វិធានការបង្កក​ទ្រព្យសម្បត្តិ​ធនាគារ​ព្រីន​ស៍​នៅ​ក្រៅ​ប្រទេស​​បន្ត​កើន​ឡើង

វិធាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ធនាគារ​ព្រីនស៍​របស់​ទីប្រឹក្សា​ លោក ហ៊ុន សែន ហាក់​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​ស្ថាប័ន​អន្តរ​ជាតិ ដែល​ជំរុញ​ឱ្យ​មាន​ការ​ព្រមាន​ពី​គ្រោះ​ថ្នាក់​ដល់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា បើ​ប្រព័ន្ធ​ច្បាប់​នៅ​មិន​អាច​កាត់​ទោស​កំហុស​មេឧក្រិដ្ឋ​ជន​ដែល​ស្និទ្ធ​នឹង​មេដឹក​នាំ​បាន។

កាសែត The Chosun Daily ដែល​មាន​មូល​ដ្ឋាន​នៅប្រ​ទេស​កូរ៉េ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​​២០ ខែ​តុលា​នេះ​ថា ប្រាក់​បញ្ញើ​មាន​ប្រមាណ ៩១,២​ពាន់​លាន​វ៉ុន ឬ​ស្មើ​នឹង​ប្រមាណ ៦៤​លាន​ដុល្លារ ដែល​រក្សា​ទុក​នៅ​ក្នុង​ធនាគារ PPC ធនាគារ KB Prasac ធនាគារ Woori Bank Cambodia ធនាគារ Shinhan Bank Cambodia និង DGB Cambodia ត្រូវ​បាន​បង្កក​បន្ទាប់​ពី​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ក្រុម​ហ៊ុន ព្រីនស៍គ្រុប​ ដែល​ជា​ក្រុម​ហ៊ុន​មេ និង​មាន​អង្គភាព​ពាក់​ព័ន្ធ​ចំនួន ១៤៤ ទៀត។

ប្រភព​នោះ​ បន្ត​ថា ការ​បង្កក​ប្រាក់​បញ្ញើ​ត្រូវ​​បាន​ជំរុ​ញ​ដោយ​ទំនាក់​ទំនង​ រវាង​ក្រុម​ហ៊ុន ព្រីនស៍​គ្រុប និង​ក្រុម​ឧក្រិដ្ឋ​​ជន​​មួយ​ឈ្មោះ​ថា Wench ដែល «ល្បួង ឬ​ចាប់​ជំរិត​ជន​បរទេស​នៅ​កម្ពុជា ឃាត់​ខ្លួន និង​ប្រមូល​ផ្តុំជ​ន​រង​គ្រោះ ដើម្បី​ជំរិ​តទារ​ប្រាក់​ជា​សំឡេង និង​ឧក្រិដ្ឋ​កម្ម​ផ្សេង​ទៀត»។

លើសពីនេះ កាលពីថ្ងៃទី២១ ខែ​តុលា ឆ្នាំ​​២០២៥ កាសែត The Chosun Daily របស់​កូរ៉េ​ខាង​ត្បូង បាន​ចុះ​ផ្សាយ​ថា របប​ដឹក​នាំ​របស់​កម្ពុជា​ដែ​​លរួ​ម​រឹត​ដោយ​អំពើ​ពុក​រលួយ ពេល​នេះ​បាន​ក្លាយ​ជា​ជម្រក​ក្រុម​ឧក្រិដ្ឋ​ជន​ ពិសេស​ក្រុម​ឧក្រិដ្ឋ​ជន​ជាតិ​ចិន ក្រោយ​ពី​មាន​ការ​បង្ក្រាប​ពី​បណ្តា​ប្រទេស​មួយ​ចំនួន ។

សម្រាប់ The Chosun Daily ប្រទេស​កម្ពុជា​ធ្លាប់​ពេញ​និយម ដោយ​សារ​ប្រាសាទ​អង្គរ​វត្ត និង​រមណីយ​ដ្ឋាន​ឆ្នេរ តែ​ឥឡូវ​បាន​លេច​ចេញ​ជា​មជ្ឈ​មណ្ឌល​ដ៏​សំខាន់ ស​ម្រាប់​​​អង្គការ​ឧក្រិដ្ឋ​កម្ម​ចិន ក្នុង​រយៈ​ពេល​៣​ទៅ​៤ឆ្នាំ​កន្លង​ទៅ​នេះ។ ហើយ​ថា ក្រុម​ឧក្រិដ្ឋ​ជន​ចិន ពីមុន​បាន​ប្រតិបត្តិ​ការ​នៅ​ប្រទេស​ឡាវ មីយ៉ាន់​ម៉ា និង​តំបន់​ដទៃ​ទៀត ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ ដូច​ជា ការ​ក្លែង​បន្លំ ចាប់​ជំរិត​ និង​ឃាតកម្ម។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ពេល​ដែល​ចាត់​វិធាន​ការណ៍​កាន់​តែ​ខ្លាំង ពួក​គេ​បាន​ផ្លាស់​ប្តូរ​មូល​ដ្ឋាន​ប្រតិបត្តិ​ការណ៍​យ៉ាង​ឆាប់​រហ័ស។

ជុំវិញ​បញ្ហា​នេះ សមាជិក​ព្រឹទ្ធ​សភា​ពី​គណបក្ស​ប្រឆាំង លោក សោ ចាន់ដេត ហៅ​វិធាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ធនាគារ​​ព្រីនស៍​ លោក ចេន ហ្ស៊ី ជា​ការ​កាត់​ផ្តាច់​សរសៃ​ឈាម​មេឧក្រិដ្ឋ​ជន ស្និទ្ធ​នឹង​ លោក ហ៊ុន សែន ដែល​ថា គប់​គិត​គ្នា​បង្កើត​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក គំរាម​កំហែង​សន្តិសុខ​ក្នុង​តំបន់​ និង​ពិភព​​លោក​។

លោកព្រមាន​ថា បើវិធាននេះចេះតែរាលដាល ហើយកម្ពុជា​មិន​ព្រម​ចាប់​បណ្តាញ​ឧក្រិដ្ឋ​ជន មក​ផ្តន្ទា​ទោស វា​នឹង​គំរាម​កំហែង​ធ្ងន់​ធ្ងរ ដល់​​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា។

លោកថា៖ «បញ្ហាឧក្រិដ្ឋកម្មដែលធ្វើឲ្យយើងខូចមុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ ហើយ​អ៊ីចឹង​មាន​ន័យ​ថា ការ​ទូត​យើង​វា​បរាជ័យ​ទាំង​ស្រុង​ហើយ​ គេ​ម៉េច​គេ​ជឿ​ជាក់ អីចឹង​សេដ្ឋកិ​ច្ច​យើង​ គឺ​កាន់​តែ​ធ្លាក់​ចុះ​ទៅ​ទៀត​ ហើយ​គេនឹ​ង​ផ្ដាច់​ការ​ទំនាក់​ទំនង​ការ​រក​ស៊ី​ធនាគារ​ជាមួយ​យើង ហើយ​ការ​រ​កស៊ី​វេរ​លុយ​ធំ​សំខាន់​បំផុត​ ហ្នឹង​ គឺ​ដួល​សេដ្ឋកិច្ច​យើង​គឺ​ចប់ ហើយ​អ្នក​ដែល​រ​ង​គ្រោះ​ធំ​ជាង​គេ គឺ​ពលរដ្ឋ​ខ្មែរ​យើង»។

សម្រាប់​ លោក សោ ចាន់ដេត ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​គួរ​តែ​ចាត់​វិធាន​ការ​ក្តៅ​លើ​មេឧក្រិដ្ឋ​ជន ចេន ហ្ស៊ី ដើម្បី​លាង​ជម្រះ​ពី​ការ​សង្ស័យ​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​អំពើ​ឆបោក និង​អាច​ស្តារ​ទំនាក់​ទំន​ងជា​មួយ​ពិភ​ពលោ​ក​ឡើង​វិញ រួម​ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង ។

ប៉ុន្តែ​ថា​ បើគ្រួសារហ៊ុន​បន្ត​លាក់​បាំង គប់​គិត​ជាមួយ​មេឧក្រិដ្ឋ​ជន ចេន ហ្ស៊ី នោះ​សហគមន៍​អន្តរ​ជាតិ រួម​ទាំង​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់​គ្លេស និង​កូរ៉េ​ខាង​ត្បូង បន្ត​ដាក់​ទណ្ឌ​កម្ម និង​ថ្កោល​ទោស​កម្ពុជា ថាចិញ្ចឹម​ពួក​ឧក្រិដ្ឋ​ជន ដើម្បី​រក​លុយ​ចិញ្ចឹម​អំណាច។

លោក​ថា៖ «សំខាន់អាមេធំ មេធំ​ឧក្រិដ្ឋ​ជន​​ចិន ចេន ហ្ស៊ី និង​ក្រុម​ហ៊ុន​ សែន បើ​យើង​បង្រ្កាប​អាពួក​ហ្នឹង​ដែល​សហរដ្ឋ​អាមេរិក​ គេ​ដាក់​ទណ្ឌ​កម្ម​ហ្នឹង​បាន​បញ្ចប់ បាន​វា​ដោះ​ស្រាយ​ចេញ បើ​មិន​អី​ចឹង​ទេ ករណី​ឧក្រិដ្ឋ​កម្ម​ឆបោក​នៅ​កម្ពុជា​បន្ត​កើត​មាន ហើយ​ទៅ​ចាប់​អាអ្នក​អង្គុយ​ចុច​កុំ​ព្យូទ័រ គ្នា​គ្មាន​ដឹង​អី គ្នា​ជា​ជនរង​គ្រោះ​ដែរ​ហ្នឹង»។

ជុំវិញរឿងនេះ VOD មិនទាន់អាចសុំការបញ្ជាក់​បន្ថែម​ ពី​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ និង​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរបា​ល​ជាតិ លោក ឆាយ គឹម​ខឿន ដើម្បី​ចង់​ដឹង​ពី​ចំណាត់​ការលើ​ក្រុម​ឧក្រិដ្ឋ​ដែល​មហា​អំណាច​ បាន​លាត​ត្រដាង​នោះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

បើតាមរបាយការណ៍នានា បង្ហាញ​ថា ក្រុមឧក្រិដ្ឋជននៃបណ្តាញឆបោក​នៅក​ម្ពុជា មិន​មាន​តែ​ លោក ចេន ហ្ស៊ី ម្នាក់​នោះទេ​ គឺ​មាន​ឧកញ៉ា​ច្រើន​ទៀត​ដែល​ស្និទ្ធ​នឹង​​លោក ហ៊ុន សែន រួម​ទាំង​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិ​បាល​ចំនួន​២៧​នាក់ ក្នុង​នោះ​មាន​ទាំង​ក្មួយ​លោក ហ៊ុន សែន លោក ហ៊ុន តូ ឧកញ៉ា​លី យ៉ុង​ផាត់ និង​រដ្ឋ​មន្ត្រីក្រ​សួង​មហា​ផ្ទៃ លោក ស សុខា ផង​ដែរ។

តែយ៉ាងណា នៅ​ថ្ងៃទី​២០ ខែតុលានេះ ​ក្រសួង​មហាផ្ទៃ ចេញ​សេចក្តីបំភ្លឺមួយ​​​ថា លោក ស សុ​ខា រដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ ពុំ​​មា​នការ​​ពាក់​ព័ន្ធ​ និង​ពុំមា​នភា​គហ៊ុ​ន​​ណា​​មួយ​ជាមួយ​​នឹ​ង​​អាជីវកម្ម​​កាស៊ីណូ ជីន ប៉ី (Jin Bei) ដូច​ការ​​លើ​ក​ឡើង​​នៅ​ក្នុង​​របាយ​ការណ៍ និង​ការ​​ចោទ​ប្រកាន់​​​នោះ​ឡើយ។

ការ​ប្រកាស​របស់ក្រសួង​នេះ ធ្វើឡើង​ក្រោយពី​មានការ​ផ្សព្វផ្សាយព័ត៌មាន​​មួយ​ចំនួន ដោយ​ផ្អែក​​លើរបាយ​ការណ៍​​ដែល​​ថា លោក ស សុខា រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​ផ្ទៃ ​ជា​​សហ​វិនិយោគិន​​ជាមួយ​​នឹង​​ក្រុម​ហ៊ុន​កាស៊ីណូ ជីន ប៉ី នៅ​ក្រុង​ព្រះ​សីហនុ ខេត្ត​​​ព្រះ​សីហនុ។​

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា គាំទ្រ​ចំពោះ​វិធាន​ការ​កូរ៉េ​ខាង​ត្បូង និង​អន្តរ​ជាតិ ក្នុង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ធនាគារ​ព្រីនស៍​របស់​លោក ចេន ហ្ស៊ី នេះ។

លោក​បារម្ភ​ថា បើ​គ្រួសារ​ហ៊ុន​មិន​ចាប់​ខ្លួន​​ក្រុ​ម​​មេឧក្រិដ្ឋក​ម្ម​​ឆបោក ចាប់​​ជំរិត និង​​លាង​​លុយ​​កង្វក់​​ទាំង​​នេះ​​ទេ វា​នឹង​​បង្ក​គ្រោះ​​ថ្នាក់ អសន្តិ​សុខ​​​សុវត្ថិ​ភាព​​ដល់​​អ្នក​​វិនិយោគ ភ្ញៀវ​​ទេស​ចរ និង​​ពលរដ្ឋ​​ខ្មែរ។

លោកថា បើមិន​ចាត់​វិធាន​ការទេ វានឹងបង្កហានិភ័យ​​សង្គម​​ធ្ងន់​ធ្ងរ​​រយៈ​ពេល​យូរ ដែល​បង្ក​​ការ​​ភ័យ​​ខ្លាច និង​​គំរាម​​កំហែង​ដល់​​ជីវភាព​​រស់​​នៅ​​របស់​​ប្រជា​ពលរដ្ឋ ​អ្នក​​វិនិយោគ​​អន្តរ​ជាតិ រួម​ទាំង​អសន្តិសុ​ខ​សង្គម​។

លោក​ថា៖ «អន្តរជាតិ គេកំពុងតែផ្ដោតខ្លាំងទៅ​លើក​ម្ពុជា​ ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​នៃ​អំពើ​ឆបោក​អន​ឡាញ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ឯង អ៊ីចឹ​ង​បើ​សិន​ជា​កូរ៉េ​ចាប់​ផ្តើម​អនុវត្ត​ទៅ​លើ​បញ្ហា​ហ្នឹង នៅ​មាន​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ ក៏​ដូ​ចគ្នា​ គេ​កំពុ​ង​តែពិ​និត្យ​មើល​អំពី​លទ្ធ​ភាព​ ដើម្បី​ទប់​ស្កាត់​ទៅ​លើ​លុយ​កខ្វក់​ដែល​បាន​មក​ពី​បទ​ឧក្រិដ្ឋ​កម្ម​របស់​ឈ្មួញ​ទុច្ចរិត ដែល​កំពុង​តែ​ធ្វើ​ការ​បោក​ប្រាស់​ទៅ​​លើ​​ប្រជាពលរដ្ឋ​នៅក្នុង​ពិភព​លោក ជាពិសេស​នៅ​តំបន់​អាស៊ី​ជាដើម​ហ្នឹង ចឹ​ងគេ​​មិន​អាច​នៅ​ស្ងៀម​បណ្ដែត​បណ្ដោយ​ឲ្យ​អំពើ​ហ្នឹង​ចេះ​តែ​បន្ត​រីក​រាល​ដាល​ទេ»។

កាលពីថ្ងៃទី១៤ ខែតុលា អាមេរិក និង​​ចក្រ​​ភ​ព​​អង់​​គ្លេស​រួ​​ម​គ្នា​​ដាក់​​ទណ្ឌ​​កម្ម​​បង្ក​​ក​ទ្រព្យ​​សម្បត្តិ​ក្រុម​ហ៊ុន​ព្រីនស៍​​របស់​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​ លោក ហ៊ុន សែន ក្រោយ​រក​ឃើញ​ថា ជា​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​ឆបោក​​​ខ្នាត​អន្តរ​ជាតិ​ លួច​លុយ​រាប់​ពាន់​លាន​ដុល្លារ ពី​ជន​រង​គ្រោះ​ជុំវិញ​ពិភព​​លោក។

រដ្ឋាភិបាលអង់គ្លេស បានចោទថា លោក ចេន ហ្ស៊ី គឺជា​មេបណ្ដាញក្រុម​ឧក្រិដ្ឋជន​ឆបោកតាមអន​ឡាញ និងបក្ខពួក កំពុងបើកអាជីវកម្មជាច្រើនកន្លែងនៅក្នុងប្រទេសអង់គ្លេស ក្នុងនោះរួមទាំង​​ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ​ក្នុងទីក្រុងឡុងដ៍ (London) ការកាន់កាប់ភូមិគ្រឹះមួយ​កន្លែង ដែលមានតម្លៃ​១២លានផោន មានអាគារ​ការិយាល័យតម្លៃ ១០០លានផោន រួមទាំង​ផ្ទះល្វែងចំនួន១៧ផ្សេងទៀត។

ក្រៅពីលោក ចេន ហ្ស៊ី ​មន្រ្តី​​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​និង​ឧកញ៉ា​មួយ​​ចំនួន ​ក៏​ជាប់​​ក្នុង​​បញ្ជី​​ខ្មៅ​​របស់​​អាមេរិក ​​ពាក់​​ព័ន្ធ​​នឹង​​ការ​ចាប់​​ជម្រិ​ត​​តាម​​ប្រព័ន្ធ​​​អន​ឡាញ​​នេះ​​ផង​ដែរ​ ក្នុង​​នោះ​​មាន​​ដូ​ច​ជា ​លោក​​នេត សារឿន ឧបនាយក​រដ្ឋមន្រ្តី​និងជា​ក្មួយ​​ប្រសារ​លោក ហ៊ុន សែន ឧកញ៉ា​ហ៊ុន តូ ជាក្មួយ​លោក​ហ៊ុន សែន ឧកញ៉ាកុក អានស​មាជិ​ក​ព្រឹទ្ធ​សភា​ លោកឌី វិជ្ជា កូនប្រសារ​លោក ហ៊ុន សែន លោកគួច ចំរើន អភិបាល​ខេត្ត​កណ្តាល ​លោកស សុ​ខា រដ្ឋមន្ត្រី​ក្រសួង​​​មហាផ្ទៃ​ និង​លោក​យឹម លក្ខណ៍ ប្អូនថ្លៃ​លោកហ៊ុន ម៉ានី។

ជាងនេះ​ទៀត ក្រសួងរតនាគារ​អាមេរិក កាលពី​​ថ្ងៃ​​ទី៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ប្រកាស​​​ដា​ក់​​ទណ្ឌ​កម្ម​​​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​​លោក ហ៊ុន សែន ក្រោយ​​រក​ឃើញ​​ថា បណ្តាញ​​​បោ​ក​​​ប្រាស់​​​តាម​​​អ៊ីន​​​​ធឺណិត​​​នៅ​​​​កម្ពុជា មាន​​ជាប់​​ពាក់​​​ព័ន្ធ​​ក្រុម​​ហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព។

របាយ​ការណ៍​ស្រាវ​ជ្រាវ​ជាង​៧០​ទំព័រ​រប​ស់​វិទ្យាស្ថាន Humanity Research Consultancy ចេញ​ផ្សាយ​កាល​ពី​ខែឧ​សភា ឆ្នាំ​២០២៥ ដែល​រក​ឃើញ​ថា កម្ពុជា​នៅ​ក្រោម​​អំណាច​រដ្ឋាភិ​បាល​គ្រួសារ​​ហ៊ុន ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន​ ជាពិសេស​​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

ប្រភពបន្ត​ថា គ្រួសារហ៊ុនដើរតួនាទីជា​អ្នក​ការ​ពារ​​ពួក​​អ្នក​​មាន​​អំណាច ឱ្យ​​គប់​​គិត​​ជាមួយ​​បណ្តាញ​​ឧក្រិដ្ឋ​​កម្ម​​បរទេស ដើម្បី​​ប្រមូល​​ប្រាក់​​យក​​ទៅ​ចិញ្ចឹម​​គណបក្ស​​កាន់​​អំណាច ដោយ​​ពួក​​គេអាច​​រក​​ចំណូល​បាន​​ពី​​​ឧក្រិដ្ឋ​​កម្ម​​អន​​ឡាញ ប្រមាណ​​ពី​​​ជាង ១២​​ពាន់​​លាន ទៅ ១៩​​ពាន់​​លាន​ដុល្លារ​​នៅ​​ក្នុង​​១ឆ្នាំ។

តាមរបាយការណ៍​​ដដែលបញ្ជាក់ថា ​បុគ្គល​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​​នៅ​​ក្នុង​​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​​ដែន​នៅ​​កម្ពុជា​​សរុប​​​ចំនួន ២៨​នាក់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​​រដ្ឋាភិបាល និង​​ឧកញ៉ា​គ្រាក់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ