អតិថិជន​ទិញផ្ទះឧ​កញ៉ា​ឡេង ណាវ៉ាត្រា ហាក់​អស់​ការ​អត់​ធ្មត់​ក្រោយ​បង់​លុយ​៤ឆ្នាំ​មិន​បាន​ផ្ទះ

ក្រុមអតិថិជន​ទិញ​ផ្ទះ​ពី​ឧកញ៉ា ​ឡេង ណាវ៉ាត្រា ហាក់​បង្ហាញ​ពី​ចេតនា​អស់​ការ​អត់​ធ្មត់ ដោយ​ព្រមាន​ថា នឹង​ចេញ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ឱ្យ​ឧកញ៉ា​ស្និទ្ធ​មេដឹក​នាំ​រូប​នេះ ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​​លើ​កិច្ច​សន្យា​ទិញ លក់ ក្រោយ​បង់​លុយ​គ្រប់​៤ឆ្នាំ តែ​ក្រុម​ហ៊ុន​គ្មាន​ផ្ទះ​ឱ្យ។

ការណ៍នេះ ពួកគេសំអាង​ថា ធ្វើ​ឱ្យ​អតិថិជន​ច្រើន​រយ​គ្រួសារ ដែល​បាន​ចង​ការ​ប្រាក់​ពី​ធនា​គារ ដើម្បី​យក​លុយ​មក​ទិញ​ផ្ទះ​នៅ​ក្រុម​ហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា នេះ ជួប​វិបត្តិ​គ្រួសារ បញ្ហា​បំណុល ដោយ​សារ​តែ​ភាគី​ក្រុម​ចេះ​តែរ​ក​លេស ពន្យា​ពេល មិន​ព្រម​ប្រគល់​ផ្ទះ​ឱ្យ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ រហូត​បច្ចុប្បន្ន​នេះ។

ការ​ព្រមាន​នេះ ក្រោយ​ក្រុម​អតិថិជន​បាន​ប្រមូល​ផ្តុំ​គ្នា​ម្តង​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​​តុលា នៅ​មុខ​បុរី ឡេង ណា​វ៉ាត្រា គម្រោង​៦A តែ​ពួក​គេ​ថា​ភាគី​ក្រុម​ហ៊ុន​បន្ត​គេច​វេស​មិន​សង​លុយ​ និង​ប្រើ​ល្បិច​ដោះ​ដូរ​ដី​ឱ្យ​អតិថិ​ជន។

អតិថិជនម្នាក់ លោក រ៉ា វុធ ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ​ថា ក្រោយ​តវ៉ា​រួច ក្រុម​ហ៊ុន​ឱ្យ​ជម្រើស​ដូរ​ដី និង​ផ្ទះ តែ​លោក​ថា​ដីនៅ​​តំបន់​ព្រះ​ប្រសប់​ដែល​ក្រុម​ហ៊ុន​ដោះ​ដូរ​នោះ​មានសណ្ឋាន​ជា​បាត​បឹង ហើយ​ផ្ទះ​ដែល​ក្រុម​ហ៊ុន​ដោះ​ដូរ​វិញ​គ្មាន​ស្តង់​ដារ​ទេ។

ការផ្តល់ជម្រើសដោះដូរបែបនេះ លោកថា ជា​ល្បិច​កេង​ចំណេញ​លើ​អតិថិជន ដែល​ក្រុម​អតិថិជន​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក្រុម​អតិថិជន​នឹង​ប្រមូល​ផ្តុំ​គ្នា​ទៀត​ ទាល់​តែ​មាន​ដំណោះ​ស្រាយ​ដែល​ពួក​គេ​ចង់​បាន។

បើតាមលោក រ៉ា វុធ ក្រុមអតិថិជនទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​សង់​ផ្ទះ និង​ចាក់​ដី​ឱ្យ​បាន​មុន​ឆ្នាំ​២០២៥ បើ​ពុំ​នោះ​ទេ ត្រូវ​សង​លុយ​ឱ្យ​អតិថិជន​វិញ ខណៈ​កិច្ច​សន្យា​ចែង​ថា​ បើ​​លើស​ពេល​សាង​សង់​ត្រូវ​សង​សំណង​ ១០០​ដុល្លារ​ក្នុង​មួយ​ខែ តែ​ក្រុម​ហ៊ុន​មិន​គោរព​នោះ​ទេ ទោះ​លើស​ពេល​សាង​សង់​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្តី។

លោកថា៖ «សូមឱ្យភាគីខាងក្រុមហ៊ុនសង​លុយ​ដើម​ពួក​ខ្ញុំ​ត្រលប់​មក​វិញ​មក! ខ្ញុំ​សុំ​តែ​លុយ​ដើម​បាន​ហើយ! លុយ​សំណង ១ឆ្នាំ ២ឆ្នាំ ពួក​ខ្ញុំ​អត់​ត្រូវ​ការ​ទេ។ ដូច​ជា​ខ្ញុំ​ជា​ដើម បើ​មក​ដល់​បច្ចុប្បន្ន​នេះ លុយ​សំណង​របស់​ខ្ញុំ ប្រហែល​ជាល្បាក់​២ពាន់​(ដុល្លារ)​ជាង! លុយ​សំណង ហើយ​​អតិថិជន​ខ្លះ​មក​ដល់​បច្ចុប្បន្ន​នេះ សំណង​រហូត​ដល់​៣ពាន់​(ដុល្លារ)​ជាង»។

កាលពីថ្ងៃទី១៨ ខែតុលា ក្រុមអតិថិជនប្រមាណ៥០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​បុរី​ឡេង ណា​វ៉ាត្រា គម្រោង​៦A ដើម្បី​ទាម​ទារ​ឱ្យ​ភាគី​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ។

ប្រភព​ថា៖ «សូមឱ្យលោកឧកញ៉ាចេញមុ​ខ​មក ដោះ​ស្រាយ​ឱ្យ​ពួក​​ខ្ញុំ ធ្វើ​ផ្ទះ​ឱ្យ​ពួក​ខ្ញុំ។ បើ​មិន​ធ្វើ​ផ្ទះ​ឱ្យ​ពួក​ខ្ញុំ សង​លុយ​ខ្ញុំ​វិញ​មក។ សង​លុយ​ខ្ញុំ​វិញ ឡេង ណាវ៉ាត្រា អត់​គោរព​កិច្ច​សន្យា។ មិន​ដឹង​ដី មិន​ដឹង​ផ្ទះ​នៅ​ណា​ទេ! ឥលូវ​បង​ប្អូន​ខ្ញុំ​មក​ទី​នេះ ចង់​ពិពណ៌នា​ ប្រាប់​បង​ប្អូន​ក្រៅ​ស្រុក​  និង​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា បង​ប្អូន​ខ្ញុំ​នេះ ឥលូវ​នេះ​មាន​ទុក្ខ​ធ្ងន់​ខ្លាំង​ណាស់ ដោយ​សារ​ឧកញ៉ាស្រុក​ខ្មែរ ស្រុក​ខ្មែរ​យើង​នេះ ឧកញ៉ា ថោក​ទាប​បោក​ប្រាស់​បួន​ប្រាំ​ឆ្នាំ​ហើយ»។

ក្នុងពេលតវ៉ានោះ ក្រុមអតិថិជនបាន​ស្រែក​ថា​ពួក​គេ​បង់​លុយ​គ្រប់​៤ឆ្នាំ​ហើយ តែ​មិន​ទទួល​បាន​ផ្ទះ​ទេ ខណៈ​ខ្លះ​ទៀត​ស្រែក​ថា កំពុង​ជួប​វិបត្តិ​ជីវភាព​ក្រោយ​ខ្ចី​លុយ​ធនាគារ​មក​ទិញ​ផ្ទះ​ និង​ដី ក្នុង​ក្រុម​ហ៊ុន ឡេង ណាវ៉ាត្រា។

យ៉ាងណា បើតាមលោក រ៉ា វុធ ប្រាប់​VOD​ថា ក្រុម​អតិថិជន គ្រោង​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា នៅ​មុខ​បុរី​ឡេង ណាវ៉ាត្រា គម្រោង​៦A ដើម្បី​រក​យុត្តិ​ធម៌​បន្ត​ទៀត ដែល​ចំនួន​អ្នក​ចូល​រួម​អាច​កើន​ជិត​១០០​នាក់។

លោកថា លោកទិញដី និងផ្ទះក្នុងក្រុមហ៊ុនឡេង ណាវ៉ាត្រា ជិត​៤ម៉ឺ​ន​ដុល្លារ ហើយ​ដី​ដែល​លោក​ទិញ​មិន​ទាន់​មាន​ការ​ចាប់​បំពេញ​ត្រឹម​ត្រូវ ដែល​មាន​សណ្ឋាន​ជា​បាត​បឹង​ រីឯ​ផ្ទះ​ក្រុម​ហ៊ុន​បាន​ដក​ជាង​សាង​សង់​ចេញ​អស់​ហើយ។

លោកថា«ក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់​ព័ន្ធ និង​រដ្ឋាភិ​បាល​ សូម​សំណូម​ព​រ​ឲ្យ​ជួយ​អន្តរា​គមន៍​ទៅ​លើ​បុរី ឡេង ណា​វ៉ាត្រា ផង​ដោយ​សារ​តែ​ពួក​ខ្ញុំ​ជា​អតិថិជន​មួយ ​​ដែល​ទិញ​ទាក់​ទង​ជា​មួយ​​នឹង​ផ្ទះ​សំបែង ដី​ធ្លីនេះ​ ស្ថិត​នៅ​ក្នុង​ផ្លូវ​ស្រប​ច្បាប់​ទាំង​អស់ ហើយ​មិន​មែន​ជា​ការ​កេង​បន្លំ​ ឬ​ក៏​ជា​ការ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​ហ៊ុន ឡេង ណាវ៉ា​ត្រា​ទេ។ ចំពោះ​ពួក​ខ្ញុំ​ដែល​ជា​អតិថិជន​ដែល​អត់​បាន​អី! ពួក​ខ្ញុំ​ត្រូវ​ការ​តវ៉ា ត្រូវ​ការ​សំណូមពរ។ បើ​អតិថិជ​ន​ខ្លះ​បាន​ផ្ទះហើ​យ​អាហ្នឹង​ជា​របស់​គាត់ តែ​ពួក​ខ្ញុំ​អត់​បាន​សោះ​ សូម្បី​តែ​ដី​ក៏​មិន​ទាន់​ចាក់​ពេញ​ដែរ»

ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពី​ភាគីបុរី ឡេង ណាវ៉ាត្រា បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណា ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់លើ​ហ្វេ​ស​ប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃទី​២០ ខែ​តុលា ថា បុរី​កំពុង​ខិត​ខំ​លក់​ដី​ដែល​មាន ដើម្បី​បញ្ចប់​គម្រោង​ជាប់​គាំង ហើយ​អតិថិជន​ដែល​មិន​អាច​រង់​ចាំ​បាន លោក​មាន​ផ្ទះ និង​ដី​ខ្លះ​ដើម្បី​ដោះ​ដូរ។

ដោយឡែក សំនួរថាលុយលក់ផ្ទះបានយកទៅណា លោក​ឆ្លើយ​ថា ចំណូល​បាន​ពី​លក់​ផ្ទះ បាន​យក​ទៅ​ទិញ​ដី​អភិវឌ្ឍន៍​គម្រោង​ មុន​ពេល​មាន​វិបត្តិ​សេដ្ឋ​កិច្ច ហើយ​ថា​កំពុង​លក់​ដី​ទាំង​នោះ​វិញ​ ដើម្បី​បញ្ចប់​គម្រោង​ឲ្យ​អតិថិជន។

ជុំវិញរឿងនេះ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃអ​ង្គកា​រ​សិទ្ធិ​​មនុស្ស​​លីកាដូ លោក អំ សំអាត យល់​ថា ក្រុម​ហ៊ុន​គួរ​តែ​ទទួល​ខុស​ត្រូវ​សង​សំណង​ដល់​ក្រុម​អតិថិជន ដូច​ដែល​មាន​ចែង​ក្នុង​កិច្ច​សន្យាទិ​ញ​លក់​ដែល​ភាគី​ទាំង​២​បាន​ព្រម​​ព្រៀង​​គ្នា។

យ៉ាងណា លោក​កត់សម្គាល់ថា មិនមែនមានតែក្រុមហ៊ុន ឡេង ណាវ៉ាត្រា មួយ​ទេ​ដែល​មាន​បញ្ហា​ជា​មួយ​ពលរដ្ឋ តែ​នៅ​មាន​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ ដូច​ជា ក្រុម​ហ៊ុន ឡេង ចាន់​ណា ហ៊ី គឹម​ហុង និង​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នៅ​ខេត្ត​ស្វាយ​រៀង​ជាដើម ដែល​ជ​ន​រង​គ្រោះ​តែង​តែ​ចេញ​តវ៉ា​ជា​បន្ត​បន្ទាប់ ដើម្បី​ទាម​ទារ​សំណង​មក​វិញ​ដូច​គ្នា​នេះ​ដែរ។

លោក​បារម្ភថា បញ្ហានេះនឹងក្លាយជាជំងឺសង្គមកាន់តែធ្ង​ន់​ធ្ងរ បើ​ជ​ន​រ​ង​គ្រោះ​មិន​ទទួល​បាន​យុត្តិ​ធម៌​ ហើយ​ពួក​គេ​អស់​ការ​អត់​ធ្មត់​ប្រមូល​ផ្តុំ​តវ៉ា​កាន់​តែ​ច្រើន​នោះ។

លោកថា៖ «ប៉ះពាល់ដល់អ្នកវិនិយោគទុនផ្សេង​ទៀត ដែល​គេ​ចង់​មក​វិនិយោគ​ ហើយ​ឃើញ​ទិដ្ឋ​ភាព​អ៊ីចឹង​វា​ប៉ះ​ពាល់ ហើយ​ប្រជា​ពលរដ្ឋ​ថ្ងៃ​ក្រោយ​ទៅ​​ក៏​មាន​ការ​បារម្ភ​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ​ដែរ។ អាហ្នឹង​វា​ពាក់​ព័ន្ធ​បញ្ហា​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ដី​ធ្លី ឬ​ក៏​បុរី​អីជា​ដើម។ ហើយបើ​សិន​ជា​អូស​បន្លាយ​យូរ ទិដ្ឋ​ភាព​ក្រុម​ហ៊ុន​ច្រើន ហើយ​មាន​កា​រ​តវ៉ា​ច្រើន​ វា​ប៉ះ​ពាល់​! យើង​មើល​ជា​រូបភាព​មួយ​មិន​ល្អ​ ហើយ​​អ្វី​ដែល​សំខាន់​ហ្នឹង​ គឺ​ពលរដ្ឋ​គាត់​ត្រូវ​រង​គ្រោះ»។

ជាការ​កត់​សម្គាល់ ឧកញ៉ា ឡេង ណា​វ៉ាត្រា តែង​តែ​ឱ្យ​លុយ​រាប់​លាន​​ដុល្លារ​ ដល់​​​រដ្ឋាភិ​បាល​​គ្រួសារ​​​ហ៊ុន​ ខណៈ​​​គម្រោង​​រក​​ស៊ី​​វិស័យ​​លក់​​ផ្ទះ​​​របស់​​លោក ​ជាប់​​គាំង​មិនស​ង់​ផ្ទះ​ឱ្យ​​អតិថិជន​នោះ​ទេ ទោះ​​បី​ពួក​គេប​ង់​​លុយ​​គ្រប់​​ចំនួន​ទៅ​ហើយ​ក្តី។

ឧកញ៉ាដែលមានរឿងអាស្រូវកាប់​បំផ្លាញ​ព្រៃឈើ​ ​​នៅ​​តំបន់​​​ភ្នំ​​តាម៉ៅ​ផង​ ​រូប​នេះ​​ក៏​​ត្រូវ​​បាន​ប្រធាន​​បក្ស​​កាន់​​អំណាច​​ចេញ​មុខ​​ការ​ពារ​ជាចំ​ហរ​​ផង​ដែរ។

ជាក់ស្តែង ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន កាលពី​ឆ្នាំ​​២០២៤ ធ្លាប់​​ចេញ​​កា​រ​​ពារ​​ថា​ ភាព​​យឺត​យ៉ាវ​​សង់​​ផ្ទះ​នេះ ដោយ​​សារ​​តែ​ក្រុម​​ហ៊ុន​​កប់​ដើម​​ទុន​​ទៅ​​លើ​​​ដី​​ក្នុង​​ចំនួន​​ច្រើន និង​ធានា​ថា​ក្រុម​ហ៊ុន​នេះ​មិន​ទាន់​ក្ស័យ​ធុន​​ទេ។

ការចេញមុនការពាររបស់មេដឹកនាំកំពូលបែបនេះ ត្រូវ​គេមើ​លឃើ​ញ​ថា ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​​ប្រព័ន្ធ​ច្បាប់​ មិន​ហ៊ាន​​កាត់​ទោស​ឧកញ៉ា​រូប​នេះ ទោះ​​បី​បាន​រក​ស៊ី​បំពាន​កិច្ច​សន្យា​ទិញ​លក់​ផ្ទះ​​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្តី ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជួប​វិបត្តិ​ជីវភាព​ធ្ងន់​ធ្ងរក្រោយ​ខ្ចី​លុយ​ធនាគារ​យក​ទៅ​ទិញ​ផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ