មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានចេញមុខការពារកិច្ចព្រមព្រៀងថ្មីជុំវិញ ដំណោះស្រាយព្រំដែនជាមួយថៃ លើជម្រើសមិនប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមការរិះគន់ថា ជាសារលើកទង់ជ័យស ព្រមកាត់ដីឱ្យថៃ ជ្រកក្រោមពាក្យសន្តិភាព។
ក្នុងកិច្ចប្រជុំមួយនៅព្រឹទ្ធសភា នាថ្ងៃទី២៤ ខែតុលានេះ លោក ហ៊ុន សែន ថ្លែងបែបចោទជាសំណួរផង និងវាយបកផងទៅកាន់ក្រុមអ្នកឃ្លាំមើលថា មានអ្នកជើងល្អខ្លះ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីឱ្យកោះប្រជុំបន្ទាប់ជុំវិញទង្វើថៃឈ្លានពាន។
លោកចោទថា អ្នកទាំងនោះ មិនយល់ពីខ្លឹមសារស្នូលនៃកិច្ចព្រមព្រៀងនេះទេ ហើយចោទជាសំណួរថា បើកម្ពុជាប្តឹងសហប្រធានទាំងនោះព្រមឬក៏អត់ ដោយសំអាងថា ខណៈពេលនេះថៃ និងកម្ពុជាទៅវិញទៅមកពីទង្វើឈ្លាននោះ។
លោកថា៖ «បើខាងថៃគេថា យើងរំលោភដីគេ យើងថាគេរំលោភដីយើងអ៊ីចឹងគេថា គេគោរពអធិបតេយ្យរបស់ខ្មែរតើ ប៉ុន្តែខ្មែរទៅឈ្លានពានគេ យើងជឿថា យើងគោរពអធិបតេយ្យរបស់ថៃតើ ប៉ុន្តែថៃឈ្លានពានយើងៗចោទគ្នារបៀបហ្នឹង តើដោះស្រាយបានទេ? វាដោះស្រាយមិនបានទេ ឥឡូវដំណើរការគឺឈានទៅរកការស្រុះស្រួលដែលប្រជុំប៉ុន្មានថ្ងៃនេះ វាមានការស្រុះស្រួលច្រើនហើយៗអាចនៅថ្ងៃទី២៦នេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាព»។
តែសម្រាប់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលមានបទពិសោធន៍កិច្ចការព្រំដែន ហៅការលើកឡើងរបស់ លោក ហ៊ុន សែន នេះថាជាការបិទបាំងកំហុស ដែលថាលោក ហ៊ុន សែន ធ្លាប់កាត់ដីខ្មែរឱ្យវៀតណាម អំឡុងទសវត្សរ៍៨០ ដែលថា បានរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសធ្ងន់ធ្ងរ ។
លោកថា៖ «គាត់ម៉េចហ៊ានយកកិច្ចព្រមព្រៀងនោះមកប្រើ បើសិនជាប្រើទៅវាប៉ះពាល់ទៅដល់កិច្ចព្រមព្រៀងស្តីពីព្រំដែនជាមួយវៀតណាម ដែលគាត់ស៊ីញ៉េជាមួយវៀតណាម ហើយមួយទៀតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ហ្នឹង គេនិយាយអំពីរបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយសព្វថ្ងៃគាត់កាន់អំណាចផ្ដាច់ការ ចឹងគាត់យកកិច្ចព្រមព្រៀងនោះមកប្រើ វានឹងប៉ះពាល់ដល់ការកាន់អំណាចរបស់ត្រកូលហ៊ុន»។
យ៉ាងណា លោក ហ៊ុន សែន បានប្រើពាក្យធ្ងន់ៗ ចោទថា អ្នកជំរុញទាំងនោះថា អាចពួកគេធ្វើមិនដឹង ឬ«ភ្លឺ»មិនយល់ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។
លោកថា៖ «ធាតុចូលរបស់កិច្ចព្រមព្រៀងប៉ារីស វាបានមកនៅក្នុងរដ្ឋធម្មនុញ្ញហើយ គេបាននិយាយច្បាស់ហើយតើពីការចាប់ផ្តើម និងបញ្ចប់ពេលដែលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ បង្កើតរដ្ធាភិបាលបានគេកាត់បញ្ចប់នូវបេសកកម្មរបស់អង្គការសហប្រជាជាតិទៅហើយ ប៉ុន្តែអ្នកដែលមិនយល់ធ្វើជាមិនយល់ ឬភ្លឺ ខ្ញុំនិយាយឲ្យច្បាស់ចឹង»។
យ៉ាងនេះក្តី លោក អ៊ុំ សំអាន នៅតែបន្តចោទវិញថា លោក ហ៊ុន សែន ដែលវៀតណាមលើកបន្តុបឱ្យឡើងកាន់អំណាចចាប់ពីឆ្នាំ១៩៧៩មកនោះ បានរំលោភបំពានទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ដោយថា ដើម្បីតែបុព្វហេតុចង់ក្រាញអំណាច បម្រើមហិច្ឆតាវៀតណាមលេបទឹកដីខ្មែរ។
លោកថា៖ «សូម្បីរដ្ឋធម្មនុញ្ញនោះ គាត់នឹងមិនគោរពផង ដូចជាមាត្រា៥៥នៃរដ្ឋធម្មនុញ្ញ គេតម្រូវឲ្យលុបចោលសន្ធិសញ្ញានាសតវត្សរ៍ទី៨០ ដែលស៊ីញ៉េជាមួយវៀតណាម ប៉ុន្តែគាត់មានលុបណានៅឆ្នាំ២០០៥គាត់ត្រូវធ្វើសន្ធិសញ្ញានោះហើយ ហើយគំរាមស្ដេចឲ្យឡាយសន្ធិសញ្ញាលើព្រះហស្ថលេខានោះទៀត បើសិនជាស្ដេចមិនព្រមឡាយហត្ថលេខាទេ នឹងដូររបបទៅជារបបសាធារណរដ្ឋយើងឃើញជាក់ស្ដែងចឹង»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកសារ លោក ហ៊ុន សែន នៅពេលនេះ បានបញ្ជាក់ថា មេដឹកនាំកម្ពុជាកំសាក ប្រកាសលើកទង់ជ័យស សុំចុះចាញ់ថៃ ហើយយល់ព្រមកាត់ដីឱ្យថៃ តាមដែលថៃចង់បាន តាមផែនទីដែលថៃ គូដោយឯកតោភាគី បើទោះបី លោក ហ៊ុន សែន ធ្លាប់ហៅថាជាផែនទីចោរក្តី។
មួយវិញទៀត លោកថា សារលោក ហ៊ុន សែន ក៏បញ្ជាក់ផងដែរ ពីការដែលលោក ហ៊ុន សែន គាំទ្ររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលបានចុះកិច្ចព្រៀងថ្មីកាត់ដីឱ្យថៃ ដើម្បីដូរយកសន្តិភាព ដែលគ្រោងចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។
លោកថា៖ «ថ្ងៃអនាគតទៅភូមិព្រៃចាន់ ភូមិជោគជ័យ នឹងបាត់មួយចម្លែកឱ្យខាងថៃតាមលក្ខខណ្ឌបច្ចុប្បន្ន គឺគេវាស់វែងនិងបោះបង្គោលសីមាតាមភាពជាក់ស្តែងរបស់គេ ចឹងសរុបសេចក្ដីមកថា ការលើកឡើងរបស់ លោក ហ៊ុន សែន នៅថ្ងៃនេះ គឺការពារកិច្ចព្រមព្រៀងសន្តិភាពរបស់កូនគាត់ ដែលគ្រោងនឹងចុះជាមួយនឹងថៃនៅទីក្រុងគូឡាឡាំពួខាងមុខនេះ»។
លើសពីនេះ បើតាមលោក ម៉ែន ណាត ការបញ្ជាក់ជំហររបស់ លោក ហ៊ុន សែន ជាបុគ្គលមានអំណាចកំពូលនៅកម្ពុជា ជាការទាញសញ្ញាអាសន្ននៃហានិភ័យបូរណភាពទឹកដី ចាប់ពីពេលនេះ និងទៅថ្ងៃអនាគត បើគ្មានចរន្តផ្លាស់ប្តូរទាន់ពេលទេនោះ។
លោកថា៖ «ពលរដ្ឋខ្មែរតាមធម្មតាគួរតែនាំគ្នាសម្ដែងមតិ ឲ្យបានកុះករ បើអាចចុះផ្លូវបានធ្វើបាតុកម្មទាមទារយុត្តិធម៌ ជាពិសេសគឺពលរដ្ឋដែលនៅតាមព្រំដែន ត្រូវចុះផ្លូវទាមទារយុត្តិធម៌ឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងកំណត់ព្រំដែនឱ្យបានត្រឹមត្រូវ កុំឲ្យបាត់ភូមិកររបស់គាត់ រាល់ថ្ងៃនេះ បើថាឱ្យពឹងលើរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន ម៉ាណែត នេះ កម្ពុជានឹងបាត់ដីមួយផ្នែកទៀតទៅថៃ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ»។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងលើបណ្តាញសង្គមរបស់លោកក្នុងខួប២៣តុលាថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អន្តរជាតិធានាការពារចំពោះអធិបតេយ្យភាពឯករាជ្យបូរណភាពទឹកដីកម្ពុជា ហើយកម្ពុជាសន្យាយ៉ាងឱឡារឹកថា នឹងថែរក្សានិងការពារ” ហើយ “ភាគីនានានៃកិច្ចព្រមព្រៀងនេះ[ទីក្រុងប៉ារីស] សន្យាយ៉ាងឱឡារឹកថា គោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា”៕









