សេវាស៊ើបការណ៍សម្ងាត់ជាតិ(NIS) បានប្រាប់សមាជិកសភា នៅថ្ងៃពុធថា ខ្លួនកំពុងតាមដានជនសង្ស័យសំខាន់ម្នាក់ ពាក់ព័ន្ធនឹងបទចោទការធ្វើទារុណកម្ម និងការស្លាប់របស់និស្សិតមហាវិទ្យាល័យជនជាតិកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជាលើការឆបោកការងារ។
សារព័ត៌មាន ដឹខូរៀថាម(The Korea Times) បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះថា សេវាស៊ើបការណ៍សម្ងាត់ជាតិ បានបញ្ជាក់ថា ជនសង្ស័យសំខាន់នៅក្នុងការសម្លាប់និស្សិតសកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំនេះ ត្រូវបានរកឃើញថា ជាអ្នកសមគំនិតរបស់មេក្លោងនៅពីក្រោយករណីគ្រឿងញៀនដ៏ធំមួយ នៅសង្កាត់ហ្គាងណាម(Gangnam) ទីក្រុងសេអ៊ូល ឆ្នាំ២០២៣។
សេវាស៊ើបការណ៍សម្ងាត់ជាតិ បានចែករំលែកការវាយតម្លៃអំឡុងពេលសន្និសីទសម្ងាត់មួយ ទៅកាន់គណៈកម្មាធិការស៊ើបការសម្ងាត់សភាតំណាងរាស្រ្ត លោក ផាក សុនវុន(Park Sun-won) និងលោក លី ស៊ុងគឹន(Lee Seong-kweun) បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន។
ទីភ្នាក់ងារចារកម្ម ក៏បានបញ្ជាក់ផងដែរថា ជនជាតិកូរ៉េខាងត្បូងប្រហែល ១០០០ ទៅ ២០០០នាក់ ត្រូវបានគេជឿជាក់ថា មានជាប់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការណ៍ឆបោក នៅក្នុងប្រទេសកម្ពុជា ចំពេលមានការឆបោកជាបន្តបន្ទាប់ ទាក់ទងទៅនឹងការចាប់ពង្រាត់ និងការឃុំខ្លួនជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេស។
សេវាស៊ើបការសម្ងាត់ជាតិ បានទទួលការស៊ើបការណ៍ជាលើកដំបូង អំពីការស្លាប់របស់និស្សិត៣ថ្ងៃ បន្ទាប់ពីហេតុការណ៍ និងការកំណត់អត្តសញ្ញាណជនសង្ស័យក្នុងរយៈពេល៨ថ្ងៃ នេះបើយោងតាមសមាជិកសភា ដោយប៉ូលិសកំពុងតាមដានជនសង្ស័យនៅឡើយ។
សេវាស៊ើបការណ៍សម្ងាត់ជាតិ បានបន្ថែមថា ជនជាតិកូរ៉េខាងត្បូងចំនួន ៥៧នាក់ ស្ថិតក្នុងចំណោមជនសង្ស័យចំនួន ៣ ០៧៥នាក់ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសកម្ពុជាចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំនេះ ពាក់ព័ន្ធនឹងការឆបោក។
យោងតាមសេវាស៊ើបការណ៍សម្ងាត់ជាតិ បានឱ្យដឹងថា បរិវេណឆបោកប្រហែល៥០ ថ្មីៗនេះកំពុងដំណើរនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងតំបន់ដទៃទៀត ដោយមានមនុស្សប្រហែល ២សែន(២០០០០០)នាក់ ចូលរួមក្នុងប្រតិបត្តិការណ៍ឆបោក៕











