ពិភព​លោកហា​ក់​ផ្តល់​សញ្ញារួមគ្នាចាត់​វិធាន​ការ​លើ​មេឧក្រិដ្ឋ​ជន​ជ្រក​ក្រោម​អំណាច​គ្រួសារហ៊ុន

ក្រៅ​ពី​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់​គ្លេស និង​កូរ៉េ​ខាង​ត្បូង ដាក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​មេឧក្រិដ្ឋ​ជន​លំដាប់​ពិភព​លោក ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​លោក ហ៊ុន សែន នោះ ប្រទេស​ថៃ​មួយ​ទៀត​បាន​ទម្លាយ​ពី​វិធាន​ការ​នេះ​ដូច​គ្នា ដោយ​បង្កក​ទ្រព្យ​សម្បត្តិ​បុគ្គល​ល្បី​ឈ្មោះ​ម្នាក់​ទៀត​ដែល​គ្រប់​គ្រង​ប្រភព​ហិរញ្ញ​វត្ថុ​របស់​គណបក្ស​កាន់​អំណាច​ គឺ​ឧកញ៉ា លី យ៉ុង​ផាត់។

ឧកញ៉ា លី យ៉ុងផាត់ បច្ចុប្បន្ន​មាន​តួនាទី​ជាស​មាជិក​ព្រឹទ្ធ​សភា និង​ត្រូវ​បាន​លោក ហ៊ុន សែន ផ្តល់​តំណែង​ជា​ប្រធាន​​គណៈ​កម្មាធិការ​​ហិរញ្ញ​វត្ថុ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទោះ​បី​គាត់​ត្រូវ​គេ​រក​ឃើញ​ថា មាន​រឿង​អាស្រូវ​រំលោភ​ដីធ្លី​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ​នៅ​ខេត្ត​កោះ​កុង និង​ជា​មេឧក្រិដ្ឋ​ជន​ឆបោក​តាម​អន​ឡាញ​ក្តី។

នៅថ្ងៃសុក្រ​នេះ សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថៃ​ជា​ច្រើន​ រាយ​ការណ៍​ថា នាយក​រដ្ឋ​មន្រ្តី​ថៃ លោក អនុធីន បញ្ជា​ឱ្យ​ក្រសួង​មហា​ផ្ទៃថៃ​ដក​សញ្ជាតិ​ថៃ​ ពី​លោក លី យ៉ុង​ផាត់ ព្រោះមា​ន​ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឆបោក។

ដោយឡែក សារព័ត៌មានថៃ The Nation បាន​​​ចុះផ្សា​យ​​កាល​​​ថ្ងៃ​ទី​​២៣ខែតុលា​​ថា អង្គ​ភាព​​ប្រឆាំង​​ការ​​លាង​​លុយ​​ថៃ បាន​បង្កក​​ទ្រព្យ​សកម្ម​របស់​ លោក លី យ៉ុងផាត់ ប្រមាណ​៧០​​លាន​បាត ដែល​ស្មើ​ជិត​​២​​លាន​​ដុល្លារ​​អាមេរិក ពាក់​ព័ន្ធ​​​ការ​ឆបោក​តាម​អន​ឡាញ។

ជុំវិ​ញរឿ​ង​នេះ ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទ​រ័ត្ន សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​នានា​លើ​ពិភព​លោក​ហាក់​បង្ហាញ​ការ​ភ្ញាក់​ផ្អើល និង​ភ័យ​ខ្លាច​ខ្លាំង​ជុំវិញ​បទ​ឧក្រិដ្ឋ​ឆបោក​នៅ​កម្ពុជា។

ជាក់ស្តែង លោកថា ដូច​ករណី​ចាប់​ជំរិ​ត​នៅ​ភ្នំ​បូកគោ ខេត្ត​កំពត ដែល​ឧក្រិដ្ឋ​ជន​ជន​ជាតិ​ចិន​ បាន​ធ្វើ​ទារុណ​កម្ម និស្សិត​ជន​ជាតិ​កូរ៉េ វ័យ​២២​ម្នាក់ រហូ​ត​ស្លាប់​នាពេ​ល​ថ្មីៗ​នេះ​ជា​ដើម។

លោកបារម្ភថា បទឧក្រិដ្ឋឆបោកនេះ មិន​ត្រឹមតែធ្វើឱ្យកម្ពុជាស្អុយឈ្មោះប៉ះពាល់​ដល់​អ្នក​វិនិយោគ​ទុន​ល្អៗ និង​ភ្ញៀវ​ទេស​ចរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ថៃ​ដែល​កំពុ​ង​មាន​ជម្លោះ​ព្រំ​ដែន​ជាមួ​យ​កម្ពុជា​កេ​ង​ចំនេញ​លើ​កម្ពុជា​ក្នុង​រឿង​នេះ​ថែម​ទៀត។

លោកថា៖ «ចំពោះមន្ត្រីធំៗ ឬក៏ងារជាឧកញ៉ាក្ដី ដែលស្និទ្ធ​ស្នាល​ជាមួយ​គណបក្ស​កាន់​អំណាច​ក្ដី​នេះ! យើង​ឃើញ​ហើយ​ដូច​រឿង​ករណី​ឧកញ៉ា ឬ​ក៏​សមាជិក​ព្រឹទ្ធ​សភា​ផង ដែល​ត្រូវ​បាន​បង្កក​ទ្រព្យ​សម្បត្តិ​ដោយ​ប្រទេស​ថៃ​នេះ! ថៃ​គេ​ទាំង​២​​យ៉ាង​គេ​ចំណេញ​គេ​យក​មុខ​យក​មាត់​គេ​ទី១ ដើម្បី​ផ្ចាញ់​ផ្ចាល​កម្ពុជា​រឿង​ជម្លោះ​ព្រំដែន​ក្ដី អី​ក្ដី! ទី២ គេប​ង្កក​ទ្រព្យ​សម្បត្តិ​នៅ​លើ​ទឹក​ដី​របស់​គេ! ​គេ​យក​មុ​ខ​យក​មាត់​ទៅ​អន្តរ​ជាតិ​ថា គេ​កំពុង​តែមា​ន​វិធាន​ការ​កម្ចាត់​នូវ​ឧក្រិដ្ឋ​ជន​ ឬ​ក៏​អំពើ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ជាដើម​នៅ​ប្រទេស​គេ»។

យ៉ាងណា​សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ដោយ​តម្លា​ភាព លើ​ឧក្រិដ្ឋ​ជន​ដែល​អន្តរ​ជាតិ​ចង្អុល​ឈ្មោះ​ចំៗ ដើម្បី​ជម្រះ​ការ​ចោ​ទប្រកាន់ និង​ស្តារ​កេរ្តិ៍​ឈ្មោះ​ជាតិ​ឡើង​វិញ​ ជាជាង​ចេញ​មុខ​បដិសេធ​ដែល​លោក​ថា​ មិនមែន​ជា​ដំណោះ​ស្រាយ​យូរ​អង្វែង​នោះ​ទេ។

បើតាម​របាយ​ការណ៍​នានា រកឃើញថា មេឧក្រិដ្ឋជនឆ​បោក​នៅ​កម្ពុជា​ មាន​ឧកញ៉ា​ច្រើន​ទៀត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ក្នុង​នោះ​មាន​ដូច​ជា ឧកញ៉ា ចេន ហ្ស៊ី ឧកញ៉ា កុក អាន ឧកញ៉ា ទ្រី ភាព រួម​ទាំង​មាន​​ក្មួយ​លោក ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ ជាដើម។

ប្រធាន​អង្គការប្រជាធិបតេយ្យខ្មែរប្រចាំ​ប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា និយាយ​ថា លោក​គាំ​ទ្រ​ការ​វះកាត់​មេឧក្រិដ្ឋ​ជន​ទាំង​នោះ​របស់​អន្តរ​ជាតិ ដោយ​ថា​ពួក​គេ​សុទ្ធ​តែ​ជា​បក្ស​ពួក​គ្រួសារ​ហ៊ុន ដែល​មាន​លុយ​មហា​សាល​បានម​ក​ពី​ការ​ច្បាម​យក​ទ្រព្យ​សម្បត្តិ​ជាតិ បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ និង​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆបោក​ជា​ដើម។

លោកថា៖ «ឧកញ៉ាដែលមានចរិតលក្ខណៈកិប​កេង​លុយ​ ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ទៅ​ពាក់​ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ ជាពិសេស​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ថ្មីៗ នេះ​ខ្ញុំ​ទទូច​ឱ្យ​សហគមន៍​ជាតិ​ អន្តរ​ជាតិ ជាពិសេស​មេដឹ​ក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​ដូច​ជា​ខាង​បណ្ដា​ប្រទេស​អន្តរ​ជាតិ​នានា ត្រូវ​មាន​វិធាន​ការ ទៅ​លើ​អ្នក​ទាំង​អស់​ហ្នឹង ដើម្បី​ឲ្យ​មាន​ភាព​រាង​ចាល​ដើម្បី​បញ្ឈប់​កុំ​ឲ្យ​អ្នក​ដែល​ផ្សេងៗ​ទៀត​ ទៅ​យក​គំរូ​អាក្រក់​ទៅ​ប្រព្រឹត្ត​អំពើ​ទាំង​អស់​ហ្នឹង ឲ្យ​ពី​ជះ​ឥទ្ធិ​ពល​ទៅដ​ល់​សង្គម​ជាតិ​របស់​ប្រទេស​កម្ពុជា​ផង ហើយ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​ប្រទេស​កម្ពុ​ជា​ផង»។

ជុំវិញរឿង​នេះ VOD មិនទាន់អាចសុំការបញ្ជាក់បន្ថែម ពី​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​២៣ ខែតុ​លា​ថា រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​យ៉ាង​មុត​មាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និងបង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​គ្រប់​ទម្រង់ រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ការ​ជួញ​ដូរ​មនុស្ស និង​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ផ្សេង​ទៀត​ផង​ដែរ។

អាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែតុលា បាន​រួម​គ្នាដា​ក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​ព្រីនស៍​របស់​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ក្រោយ​រក​ឃើញ​ថា​ ជា​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆបោក​ខ្នាត​អន្តរ​ជាតិ​លួច​លុយ​រាប់​ពាន់​លាន​ដុល្លារ ​ពី​ជន​​រង​គ្រោះ​ជុំវិញ​ពិភព​លោក។

៦ថ្ងៃក្រោយ​មក ពោលគឺនៅថ្ងៃទី២០ ខែតុលា កាសែត The Chosun Daily ដែល​មាន​មូល​ដ្ឋាន​នៅប្រទេស​កូរ៉េ ឱ្យ​ដឹង​ថា ប្រាក់​បញ្ញើ​មាន​ប្រមាណ ៩១,២ពាន់​លាន​វ៉ុន ឬ​ស្មើ​នឹង​ប្រមាណ ៦៤លាន​ដុល្លារ ដែល​រក្សា​ទុក​នៅ​ក្នុង​ធនាគារ​ចំនួន​៦ របស់​កូរ៉េ​ ត្រូវ​បង្កក​បន្ទាប់​ពី​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ក្រុម​ហ៊ុន​ព្រីនស៍​គ្រុប​ដែល​ជា​ក្រុម​ហ៊ុន​មេ និង​មាន​អង្គ​ភាព​ពាក់​ព័ន្ធ​ចំនួន​១៤៤ ទៀត។

ជុំវិញរឿងនេះដែរ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍​ផ្នត់​គំនិត និ​ង​ការ​ស្រាវ​ជា្រវ លោក សេក សុជាតិ យល់​ថា ពិភព​លោក​កំពុង​រួម​គ្នា​បង្រ្កាប​បទ​ឧក្រិដ្ឋ​ឆបោក​នេះ ហើយ​កំពុង​ដាក់​បន្ទុក​ធ្ងន់​នៅ​តំបន់​អាស៊ាន ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។

លោកថា ប្រទេសនីមួយៗមានគោលការណ៍ និង​ភ្នាក់ងារ​ស៊ើប​អងេ្កត​លើ​មុខ​សញ្ញា​ជន​ល្មើស​ដែល​ពាក់​ព័ន្ធ​ដោយ​មិន​កំណត់​ថា ឧក្រិដ្ឋ​ជន​នោះ មានឋានៈ​ខ្ពស់​ ឬ​ជា​បក្សពួ​ក​បុគ្គល​ណាទេ​។ 

ក្នុងន័យនេះ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បង្រ្កាប និង​អនុ​វត្ត​ច្បាប់​ឱ្យ​បាន​ម៉ឹង​ម៉ា​ត់​លើ​ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​នោះ តែ​បើ​មិន​ស៊ើប​អង្កេត​នឹង​ក្លាយ​ជា​ភស្តុ​តាង​រឹង​មាំ​ឱ្យ​អន្តរ​ជាតិ​បន្ត​ចោទ​កម្ពុជា​កាន់​តែ​ខ្លាំង ជុំវិញ​បទ​ឧក្រិដ្ឋ​ឆបោក​នេះ។

លោកថា៖ «នឹងធ្វើឲ្យពិភពលោកមើលឃើញរូបភាព​មិនល្អ​របស់​កម្ពុជា​ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ទំនាក់​ទំនង​រវាង​រដ្ឋ​និង​រដ្ឋ ជាមួយ​នឹង​ប្រជា​ជន​និង​ប្រជាជន ក៏​ដូច​ជា​មាន​បញ្ហា​ទៅ​ដល់​ការ​វិនិយោគ​របស់​បរទេស​ មក​លើ​កម្ពុជា​នៅ​ពេល​ខាង​មុខ​ផង​ដែរ ដោយ​សារ​ តែ​អាច​ជាមូ​ល​ហេតុ ឬ​ក៏​ជា​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ​នៅ​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ហើយ​គេ​ខ្លាច​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​បទ​ល្មើស ដែល​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​ដែល​គេ​ធ្លាប់​សន្សំ និង​រក​បាន​ពី​មុន​អាច​ក្លាយ​ទៅ​ជាអ​សារ​បង់​ភ្លាមៗ»។

របាយ​ការណ៍​ស្រាវ​ជ្រាវ​ជាង​៧០​ទំព័រ​រប​ស់​វិទ្យាស្ថាន Humanity Research Consultancy ចេញ​​ផ្សាយ​​កាល​ពី​ខែ​ឧ​សភា ឆ្នាំ​​២០២៥ ដែល​រក​​ឃើញ​ថា កម្ពុជា​នៅ​ក្រោម​​អំណាច​រដ្ឋាភិ​បាល​​គ្រួសារ​​ហ៊ុន ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន​ ជាពិសេស​​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

ប្រភពបន្ត​ថា គ្រួសារហ៊ុនដើរតួនាទីជា​អ្នក​ការ​ពារ​​ពួក​​អ្នក​​មាន​​អំណាច ឱ្យ​​គប់​​គិត​​ជាមួយ​​បណ្តាញ​​​ឧក្រិដ្ឋ​​កម្ម​​បរទេស ដើម្បី​​ប្រមូល​​ប្រាក់​​យក​​ទៅ​ចិញ្ចឹម​​គណបក្ស​​កាន់​​អំណាច ដោយ​​ពួក​​គេអាច​​រក​​ចំណូល​បាន​​ពី​​​ឧក្រិដ្ឋ​​កម្ម​​អន​​ឡាញ ប្រមាណ​​ពី​​​ជាង ១២​​ពាន់​​លាន ទៅ ១៩​​ពាន់​​លាន​ដុល្លារ​​នៅ​​ក្នុង​​១ឆ្នាំ។

តាមរបាយការណ៍​​ដដែលបញ្ជាក់ថា ​បុគ្គល​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​​នៅ​​ក្នុង​​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​​ដែន​នៅ​​កម្ពុជា​​សរុប​​​ចំនួន ២៨​នាក់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​​រដ្ឋាភិបាល និង​​ឧកញ៉ា​គ្រាក់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ