សារព័ត៌មានថៃ ប៉ុន្មានខែចុងក្រោយនេះ បានទម្លាយថា យោធាខ្លួនបានរុះរើផ្ទះពលរដ្ឋខ្មែរចំនួន៨ខ្នង ក្នុងនោះ ៦ខ្នងនៅភូមិជោគជ័យ និង២ខ្នងនៅភូមិព្រៃចាន់ ខណៈស្ថាប័នជំនាញកិច្ចការព្រំដែននៃប្រទេសទាំងពីរ កំពុងចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធទ្រង់ទ្រាយធំ៥ថៃ្ង កាលពីខែកក្កដា ។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ និងវីដេអូដែលគេចែកចាយតគ្នាលើបណ្តាញសង្គម បង្ហាញថា ផ្ទះប្រក់ស័ង្កសីរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យចំនួន ៦ខ្នង ត្រូវក្រុមយោធាថៃយកគ្រឿងចក្រឈូស និងកាយកម្ទេចរៀបដល់ដី។ ប៉ុន្តែថៃ បានរក្សាទុកផ្ទះថ្ម និងឃ្លាំងមួយចំនួននៅទីនោះ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ PPTV HD 36 ចេញផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ។ ក្រៅពីឈួសកម្ទេចផ្ទះរបស់ពលរដ្ឋខ្មែរហើយនោះ អាជ្ញាធរថៃបានធ្វើការរាវមីន នៅក្នុងបរិវេណដីប្រហែល ១០ហិកតា បន្ថែមទៀត នៅក្នុងទំហំប្រហែលជា ៤៥០ហិកតា ដែលស្ថិតនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់។
ប្រភពពីប្រជាពលរដ្ឋនៅភូមិជោគជ័យម្នាក់ ថ្លែងក្នុងលក្ខខណ្ឌសុំលាក់អត្តសញ្ញាណ ដោយបារម្ភពីសុវត្ថិភាព បានអះអាងប្រាប់វីអូឌីថា ផ្ទះដែលត្រូវគ្រឿងចក្ររបស់យោធាថៃ ឈូសកម្ទេចចោលនោះ គឺជាកម្មសិទ្ធរបស់លោក ចាន់ បូនី ដែលត្រូវជាប្អូនប្រុសបង្កើតមេឃុំអូរបីជាន់ គឺ លោក តុល សារិន ចំណែកឯផ្ទះថ្ម ដែលយោធាថៃ រក្សាទុកដើម្បីប្រើប្រាស់នោះ គឺជាផ្ទះរបស់កូនមេឃុំអូរបីជាន់។
ទោះជាបែបនេះក្ដី ខណៈថៃកំពុងបញ្ជាគ្រឿងចក្រឈូសឆាយ បំផ្លាញផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យ យ៉ាងរំភើយ ដោយគ្មានឧបសគ្គនោះ អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា បានហាមមិនឱ្យអ្នកសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយឡើយ ដោយសំអាងថា ចាំរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានជាមុនសិន។ អាជ្ញាធរខេត្តបានអនុញ្ញាតឱ្យតែអ្នកសារព័ត៌មានអនឡាញ ដែលជាសកម្មជនរបស់គណបក្សកាន់អំណាច និងស្ថាប័ន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូនចៅគ្រួសារមេដឹកនាំប៉ុណ្ណោះ ចូលយកព័ត៌មាន។
ក្រុមសារព័ត៌មានទាំងនោះ បានផ្សព្វផ្សាយថា ស្ថានការណ៍នៅភូមិព្រៃចាន់ និងភូមិជោគជ័យ គឺមានសភាពស្ងប់ស្ងាត់ធម្មតា ដែលពាក្យនេះ គឺជាមេសូត្រ ដែលគេឮញឹកញាប់ ចេញពីក្រសួងការពារជាតិ និងមាត់របស់មេដឹកនាំកម្ពុជា ខណៈនៅក្នុងទីតាំងដែលយោធាថៃបានរាយបន្លាលួស បាំងកង់ឡាន បាំងស្បៃខ្មៅ និងដាក់កាមេរ៉ានោះ ត្រូវបានឈូសបំផ្លាញដោយគ្រឿងចក្រ មានសំឡេងលាន់ឮពេញព្រៃក៏ដោយ។
កាលពីថ្ងៃទី២១ ខែតុលា ក្រុមទាហានថៃប្រដាប់ដោយអាវុធ បានយកគ្រឿងចក្រប្រភេទ D5 និងអេស្កាវិទ័រ ចូលមកឈូសឆាយផ្ទះប្រជាពលរដ្ឋ ដែលពួកគេបានព័ទ្ធបន្លាលួសកន្លងមកនៅភូមិជោគជ័យ។ យោធាថៃ បានប្រាប់សារព័ត៌មានថៃថា ពួកគេបានឈូសកម្ទេចផ្ទះពលរដ្ឋខ្មែរចំនួន២ខ្នង ក្នុងភូមិព្រៃចាន់ និង៦ខ្នង នៅភូមិជោគជ័យ។
ក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋខ្មែរដាក់ប្រកាសតាមមេក្រូ ប្រាប់ទៅកាន់យោធាថៃថា ទីតាំងដែលថៃកំពុងឈូសឆាយនោះ គឺជាទឹកដីកម្ពុជា ហើយក្រោយមកពលរដ្ឋខ្មែរបានប្រកាសកៀគរគ្នាឱ្យមករារាំងយោធាថៃ។ ក៏ប៉ុន្តែក្រោយមកសំឡេងមេក្រូនោះ បែរជាប្ដូរមកប្រកាសរឿងធ្វើបុណ្យកឋិនទានទៅវិញ។
ការឈូសឆាយនេះ ធ្វើឡើងស្របពេលលោក ហ៊ុន ម៉ាណែត ស្នើឱ្យពលរដ្ឋឈប់សួរនាំរឿងទឹកដីថា កន្លែងណាខ្លះបាត់ទៅភាគីថៃ ហើយត្រូវជឿជាក់លើការដោះស្រាយពីរដ្ឋាភិបាលរបស់លោក។
យ៉ាងណា អភិបាលរង និងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណរិទ្ធ ត្រូវបានកាសែតក្នុងស្រុកដកស្រង់សំដីមកចុះផ្សាយថា លោកបានដឹងរឿងថៃយកគ្រឿងចក្រកម្ទេចផ្ទះពលរដ្ឋនេះ តាមរយៈសារព័ត៌មានថៃ។
ប៉ុន្តែលោកបាននិយាយសំដៅតែផ្ទះមួយខ្នងនៅភូមិជោគជ័យ ដែលថៃបានឈូសកម្ទេចប៉ុណ្ណោះ ដែលសកម្មភាពនេះត្រូវបានចែករំលែកតគ្នារួចហើយលើបណ្តាញសង្គម។
លោកចាត់ទុកទង្វើយោធាថៃឈូសកម្ទេចផ្ទះនេះ ថាថៃមិនបានជូនដំណឹងដល់ភាគីកម្ពុជាទេ ហើយថា ទង្វើនេះ ជាការរំលោភបំពានធ្ងន់ធ្ងរតាមរយៈការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ខណៈទីនោះ ថៃបានរាយបន្លាលួសព័ទ្ធ តាំងពីថ្ងៃទី១២ ខែសីហា។ យ៉ាងណា លោកថា ក្រោយកើតហេតុ ក្រុមការងារខេត្តបានបញ្ជូនរបាយការណ៍ជុំវិញរឿងនេះទៅថ្នាក់លើហើយ។
ជុំវិញភាពចម្រូងចម្រាសនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា ទង្វើរបស់យោធាថៃ គឺជាការឈ្លានពានទឹកដី ដោយរំលោភសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរ និងបំពានសន្ធិសញ្ញាព្រំដែនជាមួយកម្ពុជា។ ទន្ទឹមគ្នានេះ លោក ម៉ែន ណាត លើកឡើងថា ការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជានេះ បង្ហាញពីអសមត្ថភាពរបស់មេដឹកនាំកម្ពុជា ក្នុងការប្រើប្រាស់យុទ្ធសាស្រ្តការពារទឹកដី និងការធ្វើនយោបាយ បែបប្រជាភិថុតិ តាមរយៈការបិទបាំងព័ត៌មាន និងកុហកប្រជាពលរដ្ឋ។
លោកថា៖ «យកបញ្ហាទឹកដីជាធំ កុំយកសន្តិភាព ដោះដូរជាមួយសន្តិភាព(ទឹកដី)ជាធំ។ កាលណានិយាយពីសន្តិភាព តាមអ្វីដែលថៃចង់បាន គឺយើងបាត់បង់តំបន់ទាំងនេះហើយ។ ម៉្លោះហើយ ត្រូវតែរកមធ្យោបាយបណ្ដេញថៃ ចេញពីភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ផ្សេងទៀត ឱ្យចាកចេញផុតពីដែនអធិបតេយ្យរបស់កម្ពុជា»។
ប្រហាក់ប្រហែលគ្នានេះដែរ អ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យ លោក វន់ ចាន់ឡូត លើកឡើងកាលពីថ្ងៃទី២២ខែតុលាបែបក្រើនរំឭកមេដឹកនាំថា ទុក្ខរបស់រាស្ដ្រ ជាទុក្ខរបស់ព្រះមហាក្សត្រ (អ្នកដឹកនាំ)។ លោកថា ឥឡូវរាស្ដ្រកំពុងរងទុក្ខពីការឈ្លានពាន ប្លន់ដីធ្លីផ្ទះសម្បែង រីឯមេដឹកនាំបានត្រឹមមកនិយាយយកឡូយថា មិនបាននៅស្ងៀម មិនគ្រប់គ្រាន់ទេ តែត្រូវមានសកម្មភាពទៅទប់ស្កាត់ជាក់ស្ដែង។
លោកគូសបញ្ជាក់ថា បើគ្មានសកម្មភាពទប់ស្កាត់ជាក់ស្ដែងទេ វាមានន័យថា យល់ព្រមកាត់ដីទៅជនឈ្លានពាន ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ឧត្តមភាពនៃប្រទេសជាតិ ដែលមានរដ្ឋាភិបាល និងយោធា បែរគ្មានសមត្ថភាព។
លោកក្រើនរំឭកថា ទោះបីជាមេដឹកនាំ អ្នកមានសន្លឹកបៀរក្នុងដៃ តែពលរដ្ឋមានសន្លឹកឆ្នោត និងអំណាចអាចចេញតាមដងផ្លូវ ក្នុងនាមម្ចាស់ប្រទេស និងជាម្ចាស់អំណាច។
យ៉ាងណាក៏ដោយចុះ ក្រោយហេតុការណ៍ឈូសឆាយផ្ទះរបស់ពលរដ្ឋខ្មែរមក ក្រុមអ្នកតាមដានបាននិយាយថា ប្រជាពលរដ្ឋខ្មែរជាច្រើន បង្ហាញការខកចិត្ត និងបាត់បង់ទំនុកចំពោះរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់ត្រកូលហ៊ុន។
ពួកគេសំអាងថា បញ្ហាចម្បងមកពីនៅពេលដែលពង្រីកការឈ្លានពានទឹកដី រួមទាំងឈូសកម្ទេចផ្ទះពលរដ្ឋរួមទាំងថៃរាយបន្លាលួសព័ទ្ធយកភូមិព្រៃចាន់ និងភូមិជោគជ័យជាដើមនោះ រដ្ឋាភិបាលមិនបានទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេ តែបែរជាងាកទៅបង្ក្រាបពលរដ្ឋ អ្នកសារព័ត៌មាន ដែលធ្វើសេចក្តីរាយការណ៍ផ្ទាល់ ចេញពីតំបន់ព្រំដែនដែលយោធាថៃកំពុងតែពង្រីកការឈ្លានពានទៅវិញ។
ទាំងអស់នេះ ជំរុញឱ្យមានការលើកឡើងបែបមន្ទិលថា រដ្ឋាភិបាលកម្ពុជា នឹងធ្វើកិច្ចព្រមព្រៀងព្រំដែនថ្មី ជាមួយថៃ ដើម្បីកាត់ដីខ្មែរតាមព្រំដែន ចំណែកណាមួយឱ្យទៅថៃ ដើម្បីការពារអំណាច ក្រោមពាក្យស្រឡាញ់សន្តិភាព៕









