កម្ពុជា ដែលមេដឹកនាំតែងតែអះអាងថា ជាប្រទេសរងគ្រោះដោយសារការចោទប្រកាន់ពីសំណាក់អន្តរជាតិ ក្នុងរឿងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត លាងលុយកខ្វក់ និងចាប់ជំរិត ដ៏ល្បីល្បាញនោះ ពេលនេះ ហាក់កំពុងឈរនៅលើតារាងលំដាប់កំពូលនៅឡើយ ទោះបីជាទីតាំងឆបោកតាមអនឡាញមួយចំនួន បានបែកសំបុក ដោយមានប្រតិបត្តិករអនឡាញគ្រប់ទិសទី បាននាំគ្នាសម្រុកចេញពីអាគារកាស៊ីណូធំៗមួយចំនួនក៏ដោយ។
ក្នុងនោះ ដូចជា តំបន់ទីក្រុងចិន ឬឆាយណាថោន ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាដើម បន្ទាប់ពីអាជ្ញាធរខេត្តនេះ បានចុះបង្ក្រាបទីតាំងអាគារឆបោកតាមអនឡាញមក ប្រតិបត្តិករ ដែលរួមមានជនជាតិខ្មែរ និងជនបរទេស ត្រូវបានថៅកែជម្លៀសទាំងយប់ តាមរថយន្តក្រុង ទៅកាន់ទីតាំងផ្សេង ខណៈប្រតិបត្តិករមួយចំនួនទៀត បានរើអីវ៉ាន់ដឹកតាមម៉ូតូ និងរថយន្ត ចេញទៅព្រមគ្នា ដែលបណ្ដាលឱ្យមានការកកស្ទះច រាចរណ៍រហូតដល់ព្រឹកព្រលឹមស្រាងៗ។ ពួកគេទាំងនោះ ភាគច្រើនបានពាក់ម៉ាស និងបិទមុខ ហើយពួកគេមិននិយាយជាមួយអ្នកសារព័ត៌មាននោះឡើយ។
អ្នកសារព័ត៌មាន៖ «សុំសួរមួយ តើរើពីណាទៅណា? ប្រាប់មក សុទ្ធតែខ្មែរគ្នាឯងតើ? ស្រ្តីធ្វើការអនឡាញ៖ ខ្ញុំរើពីអាគារភ្លោះ(តំបន់ឆាយណាថោន) អត់ដឹងទៅណាទេ។ ទៅជីងស៊ួយ ឬទៅណា?»។
ទីតាំងឆបោកតាមអនឡាញ ដែលកំពុងបែកសំបុកនោះ រួមមាន កាស៊ីណូ ហ្វរអេវ័រ(Forever Gold) កាស៊ីណូ ខេប៊ី (KB HOTEL) និងកាស៊ូណូ ជីនប៉ី (Jin Bei Group)ជាដើម ដែលម្ចាស់ទីតាំងបនល្បែងកាស៊ីណូទាំងនេះ គឺជាមេឧក្រិដ្ឋជនចាស់វស្សា ដែលកំពុងរស់នៅកម្ពុជា និងមានទំនាក់ទំនងជាមួយមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដូចជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក កុក អាន និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាដើម។
ក្នុងនោះ ម្ចាស់កាស៊ីណូ ហ្វរអេវ័រ និងកាស៊ីណូ ខេប៊ី ដែលជាជនជាតិចិន គឺលោក ស៊ូ អាយម៊ីន (Xu Aimin) មានសម្ព័ន្ធក្នុងជំនួញវិនិយោគជាមួយកូនប្រសារប្រុសរបស់លោក កុក អាន គឺលោក រិទ្ធី សំណាង ដែលបានស្លាប់កាលពីឆ្នាំ២០២២។ លោក ស៊ូ អាយម៊ីន ត្រូវបានតុលាការចិន កាត់ទោសឱ្យជាប់គុក រយៈពេល ១០ឆ្នាំ កាលពីឆ្នាំ២០១៣ ពាក់ព័ន្ធនឹងល្បែងស៊ីសងអន្តរជាតិខុសច្បាប់។ ក៏ប៉ុន្តែ ជាជាងជាប់គុកនៅចិន លោក ស៊ូ អាម៊ីន បានចំណាយលុយ កសាងអាជីវកម្មបនល្បែងនៅក្នុងប្រទេសកម្ពុជា រួមមានកាស៊ីណូ និងសណ្ឋាគារ ជាច្រើនកន្លែងនៅទីក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន បានក្លាយជារោងចក្រឆបោកតាមអ៊ីនធឺណិត ដ៏ល្បីល្បាញមួយ។
កាលពីយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែតុលា នៅក្នុងក្រុងអាគារកាស៊ីណូ ហ្វរអេវ័រ មានផ្ទុះការតវ៉ាដោយហិង្សាមួយ បានកើតឡើងរវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងថៅកែចិន ដែលប្រើពាក្យប្រមាថជាតិសាសន៍។ ក្នុងករណីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា ជាប្អូនប្រុសរបស់ លោក ស សុខា បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ ដែលភាគច្រើនជា ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស។
ជាលទ្ធផលនៃកិច្ចអន្តរាគមន៍នេះ អាជ្ញាធររកឃើញថា ជនបរទេសទាំងនេះ បានស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅលើទឹកដីកម្ពុជា ក៏ប៉ុន្តែអាជ្ញាធរមិនបានបញ្ចេញឈ្មោះ អាគារកាស៊ីណូ អត្តសញ្ញាណម្ចាស់ប្រតិបត្តិករ និងបើកការស្រាវជ្រាវរកបទល្មើសផ្សេងបន្ថែមទៀតនោះឡើយ ខណៈទីកន្លែងកើតហេតុនៅក្នុងអាគារ ក៏អាជ្ញាធរមិនបានថតបង្ហាញនោះឡើយ។ ទោះជាយ៉ាងណា ប្រភពពីបុគ្គលិកកាស៊ីណូម្នាក់ ដែលសុំលាក់អត្តសញ្ញាណ បានអះអាងថា ជនបរទេសទាំងនោះ គឺជាប្រតិបត្តិករឆបោកតាមអនឡាញ ដែលមកធ្វើការដោយស្ម័គ្រចិត្ត ដោយទទួលបានកម្រៃខ្ពស់។
ចំណែកឯ កាស៊ីណូ ជីនប៉ី វិញ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក អ៊ឹង តារា។ ក្រុមហ៊ុន ជីនប៉ី (Jinbei Cambodia Investment Co. Ltd.) ដែលជាក្រុមហ៊ុនមេរបស់កាស៊ីណូមួយនេះ ត្រូវបានបង្កើតឡើងដោយទីប្រឹក្សាជនជាតិចិន របស់លោក ហ៊ុន សែន គឺលោក ចេន ហ្ស៊ី ជាមួយលោក ស សុខា ប៉ុន្តែក្រោយមក លោក ស សុខា បានដកខ្លួនចេញវិញ កាលពីឆ្នាំ២០២១ មុននឹងលោកឡើងស្នងតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្តពីឪពុក នៅឆ្នាំ២០២៣។
ដោយឡែក ចំពោះស្ថានភាពនៅតំបន់អាណាចក្រកាស៊ីណូ ដែលស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាមវិញ ក៏មិនខុសគ្នាពីតំបន់ឆាយណាថោន របស់ខេត្តព្រះសីហនុ នោះឡើយ ដោយនៅក្នុងតំបន់អាគារ HengHe1 និង Kimsa1 មានប្រតិបត្តិករធ្វើការអនឡាញ ដែលភាគច្រើនជាជនជាតិវៀតណាម រាប់ពាន់នាក់ បានធ្វើដំណើរចេញទាំងយប់ បន្ទាប់ពីអាជ្ញាធរបានចុះត្រួតពិនិត្យនៅតាមអាគារមួយចំនួន។
ក្នុងចំណោមនោះ ប្រតិបត្តិករវៀតណាម ភាគច្រើនបានប្ដូរទៅធ្វើការនៅទីតាំងអាគារ នៅតំបន់ផ្សេងទៀត ខណៈមួយចំនួនទៀត បានរត់គេចខ្លួនត្រឡប់ទៅទឹកដីវៀតណាម វិញ ដោយពួកគេបានដើរថ្មើរជើង កាត់វាលស្រែ និងឈប់សម្រាកនៅវត្តប្រាសាទ មុននឹងឆ្លងចូលទឹកដីវៀតណាម តាមច្រកផ្លូវលំ ដែលនៅក្បែរនោះ។
ចំណែកឯមជ្ឈមណ្ឌលឆបោកតាមអនឡាញ នៅតំបន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វិញ មានករណីប្រតិបត្តិករអនឡាញ ចំនួនតិចតួចប៉ុណ្ណោះ ដែលរត់គេចខ្លួនពីទីតាំងអាគារឃុំឃាំង ខណៈទីតាំងធំៗ មានដូចជា កាស៊ីណូក្រោន របស់លោក កុក អាន កាស៊ីណូ ស្តាហ្គោល និងអាគារនៅក្នុងតំបន់ អានកូ ជាដើម គឺនៅដំណើរការជាធម្មតា។
ពលរដ្ឋម្នាក់ នៅក្រុងប៉ោយប៉ែត ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ វីអូឌី ថា ប្រតិបត្តិករអនឡាញ ចម្រុះជាតិសាសន៍ មានដូចជា ថៃ ចិន ជប៉ុន ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ និងបង់ក្លាដេស ជាដើម នៅតែបន្តធ្វើការដដែល ប៉ុន្តែពួកគេត្រូវថៅកែ រឹតបន្តឹងមិនអនុញ្ញាតឱ្យចេញពីក្នុងអាគារឡើយ។
ពលរដ្ឋរូបនោះ និយាយថា៖ «នៅប៉ោយប៉ែតហ្នឹង ធ្វើការអនឡាញរាល់ថ្ងៃ មានថៃ ឥណ្ឌូនេស៊ី ចិន និងខ្មែរ»។
យ៉ាងណាក៏ដោយចុះ ទោះបីជាចរន្តនៃប្រតិបត្តិករឆបោកនៅកម្ពុជា ត្រូវបានផ្លាស់ប្ដូរទីតាំង និងត្រូវអាជ្ញាធរចុះបង្ក្រាបបានមួយចំនួនក្ដី ក៏ក្រុមជនឆបោកទាំងនោះ ហាក់មិនបានទៅណាឆ្ងាយពីទឹកដីកម្ពុជានោះទេ ផ្ទុយទៅវិញពួកគេថែមទាំងពង្រីកបណ្ដាញប្រតិបត្តិការ កាន់តែធំជាងមុនថែមទៀត។
ជាក់ស្ដែង បើតាមការស៊ើបអង្កេតលើបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រុមប្រតិបត្តិករ និងប្រភពមួយចំនួន បានរកឃើញថា ក្រុមប្រតិបត្តិករ នៅខេត្តព្រះសីហនុ និងក្រុងបាវិត ត្រូវបានថៅកែប្ដូរទីតាំងទៅកាន់ទីតាំងអាគារឆបោកស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខ្លះបញ្ជូនទៅអាគារនៅភូមិជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល និងខ្លះទៀត បញ្ជូនទៅអាគារកាស៊ីណូ អូរស្មាច់ របស់លោក លី យ៉ុងផាត់ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ។
លើសពីនេះ បន្ទាប់ពីចល័តបុគ្គលិកហើយនោះ បណ្ដុំឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត ដែលមានទីតាំងនៅតាមព្រំដែនថៃ និងវៀតណាម បានប្រើប្រាស់បណ្ដាញរបស់ពួកគេ ប្រកាសរកបុគ្គលិកជាច្រើននាក់ និងច្រើនផ្នែកបន្ថែមទៀត មានដូចជា ផ្នែកភ្ជាប់បណ្ដាញទំនាក់ទំនង ផ្នែកកាត់ត តួម៉ូដែល និងផ្នែកបច្ចេកទេសបញ្ញាសិប្បនិម្មិត ឬAI ជាដើម។
នៅក្នុងការឃោសនានេះ បណ្ដាញប្រតិបត្តិករ បានអូសទាញបេក្ខជន ដោយផ្ដល់ឱ្យនូវប្រាក់ខែខ្ពស់ ចាប់ពី ៦រយដុល្លារ រហូតដល់ ១ពាន់ ២រយដុល្លារ ជាមួយនឹងការផ្ដល់អាហារ បន្ទប់ស្នាក់នៅ និងលក្ខខណ្ឌការងារងាយស្រួល ដោយតម្រូវឱ្យចេះវាយអក្សរនៅលើកុំព្យូទ័រ ចាប់ពី ៤០ពាក្យ ក្នុងមួយនាទី។
យ៉ាងណាមិញ ក្រៅពីប្រកាសជ្រើសរើសបុគ្គលិកក្នុងស្រុកហើយនេះ ការស៊ើបអង្កេត បានរកឃើញថា រោងចក្រឆបោកតាមអនឡាញនៅកម្ពុជា បានទទួលប្រតិបត្តិករបរទេសផ្សេងទៀត ដែលរត់គេចខ្លួន ពីទីតាំងឆបោកតាមអនឡាញ នៅតំបន់ឆ្វេកូកូ (Shwe Kokko) និង ខេខេ ផាក (KK Park) ក្នុងទីក្រុងមីយ៉ាវ៉ាឌី ប្រទេសមីម៉ាន់ម៉ា ក្រោយយោធាភូមា បានបើកយុទ្ធនាការចុះបង្ក្រាប។ ក្រុមប្រតិបត្តិករបរទេសទាំងនោះ បានធ្វើដំណើរឆ្លងកាត់ចូលតាមប្រទេសថៃ និងប្រទេសឡាវ ចូលមកកម្ពុជា ខណៈមួយចំនួនទៀត ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ដោយសាររកឃើញពាក់ព័ន្ធនឹងបទល្មើសឆបោកពលរដ្ឋថៃ។
ក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៣ ខែតុលា ក្រសួងការបរទេសកម្ពុជា បានលើកឡើងពីភាពស្មុគស្មាញនៃបញ្ហាការឆបោកតាមអនឡាញ ដែលធ្វើឲ្យពិបាកបែងចែកពីភាពខុសគ្នារវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស។
លិខិតដដែល ថ្លែងថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កើនប្រតិបត្តិការទូទាំងប្រទេស ដើម្បីកំណត់មុខសញ្ញាស៊ើបអង្កេត និងបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តការត្រួតពិនិត្យគោលដៅ ចុះឆែកឆេរ និងចាប់ខ្លួនមេខ្លោង និងអ្នកសមគំនិត ព្រមទាំងរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋកម្ម ដូចជា សាច់ប្រាក់ រូបិយបណ្ណគ្រីបតូ យានយន្ត និងអចលនទ្រព្យ។
យ៉ាងណា ក្រសួងការបរទេស ក៏មិនភ្លេចរំលេចថា កិច្ចការនេះត្រូវការកិច្ចសហការ និងការសម្របសម្រួល មិនមែនការស្តីបន្ទោសលើព្រះរាជាណាចក្រកម្ពុជានោះឡើយ។
ពាក់ព័ន្ធរឿងនេះ ទីប្រឹក្សាផ្នែកធុរកិច្ច និងអភិបាលកិច្ច លោក ប៉ិច ពិសី យល់ឃើញថា ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ចាប់ជំរិត និងលាងលុយកខ្វក់ គឺទាមទារការសហការគ្នា រវាងរដ្ឋនឹងរដ្ឋ និងការរឹតបន្តឹងការអនុវត្តច្បាប់ម៉ឺងម៉ាត់ របស់ប្រទេសសាមី ព្រោះក្រុមឧក្រិដ្ឋជន មានធនធាន បច្ចេកវិទ្យា និងបណ្ដាញគ្រប់ទីកន្លែង ដែលធ្វើឱ្យការប្រយុទ្ធប្រឆាំងរបស់អាជ្ញាធររដ្ឋ មានភាពពិបាក។
លោក ប៉ិច ពិសី ថ្លែងថា៖ «ដូច្នេះសម្រាប់កម្ពុជា ហើយនិងរដ្ឋាភិបាល គឺយើងមិនមានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ទេ។ មកដល់ពេលនេះ យើងមិនគួរចេញនូវរបាយការណ៍ ឬក៏ការឆ្លើយតបបែបការពារខ្លួនទេ យើងត្រូវអនុវត្តច្បាប់។ ការការពារខ្លួននៅពេលនេះ វាធ្វើឱ្យកម្ពុជាយើង ត្រូវបានគេមើលឃើញថា មានការអនុវត្តច្បាប់ទន់ខ្សោយ ហើយមិនអាចលាងសម្អាតខ្លួនយើងបានទេ ទាល់តែយើងចាត់វិធានការ អនុវត្តច្បាប់»។
សំណុំរឿងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា បានល្បីកក្រើកលើឆាកអន្តរជាតិ ក្រោយមានករណីស្លាប់ជនជាតិកូរ៉េនៅកម្ពុជា និងបន្ទាប់ពីមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសលើក្រុមហ៊ុនព្រីនស៍គ្រុប រួមទាំងបណ្តាញក្រុមទីផ្សារងងឹត សរុបចំនួន ១៤៦ផ្សេងទៀត ដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកអនឡាញនៅអាស៊ីអាគ្នេយ៍។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានផ្សាយថា ក្នុងរយៈពេល ៤ខែចុងក្រោយនាឆ្នាំ២០២៥នេះ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងចំនួន ៩២កន្លែង នៅក្នុង ១៨រាជធានី និងខេត្ត ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ប្រមាណជាង ៣ពាន់នាក់ ដែលមាន២០សញ្ជាតិ ក្នុងនោះ មានជនបរទេសជាង ២ពាន់៨រយនាក់ ត្រូវបានចាប់បញ្ជូនចេញពីប្រទេសកម្ពុជា បន្ទាប់ពីសមត្ថកិច្ចបានជួយសង្រ្គោះឱ្យរួចផុតពីបណ្តាញឧក្រិដ្ឋជនឆបោក និងសម្បុកនៃការជួញដូរមនុស្ស។
ទោះជាបែបនេះក្ដី អ្នកឃ្លាំមើល សង្កេតឃើញថា ការចុះបង្រ្កាបរបស់អាជ្ញាធរនេះ ប្រៀបបានទៅនឹងការទុកមេមាន់ ដើម្បីយកពង ដែលជាទ្រឹស្ដីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយអាជ្ញាធរចាប់តែប្រតិបត្តិករ ខណៈមេខ្លោងដែលជាអ្នកគ្រប់គ្រង តែងតែត្រូវបានលាក់អត្តសញ្ញាណ។
ទន្ទឹមគ្នានេះ ការស្រាវជ្រាវរបស់អន្តរជាតិ រកឃើញថា មូលហេតុដែលក្រុមឧក្រិដ្ឋជន បានជ្រើសរើសយកទឹកដីកម្ពុជា ដើម្បីកសាងរោងចក្រ នៃឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត គឺដោយសារកម្ពុជាមានប្រព័ន្ធនីតិរដ្ឋខ្សោយ និងសម្បូរដោយអំពើពុករលួយ ដែលធ្វើឱ្យពួកគេ មានឱកាសងាយស្រួលក្នុងការចូលទៅក្បែរមេដឹកនាំ។ ដោយសារតែកត្តាទាំងនេះហើយ ទើបធ្វើឱ្យកម្ពុជានៅតែរក្សាបាននូវតំណែងជាជើងឯក នៃឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត៕









