អ្នកកាសែតអ៊ុយក្រែន ២នាក់ ត្រូវបានសម្លាប់ដោយដ្រូនរបស់រុស្ស៊ី នៅទីក្រុងក្រាម៉ាតូស្ក៍ (Kramatorsk) នៃភាគខាងកើត កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារដែលត្រូវបានថ្កោលទោសដោយលោកប្រធានាធិបតី វូឡូឌីមៀ ហ្សេលេនស្គី និងបានពណ៌នាដោយអ្នកឃ្លាំមើលសិទ្ធិមនុស្សអ៊ុយក្រែនថា ជាឧក្រិដ្ឋកម្មសង្រ្គាម។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះថា រដ្ឋបាលតំបន់ ដូណេតស្ក៍ (Donetsk) លោក វ៉ាឌីម ហ្វីឡាស្គីន (Vadym Filashkin) បានកំណត់អត្តសញ្ញាណអ្នកកាសែតអូឡែនណា ហ៊ុបបាណូវ៉ា (Olena Hubanova) និង យេហិន ខាម៉ាសិន(Yevhen Karmazin) ថាមកពីប៉ុស្តិ៍ទូរទស្សន៍ហ្វ្រីដម(Freedom) ដែលផ្តល់មូលនិធិដោយរដ្ឋរបស់អ៊ុយក្រែន។ ប៉ុស្តិ៍ដែលផ្សាយជាភាសារុស្ស៊ី បានបញ្ជាក់អំពីការស្លាប់របស់ពួកគេ ហើយបាននិយាយថា ពួកគេនៅក្នុងរថយន្តនៅឯស្ថានីយឥន្ធនៈមួយ នៅពេលមានការវាយប្រហារ។
លោក ហ្វីឡាស្គីន (Filashkin) បាននិយាយថា ពួកគេត្រូវបានវាយប្រហារដោយលែនសែត(Lancet) ជាដ្រូនមានតម្លៃថ្លៃ និងខ្លាំងដែលតែងតែប្រើប្រឆាំងនឹងរថក្រោះ និងរថពាសដែក។
អ្នកឃ្លាំមើលសិទ្ធិមនុស្សដឹមីតត្រូ លូប៊ីនែត (Dmytro Lubinets) បានសរសេរនៅលើតេឡេក្រាមថា ‘‘សោកនាដកម្មនេះ គឺជាភស្តុតាងបន្ថែមទៀតនៃឧក្រិដ្ឋកម្មសង្រ្គាមជាប្រព័ន្ធរបស់រុស្ស៊ី ប្រឆាំងនឹងជនស៊ីវិល’’។
ការិយាល័យរដ្ឋអាជ្ញាទូទៅ បាននិយាយថា មិត្តរួមការងាររបស់អ្នកកាសែតពីរនាក់ ក៏បានរងរបួសផងដែរ ហើយថាខ្លួនបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម។ ការិយាល័យរដ្ឋអាជ្ញាទូទៅ បានបង្ហោះរូបរថយន្តពណ៌ក្រហមដែលត្រូវបានបំផ្លាញ ហើយរូបភាពនៃអាវធំពីរដែលមានសញ្ញា(Press) ក្នុងគូថឡានខាងក្រោយ។
លោក ហ្សេលេនស្គី (Zelenskiy) បាននិយាយថា រុស្ស៊ីបានសម្លាប់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយចំនួន ១៣៥នាក់ អំឡុងពេលសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ លោកមិនបាននិយាយថា តើអ្នកទាំងនោះមានប៉ុន្មាននាក់ជាអ្នកកាសែតនោះទេ។
លោក ហ្សេលេនស្គី (Zelenskiy) បានសរសេរនៅលើបណ្តាញសង្គម អិក្ស(X)ថា ‘‘ទាំងនេះមិនមែនជាឧបទ្ទវហេតុ ឬកំហុសនោះទេ ប៉ុន្តែគឺជាយុទ្ធសាស្រ្តរបស់រុស្ស៊ី ដោយមានចេតនា ក្នុងការបំបាត់សំឡេងឯករាជ្យទាំងអស់អំពីឧក្រិដ្ឋកម្មសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន៕









