អ្នកមានបទពិសោធន៍កិច្ចការព្រំដែនពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន បានទម្លាយថា ថៃបានរំលោភយកដីខ្មែរជាង២គីឡូម៉ែត្រ រួមទាំងប្រាសាទស្តុកកក់ ស្ថិតក្នុងឃុំអូរបីជាន់ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន តែថា មេដឹកនាំរូបនេះ ព្យាយាមបំភ្លេច ។
ការណ៍នេះ ធ្វើឱ្យថៃពង្រីកមហិច្ឆតាឈ្លានពាន ទៅលើទីតាំងមួយចំនួនទៀត តាមព្រំដែន ហើយរាលដាលដល់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចបច្ចុប្បន្ន។
លោក អ៊ុំ សំអាន បានសំអាងថា លោក ញឹក ប៊ុនឆៃ អតីតមេទ័ពខ្មែរតស៊ូតាមព្រំដែនថៃ របស់គណបក្សហ្វ៊ុនស៊ីនប៉ិច បង្ហាញថា ប្រាសាទស្តុកកក់ជាប្រាសាទរបស់ខ្មែរកាលពីសង្រ្គាមស៊ីវិល នាទសវត្សទី៨០ ដែលស្ថិតនៅក្នុងដីខ្មែរក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សម្រាប់ប្រភពខាងលើ ក្នុងពេលសង្គ្រាមស៊ីវិលពេលនោះ ប្រាសាទស្តុកកក់ធំ គឺស្ថិតក្រោមការគ្រប់គ្រងលោក ញឹក ប៊ុនឆៃ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣។ ហើយថា ក្រោយឆ្នាំ១៩៨៣ គឺប្រាសាទនេះស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ព«កជរបខ»របស់លោកតា សឺន សាន ក្នុងតំបន់អូរបីជាន់កាលនោះដឹកនាំដោយឧត្តមសេនីយ៍ ឡៃ វីរៈ ។
ប្រាសាទស្តុកកក់ធំត្រូវបានថៃចូលមកកាន់កាប់នៅឆ្នាំ១៩៩១ បន្ទាប់ពីសមាហរណកម្មនិងការបញ្ចប់សង្គ្រាមស៊ីវិល។ ក្រោយមកទៀតទាហានថៃបានចូលមកឈ្លានពានជាបន្តបន្ទាប់ ដោយរំលោភយកដីខ្មែរហួសប្រាសាទស្តុកកក់ធំនេះទៅទៀត គឺឈ្លានពានរហូតមកដល់ភូមិព្រៃចាន់ និងភូមិជោគជ័យ នាពេលសព្វថ្ងៃនេះ។
លោក សំអាន រំឭកទៀតថា ពលរដ្ឋខ្មែរបានរស់នៅជំរុំរិទ្ធីសែន ស្គាល់ប្រាសាទស្តុកកក់ធំគ្រប់គ្នា ហើយដឹងថាប្រាសាទនេះស្ថិតក្នុងទឹកដីខ្មែរ។
លោកថា ប្រាសាទស្តុកកក់ជាប្រាសាទរបស់ខ្មែរ ដែលស្ថិតនៅក្នុងទឹកដីខ្មែរ ប៉ុន្តែថៃបានដណ្តើមគ្រប់គ្រងប្រាសាទនេះក្នុងឆ្នាំ១៩៩១។ ហេតុនេះ ប្រាសាទស្តុកកក់ធំបានបាត់បង់ក្នុងកំឡុងឆ្នាំ១៩៩១។
តំបន់វត្តប្រាសាទសិរី ហៅវត្តព្រះអង្គខ្មៅ (ប្រាសាទស្តុកកក់ធំ) ដែលជាទឹកដីខ្មែរនៃអតីតចលនាតស៊ូរណៈសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) របស់លោកតា សឺន សាន ដែលជាអតីតជំរុំរិទ្ធីសែន ជាអតីតបរិវេណវត្តអារាម ដែលព្រះអង្គ ពិន សែម ធ្លាប់បានគង់នៅជាអតីតព្រះចៅអធិការវត្ត ក្នុងទសវត្សរ៍ឆ្នាំ៨០។
បន្ថែមពីនេះ លោកថា សព្វថ្ងៃនេះ រដ្ឋាភិបាលមិនដែលទាមទារយកប្រាសាទស្តុកកក់ធំមកវិញនោះទេ។ លោកគូសបញ្ជាក់ថា៖ «ប្រាសាទស្តុកកក់ធំចូលជ្រៅទៅក្នុងទឹកដីថៃសព្វថ្ងៃ គឺហួសភូមិព្រៃចាន់ និងភូមិជោគជ័យប្រមាណ ២គីឡូម៉ែត្រកន្លះ ហើយបើគិតមកដល់បន្លាលួស គឺថៃរំលោភចូលដីខ្មែរប្រមាណ៣គីឡូម៉ែត្រ»។
លោក ញឹក ប៊ុនឆៃ ធ្លាប់បញ្ជាក់ថា កាលពីសង្រ្គាមស៊ីវិលនាទសវត្សរ៍ទី៨០ គាត់និងទាហានរបស់គាត់បោះទីតាំងនៅប្រាសាទស្តុកកក់ធំ ហើយបង្គោលឡាក់លេខ៤២ នៅខាងលិចប្រាសាទស្តុកកក់ធំ។
សម្រាប់ លោក អ៊ុំ សំអាន សព្វថ្ងៃនេះ រដ្ឋាភិបាលទាមទារយកតែភូមិព្រៃចាន់ និងភូមិជោគជ័យដែលមានជម្រៅទៅក្នុងដីថៃសព្វថ្ងៃនេះ ប្រហែលជាង៥០០ម៉ែត្រ គឺមានន័យថារដ្ឋាភិបាលបោះបង់ចោលដីខ្មែរប្រហែល ២គីឡូម៉ែត្រកន្លះ គិតពីភូមិព្រៃចាន់ និងភូមិជោគជ័យទៅដល់បង្គោលឡាក់លេខ៤២ នៅខាងលិចប្រាសាទស្តុកកក់ធំ គឺប្រហែល ២គីឡូម៉ែត្រកន្លះ។ ហើយបង្គោលឡាក់លេខ៤២ ត្រូវបានថៃរំកិលមកដល់ភូមិព្រៃចាន់ និងភូមិជោគជ័យសព្វថ្ងៃនេះ) ។
លោក ញឹក ប៊ុនឆៃ បង្ហាញថា កាលពីសង្រ្គាមស៊ីវិលនាទសវត្សរ៍ទី៨០ បង្គោលឡាក់លេខ៤៣ ស្ថិតនៅជិតប្រាសាទស្តុកកក់។ ឥឡូវនេះ បង្គោលឡាក់លេខ៤៣ ស្ថិតនៅជិតភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលថៃបានរំកិលដីខ្មែរប្រមាណ២គីឡូម៉ែត្រកន្លះ ហើយរដ្ឋាភិបាលថៃ និងកម្ពុជា បានយល់ព្រមលើទីតាំងបង្គោលឡាក់លេខ៤៣នេះ ហើយគឺមានន័យថា កម្ពុជាបានបោះបង់ចោលដីខ្មែរប្រមាណ២គីឡូម៉ែត្រកន្លះនៅបង្គោលឡាក់លេខ៤៣។
ការលើកឡើងរបស់ លោក អ៊ុំ សំអាន ចំពេលដែលថៃពង្រីកការឈ្លានពានជាបន្តបន្ទាប់ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែ ថៃមិនគោរពបទឈប់បាញ់ទេ ទោះបទឈប់បាញ់នេះ ធ្វើឡើងក្រោមយន្តការអាស៊ាន និងផ្តួចផ្តើមគំនិត ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ណូណាល់ ត្រាំ ក្តី។
ជិត៣ខែមកនេះ ថៃបានចល័តទ័ពចូលមករាយបន្លាលួសព័ទ្ធយកដីខ្មែរនៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ព័ទ្ធយកផ្នែកខ្លះនៅតំបន់អានសេះ ខេត្តព្រះវិហារ ព័ទ្ធយកផ្ទះពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ទាំងគ្មានការរំខានពីក្រសួងការពារជាតិកម្ពុជា។
លើសពីនេះ ថៃគំរាមវាយយកភូមិទាំងពីរនេះ រួមទាំង១៧ទីតាំងផ្សេងទៀត នៅខេត្តពោធិ៍សាត់ ខណៈមេ ដឹកនាំកម្ពុជាគោរពបទឈប់បាញ់ និងប្រកាសជំហរចង់ស្តារទំនាក់ទំនងជាមួយថៃឡើងវិញ ដោយមិនជ្រើសរើសយកការប្រឈមមុខខាងកម្លាំងប្រដាប់អាវុធ។
ការថ្នមស្ថានការណ៍នេះ បើគ្មានអ្វីប្រែប្រួលទេនៅចុងខែតុលានេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នឹងចុះកិច្ចព្រមព្រៀងមួយដែលគេហៅថាជាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី គ្មានវត្តមានចិន។
ប៉ុន្តែអ្នកឃ្លាំមើបារម្ភថា កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងដែលមេដឹកនាំកម្ពុជានឹងព្រមកាត់ដីតាមព្រំដែន តាមការចង់បានរបស់ថៃ ដើម្បីរក្សាអំណាចក្រោមពាក្យស្រឡាញ់សន្តិភាព។
យ៉ាងណា នៅថ្ងៃទី២០ ខែតុលា នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានចេញប្រកាសច្រានចោល។ ថែមទាំងប្រកាសហាមសួររឿងបាត់បង់ទឹកដី ដោយរដ្ឋាភិបាលមិនអាចប្រាប់ពីសន្លឹកបៀរដែលកំពុងលេងបានទេ។
លោកថា៖ «ខ្ញុំក៏មិនអាចទៅពន្យល់ សន្លឹកបៀរកំពុងតែលេងថាខ្ញុំមានអីក្នុងដៃថា ខ្ញុំដោះអីយ៉ាងម៉េចអីយ៉ាងម៉េចទេ តែគោលដៅតែមួយគត់ គឺយើងចង់ឈ្នះៗអី គឺការបញ្ចប់ដើម្បីនាំយកសន្តិភាពត្រឡប់មកឱ្យប្រជាពលរដ្ឋយើងវិញ»។
ជុំវិញបញ្ហានេះ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលោយបង្ហាញមន្ទិលថា «លទ្ធផលអាក្រក់មួយដែលអាចកើតឡើង គឺកម្ពុជានិងថៃគ្រប់គ្រងរួមលើដីខ្មែរ។ យើងត្រូវទប់ស្កាត់ករណីនេះ»។
លើសពីនេះ អ្នកច្បាប់ និងអ្នកវិភាគឯករាជ្យ លោក វន់ ចាន់ឡូត លើកឡើងប្រហាក់ប្រហែល ដោយមិនមានជំនឿលើរដ្ឋាភិបាលជុំវិញឆន្ទៈការពារទឹកនេះ។
លោកបានលើកជាឧទាហរណ៍ជាក់ស្តែងថា ភូមិព្រៃចាន់ និងភូមិជោគជ័យ បើពលរដ្ឋបន្ដជឿជាក់លើរដ្ឋាភិបាល នឹងអស់ភូមិទាំងមូលតែម្ដង។
តែថាភូមិនេះ នៅសល់បច្ចុប្បន្ន ដោយសារតែពលរដ្ឋភ្ញាក់រលឹកទាន់ ចេញទៅទប់ស្កាត់ថៃឈ្លានពានដោយខ្លួនឯងទើបបានសល់ ។
លើសពីនេះ លោកថា ការត្រឹមមកនិយាយយកឡូយថា មិនបាននៅស្ងៀម និងមិនទទួលស្គាល់ការរំលោភបំពានយកទឹកដី មិនគ្រប់គ្រាន់ទេ ត្រូវតែមានសកម្មភាពទៅទប់ស្កាត់ជាក់ស្ដែង។ សម្រាប់ លោក ចាន់ឡូត បើគ្មានសកម្មភាពទប់ស្កាត់ជាក់ស្ដែង និងនៅកន្លែងទេ វាមានន័យថា យល់ព្រមកាត់ដីទៅជនឈ្លានពាន ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ឧត្តមភាពនៃប្រទេសជាតិ ដែលមានរដ្ឋាភិបាល និងយោធា បែរគ្មានសមត្ថភាព។
លោកគូសបញ្ជាក់ថា កុំភ្លេចថា ទោះបីជាអ្នកមានសន្លឹកបៀរក្នុងដៃ តែពលរដ្ឋមានសន្លឹកឆ្នោត និងអំណាចចេញតាមដងផ្លូវក្នុងនាមម្ចាស់ប្រទេស និងជាម្ចាស់អំណាច៕









