វិធាន​ទប់​ស្កាត់​គ្រោះ​ថ្នាក់​បារី​អេឡិច​ត្រូនិច​មិន​ជោគ​ជ័យ​ទេ​បើ​មាន​អំពើពុ​ក​រលួយ ​

អ្នកជំនាញ និង​អង្គការ​សង្គម​ស៊ីវិល​ បាន​ព្រមាន​ថា រដ្ឋាភិបាល​អាណត្តិថ្មី​នឹ​ង​បរាជ័យ​លើ​វិធាន​ការ​ទប់​ស្កាត់​ហា​​និ​ភ័យ​​សុ​​ខ​​ភាព​សា​ធារណៈ បង្ក​ឡើង​ពី​ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិ​ច​ ដូច​ការ​បរាជ័យ​ច្រើន​ទៀត បើខ្វះ​ឆន្ទៈ​ទប់​ស្កាត់​​អំពើ​ពុក​រលួយ ដែល​កំពុង​ចាក់​ស្រែះ​​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​បច្ចុប្បន្ន។

ការ​ព្រមាន​នេះ ខណៈ​កាល​ពី​ថ្ងៃ​ទី​​២១ ខែ​តុលា ឆ្នាំ​​២០២៥ រដ្ឋាភិបាល​​ បាន​​ដាក់​នូវ​​​ចេញ​បទ​បញ្ជា​​ហាម​ឃាត់​ការ​​​​នាំ​​​​ចូល ការ​​ចែក​ចាយ ការ​លក់​ ការ​ផ្សាយ​ពាណិជ្ជ​កម្ម កា​​រ​ប្រើប្រា​ស់​ ការ​​កាន់​កាប់​ ការ​​ផលិត និង​ការ​​ស្តុក​​ទុក​​ឧបករណ៍​​អេឡិច​​ត្រូនិក និង​​សារធាតុ​​គីមី សម្រាប់​ជក់ និង​ស៊ីស្សា ក្រោយ​​មាន​​​ការ​​រី​ករាល​ដាលនៃ​​ការ​​​ប្រើ​ប្រាស់​ផលិត​​ផល​​ទាំង​​នេះ​​​ ក្នុ​ងចំណោម​កុមារ និង​យុវជន ដែល​ផ្តល់​​ផល​ប៉ះពាល់​​យ៉ាង​ខ្លាំង​ដល់​សណ្តាប់​​ធ្នាប់​សង្គម សុខ​ភាព​សាធារណៈ ជាពិសេស​​សុខ​ភាព​​​​​របស់អ្នកសិក្សា​​និ​ងបុគ្គលិក​អប់រំ។

រដ្ឋាភិបាល ​បន្តថា ការ​ប្រើ​ប្រាស់​ផលិត​ផល​ទាំង​នោះ ក៏អាច​​ជា​ច្រក​ផ្លូវ​​ទៅ​កាន់​​ការ​ប្រើ​​ប្រាស់​​គ្រឿង​​​ញៀន​ខុស​​ច្បាប់​ផ្សេង​​ទៀត ព្រោះប្រភេទ​​ឧបករណ៍​អេឡិច​ត្រូ​និក ដូចជា បារីអេឡិច​ត្រូ​និក​ ផលិត​ផល អេចឈ៍ ធី ភី អាចប្រើសម្រាប់​​ជក់​គ្រឿង​ញៀន​ផ្សេង​ទៀត​បាន ព្រមទាំង​ជា​ច្រក​ផ្លូវ​ដែលនាំ​ឱ្យ​កុមារ និង​យុវជន ឈាន​ទៅ​ជក់​បារី​ធម្មតា​ផង​ដែរ នៅពេល​ដែលពួកគេ​មាន​ភាព​ញៀន​នឹង​សារធាតុនីកូទីន ដែលជា​កត្តា​នាំ​ដល់​កំណើន​ជំងឺ​មិន​ឆ្លង​ក្នុងសង្គម។​

ដើម្បីដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​ ការ​ពារ​សុខភាព​សារធារណៈ រដ្ឋាភិបាល​​បានដាក់ចេញបទ​បញ្ជា​មួយចំនួន ដោយ​​​​ហាមឃាត់​ការ​នាំ​ចូល ការ​ចែក​ចាយ​ ការលក់ ការ​ផ្សាយ​ពាណិជ្ជ​​កម្ម ការ​ប្រើប្រាស់ ការ​កាន់កាប់​ ការ​ផលិត និង​ការ​ស្តុក​ទុកឧបករណ៍អេឡិច​ត្រូនិក និង​សារធាតុ​គី​មី​សម្រាប់​ជក់ និង​ស៊ីស្សា​គ្រប់​ប្រភេទ គ្រប់ទម្រង់ និង​គ្រប់មធ្យោបាយ។

ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​ដាក់ចេញ​វិធានការ​ទប់ស្កាត់ និង​អប់រំ​ណែ​នាំ ​ឱ្យមាន​ប្រសិទ្ធភាព ខណៈក្រសួង​សុខាភិ​បាល​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​​ពីផល​ប៉ះពាល់ និង​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ទាំងនេះ។

ជាមួយ​គ្នា​នេះ គ្រប់​ក្រសួង​ ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចាត់​វិធានការ​ចំពោះ​បុគ្គលណា​ដែល​ប្រើ​ប្រាស់​ ឬ​កាន់កាប់​ឧបករណ៍អេឡិចត្រូនិក​និង​សារធាតុគីមី​សម្រាប់ជក់ និងស៊ីស្សា​គ្រប់​ប្រភេទ​ ព្រមទាំង​​អ្នក​លក់​ដូរចែក​ចាយ តាមរយៈការ​ព្រមាន និង​ឱ្យ​ធ្វើកិច្ចសន្យា​ឈប់​ប្រើប្រាស់ ដកហូត និង​ព្យួរ​អាជ្ញាបណ្ឌ​ឬ​លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម សេវាកម្ម​ជាដើម។

រដ្ឋាភិបាល​ក៏បាន​បញ្ជាឱ្យ​ចាត់វិធានការ​ដាក់ទណ្ឌកម្មរដ្ឋបាល ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រីជាប់កិច្ចសន្យា​ លើការ​ប្រើប្រាស់ឬ​ពាក់ព័ន្ធ​នឹង​​​ផលិត​​ផល​ទាំងនេះ​ផងដែរ។  

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែម​ជុំវិញករណីនេះ ពីអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​នៅឡើយទេ នៅថ្ងៃទី​២៣ ខែតុលានេះ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ឃើញ​​​ថា ការ​ចេញ​បទ​បញ្ជា​​នេះ ជា​ជំហាន​​ថ្មី​​មួយ​​ទៀត ដើម្បី​រំលឹក​អ្វីដែលបានកើត​ឡើង​​កន្លង​​មក និងធ្វើយ៉ាងណា​ឱ្យ​ការ​​​អនុវត្ត​​មាន​ប្រសិទ្ធភាព ខណៈលោកសង្កេត​ឃើញថា យន្ត​ការ​​ដែល​​​​អនុវត្ត​កន្លង​​មក​​ មិន​មានប្រសិទ្ធភាព​ ហើយ​​កើត​ឡើង​ដដែលៗ។   

លោកថា៖ «អត់មានប្រសិទ្ធភាពដោយសារអី? ដោយសារ​ទី១ អ្នក​លក់​នៅ​តែ​លក់​ ហើយ​អាជ្ញា​ធរ​​ដែល​ទៅ​ហាម​ហ្នឹង គឺ​អត់បានធ្វើឱ្យ​ប្រាកដ​​ប្រជា​ គ្រាន់តែ​ទៅចឹងទៅ ធ្វើមួយប្រាវនៅពេល​​​ដែលធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​មើល​​មួយប្រាវ​ចឹង​ទៅ ហើយ​បន្ទាប់មក​ទៅ​ក៏ឱ្យ​លក់ ឱ្យ​ប្រើប្រាស់ ឱ្យ​​បើក​អាជីវ​កម្ម​អីធម្មតា​អីចឹង​ទៅ​ ពេលណា​​ដែល​ថ្នាក់​ដឹកនាំ​ហ្នឹងលើក​ឡើង​ បញ្ជាទៀត ក៏ធ្វើ​មួ​យប្រាវ​ទៀត​ចឹង​ទៅ ចឹង​ខ្ញុំថាអ្វី​ដែល​សំខាន់ គឺ​កា​រ​ទោស​​ទណ្ឌ​​ទៅ​លើ​​អ្នក​​​លក់ វាជារឿង​សំខាន់​​​​មួយ​ទៀត​ហើយ​ ប៉ុន្តែ​ត្រូវ​ដាក់ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ថាតើ​ហេតុ​អ្វី​បាន​ធ្វើ​មិន​បាន បើ​ធ្វើ​មិន​បានមិនគួរឱ្យគាត់​ធ្វើ​តទៅទៀត រឿង​អស់​ហ្នឹង គួរ​ឱ្យ​អ្នក​ផ្សេង​ដែល​​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បីទៅធ្វើ​រឿង​ហ្នឹង»

បើតាមលោក យង់ គិម​អេង ក្រៅពីការ​ចេញបទបញ្ជា រដ្ឋាភិបាល​ក៏​គួរ​តែដាក់ចេញនូវ​វិធានការ​ថ្មីបន្ថែម​ ​ឬក៏​​ផ្លាស់​ប្តូរ​មន្ត្រីដែលអនុវត្ត​ច្បាប់អសមត្ថភាពក្នុងការ​ទប់ស្កាត់​​ចេញ ហើយត្រូវ​ដាក់​ទោស​ទណ្ឌ និង​ដាក់​ពិន័យ ទាំង​ម្ចាស់អាជីវកម្ម និង​​មន្ត្រីដែលនៅបណ្តែត​បណ្តោយឱ្យ​នាំ​ចូល​ និង​ចែកចាយ​ផលិត​ផល​ទាំងនោះ ឱ្យ​ដូចគ្នា នោះទើបអាចទៅរួច។

លោកថា៖ «រដ្ឋាភិបាល​លោក​គួរតែមានយន្ត​​ការនៃ​​​តាម​ដាន​និ​ងការ​​​អនុវត្ត​ដែរ ថា​តើ​មានការ​រីក​ចម្រើន​​បាន​ប៉ុណ្ណា ឬក៏ទៅមុខ​បាន​ប៉ុណ្ណា​​ ឬក៏អ្នកដែល​មិន​អនុវត្ត ត្រូវ​តែចាត់​វិធានការឱ្យ​បាន​តឹង​រឹង ហើយ​ក៏​ធ្វើការតាម​ដាន​ត្រួតពិនិត្យជា​ប្រចាំ​​​ ហើយ​ឱ្យ​មាន​ការ​អនុវត្ត​ជា​ប្រចាំ បានទៅរួច កុំធ្វើ​តែមួយ​ឆាវ មួយ​ប្រាវហ្នឹង គឺ​នៅតែ​មកវិញ​ដដែល ដូចវែកចក​អីចឹង វែកហើយ​មក​វិញ អីចឹង​ ខ្ញុំ​ថា រឿង​នេះ​​ត្រូវ​ការការប្តេជ្ញាចិត្ត​មួយ​ខ្ពស់​នៅក្នុងការ​ជំរុញ​​ឱ្យ​មាន​ប្រសិទ្ធ​​ភាព​ ហើយ​​កុំឱ្យ​មាន​បារី​អេឡេ​ត្រូនិចនេះ មាន​​​ដំណើរការ​អាជីវ​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត ឬក៏​​ប្រើ​ប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត»។​

បារីអេឡិចត្រូនិក ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​ឈ្មោះ​គ្រឿង​ញៀន​មួយ​​ប្រភេទ​​ទៀត ដែល​បាន​​និង​​​​កំពុង​​​​វាយ​​លុក​​​នៅ​​លើ​ទីផ្សា​​រ​​​​​ក្នុង​​​​សង្គ​​ម​​កម្ពុជា។ បច្ចុ​ប្បន្ន​​ ការប្រើប្រាស់បារីប្រភេទ​នេះ មិន​​មែន​​មាន​​​​​​តែ​​មនុស្ស​វ័យ​កណ្តាល​នោះ​ទេ សូម្បី​សិស្សា​នុសិស្ស​នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និង​យុវជនមួយចំនួន ក៏​កំពុង​​ក្លាយ​ជា​គោលដៅ​ថ្មី​មួយ​ទៀត​ដែរ ដែល​​​ប្រើប្រាស់​​បារីប្រភេទនេះ។

ជាក់ស្តែង គេស​ង្កេត​​ឃើញ​មាន​​​​​យុវ​ជន​ពាក់​​ឯកសណ្ឋានជាសិស្សសាលា ហើយប្រើប្រាស់​ឧបករណ៍នេះ​នៅ​​តាម​​ហាង​​កាហ្វេ និង​ទីតាំង​​ជួប​​ជុំ​នានា រួមទាំងបរិវេណសាលារៀនផង ហើយ​ករណីនេះគេក៏​សង្កេតឃើញ​សមត្ថកិច្ចឃាត់​​ខ្លួន​យកទៅអប់រំជាបន្តបន្ទាប់​​​ផង​ដែរនា​ពេល​​កន្លង​មក។​

លោក មុំ គង់ នាយក​ប្រតិបត្តិនៃអង្គការចលនា​​ដើម្បីសុខភាពកម្ពុជា យល់ថា ការ​ចេញបទ​បញ្ជា​របស់​រដ្ឋាភិបាល​នេះ ជា​រឿងល្អមួយ ដើម្បី​ជួយ​សង្រ្គោះ​កុមារ និង​យុវជន​ពីការ​បំផ្លាញសុខ​ភាព​​​ដោយ​ការ​ប្រើ​ប្រាស់​ផលិត​ផលបារីអេឡិចត្រូនិច​នេះ។ លោក​រំពឹងថា ក្រោយពី​ចេញ​បទ​បញ្ជានេះហើយ ក្រសួង និង​​ស្ថាប័នពាក់ព័ន្ធ នឹង​អនុវត្ត​ទៅ​តាម​គោល​ការណ៍វិធានការ​ គោលការណ៍​ណែនាំ និង​​យន្តការ​ក្នុងការ​ទប់ស្កាត់​ការនាំចូល​ ការ​ចែកចាយ និងការ​ហាម​​​ប្រើ​​ប្រាស់​​​បារីអេឡិច​ត្រូនិច​នេះ​ឱ្យមាន​ប្រសិទ្ធភាព។​

លោកថា៖ «ខ្ញុំគិតថា បើ​សិន​ជា​យើង​រួមគ្នា​ទាំង​អស់គ្នា ទាំង​ក្រសួ​ងស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ ទាំង​ប្រជាពលរដ្ឋ​​ ទាំង​អ្នកសារព័ត៌មាន បើយើង​ឃើញករណី​ដែល​មានការ​ផុសលក់​​នៅតាម​បណ្តាញ​ព័ត៌​មាន​សង្គម​នូវ​បារីអេឡិច​ត្រូនិច​​ហ្នឹង យើង​អាចរាយការណ៍ ឬមួយ​​យើង​អាចធ្វើ​ការ​បង្ហោះ​ប្រាប់​ឱ្យ​ដឹង​ថា នេះ​គឺជា​ការ​​ខុស​ទៅ​នឹង​បទបញ្ជារាជរដ្ឋាភិបាល​អីហ្នឹង​​ ខ្ញុំគិត​ថា នឹង​មាន​​​ប្រសិទ្ធ​​​ភាព បើ​សិនជា​យើង​រងចាំ​តែ​មួយភាគី​ណា​មួយ ខ្ញុំគិតថា ​ប្រសិទ្ធ​ភាព​មិនគ្រប់គ្រាន់​​​ទេ ទាល់តែយើង​​​ចូលរួម​ទាំង​អស់គ្នា»។

អង្គការ​​ចលនាដើម្បីសុខភាពកម្ពុជា ធ្លាប់បាន​បញ្ជាក់ថា​ បារីអេឡិចត្រូនិក ជាផលិតផលដ៏មាន​គ្រោះថ្នាក់បំផុត​ ហើយ​​មាន​ជាតិ​​នីកូទីន​ ដូចបារីធម្មតា ដែល​ធ្វើឱ្យអ្នកប្រើប្រាស់​ញៀន​ខ្លាំ​ង​​​​ និង​​ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ជាពិសេស​​ចំពោះ​យុវជន និង​កុមារ។

សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ​​​ដល់​​​ការ​លូត​​លាស់​ខួរ​ក្បាល សតិបញ្ញា ស្មារតី និង​ប្រាជ្ញារបស់​កុមារផងដែរ។

ចំណែក ក្រសួងសុខាភិបាល ក៏ធ្លាប់បញ្ជាក់ដែរថា ចំហាយ​បារី​អេឡិចត្រូនិក​​ដែល​អ្នកប្រើប្រាស់​ស្រូប​យក​​នៅពេល​​ជក់ ​និង​​បញ្ចេញ​មកវិញ​នូវ​សារធាតុនីកូទីន ដែលជាសារធាតុគីមី​គ្រោះ​ថ្នាក់។

សារធាតុគីមី​នេះ អាចបង្កឱ្យ​មាន​​ជំងឺ​​សួត​​ធ្ងន់​ធ្ងរ ​គ្រោះថ្នាក់​​​ដល់​​គភ៌ ពុល​ដល់​ទារកដែលនៅ​ក្នុង​ផ្ទៃពោះ​​ម្តាយ​ និង​មាន​ហានិភ័យ​ដល់​ការ​លូតលាស់​ខួរ​ក្បាល​។ សារធាតុ​ល្អិតៗ​ដែល​ជ្រាប​ចូលទៅ​ក្នុង​សួត​អាច​បណ្តាលឱ្យមាន​ជំងឺមហា​រីក​។

របាយការណ៍នានាបង្ហាញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទឧក្រិដ្ឋជាច្រើន កំពុងបន្តពង្រីកខ្លួន ក្នុងប្រទេសកម្ពុជា ដូចជាបញ្ហាគ្រឿងញៀន រួមទាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនលំដាប់អន្តរជាតិ កំពុងពង្រីកខ្លួនក្នុងប្រទេសកម្ពុជា រួមទាំឥទ្ធិពលគ្រឿងស្រវឹងផងដែរ ដែលគ្រឿងស្រវឹង បានសម្លាប់មនុស្សរាប់ពាន់ក្នុង១ឆ្នាំៗ ទោះរដ្ឋាភិបាលបានបង្កើត ក្រុមការងារពិសេសជាបន្តបន្ទាប់ បន្ថែមលើក្រសួងដែលមានស្រាប់ ដើម្បីបង្ក្រាបនិងទប់ស្កាត់ក៏ដោយ តែវិធានការទាំងនោះហាក់មិនមានប្រសិទ្ធភាពទេ។

តែផ្ទុយទៅវិញ មេឧក្រិដ្ឋមួយចំនួនដែលគេរកឃើញថាជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោកលំដាប់អន្តរជាតិមានលោក ចេន ហ្ស៊ី លោក លី យ៉ុងផាត់ លោក ទ្រី ភាព ត្រូវបានតែងតាំងតំណែងជាទីប្រឹក្សាលោកមេដឹកនាំកំពូលរបស់កម្ពុជា រួមទាំងអ្នកពាក់ព័ន្ធនឹងថៅកែស្រាបៀរមួយចំនួន។

ជុំវិញបញ្ហានេះ អង្កការតម្លាភាពអន្តរជាតិ ដែលធ្វើការផ្តោលលើអំពើពុក​រលួយ និង​អភិបាល​កិច្ច បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្មី​មួយ អំឡុ​ង​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នេះ រក​ឃើញ​ថា កម្រិត​នៃ​អំពើ​ពុក​រលួយ ស្ថិត​ក្នុង​លំដាប់​​​អាក្រក់​ជាប់​គ្នា​ជិត​១០​ឆ្នាំ បើ​ធៀប​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន។

មូលហេតុ​ចម្បងមួយដែលអង្គការអន្តរជាតិ​នេះ​រក​ឃើញ គឺ​ប្រព័ន្ធ​យុត្តិ​ធម៌​មិន​អាច​កាត់​ទោស​កំហុស​មេដឹក​​​​នាំ​បាន។ ហើយ​​​​​ថាប្រទេស​ដែល​អាច​រើ​ខ្លួន​ពី​ការ​ញាំ​ញី​ដោយ​អំពើ​ពុក​រលួយ​បាន ចាំបាច់​ត្រូវ​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ និង​ត្រូវ​រៀប​ចំ​ឱ្យមា​ន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ តាម​គន្លង​ប្រជា​ធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ