អ្នកគាំទ្រគណបក្សប្រឆាំងរាប់រយនាក់ បានបិទផ្លូវ និងដុតកង់ឡាន នៅរដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសកាមេរូន កាលពីថ្ងៃអាទិត្យ ខណៈដែលការតវ៉ាបានកើនឡើងមួយថ្ងៃ មុនការប្រកាសលទ្ធផលបោះឆ្នោតរបស់ប្រធានាធិបតី។
ទីភ្នាក់ងារសាព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះថា បូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការណុងបាញ់ទឹក ដើម្បីបំបែកក្រុមអ្នកគាំទ្របេក្ខភាពបក្សប្រឆាំង លោក អ៊ីសា ឈីរ៉ូម៉ា(Issa Tchiroma) ។ ពួកគេបាននិយាយថា លោកបានផ្តួលរំលំមេដឹកនាំជើងចាស់ លោក ផូល ប៊ីយ៉ា(Paul Biya) នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១២ ខែតុលា និងបានចោទប្រកាន់អាជ្ញាធរថាកំពុងរៀបចំការបន្លំលទ្ធផលការបោះឆ្នោត។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងមួយចំនួន បន្ទាប់ពីលទ្ធផលមួយផ្នែកដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា លោក ប៊ីយ៉ា (Biya) អាយុ ៩២ឆ្នាំ កំពុងស្ថិតក្នុងផ្លូវឈ្នះ។ រដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់ពីភាគីប្រឆាំង អំពីភាពមិនប្រក្រតី និងបានជំរុញឱ្យប្រជាពលរដ្ឋរង់ចាំលទ្ធផលការបោះឆ្នោត។
អ្នកសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍ថា បានឃើញប៉ូលីសចាប់ខ្លួនអ្នកបាតុករយ៉ាងហោចណាស់៤នាក់។ ការប៉ះទង្គិចក៏ត្រូវបានរាយការណ៍ផងដែរ នៅក្នុងផ្នែកផ្សេងទៀតនៃទីក្រុង និងនៅក្នុងស្រុកកំណើតរបស់ លោក ឈីរ៉ូម៉ា(Tchiroma) គឺ ទីក្រុងហ្គារ៉ូវ៉ា(Garoua) ។
កាលពីព្រឹកថ្ងៃអាទិត្យ អ្នកគ្រប់គ្រងយុទ្ធនាការរបស់ លោក ឈីរ៉ូម៉ា បាននិយាយថា អាជ្ញាធរបានឃុំខ្លួនអ្នកនយោបាយប្រហែល ៣០នាក់ និងសកម្មជនដែលបានគាំទ្របេក្ខភាពរបស់លោក ដែលបានបង្កើនភាពតានតឹង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាមេរូន លោក ផូល អាថាងហ្គា ជី(Paul Atanga Nji) បាននិយាយកាលពីថ្ងៃសៅរ៍ថា ការចាប់ខ្លួនត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងអ្វីដែលលោកបានពណ៌នាថាជា ‘‘ចលនាបះបោរ’’ ទោះបីជាលោកមិនបាននិយាយថា អ្នកណាត្រូវបានឃុំខ្លួន ឬចំនួនប៉ុន្មានដែលត្រូវឃុំខ្លួនក៏ដោយ៕











