មេដឹកនាំពិភពលោក បានប្រមូលផ្តុំគ្នាក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ នឹងពិភាក្សាគ្នាអំពីវិធីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងស្រមោលនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បន្ទាប់ពី ប្រធានាធិបតី ដូណាល់ ត្រាំ បានចាកចេញពីកិច្ចប្រជុំកំពូលនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីបន្តដំណើរទស្សនកិច្ចក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះថា ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងចំណតដំបូងរបស់លោកនៅអាស៊ី លោក ត្រាំ បានត្រួតពិនិត្យនិងចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ លើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានពង្រីករវាងប្រទេសកម្ពុជា និងថៃ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៤ ក្នុងតំបន់។
សេតវិមាន បាននិយាយថា គ្មានកិច្ចព្រមព្រៀងណាមួយក្នុងក្របខណ្ឌទាំងនោះ បានកាត់បន្ថយពន្ធដ៏សន្ធឹកសន្ធាប់របស់សហរដ្ឋអាមេរិកលើប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាមនោះទេ បើទោះបីជាពួកគេបានទុកចន្លោះឱ្យមានការលើកលែងខ្លះក៏ដោយ។
‘‘សាររបស់ពួកយើងទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺថាសហរដ្ឋអាមេរិកនៅជាមួយអ្នក ១០០% ហើយយើងមានបំណងក្លាយជាដៃគូដ៏រឹងមាំសម្រាប់ច្រើនជំនាន់’’ លោក ត្រាំ បាននិយាយនៅថ្ងៃដែលអ្នកចរចារបស់សហរដ្ឋអាមេរិក និងចិន បានយល់ព្រមលើការផ្អាកពន្ធនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ។
ខណៈលោក ត្រាំ(Trump) និងលោករដ្ឋមន្ត្រីការបរទេស ម៉ាកូ រ៉ូប៊ីអូ(Marco Rubio) ហោះទៅកាន់ប្រទេសជប៉ុន មន្ត្រីកំពូលមកពីប្រទេសចិន និងមេដឹកនាំប្រទេសប្រេស៊ីល កាណាដា និងក្រុមប្រឹក្សាអ៊ឺរ៉ុប ប្លុកអាស៊ានទាំង១១ នឹងធ្វើការដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
មន្ត្រីចិនត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានពាណិជ្ជកម្មពហុភាគីនិយម និងសម្លឹងមើលការពង្រឹងទំនាក់ទំនងក្នុងតំបន់ ខណៈដែលមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត ចូលរួមកិច្ចប្រជុំកំពូលបន្ទាប់ពីលោក រ៉ូប៊ី អូចាកចេញ។
ជាមួយគ្នានេះ នៅក្នុងផែនការក៏មានកិច្ចប្រជុំកំពូលនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ដែលគាំទ្រដោយប្រទេសចិនដែលប្រមូលផ្តុំដោយសមាជិកអាស៊ានទាំង១០ ជាមួយនិងប្រទេសអូស្រ្តាលី ជប៉ុន និងញូហ្សេលិន និងកូរ៉េខាងត្បូង។
ប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក RECP(ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់) គ្របដណ្តប់ប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក ហើយត្រូវបានអ្នកវិភាគមួយចំនួន ចាត់ទុកថាជាសក្តានុពលមួយប្រឆាំងនឹងពន្ធគយរបស់សហរដ្ឋអាមេរិក៕











