កម្ពុជាបាននិងកំពុងបែកបាក់ជាតិកាន់តែខ្លាំងដែលកំពុងនាំទៅរកក្តីវិនាសដល់ជាតិ ខណៈរដ្ឋាភិបាលគ្រួសារហ៊ុន មិនត្រឹមតែមិនព្រមដោះលែងអ្នកទោសនយោបាយ ដើម្បីបើកផ្លូវឱ្យមានការបង្រួបបង្រួមជាតិទៅតាមការចង់បានរបស់ប្រជាជាតិខ្មែរស្ទើតែទាំងអស់ ខណៈដែលថៃបានបើកការវាយឈ្លានពានកម្ពុជានោះទេ ថែមទាំងនៅតែបន្តចាប់ឃុំខ្លួនអ្នកបញ្ចេញមតិសម្តែងការខ្វល់ខ្វាយពីរឿងជាតិ បង្កឱ្យមានការឈឺចាប់កាន់តែខ្លាំង ខណៈបច្ចុប្បន្នរដ្ឋាភិបាលបានចាប់ខ្លួនអ្នកបញ្ចេញមតិយ៉ាងហោច ១៥នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកទោសមនសិការដែលជាប់ឃុំឡើងដល់ជិត៩០នាក់។
នៅក្នុងពិធីបើកសម្ពោធព្រលានយន្តហោះអន្តរជាតិនៅខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ក្រៅពីហាមពលរដ្ឋកុំឱ្យសួរពីរឿងបាត់បង់ទឹកដី និងស្ថានភាពរបស់កងទ័ពនៅជួរមុខ លោក ហ៊ុន ម៉ាណែត បានថ្លែងជាថ្មីទៀតថា នៅពេលនេះជាពេលដែលខ្មែរត្រូវរួបរួមសាមគ្គីគ្នា មិនមែនជាពេលដែលត្រូវបំបែកបំបាក់គ្នាមិនទុកចិត្តគ្នា គិតតែនិយាយបំផុសថៃយកកន្លែងនេះ ថៃយកកន្លែងនោះ អ្នកនេះស្លាប់ អ្នកនោះស្លាប់ គឺមិនត្រូវនោះទេ។
លោក ហ៊ុន ម៉ាណែត សូមឱ្យខ្មែរមានការមូលមតិគ្នាមិនថានិន្នាការណាទេ គឺត្រូវទទួលស្គាល់ចំពោះការខិតខំលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពក្នុងការការពារទឹកដី។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់បានលើកពីប្រវត្តិសាស្ត្រនៃការបែកបាក់ផ្ទៃក្នុងជាតិ ដែលបានធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយពីប្រទេសមហានគរ ដែលមានផ្ទៃដីធំល្វឹងល្វើយ មករួមតូចស្ទើរតែបាត់ឈ្មោះពីផែនទីពិភពលោកនាពេលបច្ចុប្បន្នថា មកពីការបែកបាក់ជាតិ។
ប៉ុន្តែនៅពេលឡើងកាន់អំណាចតាមរយៈការលើកបន្តុបពីឪពុករបស់លោក ក្នុងរយៈពេលជាង២ឆ្នាំមកនេះ លោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនបានដោះលែងអ្នកទោសនយោបាយណាម្នាក់ ដែលបង្ហាញឱ្យឃើញពីចេតនាក្នុងការបង្រួបបង្រួមជាតិនោះទេ ថែមទាំងនៅតែបន្តចាប់ឃុំខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមជាបន្តបន្ទាប់បន្ថែមទៀត ធ្វើឱ្យកាន់តែមានការបាក់បែកជាតិកាន់តែខ្លាំងឡើងថែមទៀតរហូតដល់អ្នកនយោបាយខ្មែរនៅក្រៅប្រទេសដែលដឹកនាំដោយ លោក សម រង្ស៊ី បង្ខំចិត្តទៅបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដើម្បីដោះស្រាយបញ្ហាទឹកដី និងបញ្ហាវិបត្តិសង្គមចាក់ស្រែះ។
អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា បច្ចុប្បន្នអាជ្ញាធរនិងស្ថាប័នអនុវត្តច្បាប់មួយចំនួន បានបន្តចាប់ឃាត់ និងឃុំខ្លួនអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិ របស់អ្នកទាំងនោះ។
យោងតាមគេហទំព័រអ្នកជាប់ឃុំដោយប្រើសិទិ្ធរបស់អង្គការលីកាដូ បានឱ្យដឹងថា គិតចាប់តាំងពីខែកក្កដាមកដល់ថ្ងៃទី២៧ខែតុលានេះ មានអ្នកនយោបាយ សកម្មជន និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ១៥នាក់បន្ថែមទៀត ត្រូវបានចាប់ឃុំខ្លួនធ្វើឱ្យចំនួនអ្នកជាប់ឃុំដោយប្រើសិទ្ធិបានកើនឡើងដល់ ៨៦នាក់។
លីកាដូ រួមជាមួយក្រុមសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលមួយចំនួន អំពាវនាវឱ្យមានការដោះលែងអ្នកទាំងនោះជាបន្ទាន់ និងលើកចោលបទចោទប្រកាន់លើអ្នកទាំងនោះ ក៏ដូចជាអនុញ្ញាតឱ្យពួកគេបន្តភាពសកម្មនិយម ដើម្បីឱ្យកម្ពុជាកាន់តែប្រសើរឡើង ។
យោងតាមមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀបទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។
ចំណែក មាត្រា៤២ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ថ្លែងថា ការអំពាវនាវរបស់ថ្នាក់ដឹកនាំក្តីរបស់អ្នកនយោបាយក្តីឱ្យខ្មែររួបរួមគ្នា គឺជារឿងត្រឹមត្រូវរឿងសំខាន់ ដើម្បីឱ្យមានសាមគ្គីភាពជាតិ ពីព្រោះការដែលរួបរួមជាតិ វាធ្វើឱ្យប្រទេសរឹងមាំហើយ អាចការពារបូរណភាពទឹកដីដែនអធិបតេយ្យភាពបានគង់វង្ស។ ប៉ុន្តែត្រូវតែគិតថា ដើម្បីឱ្យអាចរួបរួមបាន ទាល់តែមនុស្សទាំងអស់ក្នុងសង្គម នឹងអាចទទួលយកបានមានន័យថា មិនមានអ្វីប៉ះពាល់ទៅដល់មនសិការរបស់គេ ត្រូវមានយុត្តិធម៌ ត្រូវធ្វើឱ្យទាំងអស់គ្នាទទួលបានផលពីសង្គម និងត្រូវចៀសវាងការជិះជាន់គ្នាទៅវិញទៅមកជាដើម។
លោកថា៖ «ហើយនៅពេលណាមនុស្សនៅក្នុងសង្គមនោះ ទទួលយកបានការរួបរួម វាមានហើយ វាងាយនឹងមានការរួបរួម ហើយបើសង្គមមួយវាមានបញ្ហាច្រើនពេក ទាំងអំពើពុករលួយ ទាំងរឿងអយុត្តិធម៌សង្គមរឿងបែងចែកធនធានសង្គមអី មិនមានសមភាពជាដើម អាហ្នឹងវាមិនងាយមានការរួបរួមគ្នាល្អទេ។ ដូច្នេះខ្ញុំគាំទ្រអ្នកអំពាវនាវរួមទាំងខ្ញុំផងដែរ ធ្លាប់អំពាវនាវថា សូមឱ្យមានការដោះលែងអ្នកទោសមនសិការទាំងឡាយហ្នឹង ព្រោះមួយចំនួនហាក់ដូចមានការចោទប្រកាន់ពីមតិជាតិ និងអន្តរជាតិថា ភាគច្រើនវាជារឿងនយោបាយរឿងមនសិការអីជាដើម ដូច្នេះបើសិនជាមានការដោះលែងអាហ្នឹង វាជាជំហានមួយទេ ដើម្បីឈានទៅរកការរួបរួមនឹងបានប្រសើរ»។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិរូបនេះ លើកឡើងថា ទាល់តែខ្មែររួបរួមគ្នាទើបខ្មែរខ្លាំង អាចកសាងប្រទេសជាតិឱ្យរីកចម្រើនរឹងមាំបាន ហើយនៅពេលដែលខ្មែរខ្លាំង គ្មានបរទេសណាហ៊ានប្រមាថមើលងាយខ្មែរឈ្លានពានខ្មែរទៀតទេ ហើយនៅពេលនោះ ទើបខ្មែរអាចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនបាន។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន ការបើកឱ្យមានការបញ្ចេញមតិទៅតាមច្បាប់ ជុំវិញការរក្សាការពារផលប្រយោជន៍ជាតិ ការពារប្រទេសជាតិ វាជាជំហានមួយសម្រាប់បើកផ្លូវឱ្យមានការរួបរួមជាតិ មានន័យថា គ្រប់ភាគីគ្រប់និន្នាការនយោបាយមានកាតព្វកិច្ចក្នុងការការពារផលប្រយោជន៍ជាតិ ការពារបូរណភាពទឹកដី ឬក៏អធិបតេយ្យភាពជាតិខ្មែរ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ក៏បានប្រាប់វីអូឌីផងដែរថា ក្នុងស្ថានភាពបច្ចុប្បន្នដែលកម្ពុជាកំពុងតែមានការរំលោភបំពានឈ្លានពានពីសៀម រដ្ឋាភិបាលត្រូវតែសណ្តោសអធ្យាស្រ័យអត់ឱនផ្តល់អភ័យទានខ្ពស់ ដល់អ្នកបញ្ចេញមតិដោយត្រូវធ្វើការអប់រំណែនាំ ឬក៏ពិន័យឱ្យបានច្រើន មិនគួរត្រូវធ្វើការចាប់ឃុំខ្លួននោះទេ ហើយអ្នកបញ្ចេញមតិក៏គួរធ្វើឡើងក្នុងន័យស្ថាបនា ដោយមានហេតុផលនិងអង្គហេតុច្បាស់លាស់ផងដែរ ចៀសវាងការចោទប្រកាន់ដោយប្រើពាក្យសម្តីអសុរស។
លោកថា៖ «រដ្ឋាភិបាលត្រូវតែចាប់ផ្តើម យើងមើលអំពីករណីបែបណា ចំពោះអតីតអ្នកទោសនយោបាយឬក៏សកម្មជនបរិស្ថាន ក៏ដូចជាយុវជនកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១។ អ៊ីចឹងហើយយើងមើលឃើញថា តើធាតុផ្សំការបញ្ចេញមតិ នឹងតើវាបង្កគ្រោះថ្នាក់បែបណា? ចែកគ្នាឱ្យដាច់រវាងសន្តិសុខជាតិ ការពារជាតិផ្ទៃក្នុង សន្តិសុខជាតិហ្នឹង ទៅនឹងការបញ្ចេញមតិគ្រាន់តែចង្អុលបង្ហាញរិះគន់ស្ថាបនាបែបណា ដែលវាមិនត្រូវដល់ទៅចាំបាច់ដល់ទៅចាប់ចងដាក់គុក ឱ្យអ្នកដែលបញ្ចេញមតិនឹងថាយើងឱ្យជាការអប់រំណែនាំ ឬក៏ពិន័យឱ្យធ្វើកិច្ចការសង្គមជាតិសេវាកម្មបែបណាហើយនឹងពិន័យជាប្រាក់ជាអី ខ្ញុំថា នោះជាជម្រើសល្អ»។
សម្រាប់ លោក មួង ណារ៉េត អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម បានបួងសួងឱ្យអ្នកនយោបាយខ្មែរផ្លាស់ប្តូរឥរិយាបថឈប់អាត្មានិយម ចង់យកឈ្នះតែជាមួយខ្មែរគ្នាឯង ហើយងាកមកបង្រួបបង្រួមផ្សះផ្សាជាតិឡើងវិញ ពីព្រោះពេលនេះចាស់ៗអស់ហើយ ហើយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានវ័យដល់ជាង៧០ឆ្នាំទៅហើយ តើចង់បានអ្វីទៀត?
លោកថា៖ «ឱ្យជីវិតចុងក្រោយនឹងរស់នៅក្នុងស្ថានភាពដែលជាតិមានការផ្សះផ្សាគ្នាទៅ នៅងើបមួយវ៉ៃមួយ ហិង្សាធ្វើបាបផ្លូវចិត្តខ្លួនដល់ណាទៀត? លោកទូលរែកស្ថានភាពប្រទេសកម្ពុជានេះយូរណាស់ហើយ ហើយក៏បណ្តោយឱ្យលោកហ៊ុន ម៉ាណែត នឹងកាន់ការងារអីខ្លះទៅ ហើយលោកហ៊ុន ម៉ាណែត ទៀតសោត ក៏លោកគួរតែធ្វើអ្វីឱ្យខុសពីឪពុកលោកខ្លះទៅ ខ្ញុំសូមអង្វរ ពីព្រោះប្រជាពលរដ្ឋខ្មែរ គេសង្ឃឹមលើលោកច្រើនណាស់ ដ្បិតតែថាលោកជាកូនមរតករបស់គណបក្សប្រជាជនក៏ដោយ តែគេថាលោកបានរៀនសូត្រច្រើននៅក្រៅប្រទេស»។
សម្រាប់លោកមួង ណារ៉េត លោកមិនខ្វល់ថា អ្នកដឹកនាំខ្មែរត្រកូលហ៊ុន ត្រកូលសុខ ត្រកូលទា ត្រកូល ស ត្រកូលរ៉ុង ត្រកូលកឹម ឬត្រកូលសមនោះទេ បើដឹកនាំប្រទេសធ្វើឱ្យមានការផ្សះផ្សាជាតិ កុំងើបមួយវ៉ៃមួយ កុំធ្វើទុក្ខបុកម្នេញចាប់ចងគ្នារំលាយគ្នា បំផ្លាញគ្នាធ្វើឱ្យជាតិអាប់ឱនកិក្តិយសលើឆាកអន្តរជាតិ ធ្វើឱ្យប្រទេសជាតិរីកចម្រើន ប្រជាពលរដ្ឋរស់នៅបានសុខស្រួល រកប្រាក់ចំណូលបានខ្ពស់មានជីវភាពធូរធារមានយុត្តិធម៌សង្គមនោះ ទាំងរូបលោកនឹងប្រជាពលរដ្ឋប្រាកដជាគាំទ្រហើយ។
ប៉ុន្តែលោកថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទទួលយកមិនបានឡើយ នៅពេលដែលមានការរំលោភឈ្លានពានពីថៃហើយ ប៉ុន្តែបែរជាមានការរំលោភបំពានធ្វើបាបខ្មែរ ពីសំណាក់រដ្ឋាភិបាលខ្មែរខ្លួនឯង ដោយចាប់ដាក់គុក ងើបមួយវ៉ៃមួយថែមទៀត ដែលជារឿងដែលអាក្រក់មែនទែន។
លោក ណារ៉េត អំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត គួរធ្វើអ្វីៗឱ្យខុសពីឪពុករបស់លោកខ្លះ ដោយត្រូវដោះលែងអ្នកទោសនយោបាយ ដើម្បីចាប់ផ្តើមឱ្យមានការបង្រួបបង្រួមផ្សះផ្សាជាតិ បើកលំហប្រជាធិបតេយ្យ បើកឱ្យអ្នកនយោបាយប្រឆាំងវិលចូលស្រុក រៀបចំការបោះឆ្នោតដោយសេរីយុត្តិធម៌ត្រឹមត្រូវស្មើភាពគ្នា កុំរំលាយគេតាមតែអំពើចិត្ត នៅពេលនោះខ្មែរគ្រប់រូបនឹងឈ្នះ ខ្មែរខ្លាំង ខ្មែររស់នៅបានសុខទាំងអស់គ្នាហើយលោកហ៊ុន ម៉ាណែត ក៏នឹងកើនប្រជាប្រិយភាពបានជាប់ឆ្នោតដឹកនាំប្រទេសជាបន្តទៀតដែរ។
សម្រាប់លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានសរសេរលើបណ្តាញសង្គមរបស់លោកថា ដើម្បីសន្ដិភាពផ្ទៃក្នុង រដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវកម្ទេចសំឡេងរិះគន់ និងអ្នកមានមតិផ្ទុយ និងដើម្បីសន្ដិភាពខាងក្រៅ រដ្ឋាភិបាលគ្រួសារហ៊ុនត្រូវដោះដូរអធិបតេយ្យ និងបូរណៈភាពទឹកដី។
លោក ចាន់ឡូត លើកឡើងថា សរុបមកកម្ពុជាមិនដែលមានសន្ដិភាពម្ដងណាឡើយ ដោយសារមនុស្សនិយាយពីអ្វីមួយ គឺពួកគេកំពុងខ្វះខាតរបស់ហ្នឹង។ ជាក់ស្ដែង គ្រាន់តែចុះកិច្ចព្រមព្រៀងសន្ដិភាពក្លែងក្លាយភ្លាម ពួកគេទូងស្គរ ស្រែកហ៊ោកញ្ច្រៀវ ស្ដែងឱ្យឃើញឥរិយាបថនៃមនុស្សមិនដែលស្គាល់សន្ដិភាព៕









