កូរ៉េគ្រោងដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​នៅ​កម្ពុជា

ប្រទេស​កូរ៉េ ​ត្រៀម​ដាក់​ទណ្ឌ​កម្ម​ហិរញ្ញ​វត្ថុ​លើជំនួញ​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដែល​ដំណើរ​ប្រតិ​បត្តិ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ឆបោក​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​ការ​ចាប់​ជំរិត​នៃ​ប្រជាពលរដ្ឋ​កូរ៉េ​ នៅ​ក្នុងប្រទេស​អាស៊ី​អាគ្នេយ៍។

ដឹខូរៀថាម​(The Korea Times) បាន​ផ្សាយ​នៅថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៥​នេះថា​ ការ​បញ្ជាក់​អំពី​វិធាន​ការណ៍​នេះ គឺ​ត្រូវ​បានរំ​ពឹង​ទុក​ថា​នឹង​ប្រកាស​នៅ​ចុង​ខែ​នេះ និង​បង្ហាញ​ពី​សកម្ម​ភាព​នៃ​ការ​​សម្រេច​ចិត្ត​របស់​ទីក្រុង​សេអ៊ូល ដោយ​​មាន​ការ​លើក​ឡើង​ពី​ការ​រិះ​គន់​ថា រដ្ឋាភិបាល​មាន​សកម្មភាព​យឺត​យ៉ាវ។

ប្រភព​បន្ត​ថា យោងតាមអាជ្ញាធរហិរញ្ញវត្ថុនៅថ្ងៃអា​ទិត្យ​ថា អង្គ​ភាព​ស៊ើប​ការ​សំងាត់​ហិរញ្ញ​វត្ថុ ក្រោម​គណៈ​កម្មាការ​សេវា​ហិរញ្ញ​វត្ថុ កំពុង​ពិនិត្យ​ថា​តើ​នឹង​ត្រូវ​ចាត់​តាំង​ឧក្រិដ្ឋ​ជន​ដែល​សង្ស័យ និង​អាជីវកម្ម​ដែល​ពាក់​ព័ន្ធ​ជា‘‘អ​ង្គភា​ព​រឹត​បណ្តឹង’’ ជាជំ​ហ៊ាន​នៃ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ និង​រារាំង​ប្រតិ​បត្តិ​ការ​ហិរញ្ញ​វត្ថុ​ រួម​ទាំង​រូបិយ​ប័ណ្ណ​ឌីជីថល​ដែរ​ឬ​ទេ។

ប្រភពថា ក្រសួងរតនាគារសហរដ្ឋអាមេរិក​ បាន​កំណត់​ក្រុម​ហ៊ុន​ព្រីន​ស៍​គ្រុប​(Prince Group)​ជា​‘‘អង្គ​ការឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន’’ និង​បាន​ចោទ​ប្រកាន់​ប្រធាន ឬ​នាយក​ប្រតិបត្តិ​ដែល​មាន​ដើម​កំណើត​ចិន លោក ចេន ហ្ស៊ី(Chen Zhi) ពី​បទ​ឆបោក​ហិរញ្ញ​វត្ថុ​តាម​អន​ឡាញ និង​ការ​លាង​លុយ។ ទីកន្លែង​លាក់​ខ្លួន​របស់​លោក​ឥឡូវ​នេះ​ត្រួវ​បាន​ការ​រាយ​ការ​ណ៍​ថា គ្មាន​អ្នក​ណា​ស្គាល់​ បន្ទាប់​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ត្រូវ​បាន​ប្រកាស។ ហ៊ុយ​វ័ន​គ្រុប(Huione Group) ក៏​ត្រូវ​បាន​កាត់​ចេញ​ពីប្រ​ព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ប្រភព​បន្ថែម​ថា ទំហំ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នៅ​ប្រទេស​កូរ៉េ​នោះ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ដែល​ឥឡូវ​នេះ​ប៉ូលីស​កូរ៉េ​ កំពុ​ង​តែ​ធ្វើការ​ស៊ើប​អង្កេត​ការ​អះ​អាង​ថា ក្រុម​ហ៊ុន​ព្រីន​គ្រុប​(Prince Group)​ប្រតិបត្តិ​ការការិយា​ល័យមួយ​នៅទីក្រុ​ងសេ​អ៊ូល ដែល​អាច​កាន់​តំណែង​សម្រាប់​ជ្រើស​រើស​បុគ្គ​លិក​ ពាក់​ព័ន្ធ​ការ​ងារ​ឆបោក​នៅ​ក្រៅ​ប្រទេស។ សាខា​ក្រុម​​ហ៊ុន​​អចលន​ទ្រព្យ​របស់​ព្រីន​ស៍​គ្រុប​(Prince Group) ត្រូវ​បាន​រក​ឃើញ​ថា ដំណើរ​ការការិយា​ល័យ​នៅ​ជាន់​ទី​១៦ នៃ​អគារ​មួយ​នៅ​សង្កាត់​ហ្គាង​ណាម​(Gangnam)​ ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​សេអ៊ូល​​តាំង​ពី​ខែ​កុម្ភៈ​ ក្រោម​ឈ្មោះថា​ ឃីង​មែ​ន​រៀល​អេស្តេត​គ្រុប​(KINGMEN REAL ESTATE GROUP)

នៅថ្ងៃសុក្រ សវនកម្ម​សភា លោក​យូ ជេស៊ុង (Yoo Jae-seong) ប្រធាន​ស្តីទី​នៃទី​ភ្នាក់ងារ​ប៉ូលីស​ជាតិ​បាន​និយាយ​ថា ប៉ូលីស​កំពុង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​នេះ ដើម្បី​កំណត់​ថា​តើ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ផ្លូវ​ការ​លើ​សាខាក្រុ​ម​ហ៊ុន​ព្រីនស៍​​គ្រុប​(Prince Group)​ដែរ​ឬ​ទេ។

របាយការណ៍​ចាប់​ជំរិត និង​ការ​ឃុំឃាំ​ង​ជន​ជាតិ​កូរ៉េ​ខុស​ច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​ដោយ​ការិយា​ល័យ​ក្រសួង​ការ​បរទេស​ក្នុង​ស្រុក ​បាន​កើន​ឡើង​ដល់​ ៣៣០​នាក់ គិត​ត្រឹម​ខែ​សីហា បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន ១៧​ករណី ក្នុង​ឆ្នាំ​២០២៣។ នៅ​ក្នុង​ករណី​ជា​ច្រើន ជន​រង​គ្រោះដែ​ល​ត្រូវ​បាន​ល្បូង​ដោយ​ការ​ងារ​ក្លែង​ក្លាយ​ ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​រួម​ក្នុង​គម្រោង​ក្លែង​បន្លំ​ក្នុង​អន​ឡាញ ដែល​ជា​ញឹក​ញាប់​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​ធ្វើ​ទារុណ​កម្ម ឬ​ស្លាប់។ កាលពីដើ​ម​ខែ​នេះ ការ​ខឹង​សម្បា​កាន់​តែ​ខ្លាំង​ឡើង ក្នុង​ចំណោម​សាធារណ​ជន​កូរ៉េ​ បន្ទាប់​ពី​និស្សិត​មហា​វិទ្យា​​ល័យ​​អាយុ ២២​ឆ្នាំ​​ម្នាក់ ដែល​ត្រូវ​បាន​ចាប់​ពង្រត់​នៅ​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​ថាបា​ន​ស្លាប់​ជាមួយ​នឹង​ភស្តុ​តាង​នៃ​ការ​ធ្វើ​ទារុណ​កម្ម​ធ្ងន់​ធ្ងរ។

ដើម្បីការពារសោកនាដកម្មស្រដៀង​គ្នា​នេះ ក្រសួង​យុត្តិ​ធម៌​របស់​ប្រទេស​កូរ៉េ បាន​ចាប់​ផ្តើម​បង្ហាញ​ការ​ព្រមាន​ជាសាធារណៈ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​អ៊ីន​ឆុន​(Incheon) សម្រាប់​អ្នក​ដំណើរ​ដែល​ចេញ​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ជូន​ដំណឹង​ដល់​ពួក​គេ​អំពី​ការ​កើន​ឡើង​នៃ​ការ​ក្លែង​បន្លំ​ការ​ងារ ការ​ជាប់​ពន្ធនា​គារ និង​ការ​ចាប់​ពង្រាត់។ ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​ចែក​​ខិត​ប័ណ្ណជំរុញ​ឱ្យ​ប្រុង​ប្រយ័ត្ន និង​ផ្តល់​ព័ត៌​មាន​ទាក់​ទង​បន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ