កិច្ចអន្តរាគមន៍ជួយ​កម្ពុជា​ពី​លោក ត្រាំ ជំរុញ​មាន​ការ​លើក​ឡើង​ពី​ភាព​ស្អាត​ស្អំ​លោក កឹម សុខា

អ្នកតាម​ដាន​មួយ​ចំនួន បាន​រំលេច​ពី​ភាព​ស្អាត​ស្អំ​របស់​ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​នឹង​ការ​ខំ​ប្រឹង​ប្រែង​របស់​ប្រ​ធា​នាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ជួយ​អន្ត​​រា​គម​ន៍​​ឱ្យ​មាន​បទ​ឈប់​​បាញ់​ រវាង​កម្ពុជា-ថៃ ជុំវិញ​ជម្លោះព្រំ​ដែន ខណៈ​លោក កឹម សុខា ត្រូវ​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជិត​១០​ឆ្នាំ ក្រោម​បណ្តឹង​បក្ស​កាន់​អំណាច ដែល​ចោទ​ប្រកាន់​អាមេរិក។

លោក កឹម សុខា ត្រូវ​សមត្ថ​កិច្ច​ប្រដាប់​ដោយ​អាវុធ​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​យប់ កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០​១​៧​ ដែល​លោក ហ៊ុន សែន ពេល​នោះ​ទម្លាយ​​ថា លោក​ជា​អ្នក​បញ្ជា​ឱ្យ​ចាប់​ខ្លួន ដោយ​ចោទ​ថា មេបក្ស​ប្រឆាំង​រូប​នេះ​គប់​គិត​​ជាមួយ​សហរដ្ឋ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិ​បាល។

ប្រមាណជា៣ខែ​ក្រោយ​មក គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ដែល​មាន​អាសនៈ​ក្នុង​សភា និង​ឃុំ​សង្កាត់​ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច​ដែរ​នោះ ត្រូវ​បាន​គេ​រឹប​អូស​យក​អាសនៈ​ទាំង​អស់​ ទៅ​ចែក​ឱ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ផ្តល់​ទំនុក​ចិត្ត។

យ៉ាងណា ក្រុមអ្នកនយោបាយប្រឆាំង និង​មេធាវី​ការពារ​ក្តី បាន​រំលេច​ភាព​ស្អាត​ស្អំ លោក កឹម សុខា ដោយ​ប្រឆាំង​នឹង​បទ​ចោទ​នេះ​ជា​ថ្មី ក្រោយ​ប្រធាធិបតី​សហរដ្ឋ​មេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី២៦​ខែ​តុលា​នេះ បាន​ចុះ​ហត្ថ​លេខា ធ្វើជា​​សាក្សីក្នុ​ង​នាម​ជា​ប្រទេស​មហា​អំណាច​លោក​សេរី លើ​សេច​ក្តីថ្លែង​ការណ៍​រួម​លើ​បទ​ឈប់​បាញ់ កម្ពុជា ថៃ ក្រោម​យន្ត​ការ​អាស៊ាន នៅ​ប្រទេស​ម៉ាឡេ​ស៊ី។

សហមេធាវីការពារក្តីមួយរូប គឺលោក ផែង ហេង ឱ្យវីអូឌីដឹង​នៅ​ថ្ងៃទី​២៧ខែតុលា​នេះ​ថា រឿ​ង​ក្តី​លោក កឹម សុខា តាម​រយៈ​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ផ្ញើ​មក​មេដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​ថ្មីៗ​នេះ ផ្ញើ​មក​នាយក​រដ្ឋ​មន្ត្រី​អាណត្តី​ថ្មី លោក ហ៊ុន ម៉ាណែត ជុំវិញ​ឥរិយាបទ​អាមេរិក​ដែល​ខំ​ប្រឹង​ជួយ ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែ​ន​កម្ពុ​ជា​​បច្ចុប្បន្ន បញ្ជាក់​ថា អាមេរិក​ជា​មិត្ត​កម្ពុជា​ពិត​ប្រាកដ មិ​ន​មែន​ជា​មិត្ត​ទាញ​ចំណេញ​ពី​លើក​ម្ពុជា ហើយ​ក៏​មិន​​មែន​​ជា​មិត្ត​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិ​បាល​កម្ពុជា ដោយ​ប្រើ​លោក កឹម សុខា ជា​ឈ្នាន់​ដូច​ការ​ចោទ​ប្រកាន់​​នោះ​ទេ។

ជ្រុងមួយទៀត លោកថា ក៏មិនមែនបុគ្គលចង់ឡើងទៅកាន់​អំណាច តាម​រយៈ​ហិង្សា​ដែរ តែ​ផ្ទុយ​ទៅ​វិញ​លោក​ថា ជា​បុគ្គល​ចង់​ប្រកួត​អំណាច​តាម​យន្ត​ការ​ប្រជា​ធិប​តេយ្យ ឬ​តាម​គោល​នយោ​បាយ ដោយ​មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ។ ដែល​ការ​ណ៍​នេះ លោក​ថា បក្ស​កាន់​អំណាច​ចាំបាច់​វិល​ទៅ​រក​កា​រ​ផ្សះ​ផ្សា​ជាតិ ដើម្បី​ស្តារ​មុខ​មាត់​ប្រទេស តាម​រដ្ឋ​ធម្ម​នុញ្ញ និង​បំណង​អន្តរ​ជាតិ។

លោកថា៖ «ចឹងខ្ញុំយល់ថា ការចោទប្រកាន់មកលើឯកឧត្ដម កឹម សុខា ហើយ​រំលាយ​គណបក្ស​របស់​ឯកឧត្ដម កឹម សុខា ជា​គណបក្ស​ជំទាស់​តែ​មួយ​គត់​នៅ​កម្ពុជា មិ​នឆ្លុះ​បញ្ចាំង​អំ​ពីកា​រ​ដឹក​នាំ​បែប​ប្រជា​ធិប​តេយ្យ​ និង​ការ​ប្រកួត​ប្រជែង​បែប​គោល​នយោបាយ​ទេ និយាយ​មួយ​ផ្នែក​ទៀត​ចំពោះ​ទស្ស​នៈ​នយោបាយ​ខ្ញុំ​យល់​ថា ឯកឧត្ដម កឹម សុខា មិន​មាន​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់ ហើយ​រដ្ឋាភិ​បាល​គួរ​តែ​រក​វិធី​ដើម្បី​ងាក​ទៅ​រក​ការ​ផ្សះ​ផ្សា​ជាតិ និង​រួប​រួម​ជាតិ​ឱ្យ​បាន»។

ក្នុងពិធីចុះហត្ថលេខាលើឯកសារសេចក្តីថ្លែងការណ៍​រួម​នៅ​ទីក្រុង​កូឡា​ឡាំ​ពួ ដែល​មាន​ការ​ចូល​រួម​ធ្វើ​ជាសាក្សី​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald J. Trump និង​លោក អាន់វ៉ា អ៊ីប្រាហ៊ីម​(Anwar Ibrahim) នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​​ស៊ី នៅ​ថ្ងៃ​ទី​២៦ខែតុលា​នោះ នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា ក៏​បាន​ឡើង​ថ្លែង​អំណរ​គុណ ដល់​មេដឹក​នំា​អាស៊ាន​ប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក ដូណាល់ ត្រាំ ផង​ដែល​ថា​ បាន​ខំប្រឹ​ង​ប្រែង ​រហូត​មាន​ពិធី​ចុះហ​ត្ថ​លេខា​លើ​ឯកសារ​​នៃ​សេចក្តី​ថ្លៃង​ការណ៍​រួម​នេះ​ផងដែរ។

មន្ត្រីគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខ​សាន្ត ចាត់​ទុក​ការ​ខំប្រឹង​ប្រែង​របស់​លោក ដូណាល់ ត្រាំ រហូត​មាន​ការ​ឈប់​បាញ់ ខណៈ​ដែល​ថៃ​មិន​គោរព​សូម្បី​​អាស៊ាន និង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហប្រជា​ជាតិ​ផង​នោះ បញ្ជាក់​ថា សហរដ្ឋ​អាមេរិក មិន​មែន​ជា​សភាវៈ​​អាក្រក់​ដូច​គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ថា សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​ក្រុម​ប្រឆាំង ហើយ​ប៉ុន​ប៉ង​ធ្វើ​បដិវត្ត​ពណ៌​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​នោះ​ទេ។

ក្នុងន័យនេះ លោកគូសបញ្ជាក់ថា ជម្រើសដោះលែង លោក កឹម សុខា គឺ​ជា​ការ​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​ខុស​លើ​សហរដ្ឋ​អាមេរិក និង​ទី​២​ជា​ដឹង​គុណ​អាមេរិក​ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បាញ់ ដោយ​លោក​គូស​បញ្ជាក់​ថា មាន​តែ​សហរដ្ឋ​អាមេរិក​ទេ​ដែល​អាច​ទប់​ថៃ ឱ្យ​ឈប់​បាញ់​បាន ខណៈ​ថៃមិ​ន​គោរព​សូម្បី​យន្ត​ការ​អាស៊ាន និង​ការ​អំពាវ​នាវ​​ពី​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ។

លោកថា៖ «បើយើងមើលឃើញថា អ្វីដែលសហរដ្ឋអាមេរិក​ពុំមែ​ន​ជា​សភាវៈ​អាក្រក់​ដូច​ការ​ចោទ​ប្រកាន់​​ពីមុន​​របស់​រដ្ឋាភិ​បាល​កម្ពុជា ក៏​ដូច​ជា​គណបក្ស​កាន់​អំណាច ចឹង​អ្វី​ដែល​ចោទ​ប្រកាន់​ លោក កឹមសុខា នោះ​ក៏​វា​ខុស​ស្រឡះ​ដែរ។ ចឹង​ជា​ការ​លុប​លាង​កំហុស​ទី១។ ទី២ ដើម្បី​បង្ហាញ​ថា ជា​ការ​ដឹង​គុណ​ឬ​ជា​ការ​ថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាមេរិក ពិសេស​លោក​ប្រធានាធិប​តី ដូណាល់​ ត្រាំ ផង​នោះ ចឹង​គឺ​អត់​មាន​ជម្រើស​អី​ក្រៅ​ពី​ដោះ​លែង លោក កឹម សុខា ដែល​គាត់​ជា​មនុស្ស​ស្អាត​ស្អំ ដូច​សហរដ្ឋ​អាមេ​រិក​ដែរ ព្រោះ​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​មួយ​ស្អាត​ស្អំ ដែល​ពុំ​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិ​បាល ក៏​ដូច​ជា​បក្ស​កាន់​អំណាច កន្លង​មក ដែល​មើល​ក្នុង​ក្រសែ​ភ្នែក​ថា ជាស​ភាវៈ​អាក្រក់​នោះ។ ឥឡូវ​សហរដ្ឋ​អាមេរិក​អត់​មាន​កំហុស​ទេ​ល្អ។ ហើយ​ជួយ​កម្ពុជា ​ដូ​ច្នេះ​លោក កឹម សុខា ក៏​ដូច្នេះ​ដែរ អត់​​មាន​​កំហុស​ទេ។ ហើយ​បើ​លែង លោក កឹម សុខា គឺ​នឹង​ទទួល​បាន​ការ​ជួយ​ពី​សហរដ្ឋ​អាមេរិក​បន្ថែ​មទៀ​ត ព្រោះ​កន្លង​មក​យើង​ដឹង​ហើយ ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ពីរ​បី​នាក់ ចុង​ក្រោយ​នេះ តែង​តែ​ថ្លែង​ក្ដែង​ៗ​​ថា ពេល​ដែល​ដោះ​លែង លោក កឹម សុខា នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ទៀត សម្រា​ប់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា»។

លើសពីនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង​ម្នាក់​ទៀត ចាត់​ទុក​ទង្វើ​សហរដ្ឋ​អាមេរិក​តាម​រយៈ​ប្រធានា​ធិបតី ត្រាំ នេះ ឆ្លុះប​ញ្ចាំង​អាមេរិក​គ្មាន​ចេតនា​នៅ​ពីក្រោ​យ​ លោក កឹម សុខា ដើម្បី​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ដូច​ដែល​លោក ហ៊ុន សែន ចោទ​នោះ​ទេ។

សម្រាប់ លោក អ៊ុំ សំអាន បើ​មេដឹកនាំ​បក្ស​កាន់​អំណាច​ពិត​ជា​ដឹង​គុណ​អាមេរិក ដែល​បាន​ជួយ​អន្តរា​គមន៍​ឱ្យ​មាន​បទ​ឈប់​បាញ់​នេះ មេដឹកនាំ​ត្រូវ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា រួម​ទាំង​សកម្ម​ជន​សិទ្ធិ​មនុស្ស មាន​កញ្ញា សេង ធារី ជា​ដើម​ឱ្យ​មាន​សេរី​ភាព និង​បើក​លំហ​ប្រជា​ធិប​តេយ្យ ឱ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​ឡើង​វិញ។

លោកថា៖ «បើសិនជាអាមេរិកគប់​គិត​​ជាមួយ​ លោក កឹម សុខា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិ​បាល​ រឿង​អី​អាមេរិក​ទៅ​ជួយ​កម្ពុជា​ឲ្យ​មាន​បទ​ឈប់​បាញ់ ឲ្យ​មាន​សេច​ក្តី​ថ្លែង​ការណ៍​រួម​ពី​ម្សិល​មិញ សហរដ្ឋ​​អាមេរិក​មិន​ទៅ​ជួយ​ទេ មា​ន​តែ​ធ្វើ​ម៉េច​ឲ្យ​មាន​សង្គ្រាម​បន្ថែម​ទៀត ដើម្បី​ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច​អាហ្នឹង​វា​គួ​រ​តែ​អ៊ីចឹង»។

ជុំវិញបញ្ហានេះ លោកព្រមានថា បើមេដឹកនាំបក្សកាន់​អំណាច មិន​ងាក​ទៅ​គោរព​រដ្ឋ​ធម្ម​នុញ្ញ និង​បំណង​អន្តរ​ជាតិ​ទាន់​ពេល​នេះ វិបត្តិ​សង្គម​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាងមុខ​ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រួសារ​ហ៊ុន។

លោកថា៖ «ចឹងខ្ញុំយល់ថា បើសិនជាមិនបើកលំហប្រជាធិបតេយ្យ និង​សិទ្ធិ​សេរី​ភាព​សម្ដែង​មតិ និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​ទេ នឹ​ង​មាន​ទណ្ឌ​កម្ម​បន្ថែម​ទៀត​ ពី​សហគមន៍​អន្តរ​ជាតិ​ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នឹង​ទទួល​ថ្ម​បាក់​ ពី​ការ​កាន់​អំណាច​ផ្ដាច់​ការ​ហ្នឹង ដែល​មាន​ទណ្ឌ​កម្ម​ពី​សហគមន៍​អន្តរ​ជាតិ នឹ​ង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់ហ្នឹង​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ ជំពាក់​លុយ​ធនាគារ​វ័ណ្ឌក​អត់​ការ​ងារ​ធ្វើ​ទៅ​ស្រុក​គេ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​វីអូឌី ដែល​បាន​ផ្ញើ​តាម​បណ្តាញ​សង្គម​តេឡេ​ក្រាម គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងនេះ ក្រោយមានពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍​រួម​កម្ពុជា ថៃ ដែល​មាន​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​សាក្សី​ដឹង​ឮ​នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​កាន់​អំណាច បាន​បង្ហោះ​ថា នេះ​ជា​ការ​ប្រមូល​ផល​ដើម​រដូវ​នៃ​យុទ្ធ​សាស្ត្រ​(ស្ងាត់​តែ​មិន​ស្ងៀម)​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។

លោកថា៖ «ការរក្សាឲ្យបាន​នូវ​សន្តិភាព​ទាំង​នៅ​ផ្ទៃ​ក្នុង​ប្រទេស ទាំង​ជាមួយ​ប្រទេស​ជិត​ខាង គឺ​ជា​អាទិភាព​កំពូល​របស់​យើង»

ចំណែក ប្រធាន​អង្គការ​​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា និយាយថា ការ​ខំ​ប្រឹង​ប្រែង​របស់​មេដឹក​នាំ​អាមេរិក ជុំវិញ​វិធាន​ទប់​ស្កាត់​បទ​បាញ់​ជា​រឿង​ល្អមួ​យ តែ​ថា​មិន​អាច​ជំរុញ​ការកែ​លម្អ​មេដឹក​នាំ​បក្ស​កាន់​អំណាច​បាន​ទេ បើ​អាមេរិក​មិន​ភ្ជាប់​ពិធី​ចុះ​ហត្ថ​លេខា​នេះ ​ទៅ​នឹង​ការ​សង្គ្រោះ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​នោះ។

លោកថា៖ «សហគមន៍អន្តរជាតិគេច្បាស់ណាស់​ថា អ្វី​ដែល​ជាកា​រ​ដឹក​នាំ​​របស់​មេដឹ​កនាំ​​បច្ចុប្បន្ន កំពុង​តែ​ដើរ​ផ្ទុយ​ និង​ប្រាស់ចា​ក​អំពី​ច្បាប់​កំពូល​របស់​ប្រទេស​ខ្លួន​ផង អំពី​គោល​ការណ៍​ដឹក​នាំ​តាម​បែប​ប្រ​ជា​ធិបតេ​យ្យ បែប​ជា​លក្ខណៈ​សកល ជា​លក្ខណៈ​អន្តរ​ជាតិ​ដឹង​ផង»។

សម្រាប់ លោក ស៊ឹង សែនករុណ ច្រើនឆ្នាំមកនេះ បន្ទាត់​នយោបាយបក្ស​កាន់​អំណាច​បាន​ប្រើ​ប្រព័​ន្ធ​តុ​លាការ​ចោទ​ប្រកាន់​សកម្មជន​សិទ្ធិ​មនុស្ស និង​គណបក្ស​ប្រឆាំ​ងតា​ម​ទំនើង​ចិត្ត ដើម្បី​សម្រេច​មហិច្ឆតា​ដឹកនាំ​បែប​ឯកបក្ស រំលោភ​​រដ្ឋ​ធម្ម​នុញ្ញ និង​កតិការ​សញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោ​បាយ​ រហូត​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ទីជម្រក​ពួក​ឧក្រិដ្ឋ​ជន។

រីឯពលរដ្ឋច្រើនលាននាក់រួមរឹតដោយវិបត្តិ​បំណុល​ទាំង​អស់​នេះ លោក​បារម្ភ​ថា ពលរ​ដ្ឋ​នៅ​តែ​មិនហ៊ាន​ប្រើ​សិទ្ធ ដើម្បី​​រើស​មេដឹក​នាំ ដែល​ការ​ពារ​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​ទេ​នោះ ពលរដ្ឋ​នឹង​ជួប​ភាព​អយុត្តិ​ធម៌ និង​រង​គ្រោះ​ពី​អំពើ​ពុក​រលួយ​ធ្ងន់​ជាង​នេះ​ទៅ​ថ្ងៃ​អនាគត។

លោកថា៖ «បើសិនជាប្រជាពលរដ្ឋដទៃភ័យខ្លាច នៅតែ​មិន​អាច​រួម​គ្នាទា​ម​ទារ​តវ៉ា ឬ​ក៏​ធ្វើ​សកម្ម​ភាព​អីឲ្យ​ខ្លាំង​ក្លាបា​ន​ទេ ចឹង​អ្នក​នយោ​បាយ ឬ​ក៏​ស្ថាប័ន​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់ហ្នឹង នឹង​មិន​ខ្លាច​ញញើត​នៅ​ប្រើ​ប្រាស់នូ​វ​អំណាច​​ដដែលៗ​ជិះ​ជាន់​គាប​សង្កត់ នឹង​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ​កេង​ប្រវ័ញ្ច​ពី​ទ្រព្យ​សម្បត្តិ​ជាតិ​នោះ​ទេ»។

ជុំវិញបញ្ហានេះ​ដែរ គណបក្ស​ជាតិ​និយម ដែលគេមិនសូវ​ឮ​ឈ្មោះ បាន​ទាញ​ភ្ជាប់​បន្ទាត់​នយោបាយ​ដើរ​លើ​ផ្លូវ​ខុស​របស់​​គណបក្ស​កាន់​អំណាច ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស និង​បំណង​អតីត​ព្រះ​មហាក្សត្រ។

បើតាម​គណបក្សនោះ និយាយកាលពីថ្ងៃទី២៣ខែតុលា​ថា៖ «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស​២៣ តុលា ១៩៩១ ជា​សន្តិភាព​ពិត មិន​ក្រឡៃ​ប្រវត្តិ​សាស្ត្រ។ វា​ជា​សន្តិភាព​បញ្ចប់​ការ​សម្លាប់​ខ្មែរ​គ្រប់​ភាគី។ ប្រភព​នោះ​បញ្ជា​ក់​ថា យ៉ាង​នេះ​ហើយ ទើប​ព្រះ​ករុណា នរោត្តម សីហនុ ព្រះអ​ង្គ​បំភ្លេច​អតីត​កាល​ដ៏ជូ​រ​ចត់ យក​ខ្មែរ​គ្រប់​ភាគី​ចូល​តុច​រចា ដោយ​មាន UN គាំទ្រ​ពេញ​ទំហឹង»។

សម្រាប់​គណបក្សជាតិ​និយម ចោទជាសំណួរ​ថា បច្ចុប្បន្ន តើការ​ចាប់​មេបក្ស​ជំទាស់ លោក កឹម សុខា ដាក់​គុក និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្វី​ដែល​ហៅ​ថា សន្តិភាព និង​ផ្សះ​ផ្សា​ជាតិ ដូច​សម្តេច​ឳ​បាន​​ធ្វើ​ដែរ​ឬទេ? តែ​ថា​ទង្វើ​នេះ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព និង​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​១៩៩៣។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបា​ន​តុលាកា​​រទី​ក្រុ​ងភ្នំពេញ ចេញ​សាល​ក្រម​ចុះ​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​​២០២៣ ផ្តន្ទា​ទោស​ ដោយ​ឃុំ​ខ្លួ​នៅ​ក្នុ​​ងផ្ទះ ចំ​នួ​ន​២៧​ឆ្នាំ ខណៈ​ស​មត្ថ​កិ​ច្ចចា​ប់​ខ្លួន​គាត់ ទាំង​​ពាក់​ក​ណ្តាល​អា​ធ្រា​ត្រ​​ ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោកត្រូវបា​នតុលាការចោទប្រកាន់​​​ពីប​​​ទ​​ក្ប​ត់​ជាតិ ពាក់ព័ន្ធនឹងសំណុំរឿង​ដ៏​ចម្រូង​ចម្រាស់ ដែល​ចោទ​ថា​គ​ប់​​​គិត​ជាមួយ​សហរដ្ឋ​អាមេរិក ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន។

យ៉ាងណា ភ្លាមៗ ក្រោយតុលាការប្រកាស​សាលក្រម​​ផ្តន្ទា​ទោស លោក កឹម សុខា សហរដ្ឋ​អាមេរិក​តាម​រយៈ​ស្ថាន​ទូត​ប្រចាំ​កម្ពុជា ចាត់​ទុក​ដំណើរ​ការ​ច្រើន​ឆ្នាំ ដើម្បី​បំបិទ​សំឡេង លោក កឹម សុខា ដោយ​ផ្អែក​លើ​បទ​សម​គំនិត ប្រឌិត គឺ​ជា​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា។

លើសពីនេះ អាមេរិកថា ការបដិសេធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​នយោបាយ​របស់ លោក កឹម សុខា និង​អ្នក​នយោបាយ​ផ្សេង​ទៀត ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា បំណង​អន្តរ​ជាតិ និង​វឌ្ឍន​ភាព​កន្លង​មក​ ដើម្បីក្លាយ​ជា​សង្គម​ពហុ​បក្ស​ប្រកប​ដោយ​បរិយា​បន្ន​មួយ។

អាមេរិកចង់ឃើញ​អាជ្ញាធរ​អនុ​ញ្ញាត ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់ ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​ជា​សាកល​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាដោ​យ​សន្តិ​វិធី និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ព្រម​ទាំង​ការ​ចូល​រួម​កសាង​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យពិ​ត​ប្រាកដ​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ