កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១ ដែលមានប្រទេសចំនួន១៨ជាហត្ថលេខី ត្រូវបានបញ្ញវ័ន្តអ្នកជាតិនិយម និងអ្នកច្បាប់ខ្មែរជាច្រើន ចាត់ទុកថា គឺប្រៀបបីដូចជាខែលឬជាអាវក្រោះសម្រាប់កម្ពុជា ពាក់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ប៉ុន្តែលោក ហ៊ុន សែន ដែលត្រូវបានលើកបន្តុបដោយវៀតណាមឱ្យឡើងកាន់អំណាចជាង៤០ឆ្នាំមកនេះ ហាក់មិនឱ្យតម្លៃលើកិច្ចព្រមព្រៀងដែលមានតម្លៃជាអន្តរជាតិនេះទេ បែរជាឱ្យតម្លៃនយោបាយឈ្នះឈ្នះទៅវិញ។ ហេតុអ្វីលោកហ៊ុន សែន មិនឱ្យតម្លៃកិច្ចព្រមព្រៀងក្រុងប៉ារីស បែរជាឱ្យតម្លៃនយោបាយឈ្នះឈ្នះ ?
នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែតុលានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីទៀតថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនអាចយកមកដោះស្រាយបញ្ហាព្រំដែនបាននោះឡើយ ហើយធាតុចូលនៃកិច្ចព្រមព្រៀងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញអស់ទៅហើយ។ លោកដាក់ជាសំណួរថា បើយកកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីសមកដោះស្រាយ តើសហប្រធានឥណ្ឌូណេស៊ី និងបារាំង រួមទាំងបណ្តាប្រទេសហត្ថលេខីយល់ព្រមដែរទេ? ពិតជាមិនអាចទៅរួច ដោយសារតែកម្ពុជា និងថៃ ចោទគ្នាទៅវិញទៅមក។ លោកហ៊ុន សែន គូសបញ្ជាក់ថា រឿងរ៉ាវព្រំដែននេះ គឺទៅហួសទៅដល់តុលាការយុត្តិធម៌ ICJ ទៅហើយ ខណៈបច្ចុប្បន្ន ប្រទេសទាំងពីរឈានទៅដល់ការចរចាសន្តិភាព ដោយមិនពឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឡើយ។
បន្ថែមពីនេះ នៅក្នុងសារលើបណ្តាញសង្គមរបស់ លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែតុលា បានសរសេរថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់លោកគឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។
ប៉ុន្តែយ៉ាងណាក្តី អ្នកនយោបាយប្រឆាំង និងអ្នកច្បាប់ មិនយល់ស្របទៅនឹងការលើកឡើងរបស់ លោកហ៊ុន សែន នេះឡើយ ដោយគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានប្រទេសចំនួន១៨ ចុះហត្ថលេខា កាលពី៣៤ឆ្នាំមុន គឺនៅតែមានតម្លៃជាសកល មិនបានស្លាប់ទេ ពីព្រោះកិច្ចព្រមព្រៀងជាអន្តរជាតិនេះ មិនមានមាត្រាណាមួយដែលបានចែងកំណត់ពីសុពលភាពឡើយ។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកច្បាប់ជើងចាស់ បានចោទសួរថា ឆ្ងល់ដែរហេតុអ្វីបានជារដ្ឋាភិបាលគ្រួសារហ៊ុន មិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយការឈ្លានពានទឹកដីខ្មែរ ? លោកបណ្ឌិតលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមាន២ច្បាប់ ។ ច្បាប់ទី២ ចែងអំពីការធានារបស់អន្តរជាតិចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិកម្ពុជា។ ការធានានេះ ចែងជាអាទ៍ថា៖ «កម្ពុជា…សន្យាយ៉ាងឱឡារឹកថានឹងថែរក្សានិងការពារ” ហើយ ”ភាគីនានានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សន្យាយ៉ាងឱឡារឹកថា គោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាពនិងឯកភាពជាតិកម្ពុជា” ។
ជាមួយគ្នានេះ លោក សរ ម៉ូរី ដែលជាសកម្មជនអង្គការសង្គមស៊ីវិល ក៏បានសរសេរលើបណ្តាញសង្គមដោយចោទសួរផងដែរថា ហេតុអ្វីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសំខាន់ សម្រាប់ការពារឯករាជ្យ និងបូរណភាពដែនដីកម្ពុជា?
ឆ្លើយទៅនឹងសំណួរនេះ លោក ម៉ូរី បានស្រង់កឋាខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅត្រង់ឧបសម្ព័ន្ធទី៥ ដែលចែងថា ប្រទេសកម្ពុជា និងប្រទេសសមាជិកហត្ថលេខីចំនួន១៨ ផ្សេងទៀត ដែលរួមមានប្រទេសជិតខាង (ថៃ ឡាវ និងវៀតណាម) បានព្រមព្រៀងគ្នាជាឱឡារិកនៅចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ ទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា។ នៅក្នុងមាត្រា២ (១) ក្រោមចំណុច II ធំ នៃឧបសម្ព័ន្ធទី៥ បានចែងថា «ភាគីនានាក្នុងកិច្ចព្រមព្រៀងនេះ តាមរយៈនេះសន្យាយ៉ាងឱឡារឹកថា ទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹត្យភាព និងឯកភាពជាតិកម្ពុជា»។
ចំណែក នៅត្រង់មាត្រា៤ បានចែងថា ភាគីដែលចុះកិច្ចព្រមព្រៀងនេះ អំពាវនាវរដ្ឋដទៃទៀត ឱ្យទទួលស្គាល់និងគោរពគ្រប់បែបយ៉ាងដល់អធិបតេយ្យភាព ឯករាជ្យបូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹត្យ និងឯកភាពជាតិរបស់កម្ពុជា ហើយចៀសវាងធ្វើអំពើដែលមិនស្របនឹងគោលការណ៍ទាំងនេះ ឬដែលមិនស្របទៅនឹងប្រការដទៃទៀតនៃកិច្ចព្រមព្រៀងនេះ។
សម្រាប់ប្រទេសបារាំង ដែលជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តាមរយៈស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចូលរួមរម្លឹកខួប៣៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ដោយសរសេរលើហ្វេសប៊ុកស្ថានទូតថា កាលពី៣៤ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ត្រូវបានចុះហត្ថលេខា ហើយបានបិទបញ្ចប់ជម្លោះដែលកើតមានជាច្រើនឆ្នាំ និងបានបើកផ្លូវទៅកាន់ការវិលត្រលប់មកវិញនៃសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។ បារាំងបានស្វាគមន៍ និងបានធ្វើជាសហប្រធានសន្និសីទ ដែលនាំទៅដល់ការចុះហត្ថលេខា និងសូមគូសបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងពេញលេញ នូវមរតកនៃគោលការណ៍នានា នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ដែលចារឹកក្នុងរដ្ឋធម្មនុញនៃប្រទេសកម្ពុជា។ គោលការណ៍ទាំងនេះ នៅតែជាតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព និងដែលគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។
ជាមួយគ្នានេះ ប្រទេសកាណាដា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ក៏បានបង្ហាញពីមោទនភាពដែលបានក្លាយជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេសហត្ថលេខីចំនួន ១៨ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាប្រវត្តិសាស្ត្រនេះផងដែរ ដោយលើកឡើងតាមរយៈផេកផ្លូវការរបស់ស្ថានទូតថា កិច្ចព្រមព្រៀងនេះ បានបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ និងបានចាក់គ្រឹះសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ «ប្រទេសកាណាដា នៅតែប្តេជ្ញាធ្វើការជាមួយប្រជាជនកម្ពុជា ដើម្បីលើកតម្កើង ស្មារតី និងគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
តើហេតុអ្វីលោក ហ៊ុន សែន មិនឱ្យតម្លៃកិច្ចព្រមព្រៀងក្រុងប៉ារីស បែរជាឱ្យតម្លៃនយោបាយឈ្នះឈ្នះ ? តើមានអ្វីនៅពីក្រោយលោកហ៊ុន សែន?
សម្រាប់លោក សម រង្ស៊ី ដែលជាគូប្រជែងនយោបាយយូរអង្វែង ជាមួយលោកហ៊ុន សែន ហើយនៅពេលនេះបានបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដោយសារតែទទូចហើយទទូចទៀត ចាប់តាំងពីមានការផ្ទុះសង្គ្រាមទប់ទល់ទៅនឹងការឈ្លានពានទឹកដីពីប្រទេសថៃ សូមឱ្យរដ្ឋាភិបាលគ្រួសារហ៊ុនស្នើសុំទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឱ្យកោះប្រជុំដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ តែរដ្ឋាភិបាលគ្រួសារហ៊ុនធ្វើជាមិនអើពើនោះ អះអាងថា រដ្ឋាភិបាលគ្រួសារហ៊ុន គឺជាអាយ៉ងរបស់វៀតណាម។
លោក សម រង្ស៊ី បញ្ជាក់ថា៖ «ពីព្រោះលោកហ៊ុន សែន មិនហ៊ានស្នើសុំឱ្យសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសកោះប្រជុំ ដើម្បីដោះស្រាយបញ្ហាទឹកដីខ្មែរ ដែលត្រូវបានថៃរំលោភបំពាននោះទេ ពីព្រោះបើមានការកោះប្រជុំ វានាំឱ្យមានការសើររើទឹកដីនៅព្រំដែនខាងកើតជាមួយវៀតណាមដែរ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់វៀតណាម ដែលលើកបន្តុបលោក ហ៊ុន សែន ឱ្យឡើងកាន់អំណាចជាង៤០ឆ្នាំមកនេះ និងក៏ធ្វើឱ្យប៉ះពាល់ដល់មហិច្ឆតារបស់លោកហ៊ុន សែន ដែលចង់ក្រាញអំណាចតពូជផងដែរ»។
សម្រាប់អ្នកនយោបាយប្រឆាំងផ្សេងទៀត និងបញ្ញវ័ន្តឯករាជ្យមួយចំនួន លើកឡើងថា បើមើលនយោបាយឈ្នះ ឈ្នះ របស់លោកហ៊ុន សែន អ្នកដែលឈ្នះពិតប្រាកដ គឺវៀតណាម ខណៈដែលវៀតណាមមានមហិច្ឆតាលេបទឹកដីខ្មែរ ព្រោះយុទ្ធសាស្ត្រឈ្នះ ឈ្នះនេះ បានធ្វើឱ្យខ្មែរបែកបាក់ ខ្មែរបាត់បង់ទឹកដី កម្ពុជាមានកេរ្តិ៍ឈ្មោះស្អុយអាសោចលើឆាកអន្តរជាតិ កម្ពុជាត្រូវសហគមន៍អន្តរជាតិកាត់ផ្តាច់ជំនួយជាបន្តបន្ទាប់ ពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច និងបណ្តាញឧក្រិដ្ឋជនឆបោក ចាប់ជំរិតគ្រឿងញៀន និងរួមរឹតទៅដោយវិបត្តិបំណុលវ័ណ្ឌក អំពើអយុត្តិធម៌សង្គមរីកកាន់តែធំ គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងជាដើម។
រីឯអ្នកនយោបាយប្រឆាំង សកម្មជនសង្គម និងអ្នកជំរុញយន្តការប្រជាធិបតេយ្យ តាមការចង់បានរបស់ពលរដ្ឋខ្មែរ និងបំណងអន្តរជាតិ រួមទាំងអ្នកនិយាយពីប្រវត្តិសាស្ត្របាត់ទឹកដី ត្រូវរដ្ឋាភិបាលចាប់ញាត់ចូលគុក និងដកសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ ក្នុងនោះក៏មានលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរបស់លោកហ៊ុន សែន រំលាយចោលផងដែរ។ នេះជាអាថ៌កំបាំងនៅពីក្រោយការមិនឱ្យតម្លៃកិច្ចព្រមព្រៀងក្រុងប៉ារីស ជំនួសមកវិញដោយនយោបាយឈ្នះឈ្នះរបស់ លោក ហ៊ុន សែន។ នេះក៏ឆ្លុះបញ្ជាំងផងដែរថា តើបន្ទាត់នយោបាយរបស់អតីតកម្មាភិបាលខ្មែរក្រហមរូបនេះបម្រើផលប្រយោជន៍ខ្មែរ ឬបម្រើមហិច្ឆតាបរទេស ក្នុងពេលកាន់អំណាចជាង៤០ឆ្នាំ និងច្រើនឆ្នាំទៅមុខទៀត និងថាតើនឹងមានហានិភ័យអ្វីខ្លះទៀតដល់ពលរដ្ឋខ្មែរ ក្នុងកណ្តាប់ដៃកូនលោកហ៊ុន សែន ?
បើនិយាយពីការរលត់រលាយនៃអង្គការចាត់តាំងខ្មែរក្រហម គឺមិនមែនដោយសារតែនយោបាយឈ្នះឈ្នះរបស់លោកហ៊ុន សែន តែមួយនោះទេ គឺចំណុចសំខាន់ដោយសារតែប្រទេសចិន ឈប់គាំទ្រខ្មែរក្រហមពីព្រោះរបបខ្មែរក្រហមត្រូវបានបង្កើតឡើងដោយចិន។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានថ្លែងថា លោកហ៊ុន សែន តែងតែលើកឡើងថា មានតែលោកទេ ដែលមានសមត្ថភាពកម្ចាត់នយោបាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ឱ្យរលត់រលាយដោយប្រើនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីកងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្មផ្តាច់ខ្លួនចុះចូលមករួមរស់ជាមួយរដ្ឋាភិបាលជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៩៦មក។ ប៉ុន្តែលោកថា នយោបាយឈ្នះឈ្នះវាជាសន្តិភាពមួយនៃផ្ទៃក្នុងជាតិខ្លួនឯងទេ មិនមែនជាសន្តិភាព ដូចជាសន្ធិសញ្ញាអន្តរជាតិដែលមានការដឹងឮពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចទាំង៥ ឱ្យបញ្ចប់ការឈ្លានពានរបស់កងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា និងភាគីជម្លោះខ្មែរទាំង៤ ឈប់ច្បាំងបង្ហូឈាមគ្នា ហើយរួបរួមជានាគ្នារៀបចំកសាងប្រទេសឱ្យទៅជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស។
លោក សុវណ្ណារ៉ា ថ្លែងថា ជាភាពជាក់ស្តែងយើងឃើញថា លោកហ៊ុន សែន បានកម្ចាត់អង្គការនយោបាយចាត់តាំងរបស់ខ្មែរក្រហមចុងក្រោយ គឺជាស្នាដៃរបស់គាត់។
លោកថា៖ «ប៉ុន្តែអ្វីៗវាអាស្រ័យទៅលើការឱ្យតម្លៃ និងការមើលឃើញជាប្រវត្តិសាស្ត្រ ក៏ដូចជាមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាអ្នកវិនិច្ឆ័យជាអ្នកឱ្យគុណតម្លៃទេ ក្នុងនាមគាត់ គាត់ចង់បង្ហាញនូវស្នាដៃចង់បង្ហាញាឱ្យគេមើលឃើញថា គាត់អាចជារដ្ឋបុរសជាបិតាសន្តិភាព ប៉ុន្តែវាមិនមែនជាកម្រិតនៃសកលដែលអាចឱ្យគេទទួលស្គាល់ ដូចជា ឱ្យពានរង្វាន់ណូបែលសន្តិភាពបែបអន្តរជាតិទេ អាហ្នឹងវាជាកត្តាចែកដាច់ខុសគ្នាក្នុងការវិនិច្ឆ័យការសន្និដ្ឋាន»។
លោកបណ្ឌិតកែម ឡី អ្នកវិភាគឯករាជ្យ ធ្លាប់បាននិយាយកាលពីលោកនៅមានជីវិតថា លោកហ៊ុន សែនតែងតែនិយាយជំនួសសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយលោកថា មិនទាន់ប្តឹងទៅតុលាការផង លោកហ៊ុន សែន បែរជាថា ប្តឹងទៅខ្លាចចាញ់។ គាត់បានការពារប្រទេសជិតខាង ដែលរំលោភបំពានទឹកដីខ្មែរទាំងមិនទាន់ធ្វើ៕









