ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និយាយប្រហាក់ប្រហែលគ្នាថា ការដែលមេដឹកនាំប្រទេសលើកឡើងបញ្ហាព្រំដែនរបស់ខ្លួន មានភាពស្មុគស្មាញរាប់រយឆ្នាំ ចំពេលប្រទេសជិតខាងពង្រីកការឈ្លានពាននោះ សបញ្ជាក់ថា ជាមេដឹកនាំខ្វះឆន្ទៈការពារទឹកដី ធ្វើអ្វីៗដើម្បីតែអំណាច ការណ៍នេះពួកគេបារម្ភពីគ្រោះថ្នាក់ជាតិតជំនាន់ បើគ្មានចរន្តផ្លាស់ប្តូរទេនោះ។
ក្តីបារម្ភនេះ ក្រោយពី នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើហ្វេសប៊ុក កាលពីថ្ងៃទី២៣ ខែតុលានេះ ដោយនិយាយថា បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នា តាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។
លើសពីនេះ នៅថ្ងៃទី២៣ ខែតុលានេះផងដែរ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជា-ថៃ ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ បានឯកភាពគ្នាសាងសង់បង្គោលព្រំដែនថ្មីចំនួន១៥បង្គោល។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំងដែលមានបទពិសោធន៍កិច្ចការព្រំដែន លោក អ៊ុំ សំអាន ចាត់ទុកសាររបស់លោក ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងពីការគ្មានទំនួលខុសត្រូវ និងគ្មានឆន្ទៈការពារទឹកដីខ្មែរ។
លោកពន្យល់ថា ព្រំដែនកម្ពុជាមិនមានភាពស្មុគស្មាញ ដូចការអះអាងរបស់លោក ហ៊ុន ម៉ាណែត ទេ។
លោកបញ្ជាក់ថា កម្ពុជាមានសន្ធិសញ្ញាបារាំង១៩០៤-០៧ មានអនុសញ្ញាអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ដើម្បីការពារទឹកដី និងដោះស្រាយជម្លោះព្រំដែនកម្ពុជា។
លោកថា សំខាន់ មេដឹកនាំគ្រួសារហ៊ុន មានឆន្ទៈពិតប្រាកដក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្មែរឬអត់។
លោកថា៖ «មកពីគាត់គ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែនហ្នឹងហើយ ដែលធ្វើឲ្យគាត់ស្មុគស្មាញហើយដោយសារគាត់ស្រឡាញ់អំណាចជាងស្រឡាញ់ទឹកដីអ៊ីចឹង គាត់មិនអាចដោះស្រាយបញ្ហាហ្នឹងបានទេ ប្រសិនជាគាត់ប្រើផ្លូវច្បាប់ទៅយើងអាចដោះស្រាយបានហើយជាមួយថៃហ្នឹង ប្ដឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១ទៅ ព្រោះប្រទេសថៃជាប្រទេសហត្ថលេខីដែរតើ តែគាត់មិនហ៊ានប្តឹងខ្លាចប៉ះពាល់ដល់វៀតណាម»។
សម្រាប់លោក អ៊ុំ សំអាន យល់ថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ថាបញ្ហាព្រំដែនកម្ពុជាមានភាពស្មុគស្មាញរាប់រយឆ្នាំនេះ ដោយសារថៃដាក់សម្ពាធរឿងបក្ខពួកគ្រួសារហ៊ុន ពាក់ព័ន្ធបទឧក្រិដ្ឋកម្ម។
លោកអះអាងថា គ្រួសារហ៊ុនខ្លាច ភាគីថៃគាស់កកាយរឿងអាស្រូវទុច្ចរិតរបស់បក្ខពួកខ្លួន ដែលមានពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោក ទើបមិនហ៊ានជំទាស់ប្រឆាំងនឹងមហិច្ចតាយោធាថៃឈ្លានពានទឹកដីខ្មែរនេះ។
លោកអះអាងទៀតថា លោក ហ៊ុន ម៉ាណែត កំពុងយកគំរូតាមឳពុក គឺលោក ហ៊ុន សែន ទឹកដីខ្មែរឱ្យថៃដើម្បីដូរយកសន្តិភាពនិងអំណាច ខណៈឳពុកគាត់ធ្លាប់កាត់ទឹកដីឱ្យវៀតណាមដើម្បីគ្រប់គ្រងកម្ពុជា។
លោកថា៖ «ភាពស្មុគស្មាញរបស់លោក ហ៊ុន ម៉ាណែត គឺពាក់ព័ន្ធទៅលើឧក្រិដ្ឋកម្មនៃការឆបោកអនឡាញ ដែលថៃគេបង្ក្រាបឆ្នាំងបាយរបស់គាត់ តាមរយៈការបង្ក្រាបបទល្មើសឆបោកនៅកាស៊ីណូនៅតាមព្រំដែន ដែលជាកាស៊ីណូរបស់ លោក កុក អាន លោកលី យ៉ុងផាត់ អីជាដើម ហើយឧត្តមឧកញ៉ាទាំងអស់ហ្នឹង គឺជាហោប៉ៅលុយរបស់គ្រួសារហ៊ុន អីចឹងបញ្ហាព្រំដែនវាស្មុគស្មាញ ហើយសម្រាប់លោក ហ៊ុន ម៉ាណែត នោះ»។
អតីតអ្នកកាសែត និងជាអ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម នៅទីក្រុងឡង់ប៊ិច សហរដ្ឋអាមេរិក លោក មួង ណារ៉េត អះអាងថា ជម្លោះព្រំដែនកម្ពុជា-ថៃ អូសបន្លាយជាង៣ខែនេះជារឿងនយោបាយ។
ក្នុងន័យនេះ លោកពន្យល់ថា រឿងទំនាស់នយោបាយមេដឹកនាំគ្រួសារហ៊ុន ជាមួយអតីតមេដឹកនាំថៃគ្រួសារថាក់ស៊ីន ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកដែលគ្រួសារថាក់ស៊ីន លាតត្រដាងអំពើឧក្រិដ្ឋកម្មនៅកម្ពុជា។
ការណ៍នេះហើយ លោក មួង ណារ៉េត យល់ថា មេដឹកនាំកម្ពុជាចាញ់ប្រៀបថៃ មិនហ៊ានសូម្បីតែកម្ពុជាមានសន្ធិសញ្ញាបារាំង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសដើម្បីការពារទឹកដី ក៏មេដឹកនាំមិនអនុវត្ត។
លោកថា៖ «រឿងព្រំដែនកម្ពុជាថៃហ្នឹង ដូចគ្នាអ៊ីចឹងរឿងនយោបាយសុទ្ធសាធ គឺនៅពេលដែលក្រុមគ្រួសារត្រកូលហ៊ុន ត្រូវរ៉ូវគ្នា អញជួយឯង ឯងជួយអញ ជាមួយនឹងក្រុមត្រកូលថាក់ស៊ីន មិនដឹងថា ជួយដោយត្រូវរ៉ូវគ្នារឿងអីខ្លះ យើងមើលៗ ឥឡូវមកដល់ម៉ោងហ្នឹង ស្រាប់តែបែកអូរហូរស្ទឹងទាក់ទងនឹងរឿងការឆបោកជួញ មជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញឡើងរង្គាលតែម្តង ហើយហ្នឹងសឹងពាក់ព័ន្ធទាំងថៃពាក់ព័ន្ធទាំងខ្មែរ តើកាលពេលគាត់ត្រូវគ្នាតែគាត់បានប្រយោជន៍អីគេខ្លះ ដល់ពេលរឿងហ្នឹង វាដល់ច្រមុះទឹកដល់ច្រមុះចាប់ផ្ដើមប្រលែងចោលរៀងខ្លួន យករឿងព្រំដែនយកមកជាបញ្ហា ដូច្នេះរឿងទាំងអស់នេះ អ្វីដែលជាភាពស្មុគស្មាញ មែនជារឿងបច្ចេកទេសទេ អ្វីដែលជាស្មុគស្មាញគឺរឿងឆន្ទៈនយោបាយ»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហាក់ស្តីបន្ទោសថា ភាពស្មុគស្មាញលោក ហ៊ុន ម៉ាណែត នេះ ព្រោះគាត់យល់ថា មិនដឹងត្រូវកាត់ទឹកដីខ្មែរប៉ុន្មានទៀត ដើម្បីដូរយកសន្តិភាពជាមួយថៃ។
លោកហាក់ចំអកឱ្យ លោក ហ៊ុន ម៉ាណែត ទៀតថា បើស្មុគស្មាញរឿងបូរណភាពទឹកដី ឬស្មុគស្មាញរឿងបញ្ហាព្រំដែនខ្លាំង គួរតែចុះចេញពីអំណាចទៅ ដើម្បីកុំឱ្យស្មុគស្មាញបន្តទៀត នាំតែឈឺក្បាល។
លោកហាក់ស្តីបន្ទោសទៀតថា មានតែមេដឹកនាំដែលអសម្ថភាព និងគ្មានឆន្ទៈការពារទឹកដីទេ ទើបហ៊ាននិយាយថា បញ្ហាព្រំដែនជារឿងស្មុគស្មាញ និងពិបាកដោះស្រាយនោះ។
លោកថា៖ «លោក ហ៊ុន ម៉ាណែត គាត់រអ៊ូរទាំពីរឿងថាវាពិបាកដោះស្រាយ មានភាពស្មុគស្មាញ និងការកំណត់ព្រំដែនជាមួយថៃហ្នឹង យើងចង់រំឭកថា ជាមួយថៃមានសន្ធិសញ្ញាបារាំងសៀម មានឯកសារព្រំដែនមានបង្គោលព្រំដែន៧៣រួចហើយ អស់ហើយគ្មានអីត្រូវពិបាកដោះស្រាយទេ ប៉ុន្តែបើឆ្លើយតបនឹងសួរថា ពិបាកដោះស្រាយដូចដែល ហ៊ុន ម៉ាណែត លើកឡើងហ្នឹង គឺលោក ហ៊ុន ម៉ាណែត កំពុងតែរៀនសូត្រពីគំរូឳពុកគាត់ គំរូឳពុកគាត់ ដូចលោក ប៉ុល សម្បត្តិ ដឹងហើយ សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមធ្វើឱ្យបាត់កោះត្រល់ធ្វើឱ្យបាត់កោះក្រចកសេះ ដែនសមុទ្រខ្មែរមួយចំនួន បាត់ភូមិកំណើត លោក ហេង សំរិន និងដីព្រំដែនគោកមួយចំនួនទៀត»។
យ៉ាណានៅថ្ងៃសុក្រនេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចេញការពារកិច្ចព្រមព្រៀងថ្មី ជុំវិញជម្លោះព្រំដែនជាមួយថៃនេះ ខណៈក្រុមអ្នកឃ្លាំមើល និងគណបក្សប្រឆាំងជំរុញឱ្យប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងនេះ មានបារាំងនិងឥណ្ឌូនេស៊ី ឱ្យកោះប្រជុំបន្ទាន់ ដើម្បីទប់ស្កាត់ទង្វើថៃឈ្លានពាន ។
លោកថា៖ «ឥឡូវដំណើរការ គឺឈានទៅរកការស្រុះស្រួល ដែលប្រជុំប៉ុន្មានថ្ងៃនេះ យើងមានការស្រុះស្រួលច្រើនហើយ ហើយអាចនឹងថ្ងៃទី២៦នេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះជាបញ្ហាដែលគ្រាន់តែចេញរំលេកទេ ហើយគេថាចុះកិច្ចព្រមព្រៀងមកអនុវត្ត កិច្ចព្រមព្រៀងប៉ារីសអនុវត្តនៅកន្លែងណា តើមើលគ្រប់ចំណុចហើយនៅ អាកិច្ចព្រមព្រៀងប៉ារីស មើលកិច្ចព្រមព្រៀងប៉ារីសគ្រប់ចំនុចហើយនៅ»។
ភាពចម្រូងចម្រាសនៃវិវាទព្រំដែនកម្ពុជា-ថៃ នេះបើគ្មានអ្វីប្រែប្រួលទេ នៅចុងខែតុលានេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រី និងចុះកិច្ចព្រមព្រៀងមួយដែលគេហៅថា កិច្ចព្រមព្រៀងសន្តិភាព ក្រោមវត្តមានប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី ដោយគ្មានវត្តមានចិន ដែលគ្រោងធ្វើនៅម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។
យ៉ាងណា កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរវាងកម្ពុជា និងថៃនេះ ត្រូវបានអ្នកឃ្លាំមើលដាក់ការសង្ស័យថា ជាកិច្ចព្រមព្រៀងកាត់ដីឱ្យថៃ ដើម្បីរក្សាអំណាចក្រោមពាក្យសន្តិភាព ខណៈក្រោយមានបទឈប់បាញ់ជិត៣ខែមកនេះ ថៃបានចូលឈ្លានពានទឹកដីខ្មែរជាច្រើន មេដឹកនាំកម្ពុជារក្សាភាពស្ងៀមស្ងាត់មិនតបតសូម្បីតែសិទ្ធិការពារខ្លួន និងបានបញ្ជាក់ជំហរថា កម្ពុជាមិនប្រើជម្រើសប្រឈមមុខខាងកម្លាំងប្រដាប់អាវុធ ដើម្បីដោះស្រាយបញ្ហាព្រំដែននោះទេ។
យ៉ាងនេះក្តី មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









