តុលាការ​កំពូល​បដិសេធ​សំណើរ​​សុំ​ស្រូប​ទោស ករណី​លោក ថាច់ សេដ្ឋា

មេធាវី និង​អ្នក​តាម​​ដាន​សវនា​ការ បង្ហាញ​ការ​​សោក​​ស្តោយ ការ​ដែល​​តុលាការ​​កំពូល​ បានប្រកាស​បដិសេធ​សំណុំ​រឿង​​​ស្នើ​​​​សុំ​ស្រូប​ទោស​​របស់​ លោក ថាច់ សេដ្ឋា អនុ​ប្រធាន​​គណបក្ស​ភ្លើង​​ទៀន ដែល​ក្នុង​នោះ​តុលាការ​​​ក៏​​​មិន​​បាន​បញ្ជាក់​​សំអាង​ហេតុ​​ដោយ​ផ្ទាល់​មាត់​នោះឡើយ។​

កាលពី​​​ថ្ងៃ​ទី​១០ ខែតុលា​នេះ តុលាការ​កំពូល ​បាន​បើក​សវនាការ​លើសំណុំរឿង​ស្នើសុំស្រូប​ទោស​​​​របស់​លោក ថាច់ សេដ្ឋា​ ដោយ​​សាល​ដីកានឹង​ត្រូវប្រកាស ​នៅព្រឹក​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៥នេះ។ 

លោក អែម​​ ចន្ថា មេធាវីការ​ពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា ឱ្យ​ដឹងថា តុលាការ​កំពូល បាន​សម្រេច​​​​​​​បដិសេធ​​សំណើរសុំ​ស្រូបទោស​នៃ​ការ​អនុវត្ត​ទោស​​​កូនក្តីរបស់​លោក ហើយ​​​ហេតុ​ផល​យ៉ាង​​ណា​​នោះ លោក​នៅពុំ​ទាន់បានដឹងនៅឡើយ ដោយ​រង​ចាំ​មើលការ​​សំអាង​នៅក្នុង​​សាលដីការបស់​តុលាការ​។

លោកថា៖ ​«សោកស្តាយ​ចំពោះការ​ដែលតុលាការ​បដិសេធលើ​ពាក្យ​ស្នើ​សុំ​ស្រូប​ទោស​ ដែលមិន​បានស្រូបទោសឱ្យ​កូន​ក្តី​យើង​ខ្ញុំ​ ព្រោះ​តាម​ផ្លូវ​ច្បាប់ គាត់​គួរតែទទួលបាន​នូវ​ការ​អនុវត្ត​ទោស​​​​​​ស្រូប​ នៅក្នុងកម្រិត​​​អតិប្បរមា»។

បើតាម​ លោក អែម ចន្ថា មេធាវីនឹងពិនិត្យ និង​ពិចារណា​ទៅលើ​សំអាង​ហេតុ​របស់​តុលាការ នៅពេល​ដែល​ទទួលបាន​សាលដីកា ដែល​បដិសេធស្នើសុំស្រូបទោសនេះ និង​សិក្សា​ទៅលើ​ការអនុវត្ត​ទោស​របស់​លោក ថាច់ សេដ្ឋា ក្នុង​​សំណុំរឿង​​ទី​២របស់គាត់​​ ដើម្បីរៀបចំនីតិវិធី​បន្តថា​ត្រូ​វធ្វើយ៉ាងណា​ទៀត។​

កន្លងមក មេធាវី​​ការ​​​ពារ​​ក្តី​​ឱ្យ​លោក ថាច់ សេដ្ឋា ​រូបនេះ ធ្លាប់បានគូសបញ្ជាក់ថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​ស្រូបទោសទៅតុលាការ​កំពូល​នេះ ដោយលើកហេតុផលថា​ដោយ​​សារ​តែបញ្ហា​សុខ​​​ភាព​របស់​លោក ថាច់ សេដ្ឋា ដែលមានជំងឺប្រចាំកាយ (បេះដូងដាក់រ៉ូស័រ) ខណៈ​​លោក​ ថាច់ សេដ្ឋា ក៏បាន​​​​អនុវត្ត​​​ទោសក្នុង​​ពន្ធនាគារ​កន្លង​​មក ​​បានធ្វើ​រយៈពេលជា​​​ច្រើន​ខែ​​ហើយ។

អ្នក​នយោបាយ​ជំទាស់​ លោក​ ថាច់ សេដ្ឋា ​ដែល​​ជា​​ប្រធាន​​សហគមន៍​​ខ្មែរ​​​កម្ពុជា​​ក្រោមផង​នោះ​​ ត្រូវ​​បាន​​សាលា​​ដំបូង​​រាជ​ធានី​​ភ្នំពេញ​ ​ផ្តន្ទា​ទោស​ពី​បទ ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ​និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង» ​ដោយ​ដាក់​ពន្ធនាគារ ​៣​ឆ្នាំ ​ពាក់ព័ន្ធ​​នឹង​ការ​ថ្លែង​របស់​លោក​នៅ​ប្រទេស​​កូរ៉េ​ខាង​ត្បូង ​អំពី​ប្រវត្តិ​នៃ​ការ​​កកើត​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ថ្ងៃ​៧​មករា។​

ក្រៅ​ពី​សំណុំ​រឿង​​បទ​​ញុះ​​ញង់​នេះ ​លោក​ ថាច់ សេដ្ឋា ​ដែល​​ត្រូវ​បាន​​ចាប់​​ខ្លួន ​កាល​​​ពី​​ដើម​​ឆ្នាំ​ ២០២៣ ​​ក៏​​ត្រូវ​​បាន​​តុលាការ​កាត់​ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ​​ ពី​បទ​ មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​​ដូរ​បាន។ ហើយ​លោក ក៏ត្រូវបាន​តុលាការ​តម្រូវឱ្យ​​​​បង់​​លុយ​ជំពាក់​​ចំនួន ​៣៣ ​៤០០​​ដុល្លារ​​អាមេរិក​ ត្រូវ​បង់​​ប្រាក់​​ពិន័យ​​ចូល​រដ្ឋ​ចំនួន ​៣​លាន​រៀលនិង​ ៥​លាន​រៀល ​ត្រូវ​បង់​សង​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​បញ្ចាំ​​មួយ​ដែល​ជា​ដើម​បណ្តឹង។​

លោក តូច ថឹង ជាប្រជាពលរដ្ឋ​​ដែល​ធ្លាប់បានចូមរួម​ស្តាប់សវនាការ និងតាមដានករណីនេះ យ​ល់​ថា ការ​សម្រេច​របស់តុលាការ​​ដែល​បដិសេធ​​​សំណើរ​សុំស្រូប​ទោស​លើ​ករណីអនុប្រធានបក្ស​ប្រឆាំង​រូប​នេះ ថា​ជា​​រឿង​​អយុត្តិធម៌ ដោយ​លោកបាន​ស្នើទៅតុលាការ​​ពិនិត្យ និង​សម្របសម្រួល​ឡើង​វិញលើសំណុំរឿង​​​នេះ។​​

លោកថា៖​ «ជាធម្មតា នៅក្នុងពន្ធនា​គារ វា​មិន​ដែល​ស្រណុក​ទេ ដូច្នេះគឺ​​ខ្ញុំ​សុំឱ្យ​តុលាការ​ហ្នឹង​​​ពិនិត្យ និង​សម្រប​​​សម្រួលសារ​​ឡើង​វិញ​ទៅ ដោយក្នុង​ច្បាប់​បាន​ចែង​ហើយ​ថា បើមាន​ទោស​​ពីរបី​​ករណី គេ​សម្រេចថា​នឹង​យក​មួយ​ណា​ដែល​ច្រើន ឥលូវ​ច្រើនហ្នឹង​​មាន៣ឆ្នាំ ហើយ​​អត់មាន​សម្រេច​អីផង ហើយគាត់​នៅក្នុង[ពន្ធនាគារ​]ហ្នឹង ក៏​គាត់បានធ្វើ បានអនុវត្តទៅ​តាម​ច្បាប់​ត្រឹម​ត្រូវ​ទៅតាម​ច្បាប់​ហើយ​តើ​​​ វា​ហាក់ដូចជា​ដាក់ទណ្ឌ​កម្ម ឬពិន័យ​ជា​បន្តបន្ទាប់ ឱ្យ​គាត់​វេទនា​ជា​បន្តបន្ទាប់»។

វីអូឌី មិនអាច​សុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យតុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃសុក្រ​នេះ។​

នាយក​ទទួលបន្ទុកកិច្ចការ​ទូទៅនៃអង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បង្ហាញ​​​​ការ​​សោក​​ស្តាយ​​ចំពោះការ​សម្រេច​របស់​តុលាការកំពូល ដែលបដិសេធកា​រស្នើ​សុំ​ស្រូប​ទោ​សលើករណី លោក ថាច់ សេដ្ឋា ដោយ​លោកថា ​សកម្មជន​នយោបាយ​រូប​នេះ ត្រូវបាន​កាត់ទោស​ក្នុងសំណុំរឿង​២ផ្សេង​គ្នា ប៉ុន្តែ​បទល្មើស​នៅក្នុង​មាត្រា​ដូចគ្នា ដែលតុលាការ​គួរ​មានកា​រពិចារណា បើសិន​ដាក់ស្នើនោះ​ត្រូវ​ទៅតាម​លក្ខខណ្ឌ។

យ៉ាងណា លោកថា នេះជាឆន្ទានុសិទ្ធ​របស់តុលាការ​ក្នុង​ការ​សម្រេច​ក្តី ប៉ុន្តែចង់មិនចង់​ ការ​សម្រេចក្តីនេះ ក៏អាច​នឹង​រងនូវការ​រិះគន់​ពីសហគមន៍ជាតិ និងអន្តរជាតិ ដោយសារ​ការ​ចោទ​ប្រកាន់​ទៅលើ លោក ថាច់ សេដ្ឋា នេះ​ត្រូវ​បាន​គេ​មើល​ឃើញថា ជា​រឿង​នយោបាយ ច្រើនជាង​ការ​អនុវត្ត​ច្បាប់​។ ​

លោក អំ សំអាត បន្តថា៖ «កន្លងទៅ​ យើង​ដឹង​ហើយថា ករណីលោកថាច់ សេដ្ឋា នេះ ដោយ​សារតែ​​គាត់ជា​អ្នកនយោបាយ​ដ៏សកម្ម ហើយ​មាន​ប្រជា​ប្រិយ​ភាព​មួយ​របស់​គណបក្ស​ប្រឆាំង ​អីចឹង​​ហើយ​នៅពេលដែល​ចាប់​គាត់ ចោទប្រកាន់​គាត់ជាបន្តបន្ទាប់ និងកា​រកាត់​ទោស​ជាបន្ត​បន្ទាប់​ហ្នឹង នាំ​ឱ្យ​មានសហគមន៍​អន្តរជាតិ​គេរិះគន់ជាច្រើនទៅលើ​​លំហសេរីភាពនយោបាយ ថា​ហាក់​ដូច​ជា​​មានការ​រឹតត្បិត ហើយ​ការ​ចាប់​ខ្លួន​ហ្នឹង  គេលើកឡើង​ថា វា​ជារឿង​​នយោ​បាយ​​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ជាដើម។ ចឹងនៅក្នុងកាលៈទេសៈ​នេះ ទី១ ដើម្បីឱ្យ​មាន​ការ​រួបរួម​ខ្មែរ​តែមួយ គ្រប់គណបក្ស​នយោបាយ និ​ងអ្នកនយោបាយ​ទាំង​​អស់​ត្រូវ​រួមគ្នា​តែ​មួយ​ នៅក្នុង​ពេល​ដែលយើងកំពុងតែ​​មានជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ហ្នឹង​​​ គួរតែ​ពិនិត្យនិងពិចារណា​នៅក្នុងការ​សម្រាល និង​ការ​ដោះលែង​​​ សម្រាប់សកម្មជនគណបក្ស​នយោបាយ​ សកម្មជន​សិទ្ធិ​​​មនុស្ស សកម្ម​ជន​បរិស្ថាន សកម្មជន​សង្គម​ជាដើម»។

ដូចគ្នានេះដែរ មន្ត្រីស៊ើប​​អង្កេតជាន់ខ្ពស់សមាគម​ការពារសិទ្ធិមនុស្សអាដហុក ​លោក យី សុខសាន្ត ដែល​តាមរឿង​នេះ ក៏​បង្ហាញ​ការ​ខក​ចិត្ត​​ដែរ ដោយ​សំអាង​ថា រដ្ឋាភិបាល​ចេះ​សម្រប​សម្រួយ​​​និង​ចរចា​ជា​មួយ​ភាគី​​ថៃ ហេតុ​អី​មិន​​អាច​សម្រប​​សម្រួល​ជាមួយ​ជាតិ​សាសន៍​ខ្មែរ​ដូច​គ្នា​បាន​។

លោក​ថា៖ «យើងអាចផ្សះផ្សាជាតិជាមួយនឹង​ជាតិ​សាសន៍​ដទៃ ដូច​ជា ជម្លោះ​រវាង​ខ្មែរ​ថៃ​ហើយ​យើង​សុខ​ចិត្ត​ចុះកិ​ច្ច​ព្រម​ព្រៀង​ ហេតុ​អី​បាន​ជា​រវាង​ខ្មែរ​និង​ខ្មែរ យើង​គ្រាន់​តែ​អធ្យា​ស្រ័យ​ឱ្យ​មិន​បាន នេះ​ជា​ហេតុផល​មួយ​ដែល​យើង​កត់​សម្គាល់ ដូច្នេះយើ​ង​ស្នើ​សុំ​លោក​ទទូច​ឱ្យ​មាន​ការ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព ឬ​ក៏​បន្ធូរ​បន្ថយ​ទោស​ តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ដើម្បី​ឱ្យគា​ត់​ចូល​រួម​កសាង​ប្រទេស​ជាតិ​ជាមួយ​នឹង​រាជ​រដ្ឋាភិ​បាល»។

យ៉ាងណា ករណីលោក ថាច់ សេដ្ឋា ហាក់ត្រូវ​នឹង​​ការ​​ព្យាករ​ទុក​របស់​​​តំណាង​​រាស្រ្ត​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែលលោកថា នឹ​ង​​​មិន​​ទទួល​បាន​​យុត្តិ​ធម៌​​នោះ​ទេ ដោយសារ​តែតុលាការ​​​នៅ​កម្ពុជា ជា​​តុលាការ​​តេឡេ និង​​មិនឯករាជ្យ​ ធ្វើទៅតាមតែ​​បញ្ជា​ពី​គ្រួសារ​​ហ៊ុន ដូច្នេះ​​​ការ​កាត់​ក្តីកាត់​ក្តី​​ធ្វើ​ទៅ​​តាមបែប​​នយោ​បាយ មិន​​មែន​​សម្អាងទៅលើ​អង្គ​ហេតុ និង​អង្គ​ច្បាប់​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ