លោកថា អ្វីដែលរដ្ឋាភិបាលរបស់លោកដាក់ទិសដៅ គឺត្រូវចរចាដោះស្រាយបញ្ចប់ជម្លោះ ដើម្បីឱ្យស្ថានភាពវិលទៅរកភាពធម្មតាដូចកាលពីមុនផ្ទុះសង្គ្រាមឡើងវិញ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បន្ទរទៅតាមការលើកឡើងរបស់ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានថ្លែងកាលពីពេលថ្មីៗនេះផងដែរថា ខ្មែរមួយចំនួន ជាពិសេសក្រុមប្រឆាំងនៅក្រៅប្រទេស បានយកព័ត៌មានពីការធ្វើផ្លូវ និងការឈូសឆាយដីដែលថៃធ្វើជ្រៅនៅក្នុងប្រទេសថៃថា ជាការធ្វើផ្លូវនិងឈូសឆាយដីនៅលើដីខ្មែរ ដែលជាការបំពុលធ្វើឱ្យមានការយល់ច្រឡំ។
លោកថា៖ «អាគេឈូស២០គីឡូ១០គីឡូនៅក្នុងកន្លែងគេសោះ ថាអាហ្នឹងគេឈូសយកដីយើងចូល១០គីឡូ អាហ្នឹងបង្កើតរឿង។ រាជរដ្ឋាភិបាលដូចដែលបាននិយាយ កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ការពារជាតិរបស់យើង ការពារប្រជាជនរបស់យើង ហើយរកដំណោះស្រាយនៅក្នុងការដោះស្រាយនេះ ដោយពុំមានលះបង់អ្វីនូវសិទ្ធិស្របច្បាប់របស់កម្ពុជានោះទេ»។
ប៉ុន្តែបើតាមកងទ័ពជួរមុខដែលបដិសេធប្រាប់ឈ្មោះ និងពលរដ្ឋខ្មែរជាច្រើន ដែលរស់នៅតាមព្រំដែន ព្រមទាំងរូបថត និងវីដេអូ បង្ហាញថា អំឡុងពេលផ្ទុះអាវុធរយៈពេល៥ថ្ងៃ វីរកងទ័ពកម្ពុជា ដែលភាគច្រើនជាអតីតកងទ័ពខ្មែរក្រហម ពាក់ស្បែកជើងផ្ទាត់ ប្រើអាវុធចាស់ៗ គ្មានអាវក្រោះពាក់ បានប្រយុទ្ធតតាំងយ៉ាងប្តូរផ្តាច់ជាមួយកងទ័ពសៀម ដែលមានចំនួនច្រើនជាង មានសព្វាវុធទំនើបជាង និងប្រើរហូតដល់យន្តហោះចម្បាំងF-១៦ និងដ្រូនទម្លាក់គ្រាប់ និងបាញ់ផ្លោងគ្រាប់ស្រោចដូចទឹកភ្លៀងមកលើកងទ័ពកម្ពុជាយ៉ាងណាក្តី ក៏វីរកងទ័ពកម្ពុជាមិនត្រឹមតែមិនរត់ចោលជួរ ថែមទាំងនៅតែអាចឈរជើងការពារទឹកដីបានយ៉ាងរឹងមាំ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានវ៉ៃបណ្តេញកងទ័ពថៃឱ្យចេញពីដីខ្មែរ នៅតាមទីតាំងមួយចំនួន ដូចជាតំបន់ប្រាសាទតាមាន់ធំ ភ្នំខ្មោច និងមុំបីជាដើម។
ប៉ុន្តែក្រោយពីបទឈប់បាញ់កាលពីម៉ោង១២យប់ថ្ងៃទី២៨ខែកក្កដា កងទ័ពថៃមិនបានគោរពបទឈប់បាញ់នោះទេ ពួកគេបានប្រើល្បិចចូលមកចាប់កងទ័ពកម្ពុជា២០នាក់ នៅតំបន់ជាំតែ រហូតមកដល់ពេលនេះ ដោះលែងមកវិញ២នាក់ និងកំពុងឃុំខ្លួន១៨នាក់នៅឡើយ។ ក្រៅពីនេះ កងទ័ពថៃបានប្រើលួសបន្លានិងសម្បកកង់ឡានចូលមកដណ្តើមកាន់កាប់មួយផ្នែក នៅច្រកអានសេះ មុំបី ប្រាសាទតាមាន់ធំ ភ្នំខ្មោចនិងកាន់កាប់ទាំងស្រុងកំពូលភ្នំទ្រព្យ ដោយសារតែកងទ័ពកម្ពុជាគោរពបទឈប់បាញ់ តាមបញ្ជារបស់រដ្ឋាភិបាលគ្រួសារហ៊ុន។
ចំណែកនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមិនមែនជាសមរភូមិប្រយុទ្ធ ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ កងទ័ពសៀម ក៏បានយកលួសបន្លា និងសម្បកកង់ឡាន ចូលមករាយវាទយកដីខ្មែរបណ្តេញកងទ័ពកម្ពុជាឱ្យចេញពីបន្ទាយមួយកន្លែង ដែលនៅពេលនោះមានទាហានខ្មែរតែ៤នាក់ប៉ុណ្ណោះ ប្រចាំការឱ្យចេញពីបន្ទាយនោះ និងបានបណ្តេញពលដ្ឋខ្មែរឱ្យចេញពីផ្ទះរបស់ខ្លួន។
ចាប់តាំងពីពេលនោះមក កងទ័ពនិងសមត្ថកិច្ចចម្រុះថៃរាប់ពាន់នាក់ បានចូលមករាយលួសបន្លាចូលជ្រៅមកក្នុងទឹកដីខ្មែរបន្ថែមទៀត ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋខ្មែរ និងកងទ័ពកម្ពុជា ដែលមិនប្រដាប់អាវុធបានរួមគ្នាទប់ស្កាត់ ខណៈលោកហ៊ុន ម៉ាណែត បញ្ជាឱ្យកងទ័ពត្រូវអត់ធ្មត់ប្រកាន់ខ្ជាប់នូវបទឈ់បបាញ់។
បើតាមប្រភពព័ត៌មានជាច្រើន ខណៈដែលរដ្ឋាភិបាលគ្រួសារហ៊ុន តែងតែបិតបាំងនិងទប់ស្កាត់ការផ្សាយពីព័ត៌មានពិតនៅព្រំដែន បច្ចុប្បន្នទ័ពថៃបានប្រើគ្រឿងចក្រឈូសបន្ទាយទាហានខ្មែរ និងផ្ទះពលរដ្ឋខ្មែរមួយចំនួននៅភូមិព្រៃចាន់ រាបដល់ដី និងបានធ្វើផ្លូវថ្មី ព្រមទាំងឈូសឆាយដីស្រែដីចម្ការរបស់ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ ដីរបស់ពលរដ្ឋខ្មែរដែលបានរស់នៅកាន់កាប់អាស្រ័យផលចាប់តាំងពីក្រោយឆ្នាំ១៩៩៧៩មកនោះ ត្រូវបានអាជ្ញាធរថៃផ្តល់បណ្ណកាន់កាប់ទៅឱ្យប្រជាពលរដ្ឋថៃកាន់កាប់ផងដែរ។
ចំណែក នៅតំបន់ភ្នំទ្រព្យ និងមុំបី ដែលជាទឹកដីខ្មែរក៏ត្រូវបានថៃធ្វើការឈូសឆាយ និងធ្វើផ្លូវថ្មីចាក់បេតុងរួចរាល់ហើយដែរ។ នេះបើយោងតាមកងទ័ពជួរមុខ និងពលរដ្ឋខ្មែរនៅព្រំដែន ព្រមទាំងសារព័ត៌មានថៃចុះផ្សាយ។
នាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ញឹក ប៊ុនឆៃ បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា កាលពីសម័យសង្គ្រាមអំឡុងទសវត្សរ៍៨០-៩០ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ជប់គគីរ ថ្មដូន ជប់ត្រាង ថ្មរយ អូរផាល តាទុំ សូម្បីតែប្រាសាទស្តុកកក់ ដែលបច្ចុប្បន្នត្រូវថៃដណ្តើមគ្រប់គ្រង គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក និងកងទ័ពរបស់ក្រុមចលនាខ្មែរតស៊ូផ្សេងទៀតដែរ ពុំមានថៃមកគ្រប់គ្រងទឹកដីទាំងនេះទេ។ ចំណែក បង្គោលឡាក់លេខ៤៥នៅម្តុំភូមិព្រៃចាន់បច្ចុប្បន្ន លោកធ្លាប់បានចុះទៅជាមួយគណៈកម្មាការព្រំដែនកម្ពុជា ដឹកនាំដោយលោកវ៉ា គឹមហុង ពេលនោះខាងគណៈកម្មាការព្រំដែនថៃ ក៏មកដែរហើយលោកបានបង្ហាញបង្គោលឡាក់មួយ ដែលថៃលើករំកិលចូលមកក្នុងដីខ្មែរជិត៣គីឡូម៉ែត្រ។
លោកថា៖ «ខ្ញុំបានដើរទៅខាងក្រោយនៅក្បែរមាត់អូរមួយដែលខ្ញុំស្គាល់ ថយទៅក្រោយចូលក្នុងដីថៃ ដីថៃអី ដីខ្មែរយើង ប៉ុន្តែក្រោយបង្គោលឡាក់ថ្មី ដែលគេធ្វើហ្នុងជិត៣គីឡូម៉ែត្រ បានខ្ញុំទៅរកឃើញកម្ទេចថ្មហើយខ្ញុំឱ្យជីកមើល១ម៉ែត្រកន្លះ ទៅបានឃើញនៅសល់គ្រឹះ ហើយឥឡូវថៃបានធ្វើផ្លូវមកខាងមុខបង្គោលឡាក់ ចាក់កៅស៊ូ ប៉ុន្តែអាបង្គោលឡាក់ហ្នុង នៅខាងក្នុងខាងក្រោយផ្លូវថៃធ្វើ បើយើងនិយាយថា នៅក្នុងដីថៃ ប៉ុន្តែអាហ្នុងដីខ្មែរយើងទេ ប៉ុន្តែសព្វថ្ងៃដីថៃ»។
លោក សុខ សុគន្ធ ហៅជែមសុខ អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម ថ្លែងថា ក្រុមអ្នកប្រឆាំងបានចោទប្រកាន់ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ថាកាត់ទឹកដីខ្មែរឱ្យថៃ ដើម្បីដូរយកសន្តិភាពដោយលោកថា បើទោះបី លោកហ៊ុន ម៉ាណែត នៅពេលនេះ កាត់ទឹកដីឱ្យថៃ ក៏វាមិនមែនជារឿងថ្មីឡើយ ពីព្រោះលោក ហ៊ុន សែន ក៏បានកាត់ទឹកដីខ្មែរឱ្យវៀតណាមដែរ តាំងពីឆ្នាំ១៩៨២មក។
លោកថា៖ «កាត់យូរហើយ ដូច្នេះហើយកុំភ្ញាក់ផ្អើល បើវាមានការកាត់ដើម្បីបានសុខសន្តិភាព វាកាត់យូរហើយ ចាំបាច់ឆ្ងល់អី បើកាត់ជាមួយវៀតណាមតាំងពី៨២មកហើយ។ អ៊ីចឹងអាកាត់ទឹកកាត់ដីនេះ មិនបាច់សួរទេនាំឈ្លោះគ្នា។ កម្ពុជាគ្មានច្រកចេញទេ មានច្រកតែមួយ បើសិនជាជេរសៀមថា ជាអ្នកលួចប្លន់ទឹកដីជេរមិនបានទេ ពីព្រោះត្រូវតែងាកមើលកើត! បើនិយាយថា សម្តេចហ៊ុន សែន សម្តេចហ៊ុន ម៉ាណែត កាត់ដីដើម្បីដូរយកសន្តិភាព តោងដឹងថា ដូរយូរហើយតាំងពីសម្តេចហ៊ុន ម៉ាណែត មិនទាន់ឡើងធ្វើនាយករដ្ឋមន្ត្រី»។
ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជាថៃ លោក ហ្សង់ហ្រ្វង់ ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គមរបស់លោកថា ដោយហេតុតែជម្លោះដែនដីនេះ វាកើតឡើងឥតល្ហែតាំងពីឆ្នាំ១៩៥៣មក វាជាបញ្ហាមួយរុំារ៉ៃ។ ម្ល៉ោះហើយរាល់ដំណោះស្រាយ (នៅឆ្នាំ១៩៦២, នៅឆ្នាំ២០១៣, ឬក៏នៅឆ្នាំ២០២៥នេះ បើសិនជាសម្រេចបាន) គឺវាគ្រាន់តែជាការត្រូវរ៉ូវគ្នាមួយដែលមានលក្ខណៈបណ្តោះអាសន្ន សម្រាប់រយៈកាលខ្លី ឬរយៈកាលមធ្យមតែប៉ុណ្ណោះ សូមកុំសង្ឃឹមថា នឹងមានសន្តិភាពយូរអង្វែងនិងជាស្ថាពរ។
កម្ពុជា និងថៃ មានគម្រោងចុះកិច្ចព្រមព្រៀងសន្តិភាពជាលើកទី២ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថ្ងៃទី២៦-២៨ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដោយមានវត្តមាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្វើជាសាក្សី ដើម្បីបញ្ចប់បទឈប់បាញ់ និងឈានទៅស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ។
ដោយសារតែសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងជាមួយថៃ ក្នុងការដកសព្វាវុធធុនធ្ងន់ចេញពីព្រំដែន ដោះមីននៅតាមព្រំដែន និងរួមគ្នាបង្ក្រាបបទល្មើសអនឡាញនៅតាមព្រំដែនជាដើម លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែន បានហៅគម្រោងនៃការចុះកិច្ចព្រមព្រៀងនេះថា ជាកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលគ្រួសារហ៊ុន យល់ព្រមកាត់ទឹកដីខ្មែរឱ្យថៃដើម្បីដូរយកសន្តិភាព ខណៈកិច្ចព្រមព្រៀងនេះ ភាគីកម្ពុជាមិនបានឱ្យថៃកងកងទ័ពចេញពីដីខ្មែរ ដូចជាភូមិជោគជ័យ ភូមិព្រៃចាន់ ប្រាសាទតាមាន់ធំ ភ្នំទ្រព្យ និងច្រកអានសេះជាដើម៕











