លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ភីត ហេកសេត បាននិយាយនៅថ្ងៃពុធថា យោធាសហរដ្ឋអាមេរិកបានសម្លាប់អ្នករត់ពន្ធគ្រឿងញៀនពីរនាក់ ដែលត្រូវបានចោទប្រកាន់នៅក្នុងការវាយប្រហារប្រឆាំងនឹងនាវាមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលជាការវាយប្រហារពង្រីកការប្រើប្រាស់យោធារបស់រដ្ឋបាល លោក ត្រាំ នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះថា ការវាយប្រហារនេះ គឺជាប្រតិបត្តិការណ៍យោធាសហរដ្ឋអាមេរិកដំបូងគេបង្អស់ នៅក្នុងប៉ាស៊ីហ្វិក តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមការវាយលុកយោធាថ្មី ប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលបាននាំឱ្យមានការវាយប្រហារយ៉ាងហោចណាស់ ៧ដង នៅក្នុងសមុទ្រការីប៊ីន និងបានបង្កើនភាពតានតឹង រវាងសហរដ្ឋអាមេរិក ជាមួយវេណេស៊ុយអេឡា និងកូឡុំប៊ី។
លោក ភីត ហេកសេត បាននិយាយដោយមិនបានផ្តល់ជាភស្តុតាងថា ‘‘នាវានេះត្រូវបានដឹងដោយការស៊ើបការណ៍របស់យើងថា មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ដោយកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវដឹកជញ្ជូនគ្រឿងញៀន ដែលគេស្គាល់ស្រាប់ និងកំពុងដឹកគ្រឿងញៀនផងដែរ’’។
បន្ថែមពីនេះ លោកបានបង្ហោះវីដេអូប្រហែល ៣០នាទី នៅលើបណ្តាញសង្គមអិក្ស(X) ដែលហាក់ដូចជាបង្ហាញអំពីនាវាដែលកំពុងធ្វើដំណើរលើទឹកមុនពេលផ្ទុះ។
ការវាយប្រហារនៅក្នុងសមុទ្រការីប៊ីន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់ ប៉ុន្តែរដ្ឋបាល លោក ត្រាំបានផ្តល់ព័ត៌មានលម្អិតមួយចំនួន ដូចជា ចំនួនគ្រឿងញៀនដែលបានចោទប្រកាន់មានប៉ុន្មានដង ដែលនាវាគោលដៅបានដឹកជញ្ជូន ឬភស្តុតាងជាក់លាក់ដែលបង្ហាញថា ពួកគេបានដឹកគ្រឿងញៀន។
លោក ត្រាំ ត្រូវបានសួរអំពីការវាយប្រហារនេះ ដោយអ្នកសារព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើ(Oval Office) លោកបាននិយាយថា រដ្ឋបាលរបស់លោក មានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការវាយប្រហារទាំងនោះ ហើយលោកជឿជាក់ថា ការវាយប្រហារនីមួយៗបានជួយសង្រ្គោះជនជាតិអាមេរិក៕











