បក្សប្រឆាំង​រំលេច​រឿង លោក ហ៊ុន សែន មិន​ស្មោះ​ត្រង់​នឹង​អតីត​ព្រះ​មហា​ក្សត្រ​ក្រោម​ចំណង​វៀត​ណាម

ក្រុម​គណបក្ស​ប្រឆាំង​នៅ​ក្រៅប្រ​ទេស ហាក់​បាន​គាស់​រំលើង​រឿង លោក ហ៊ុន សែន ដោយ​ថា​ មិន​ស្មោះ​ត្រង់​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រ ជុំវិញ​​ការ​ប្តេជ្ញា​ចិត្ត ការ​ពារ​បូរណ​ភាព​ទឹក​ដី តប​តាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឱ្យ​វៀត​ណាម សម្រេច​មហិច្ឆ​តា​លេប​ទឹក​ដី​ខ្មែរ​ រហូត​បច្ចុប្បន្ន។

ការរំឮក​នេះ ចំ​ពេល​ខួប​៣៤​ឆ្នាំ​នៃកិ​ច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​ត្រូវ​គេ​មើល​ឃើញ​ថា កិច្ច​ព្រម​ព្រៀង​នេះ​ ជា​អាវ​ក្រោះ​សម្រាប់​ការ​ពារ​ទឺក​ដី​ខ្មែរ​ដ៏មា​ន​ប្រសិទ្ធ​ភាព តែ​លោក ហ៊ុន សែន ព្យាយាម​កប់​ចោល​ ព្រោះ​តែ​ខ្លាច​បាត់​អំណាច បើ​ទោះ​ជា​ត្រូវ​កាត់​ទឹក​ដី​ឱ្យ​ប្រទេស​ជិត​ខាង​ក្តី។

បើតា​ម​ខ្លឹមសារសំខាន់ៗនៃកិច្ច​ព្រម​ព្រៀង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​មាន​ប្រទេស​ចំនួន​១៨ ជាសាក្សី​ រួម​មាន ​ប្រទេ​ស​បារាំង និង​ឥណ្ឌូ​នេស៊ី ជា​សហ​ប្រធាន គឺ​បង្កើត​ឡើង​ដើម្បី​ផ្សះ​ផ្សា​ជាតិ​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ខ្មែរ រៀប​ចំ​កា​រ​បោះ​ឆ្នោត​សេ​រីត្រឹម​ត្រូវ និង​យុត្តិ​ធម៌។

ជុំវិញ​រឿង​នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន រំឮ​ក​ថាលោក ហ៊ុន សែន បាន​​រំលោភ​បំពាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​គំរាម​រំលាយ​របប​រាជា​និយម បើ​ព្រះ​មហាក្សត្រ​មិន​ឡាយ​ព្រះហ​ស្ត​លេខា​លើ​សន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​យក​តាម​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ សម័យ​វៀត​ណាម​ត្រួត​ត្រា​កម្ពុជា។

ក្នុងន័យនេះ លោកថា លោក ហ៊ុន សែន បាន​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​ទៅ​វៀត​ណាម ដើម្បី​សង​គុណ​វៀត​ណាម​ដែល​បាន​លើក​បន្តុប​គាត់​ តាំង​ពី​ទសវត្សរ៍​ទី៨០​មក ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន​បាត់​បង់​ដី​ស្រែ​ចម្ការ រួម​ទាំង​កោះ​ត្រល់ និង​ចង្កោម​កោះ​ក្រចក​សេះ​ជា​ដើម។

លោកថា៖ «បើសិនជាត្រកូលហ៊ុន នៅ​តែ​បន្ត​កាន់​អំណាច​តទៅ​ទៀត គឺ​នឹង​បន្ត​កាត់​ទឹក​ដី​ខ្មែរ​យើង​សង​គុណ​វៀត​ណាម​ ដែល​វៀត​ណាម​លើក​បន្តុប​ឱ្យ​ លោក ហ៊ុន សែន កាន់​អំណាច​តាំង​ពី​ទសវត្សរ៍​ទី​៨០​ហ្នឹង​បន្ត​ទៀត។ អ៊ីចឹង​ធ្វើ​ឲ្យ​ទឹក​ដី​ខ្មែរ​យើង​បាត់​បង់​បន្ថែម​ទៀត​ ហើយ​មួយ​ទៀត​ នឹង​កាត់​ទឹក​ដី​ខ្មែរ​យើង​ទៅ​ឲ្យថៃ​ ដើម្បី​ដូរ​យក​សន្តិ​ភាព​នៃ​អំណាច​ផង​ដែរ។ ដូច្នេះ​បើ​ យើង​មិន​ផ្លាស់​ប្ដូរ​ត្រកូល​ហ៊ុន​ចេញ ពី​កា​រ​ដឹក​នាំ​ប្រទេស​នោះ​ទេ កម្ពុជា​យើង​នឹង​ក្លាយ​ទៅ​ជា​កម្ពុជា​ក្រោម​ទី២។ ប្រទេស​ថៃ​ និង​ប្រទេស​វៀត​ណាម និង​ចែក​ប្រទេស​កម្ពុ​ជា​ ដូច​ជា​ពីរ​ចម្រៀក​ គឺ​ខាង​លិច​ទន្លេ​មេគង្គ​ថៃ​យក​ទៅ​ខាង​កើត​ ទន្លេមេ​គង្គ​វៀត​ណាម​យក​ទៅ»

អំឡុង​ឆ្នាំ​២០០៥ លោក ហ៊ុន សែន ធ្លាប់​គំរាម​ចំៗ​ថា នឹង​ប្តូរ​របប​រាជា​និយម​ទៅ​ជា​សាធារណ​រដ្ឋ បើ​ព្រះ​មហាក្សត្រ​មិន​ព្រម​ឡាយ​ព្រះ​ហស្ថ​លេខា​ លើ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ ដែល​គូស​វាស​ដោយ​វៀត​ណាម​នៅ​ឆ្នាំ​១៩៨៥ ឱ្យ​រ​ស់ឡើ​ង​វិញ ដែល​គេ​ចាត់​ទុក​ថា​ជា​សន្ធិ​សញ្ញា​ខុស​ច្បាប់ ផ្ទុយ​នឹង​កិច្ច​ព្រម​ព្រៀង​សន្តិភា​ព​ទីក្រុង​ប៉ារីស ដែល​តម្រូវ​ឱ្យ​មោឃភាព​​ចោល។

លោក​ថា៖ «ខ្ញុំនិយាយជាមួយសម្តេចក្រុម​ព្រះ​ហើយ ខ្ញុំ​ថា​ព្រះ​អង្គ និយាយ​ប្រាប់​ឯកឧត្តម ស៊ុន ចាន់​ថុល កុល ផែង ស៊ីសុវត្ថិ សន្ថារ៉ា នៅ​លើ​យន្ត​ហោះ ហើយ​ខ្ញុំ​ប្រាប់​សម្តេច​ក្រុម​ព្រះ ពេល​ដែល​ជួប​តាម​ទូរសព្ទ​​ថា ព្រះ​អង្គ​បើ​លើក​នេះ​វា​ពិបាក​ស៊ីញ៉េ​ ត្រូវ​ពិនិត្យ​ឡើង​វិញ យើង​គួរ​ទុក​រាជា​និយម ឬ​ធ្វើ​សាធារណ​រដ្ឋ​ឱ្យ​វា​មាន​ប្រធានាធិបតី»។

ក្រោយពីលោក ហ៊ុន សែន គំរាមព្រះមហាក្សត្រ​បាន​ជោគ​ជ័យ គណបក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​ប្រហាក់​ប្រហែល​នឹង​បក្ស​កាន់​អំណាច​ដែរ គឺ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ចេញ​ពី​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឱ្យ​ប្រទេស​​វៀត​ណាម​សម្រេច​មហិច្ឆតា​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ជិត​១០​០​ភាគរយ ទាំង​ខ្មែរ​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ជាតិ។

បន្ថែម​ពី​នេះ អ្នកដែលរិះគន់បញ្ហាព្រំដែននេះ ត្រូវចាប់ដាក់​ពន្ធនាគារ មាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន លោក ហុង សុខហួរ និង​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើ​ល​កម្ពុជា លោក រ៉ុង ឈុន ជាដើម។

យ៉ាងណា ចំពេលខួប៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស​នេះ លោក ហ៊ុន សែន លោ​ក​បាន​រំឮក​លើ​ហ្វេស​ប៊ុក​លោក​ដែរ​ថា មុន​នឹង​ឈាន​ទៅ​មាន​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ គឺ​លោក​បាន​ពិភាក្សា​ដំបូង​ជាមួយ​អតី​ត​ព្រះ​មហាក្សត្រ​ខ្មែរ​ សម្តេច​ព្រះ​នរោត្តម​សីហនុ ក្នុង​ឆ្នាំ​១៩៨៧ នៅ​ប្រទេស​បារាំង។

លោកថា ការចរចា​ពេល​នោះ មាន​សេចក្តី​ប្រកាស​រួម ដែល​ហៅ​ថា​ជំនួប​ចរចា សីហនុ-ហ៊ុន សែន តែ​លោក​ថា​ទោះ​មាន​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ឆ្នាំ​១៩៩១ ពិត​មែន ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគី​ប៉ុល​ពត។

ក្នុងន័យនេះ លោក​ថា ក្រោម​នយោ​បាយ​ឈ្នះ-ឈ្នះ របស់​លោក​ទៅ​វិញ​ទេ ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង នៅ​ឆ្នាំ​១៩៩៨ ដែល​កម្ពុជា​បាន​ស្គាល់​នូវ​សន្តិភាព​ពេញ​លេញ និងសម្បូរ​សប្បាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ប៉ុន្តែអ្នក​នយោបាយ​ជំទាស់ លោក អ៊ុំ សំអាន យល់​ថា នយោ​បាយ​ឈ្នះ-ឈ្នះ លោក ហ៊ុន សែន ធ្វើ​ឱ្យ​ខ្មែរ​បែក​បាក់ តាម​រយៈ​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ចាប់​មន្រ្តី​បក្ស​ប្រឆាំង សកម្ម​ជន​សង្គម ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត ដែល​លោក​ថា​ជា​គ្រោះថ្នា​ក់​ដល់​ពលរដ្ឋ​តជំនាន់ រួម​ទាំង​បូរណភាព​ទឹក​ដី​ខ្មែរ។

លោកថា«នយោបាយឈ្នះៗរបស់លោក ហ៊ុន សែន ហ្នឹង​គឺ​វៀត​ណាម​ជា​អ្នក​ឈ្នះ ហើយ​ក្រុម​បក្ខ​ពួក​លោក ហ៊ុន សែន ជា​អ្នក​ឈ្នះ ប៉ុន្តែ​អ្នក​ដែល​ចាញ់​ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​អ្នក​ដែល​ចាញ់​គឺ​កម្ពុជា​ដែល​បាត់​បង់​ទឹក​ដី ដោយ​សា​រ​តែ លោក ហ៊ុន សែន ​កា​ត់​ទឹក​ដី​ខ្មែរ​យើង​ទៅ​ឱ្យ​វៀត​ណាម។ ដូច្នេះ​ឈ្នះ​សម្រាប់​តែ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​តែ​ប៉ុណ្ណោះ​ឯង មិន​មែន​ឈ្នះ​សម្រាប់​ខ្មែរ​ទូទាំង​ប្រទេស​នោះ​ទេ។ ឃើញ​លោក​ ហ៊ុន សែន ព្យាយាម​កម្ទេច​បក្ស​ប្រឆាំង​សង្គម​ស៊ីវិល​ សកម្ម​ជន​បរិស្ថាន កម្ទេច​គេ​ដើម្បី​ឈ្នះ​តែ​ខ្លួន​ឯង»

នៅថ្ងៃខួបនេះដែរ គណបក្សកម្លាំងជាតិវិញ ក៏បាន​ប្រារព្ធ​ទិវា​ខួប​៣៤​ឆ្នាំ នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ នៅ​ស្នាក់​ការ​របស់​ខ្លួន ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ គោរព​សិទ្ធិមនុស្ស ផ្សះ​ផ្សា​ជាតិ​ឡើង​វិញ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និយាយ​ក្នុង​ពិធី​នោះ​ថា បើ​ខ្មែរ​បែក​បាក់​ជា​ឱកាស​បរទេស​ឈ្លាន​ពាន​ដី​ខ្មែរ។

លោកថា៖ «ពលរដ្ឋខ្មែរទាំងអស់ យើង​ត្រូ​វតម្កល់​នូវ​ស្មារតី​នៃ​កិ​ច្ច​ព្រម​ព្រៀង​២៣​តុលា​នេះ។ហើយ​សុំ​ឲ្យ​ខ្មែ​រ​យើង​ត្រូវ​តែ​មាន​ការ​ឯកភាព! ឯកភាព សាមគ្គី​ភាព​ ដើម្បី​ខ្មែ​រយើង​ខ្លាំង​ បើ​សិន​ជា​យើង​បែក​បាក់ យើង​គ្មាន​ការ​ឯក​ភាព​ យើង​នឹង​ជួប​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​គេមើល​ស្រាល​មក​លើ​កម្ពុជា​យើង ចឹង​ដើម្បី​ខ្មែរ​ទាល់​តែ​ខ្មែរ​សាមគ្គី​ហើយ​ខ្មែរ​ឯកភាព​គ្នា»។

ដោយឡែក ស្ថានទូតបារាំងនៅកម្ពុជាវិញ រំឭកថា កាល​ពី​៣៤​ឆ្នាំ​មុន កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស៍​ត្រូវ​បាន​ចុះ​ហត្ថលេ​ខា ដែល​កិច្ច​ព្រម​ព្រៀង​នេះ​បាន​បិទ​បញ្ចប់​ជម្លោះ​ដែល​កើត​មាន​ជាច្រើ​ន​ឆ្នាំ ហើយបា​ន​បើក​ផ្លូវ​ទៅ​កាន់​ការ​វិល​ត្រលប់​មក​វិញ​នៃ​សន្តិភាព និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ។

ប្រភពថា ប្រទេសបារាំង​ដែល​បាន​ស្វាគមន៍ និង​ធ្វើ​ជា​សហ​ប្រធាន​សន្និ​សីទ​ដែល​នាំ​ទៅ​ដល់​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ គូសប​ញ្ជាក់​សា​រជា​ថ្មី​នូវ​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​ពេញ​លេញ​នូវ​មរត​ក​នៃ​គោល​ការណ៍​នានា ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស៍ ដែល​ចារឹក​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ប្រទេស​កម្ពុជា។ គោល​ការ​ណ៍ទាំ​ង​នេះ នៅ​តែ​ជា​តម្លៃ​សំខាន់​សម្រាប់​​ការ​អភិវ​ឌ្ឍ​ប្រកប​ ដោយ​ស្ថិរភាព ចីរភាព និង​ដែល​គោរព​សិទ្ធិ និង​សេរីភាព​ជាមូល​ដ្ឋាន។

រីឯ ក្រុមប្រឹក្សាជាតិតស៊ូដឹកនាំដោយ លោក សម រង្ស៊ី ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​រដ្ឋាភិ​បាល​ក្រៅ​ប្រទេស​ឈ្មោះ «រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា»។

តាមរយៈសេចក្តីថ្លែងការណ៍កម្រាស់២ទំព័រ ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ កត់​សម្គាល់​ថា របប​លោក​ ហ៊ុន សែន បាន​បំផ្លាញ​ឬស​គល់​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ ហើយ​បំផ្លាញ​ការ​ធានា​ពី​អន្តរ​ជាតិ​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ និង​បូរណ​ភាព​ទឹកដីកម្ពុជា។

ជាងនេះទៀត រយៈពេល២ទសវត្សរ៍កន្លង​មក​នេះ កម្ពុជា​បាន​ក្លាយ​ទៅ​ជារ​ដ្ឋ​ម៉ាហ្វី​យ៉ា ជា​ពិសេស ក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​រីក​ដុះ​ដាល​យ៉ាង​ខ្លាំង​នូវ​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ ទាក់​ទង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ក្រោម​ការ​ការ​ពារ​ពី​រដ្ឋ​អំណាច​ថែម​ទៀត។

ក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹ​ង​ធ្វើ​ឲ្យ​ស្មារតី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ រស់​ឡើង​វិញ​ដើម្បី​កសាង​ស្ថាប័ន​ប្រជា​ធិប​តេយ្យ ធានា​នីតិរដ្ឋ​ពិត​ប្រាកដ និង​ប្រគល់​សង​អំណាច​ជូន​ប្រជា​រាស្ត្រ​ខ្មែរ​វិញ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​តែមួ​យ​គត់។

ការបោះប​​ង្គោ​ល​ព្រំដែន​ជាមួយ​វៀត​ណាម នាសម័យ​លោក ហ៊ុន សែន ​គ្រប់​​​គ្រង​​បាន​​​​ធ្វើ​​ឡើង​ចាប់​​​ពី​​ដើម​​ឆ្នាំ​​២០0៦ ពោល​គឺ​​តាម​​សន្ធិ​​សញ្ញា​​បំពេញ​​បន្ថែម​​ឆ្នាំ​​២០០៥លេចជារូបរាង។

ចាប់ពីពេលនោះ លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា ធ្វើ​ឱ្យ​របូត​ចង្កោម​កោះ​ក្រចក​សេះ កោះ​ត្រល់ រួម​ទាំង​ដែន​ដី​គោក​​ច្រើន​ទៀត​តាម​ព្រំដែន ធ្លាក់​ក្នុង​ដៃ​វៀតណាម​គ្រប់​គ្រង តាម​រយៈ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​២០០៥​នេះ ។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ​អធិប​តេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។

មាត្រា​៤៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែង​ថា បទ​ប្រគល់​​​ឱ្យ​​រដ្ឋ​បរទេស​នូវ​​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយផ្នែក​ ជា​អំពើ​ក្បត់​​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជិវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ