មេដឹកនាំគ្រួសារហ៊ុន ហាក់រងការស្តីបន្ទោសថា គិតតែកម្ចាត់ខ្មែរគ្នាឯង ដើម្បីក្រាញអំណាច តែគ្មានសមត្ថភាពការពារទឹកដី ដែលធ្វើឱ្យថៃពង្រីកការឈ្លានពានតាមចិត្ត ដែលធ្វើឱ្យថៃបានចិត្តបញ្ជូនគ្រឿងចក្រទៅឈូសកម្ទេចផ្ទះពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ទាំងគ្មានការរំខានពីរដ្ឋាភិបាលខ្មែរ។
កាលពីថ្ងៃទី២១ខែតុលានេះ ក្រុមកងកម្លាំងបូព៌ានៃយោធភូមិភាគទី១របស់ថៃ បានប្រើគ្រឿងចក្រ ចំនួនពីរគ្រឿង កម្ទេចបំផ្លាញផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លើសពីនេះ កាលពីថ្ងៃទី១៣ និងថ្ងៃទី១០ ខែតុលា កន្លងទៅ យោធាថៃបានបន្តពង្រាយកងកម្លាំង និងគ្រឿងចក្រមកឈូសឆាយរំលោភយកដី និងកម្ទេចផ្ទះពលរដ្ឋខ្មែរបន្ថែមទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ហៅទង្វើរបស់ថៃនេះ ថាជាការឈ្លានពានកម្ពុជាទាំងចំហ ដោយសារតែមេដឹកនាំគ្រួសារហ៊ុន គ្មានសមត្ថភាព ការពារទឹកដីបុព្វបុរសខ្មែរ។
លោកថា ក្រោមការដឹកនាំរបស់គ្រួសារហ៊ុននេះ ទឹកដីខ្មែរតាមព្រំដែន បានបាត់បង់ទៅប្រទេសជិតខាង ទាំងខាងលិចជាប់ព្រំដែនថៃ និងខាងកើតជាប់វៀតណាមដែរ គឺបាត់ដូចគ្នា។
លោកថា៖ «ឆ្លុះបញ្ចាំងការដឹកនាំរដ្ឋាភិបាលហ្នឹង គឺអសមត្ថភាពក្នុងការការពារទឹកដីខ្មែរយើង ឱ្យថៃបន្តរំលោភយកដីខ្មែរស្រេចចិត្ត ឱ្យគេដោះមីន ថៃគេវាយកម្ទេចផ្ទះពលរដ្ឋខ្មែរ ហើយនិងប៉ុស្តិ៍យោធាហើយម្សិលមិញវាយផ្ទះខ្មែរយើងចោលមួយខ្នងទៀត ដែលបង្ហាញថា ការដឹកនាំរបស់ត្រកូលហ៊ុននេះ អសមត្ថភាពហើយធ្វើឲ្យបាត់បង់ទឹកដីទៅខាងភាគីថៃ ហើយនៅប្រកាន់ជំហរអត់ធ្មត់ចាស់ទុំឲ្យថៃរំលោភស្រេចចិត្ត ហើយប្រាប់ប្រជាពលរដ្ឋថា កុំសួរនាំរឿងបាត់ទឹកដី»។
សម្រាប់ លោក អ៊ុំ សំអាន បើគ្មានអ្វីប្រែប្រួលទេ ទឹកដីខ្មែរ ច្រើនជាងនេះទៀត នឹងត្រូវធ្លាក់ក្នុងដៃប្រទេសជិតខាង ដែលនឹងបង្កើតជម្លោះតជំនាន់ បើពលរដ្ឋខ្មែរមិននាំគ្នា ដាក់សម្ពាធឱ្យមេដឹកនាំ រុញសំណុំរឿងព្រំដែនទៅកាន់ទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ )ទាន់ពេលទេនោះ។
លោកគូសបញ្ជាក់ថា មានតែកម្លាំងសាមគ្គីជាធ្លុងមួយរបស់បងប្អូនខ្មែរទេ ទើបមេដឹកនាំគ្រួសារហ៊ុនខ្លាចរអា ងាកមកគិតគូរបញ្ហាបូរណភាពទឹកដី និងអាចងាកទៅស្តារប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សឡើងវិញ។
លោកថា៖ «ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ត្រកូលហ៊ុនទេ ជាកម្មសិទ្ធិរបស់ខ្មែរគ្រប់រូបតាមរដ្ឋធម្មនុញ្ញខ្មែរជាម្ចាស់ប្រទេស មិនមានត្រកូលហ៊ុនជាម្ចាស់ប្រទេសទេ ដូច្នេះបើសិនជាបណ្តោយឱ្យត្រកូលហ៊ុននៅដឹកនាំប្រទេសតទៅទៀត គឺដីខ្មែរយើងនឹងបាត់បង់ទៅប្រទេសថៃហើយ ហើយលោក ហ៊ុន ម៉ាណែត នឹងកាត់ដីខ្មែរយើងដូរយកសន្តិភាព និងអំណាចរបស់គាត់ហើយ ដូច្នេះសុំឲ្យយុវជនភ្ញាក់រលឹកឡើង ក្រោកឡើង ដើម្បីការពារទឹកដីយើង គឺតាមរយៈការទម្លាក់ត្រកូលហ៊ុនចេញពីអំណាច»។
ចំណែក ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ បាននិយាយលើហ្វេសប៊ុករបស់លោកបែបក្រើនរំឭកក្នុងសំដីដើមថា៖ «ល្មមខ្មែរយល់ ខ្មែរភ្ញាក់ខ្លួន ខ្មែររួមគ្នាគាំទ្រកងទ័ពជាតិ គាំទ្រផលិតផលក្នុងស្រុក ពហិការផលិតផលចោរឈ្លានពាន ពីព្រោះខ្មែរយល់ពីមហិច្ឆតាបរទេសមកលើកម្ពុជា»។
ជុំវិញបញ្ហានេះ VOD មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា សារព័ត៌មានក្នុងស្រុកថ្មីៗ បានដកស្រង់សំដី អភិបាលរង និងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណរិទ្ធ មកចុះផ្សាយថា លោកបានដឹងរឿងថៃយកគ្រឿងចក្រកម្ទេចផ្ទះពលរដ្ឋនេះតាមរយៈសារព័ត៌មានថៃ។
លោកចាត់ទុកទង្វើនេះថា ជាការរំលោភបំពានធ្ងន់ធ្ងរ តាមរយៈការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ខណៈទីនោះ ថៃបានរាយបន្លាលួសព័ទ្ធ តាំងពីថ្ងៃទី១២ ខែសីហា។
យ៉ាងណា លោកថា ក្រោយកើតហេតុ ក្រុមការងារខេត្តបានបញ្ជូនរបាយការណ៍ ជុំវិញរឿងនេះទៅថ្នាក់លើហើយ។
លើសពីនេះនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ខែតុលា ថ្លែងក្នុងពិធីសម្ពោធព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល បានផ្ញើសារថា អំឡុងពេលនេះ កុំអាលចង់ដឹងរឿងបាត់ទឹកដី ។
លោកថា៖ «ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន ដែលសួរក្រោយបទឈប់បាញ់ និងបាត់ណាខ្លះការពារណាខ្លះ មេទ័ពណាស្លាប់ មេទ័ពណារស់ ជម្លោះមិនទាន់ចប់ទេ បញ្ហាវានៅការលាក់ការណ៍យោធាយ៉ាងណា ប៉ុន្តែខ្ញុំសូមកុំសួររឿងកន្លែងណាបាត់ កន្លែងណាបាន ខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្ត តែមួយគត់ថា ក្នុងរយៈពេលប្រយុទ្ធគ្នារហូតមកដល់ម៉ោងនេះ កងទ័ពរបស់យើងទាំងអ្នកបញ្ជាការសមរភូមិរហូតដល់យុទ្ធជនម្នាក់ៗ បានខិតខំលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីរបស់យើងហើយ»។
ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា ការបណ្តោយឱ្យថៃបន្តគឃ្លើនឈ្លានពានដីខ្មែរតាមចិត្តឆ្លុះបញ្ចាំងថា មេដឹកនាំកម្ពុជាគ្មានទំនួលខុសត្រូវចំពោះជាតិ មាតុភូមិ។
លោកគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រទេសកម្ពុជាជួបនូវវិបត្តិចាក់ស្រែះជាច្រើន រួមមានពុករលួយ បក្ខពួកនិយម ឧក្រិដ្ឋកម្មឆបោក ចាប់ជំរិត ជួញដូរមនុស្ស ជាពិសេសគឺបញ្ហាបាត់បង់បូរណភាពទឹកដីខ្មែរ។
លោកបន្តថា ភាពស្ងប់ស្ងាត់ ការអត់ធ្មត់ និងនយោបាយចាស់ទុំ រួមទាំងការហាមពលរដ្ឋមិនឱ្យសួរដេញដួលរឿងបាត់បង់ទឹកដីនេះ ហាក់បង្ហាញឱ្យឃើញថា មេដឹកនាំកំពុងចុះចាញ់បរទេសឈ្លានពានទឹកដី។
លោកថា៖ «ការបន្តមរតកអំណាចរបស់ លោក ហ៊ុន ម៉ាណែត ដែលប្រកាន់យកផលប្រយោជន៍បក្ខពួកផលប្រយោជន៍គ្រួសារ ហើយនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ធំជាងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនិងហើយគឺបានធ្វើឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋរងគ្រោះ ទី១រងគ្រោះដោយការឈ្លានពានមួយបែប ទី២រងគ្រោះដោយក្រុមឧក្រិដ្ឋជន ហើយនិងមនុស្សមួយចំនួនក្នុងជួររដ្ឋាភិបាលបានគាំទ្រដោយផ្ទាល់ទៅនឹងក្រុមឧក្រិដ្ឋជនបំផ្លាញទៅដល់ផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ»។
ភាពចម្រូងចម្រាសនៃវិវាទព្រំដែនកម្ពុជា-ថៃ នេះបើគ្មានអ្វីប្រែប្រួលទេ នៅចុងខែតុលានេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រី និងចុះកិច្ចព្រមព្រៀងមួយដែលគេហៅថា កិច្ចព្រមព្រៀងសន្តិភាព ក្រោមវត្តមានប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី ដោយគ្មានវត្តមានចិន ដែលគ្រោងធ្វើនៅម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។
យ៉ាងណាកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរវាងកម្ពុជា និងថៃនេះ ត្រូវបានអ្នកឃ្លាំមើលដាក់ការសង្ស័យថា ជាកិច្ចព្រមព្រៀងកាត់ដីឱ្យថៃ ដើម្បីរក្សាអំណាចក្រោមពាក្យសន្តិភាព ខណៈក្រោយមានបទឈប់បាញ់ជិត៣ខែមកនេះ ថៃបានចូលឈ្លានពានទឹកដីខ្មែរជាច្រើន មេដឹកនាំកម្ពុជារក្សាភាពស្ងៀមស្ងាត់មិនតបតសូម្បីតែសិទ្ធិការពារខ្លួន និងបានបញ្ជាក់ជំហរថា កម្ពុជាមិនប្រើជម្រើសប្រឈមមុខខាងកម្លាំងប្រដាប់អាវុធ ដើម្បីដោះស្រាយបញ្ហាព្រំដែននោះទេ។
យ៉ាងនេះក្តី មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









