កិច្ចព្រមព្រៀងសាងសង់បង្គោល​ព្រំដែន​ថ្មី​ចំនួន​១៥​ជា​មន្ទិល​កាត់​ដី​ឱ្យ​ថៃ​ដើម្បី​ដូរ​យក​សន្តិ​ភាព

ក្រុម​អ្នក​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែ​ន​​ដែល​មិន​ចំណុះ​រដ្ឋាភិ​បាល ដាក់​ការ​សង្ស័យ​ថា តាម​សេច​ក្តី​ប្រកា​ស​ព័​ត៌​មាន​រួម​នៃ​គណៈ​កម្មាធិការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​(JBC) កម្ពុជា-ថៃ ជុំវិ​ញ​ការ​ឯកភាព​គ្នា​សាង​សង់​​បង្គោល​ព្រំដែន​ចំនួន​១៥​ឡើង​វិញ ជា​ការ​កាត់​ដី​ឱ្យ​ថៃ ដើម្បី​អំណាច​ក្រោម​ពាក្យ​សន្តិ​ភាព។

តំណាង​រាស្ត្រ​គណបក្ស​សង្ក្រោះ​ជាតិ ដែល​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន លោក អ៊ុំ សំអាន បាន​និយាយនៅ​ថ្ងៃ​ទី​២៣ខែតុ​​​​លា​​នេះ​ថា លោក​សង្ស័យ​ថា លោក ហ៊ុន ម៉ាណែត នឹង​អាច​កាត់​ដី​ខ្មែរ​ឱ្យ​ថៃ​ដូរ​យក​សន្តិភាព​និង​អំណាច។ ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​នៃកិ​ច្ច​ប្រជុំ​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ នៅ​ប្រទេស​ថៃ បញ្ជាក់​ថា នឹង​សាង​សង់​បង្គោល​ព្រំដែន​ថ្មី​ចំនួន​១៥​បង្គោល។

 លោក​ដាក់​ការ​សង្ស័យ​ថា បង្គោលព្រំដែនថ្មីទាំងនេះ នឹងមិន​បាន​បោះនៅ​ទីតាំង​ចាស់​នោះ​ទេ គឺ​អាច​នឹង​បោះ​បង្គោល​ព្រំដែន​ថ្មី​ទាំ​ង​នេះ​ចូល​ដី​ខ្មែរ។

មួយវិញទៀត លោក​ថា ការ​វាស់​វែង និង​បោះប​ង្គោល​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២-៤៧ អាច​នឹង​មិន​បោះ​នៅ​ទីតាំង​ចាស់ ដូច​ជា​បង្គោល​លេខ​៤២​និង​៤៣​ ត្រូវ​បាន​ថៃ​រំកិល​ចូល​មក​ដី​ខ្មែរ​ជាង​២គីឡូ​ម៉ែត្រ​កន្លះកន្លង​មក។

លើសពី​នេះ លោក​ថា ចំណុច ៦.ខ ស្តីពី​ការ​កែ​សម្រួល​ការ​កាន់​កាប់​ដី សារព័​ត៌​មាន​ថៃ Khaosod សរ​សេរ​ថា កម្ពុជា​បាន​ស្នើ​សុំ​មិន​ប្រើ​ពាក្យ “ផ្លាស់​ប្តូរ​ទីលំនៅ ដក​ចេញ ឬ​បំផ្លាញ” រចនា​សម្ព័ន្ធ ប៉ុន្តែ​ត្រូវ​ប្រើ​ឃ្លា «កែ​សម្រួល​ការ​កាន់​កាប់​ដីធ្លី» នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់។

ក្រោមហេតុផលនេះ លោក​គិ​តថា ការកែសម្រួលការកាន់កាប់​ដីធ្លី ឬ​ផ្លាស់​ប្តូរ​ទីលំ​នៅ ឬ​បំផ្លាញ​ “រចនា​សម្ព័ន្ធ ឬ​ផ្ទះ​ស​ម្បែង គឺ​អាច​មាន​ន័យ​ថា កា​រ​កែ​សម្រួល​ការ​កាន់​កាប់​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ​ ឬ​ផ្លាស់​ប្តូរ​ទីលំ​នៅ ឬ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​​ចេញ​ពី​​​ភូ​មិ​ជោគ​ជ័យ​ និង​ភូមិ​ព្រៃ​ចាន់។ ចំណុច​ចុង​ក្រោយ​នេះ គឺ​ជា​ចំណុច​គួរ​ឱ្យ​សង្ស័យ ដែល​កម្ពុជា​អាច​អនុញ្ញាត​​ឱ្យ​ពលរដ្ឋ​ថៃ​មក​រស់​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ហើយ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ទៅ​នៅ​តំបន់​ផ្សេង​ ឬ​ដូរ​ដី​ខ្មែរ​នឹង​ដី​ខ្មែរ ដូច​ជា​ធ្លាប់​បាន​ធ្វើ​ជាមួយ​វៀត​ណាម។ កម្ពុជា​ប្រើ​ពាក្យ «ការ​កែ​សម្រួលកា​រ​កាន់​កាប់​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ» ជំនួស «ការ​ផ្លាស់​ប្តូរ​ទីលំ​នៅរ​បស់​ពលរដ្ឋ​ខ្មែរ» ដូច​កម្ពុជា​ធ្លាប់​ប្រើ​ពាក្យ «កា​រ​កែ​សម្រួល​លេណ​ដ្ឋាន» ជំនួស «ការ​លុប​លេណ​ដ្ឋាន» ។

លោកថា៖ «ធម្មតាបង្គោលជាមួយថៃ គឺមា​ន​បង្គោល​បារាំង​ចំនួន​៧៤​បង្គោល បង្គោល​ភ្លោះ​២​​បង្គោល ចឹង​វា​៧៤​តែ​បង្គោល​ចាស់​៧៣​បង្គោល​នោះ បោះ​តាំ​ងពី​ឆ្នាំ​១៩១៩ និង​​១៩២០ គេ​មិន​ដែល​បោះ​បង្គោល​ថ្មី​ទេ លើក​លែង​តែវា​បាក់​បែក​ឬ​បាត់ ប៉ុន្តែ​បង្គោល​១៥​ថ្មី​នេះ ខ្ញុំ​យល់​ថា មិន​មែន​បាក់​បែក​ ឬ​បាន​ទៅ​បាត់​ទេ ហេតុ​អី​ត្រូវ​បោះប​ង្គោល​ថ្មី បង្គោល​​ថ្មី​មាន​ន័យ​ថា​បោះ​នៅ​ទីតាំង​ថ្មី មិន​មែន​ទីតាំង​ចាស់​ ហើយ​ចរចា​គ្នា​២៥ឆ្នាំ​ហើយ ហេតុ​អី​មក​ត្រូវ​គ្នា​លឿន​ម៉េះ។ ដើម្បី​ចង់​បាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ចុង​ខែ​នេះ ជាមួយ​ថៃ នៅ​ប្រទេស​ម៉ាឡេ​ស៊ី អ៊ីចឹង​យើង​សង្ស័យ​ថា បង្គោល​ថ្មី​នឹ​ងបោះ​នៅ​កន្លែង​ថ្មី មិន​មែន​បោះ​នៅ​ទីតាំង​ចាស់​ ហើយ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ បង្គោល​៤២​​និង​៤៣ លោក ញឹក ប៊ុន​ឆៃ បញ្ជាក់​ប្រាប់​ថា ចូល​ដី​ខ្មែរ​៣គីឡូម៉ែត្រ​ បើ​សិន​ជា​មក​បោះ​បង្គោល​ហ្នឹង​ប្រាកដ​បាត់​ដី​ខ្មែរ​ហើយ»។

យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​រប​ស់​លោក នៅ​ថ្ងៃ​ទី២៣​ខែ​តុលា​នេះ​ថា រដ្ឋាភិបាល​គ្មាន​ការ​លួច​ឯកភាព​នៅ​ក្នុង​ការ​កាត់​ទឹក​ដី ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិប​តេយ្យ ស្រប​ច្បាប់​របស់​កម្ពុជា​​ណា​មួយ​ទៅ​ឱ្យ​ប្រទេស​ណា​មួយ ដើម្បី​ដោះ​ដូរ​ជាមួយ​នឹង​ការ​ចរចា​ប​ទ​ឈប់​បាញ់​ ឬ​ការ​ចរចា​សន្តិភាព​នោះ​ទេ។

មួយវិញទៀត លោកថា បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែល​បាន​បន្សល់​ទុក​រាប់​រ​យ​ឆ្នាំមក​ហើយ ដែល​យើង​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ ដើម្បី​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​អាច​រស់​នៅ​ជាមួយ​គ្នា តាម​បណ្ដោយ​ព្រំដែន​ដោយ​សុខ​សាន្ត ក្នុង​រយៈ​ពេល​វែង​ទៅ​ខាង​មុខ។

ប៉ុន្តែការដោះស្រាយណាមួយ​ដែល​អាច​ទទួល​យក​បាន គឺ​ត្រូវ​ផ្អែក​លើ​គោល​ការណ៍​តម្លា​ភាព មាន​ការ​ឯកភាព​គ្នា ដោយ​គ្មាន​ការ​បង្ខិត​ប​ង្ខំ​រវាង​ភាគី​ទាំង​ពីរ និង​ដោយ​ប្រើ​ប្រាស់​យន្ត​ការ​ដែល​បាន​ឯកភា​ព​គ្នា ព្រម​ទាំង​​ផ្អែក​លើមូ​លដ្ឋា​ន​សន្ធិ​សញ្ញា អនុ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ។

នៅក្នុងន័យ​នេះ លោក​គូស​បញ្ជាក់​ថា ការ​ងារ​វាស់​វែង និង​ខណ្ឌ​សីមា គឺ​ស្ថិត​នៅ​ក្រោម​សមត្ថ​កិច្ច​របស់​គណ:​កម្មា​ធិការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ (JBC) ហើយ​ដែល​ត្រូវ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី ស្រប​តាម​សន្ធិ​សញ្ញា អនុ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ថៃ។ JBC បាន​ធ្វើ​ការ​រួម​គ្នា​ប្រកប​ដោយ​ផ្លែ​ផ្កា​ជា​ច្រើន​ ក្នុង​រយៈ​ពេល​ជាង ២០​ឆ្នាំ​កន្លង​មក​នេះ ទោះ​បី​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់ក៏​ដោយ។

សម្រាប់​លោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំ JBC រយៈពេ​ល​ពីរ​ថ្ងៃ​ពេញ (ថ្ងៃទី​២១-២២ ខែ​តុលា) ដែល​ទើប​បញ្ចប់​នៅ​​រំលង​អាធ្រាត​ឈាន​ចូល​​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៥​នេះ ភាគី​ទាំង​ពីរ​បាន​​ពិភាក្សា​គ្នាយ៉ាង​ល្អិត​ល្អន់ ពាក់​ព័ន្ធ​នឹង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​តម្លា​ភាព និង​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ដែល​បាន​ឯកភាព​គ្នា ក្នុង​បំណង​ឈាន​​ទៅ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ភូមិ​ជោ​គ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ (ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២ និង​៤៧) ។

លើសពីនេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​នេះ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​បន្ត​ធ្វើ​សកម្មភា​ព​តាម​លក្ខណៈ​បច្ចេក​ទេស ដើម្បី​កំណត់​ការ​វាស់​វែង​រួម​គ្នា និង​បោះ​បង្គោល​ បណ្ដោះ​អាសន្ន ដោយ​ប្រើ​ប្រាស់​ផែន​ទី​១/២០០.០០០ សន្ធិ​សញ្ញា​១៩០៧ និង​កំណត់​ហេតុ​បោះ​បង្គោល​ រប​ស់​គណៈ​កម្មការ​បោះបង្គោល​បារាំង-សៀម ធ្វើ​ជា​មូល​ដ្ឋាន។

លទ្ធផល​ដែល​ទទួ​លបា​ន នឹង​ផ្ទៀង​ផ្ទាត់​ជាមួយ​ការ​កាន់​កាប់​ជាក់​ស្ដែង​របស់​ប្រជា​ពលរដ្ឋ​ទាំង​សង​ខាង​ សម្រាប់​ធ្វើ​ការ​ដោះ​ស្រាយ​បន្ត។

លោកថា មា​នតែវិធីសាស្ត្រនេះទេ ទើបភាគីទាំងពីរ​អាច​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​មួយ ដែល​ត្រឹម​ត្រូវ​សម្រាប់​រយៈ​ពេល​វែង និង​ជួយ​ឱ្យ​បញ្ហា​ដែល​កើត​មាន​នៅ​ភូមិ​ជោគ​ជ័យ និងភូមិ​​ព្រៃ​​ចាន់ អាច​ដោះ​ស្រាយ​បញ្ចប់​បាន ហើយ​ប្រជា​​ពលរដ្ឋ​អាច​រស់​នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ជា​ប្រក្រតី​ឡើង​វិញ​បាន ជៀស​វាង​អូស​បន្លាយ​បញ្ហា​ឱ្យ​​បន្ត​នៅ​រ៉ាំរ៉ៃ​រយៈ​ពេល​វែង​ទៅ​មុខ។

យ៉ាងណា សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ប្រហាក់​ប្រហែ​ល​លោក អ៊ុំ សំអា​ន​ ដែរ ដោយ​លោក​ថា កិច្ច​ព្រម​ព្រៀង​បោះ​បង្កោល​ព្រំដែន​ថ្មី​នេះ ថៃ​អាច​នឹង​សម្រេច​មហិច្ឆ​តា​លេប​ទឹក​ដី​ខ្មែរ​ តាម​ផែន​ទី​ដែល​គូស​វាស​ដោយ​ឯកតោភាគី ដែល​លោក ហ៊ុន សែន ធ្លាប់​ហៅ​ថៃ​ជា​ផែន​ទីចោរ។

ការសំអាង​​បែប​នេះ លោក ម៉ែន ណាត គូស​បញ្ជាក់​ថា ក្រោយ​ផ្ទុះអាវុ​ធ​៥ថ្ងៃ​ជាមួយ​កម្ពុជា ថៃបា​​ន​ចល័ត​ទ័ព​ចូល​មក​រាយ​​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​តាមាន់​ធំ តំបន់​អាន​សេះ ផ្នែក​ខ្លះ​នៅ​ភូមិ​ព្រៃ​ចាន់ ភូមិជោគ​ជ័យ រួម​ទាំង​ទីតាំង​​ផ្សេង​ទៀត​នៅ​ខេត្ត​ពោធិ៍​សាត់ គ្មាន​ការ​រុញ​ច្រាន​ពី​ភាគី​កម្ពុជា​ទេ។

លើសពីនេះ យោងលើការអះអាងរបស់ លោក ញឹក ប៊ុន​ឆៃ អតីត​មេទ័ព​តស៊ូ​នៅ​តាម​ព្រំដែន ដែល​ធ្លាប់​អះ​អាង​ថា ថៃ​បាន​លួច​រំកិល​ព្រំដែន ប្រមាណ​ជា​ជិត​៣គីឡូ​ម៉ែត្រ រហូត​ចូល​ភូមិ​ព្រៃចា​ន់​នោះ ដី​ខ្មែរ​នឹង​បាត់​បង់​ទៅ​ថៃ​ជា​រៀង​រហូត តាម​កិច្ច​ព្រម​ព្រៀង​ដែល​បាន​និយាយ​វាស់​វែង​តាម​ភាព​ជាក់​ស្តែង។

លោកគូសបញ្ជាក់​ដែរ​ថា បើ​កម្ពុជា​អះអា​ង​ថា​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាមួយ​ថៃ​នេះ មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី វា​គួរ​ជំរុញ​ឱ្យ​ថៃ​ទទួល​យក​ បន្ទាត់​ព្រំដែន​តាម​សន្ធិ​សញ្ញា​បារាំង​សៀម​ឆ្នាំ​១៩០៤​និង​១៩០៧ មិន​មែន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថៃ​លើ​ដី​ជាក់​ស្តែង ដែល​ថា​ថៃ​បាន​លួច​រំកិល​ព្រំដែន​ច្រើ​នឆ្នាំ និង​ការ​ទន្ទ្រាន​ចូល​ថ្មីៗ​នេះ ហើយ​ថា​កម្ពុជា​មិន​បាត់​បង់​ទឹក​ដី​នោះ​ទេ។

លោកថា៖ «ដោយសារថៃមិនព្រមទៅលើអនុសញ្ញាបារាំងសៀម​ហ្នឹង​ហើយ ដែល​ថៃ​ឈ្លាន​ពាន ហើយ​បង្ខំ​ឲ្យ​កម្ពុជា​ទទួល​​យក​កិច្ច​ព្រម​ព្រៀង​ថ្មី ហើយ​កិច្ច​ព្រម​ព្រៀង​ថ្មី​ កម្ពុជា​ការ​ពារ​ទឹក​ដី​អធិប​តេយ្យ​របស់​ខ្លួន​យ៉ាង​ម៉េច​បាន បើក​ជំហរ​រដ្ឋាភិ​បាល​ខ្មែរ​កម្ពុជា​រាល់​ថ្ងៃ​ទន់​ខ្សោយ​ហ្នឹង តើ​សង្ឃឹម​អី​បើ​យើង​សង្ឃឹម​លើ​ឯក​សារ​បារាំង បើ​ថៃ​មិន​ព្រម​ក៏​មិន​ព្រម​ក៏​អត់​ទៅ យើង​ប្ដឹង​ទៅ ឥឡូវ​មិន​ព្រម​ប្ដឹង​ទេ មិន​ព្រម​ប្ដឹង​ហើយ​ទៅ​សំគ្រ​លំចរចា​សុំ​សន្តិភាព​ពី​ថៃ»។

យ៉ាងណា បើគ្មានអ្វីប្រែប្រួលទេនៅថ្ងៃទី២៦​ខែតុលានេះ​ នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ថៃ និង​ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ ដែ​ល​គេ​ហៅ​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្រោម​វត្ត​មាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ជា​សាក្សី ដែល​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ហើយ ក្រុម​អ្នក​តាម​ដាន​ដាក់​ការ​បារម្ភ​ថា ជា​កិច្ច​ព្រម​ព្រៀង​កាត់​ដី​តាម​ព្រំដែន​ឱ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិ​ភាព ដូច​ដែល​មេដឹក​នាំ​ខ្មែរ លោក ហ៊ុន សែន ធ្វើ​ជា​មួយ​វៀត​ណាម​កន្លង​មក​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ