ក្រុមឧកញ៉ាឆបោកត្រូវគេមើលឃើញថាមានការគាំពារជាប្រព័ន្ធពីរដ្ឋាភិបាល

ការ​កប់​ចោល​យុត្តិធម៌​ជន​រង​គ្រោះ ចាញ់​បោក​ក្រុម​ឧកញ៉ា​ច្រើន​ឆ្នាំ ក្រោម​កា​រដឹ​ក​នាំរ​បស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ជំរុញ​​ឱ្យ​មាន​លើក​ឡើង​ថា ឧកញ៉ា​ខិល​ខូច​ទាំង​នោះ ត្រូវ​បាន​គាំពារ​ជាប្រព័ន្ធ ដើម្បី​ឱ្យពួ​ក​គេ​គេច​ផុត​ពី​សំណាញ់​ច្បាប់ ក្រោម​ការ​ដឹក​នាំ​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​ពង្រឹង​អំណាច។

បញ្ហានេះ ក្រុម​អ្នកឃ្លាំមើល​បារម្ភ​ថា ពលរ​ដ្ឋ​ច្រើន​លាន​នាក់ នឹង​បន្ត​រ​ង​គ្រោះពី​អំពើ​ពុក​រលួយ និង​រួប​រឹត​ដោយ​វិបត្តិ​បំណុល ច្រើន​ឆ្នាំ​ទៅមុ​ខ​ទៀត បើ​ពួក​គេ​មិន​ហ៊ាន​ប្រើ​សិទ្ធិ​ដើម្បី​ទាម​ទារ​យុត្តិ​ធម៌។

ជ្រុងមួ​យ​ទៀត ក្រុមអ្នកឃ្លាំមើល ព្រមាន​ដែរ​ថា ជំងឺ​សង្គម​មួយ​នេះ វា​នឹង​ជំរុញ​ឱ្យ​មាន​វិបត្តិ​សង្គម​ធ្ងន់​ធ្ងរ ដែល​អាច​ជា​គ្រោះ​ថ្នាក់ ដល់​អំណាច​មេដឹក​នាំ​ផង​ដែរ បើ​ជន​រង​គ្រោះ​អស់​ការ​អត់​ធ្មត់ ដែល​រដ្ឋាភិបាល​ចាំបាច់​ណាស់​ ត្រូវ​ពន្លឿន​​វិធាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពួក​ឧក្រិដ្ឋ​ជន យក​លុយ​សង​ជន​រ​ង​គ្រោះ ដើម្បី​សង្រ្គោះ​ជីវភាព​ពលរដ្ឋ​ទាន់​ពេល​ទេ​នោះ។

ការលើក​ឡើង​របស់​អ្នក​ឃ្លាំមើ​ល​នេះ ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​ត្អូញ​ត្អែរ​របស់​ក្រុម​ជន​រង​គ្រោះចាញ់​បោក​ឧកញ៉ា​នៅ​ប្រទេស​កម្ពុជា មាន​ដូច​ជា ក្រុម​ហ៊ុន​របស់​អតីត​ឧកញ៉ា ឡេង ចាន់​ណា ហ៊ី គឹម​ហុង និង​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម។

ជុំវិញរឿងនេះ ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា គឺ​អ្នក​​ស្រី សា តីណាស់បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ប្រព័ន្ធ​ច្បាប់​កម្ពុ​ជា ដែល​មិន​អាច​ផ្តល់​យុត្តិ​ធម៌​ឱ្យ​គាត់​បាន​ជាង​២ឆ្នាំ​ទៅ​នេះ ទោះ​រដ្ឋាភិបាល​ផ្តល់​មេធាវី​ជួយ​ការ​ពារ​ក្តី​ឱ្យ​ជន​រ​ង​គ្រោះ​ក៏​ដោយ។

អ្នកស្រីថា គាត់ចាញ់បោកអស់លុយចំនួន១ម៉ឺន៥ពាន់​ដុល្លារ ដែល​ខ្ចី​ពី​ធនាគារ​ធ្វើ​ឱ្យ​បច្ចុប្បន្ន​គាត់​ប្រឈម​វិបត្តិ​ជីវភាព​ធ្ងន់​ធ្ងរ។

អ្នកស្រីថា៖ «ជនរងគ្រោះយើងទាំងអស់គ្នា ក៏ដូចថា​អស់​ជំនឿចិត្ត​លើ​ច្បាប់​នៅ​ស្រុក​ខ្មែរ​យើង ដោយ​សារ​អី​ ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ងាត់​ឈឹង! អ្នក​តំណាង​អី​ដូច​ថា​ឯកឧត្តម គី​ តិច អី​ហ្នឹង​គាត់​ឈរ​ជាតំ​ណាង​ឲ្យ​ជន​រង​គ្រោះ តែ​គាត់​មិន​ដែល​ផ្តល់​ដំណឹង​ឲ្យ​ជន​រង​គ្រោះដឹ​ងអំ​ពី​ដំណើរ​ការ​សាច់​រឿង ប្រឈម​ដូច​ថា​ធនាគារ យើង​ជំពាក់​ធនាគារ»

ជាមួយគ្នានេះ ជនរងគ្រោះម្នាក់ទៀត​ជាពលកខ្មែរនៅកូរ៉េ លោក ខែម ស្តី ​ក៏​បាន​រំឮក​ឡើង​វិញ​ពី​ការ​មិន​ទទួល​បាន​យុត្តិ​ធម៌​ដែរ ដោយ​ថា​រឿង​ក្តី​ ឡេង ចាន់​ណា ហាក់​ត្រូវ​បាន​ប្រព័ន្ធ​ច្បាប់​កប់​​ចោល​ទាំង​ជន​រង​គ្រោះកំ​ពុ​ងរួម​រឹត​ដោយ​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ។

លោកថា៖ «មិនថាបងប្អូននៅខ្មែរ! នៅកូរ៉េទេ! នៅកូរ៉េ​ក៏​ចង​ការ​លុយ​ធនាគារ​នៅ​កូរ៉េ។ បង​ប្អូន​នៅ​ខ្មែរ​ក៏​ចង​ការ​លុយ​ធនាគារ​នៅ​ខ្មែរ។ អ៊ីចឹង​ជំពាក់​បំណុល​គេ ហើយ​សេដ្ឋ​កិច្ច​យើង​ឥលូវ​អត់ល្អ​ទៀត អ៊ីចឹង​ធ្វើ​ឲ្យ​គាត់​បំណុល​វ័ណ្ឌក! អាច​បាត់​បង់​ផ្ទះស​ម្បែង ស្រែ​ចម្ការ​គាត់។ អ៊ីចឹង​មាន​តែ​អំពាវ​នាវ​ដល់​ថ្នាក់​ដឹក​នាំ​ មេត្តា​ជួយ​ពន្លឿន​ក្នុង​ការ​ដោះ​ស្រាយ​ ជាពិសេស​តុលាការ​ខេត្ត​សៀម​រាប ពួក​ខ្ញុំ​មាន​តែ​អំពាវ​នាវ​សុំ​ឲ្យ​ជួយ​ពួក​ខ្ញុំផ​ង ព្រោះប​ញ្ហានេះ​ដូ​ច​ជា​ស្ងាត់ »។

ដោយឡែក ក្រុមអតិថិជនទិញបុរីឧកញ៉ា ឡេង ណាវ៉ាត្រា វិញ បា​ន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​តិច​២ដង​ ក្នុង​ខែ​តុលានេះ​ នៅ​មុខ​បុរី​ឡេង ណា​វ៉ាត្រា គម្រោង​៦A ដោយ​លើក​ទី១ តវ៉ា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា និង​លើក​ទី​២​នៅ​ថ្ងៃទី​២​៦ ខែ​តុលា ដែល​ឈាន​ដល់​ការ​បិទ​កំណាត់​ផ្លូវ​6A​ផង​ដែរ។

សកម្មភាពប្រមូលផ្តុំគ្នានោះ ពួកគេអំពាវនាវឱ្យលោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និង​លោក ហ៊ុន ម៉ាណែត នាយក​​រដ្ឋ​មន្រ្តី​ជួយ​អន្តរា​គម​ន៍​បន្ទាន់ ក្រោយ​ពួក​គេ​បង់​លុយ​គ្រប់​៤ឆ្នាំ​ហើយ តែ​ឧកញ៉ា ឡេង ណា​វ៉ាត្រា គ្មាន​ផ្ទះ​ឱ្យ។

ប្រភពថា៖ «ឡេង ណាវ៉ាត្រា មិន​គោរព​កិច្ច​សន្យា បំពាន​ទំនុក​ចិត្ត ពួក​ខ្ញុំ​ជា​ជន​រង​គ្រោះ អយុត្តិ​ធម៌​ណាស់ ជួយ​ពួក​ខ្ញុំ​ផង សង​លុយ​ពួក​ខ្ញុំ​វិញ​មក»។

ជុំវិញរឿងនេះដែរ អតីតនាយខុទ្ទកាល័យ លោក កឹម សុខា គឺ លោក មុត ចន្ថា សរ​សេរ​លើ​បណ្តា្ដញ​សង្គម​លោក​ថា បើ​លោក ហ៊ុន ម៉ាណែត មិន​ចាប់​បង្ខំ​ឱ្យ​ជន​ឆបោក ឡេង ណាវ៉ាត្រា សង​លុយ​ពលរដ្ឋ​វិញ​ទេ គឺ​ស្មើនឹ​ង​គប់​គិត​ក្នុង​រឿង​ឆបោក​ដ៏​ធំ​នេះ។

លោកថា ជនឆបោក ឡេង ណាវ៉ាត្រា ត្រូវជាក្មួយ​ថ្លៃលោក​ ហ៊ីង ប៊ុន​ហៀង មេ​បញ្ជាកា​រ​អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​បាន​បោក​លុយ​ពលរដ្ឋ​ក្រីក្រខ្មែរ​រាប់​ពាន់​នាក់ ហើយ​នេះ​ជាអំ​ពើ​ឆបោក​ជា​ប្រព័ន្ធ​ ដែល​មាន​មនុស្ស​មាន​អំណាច​​ជា​ខ្នង​បង្អែក និង​ចែក​ចំណែក​រួម​គ្នា។

យ៉ាង​ណា ក្រោយ​ផ្ទុះ​រឿង​ក្រុម​ឧក្រិដ្ឋ​ជន​រក​ស៊ី​ខាង​វិស័យ​អចលន​ទ្រព្យ បោក​ពលរដ្ឋ​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំចុ​ង​ក្រោយ​នេះ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​ផ្ញើសា​រ​ថា ការ​មិន​ចាត់​ការ​លើ​ក្រុម​អ្នក​ជំនួញ​បោក​ពលរដ្ឋ ជា​យុទ្ធ​សាស្រ្ត​រក្សា​ទុក​មេមាន់​ដើម្បី​យក​ពង​ឱ្យ​ពលរដ្ឋ។

លោកថា៖ «រដ្ឋាភិបាល​ពិត​ណាស់​មិន​ងាក​ចាប់ៗ​នោះ​ទេ! យើង​មិន​អាច​យក​រូប​មន្ត​សម្លាប់​មេមាន់​នោះ​ទេ យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​មេមាន់​នៅ​រស់ ដើម្បី​យក​ទៅ​នាំ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ នេះជា​គោល​ដៅ​ធំ»។

សម្រាប់ តំណាង​រាស្រ្តគ​ណបក្ស​សង្រ្គោះ​ជាតិ លោក ម៉ែន សុថាវ​រិន្រ្ទ សារ​នយោបាយ​រក្សាទុក​មេមាន់​ដើម្បី​យក​ពង​នេះ គ្រាន់​តែ​ជាលេ​ស​ជួយ​ការ​ពារ​ក្រុម​ជន​ឆបោក​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ។

លោកសង្កត់ធ្ងន់​ថា ក្រុម​ឧកញ៉ា​ខិល​ខូច​ទាំង​នោះ ត្រូវ​គ្រូសារ​ហ៊ុន​ខ្ចី​ដៃ​ឱ្យ​បើក​អាជីវកម្ម ដើម្បីយក​លុយ​ទៅចិ​ញ្ចឹម​អំណាច​ ទើប​ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្បាប់​ជាប់​គាំង​មិន​អាច​រក​យុត្តិ​ធម៌​ឱ្យ​ពលរដ្ឋ​បាន​។

លោកថា​៖ «សុទ្ធ​តែ​ក្រុម​បក្ខពួ​ក​គាត់​ទាំង​អស់ ឲ្យ​គាត់​ចាត់​ចែង​ក្រុម​បក្ខ​ពួក​គាត់​ម៉េច! ទាំង​អស់នេះ គឺ​ជា​ឆាក​ល្ខោន​ទេ! សុទ្ធ​តែ​គាត់​យក​ថវិការ ព្រោះ​គាត់​មាន​ការ​បារម្ភ! គាត់​បារម្ភ​ថា ស្អីៗ​ទាំង​អស់​ហ្នឹង​ បើ​គេ​បង្កក​ទ្រព្យ​សម្បត្តិ​អីៗ គាត់​ដឹង គាត់​ដឹង​ទាំង​អស់។ គឺ​គាត់​អ្នក​ចាត់​ការ​ឲ្យទៅអស់ ពួក​ហ្នឹង​គ្រាន់​តែ​ទុក​ទេ ថ្ងៃ​ណាមួ​យ​គាត់​ប្រមូល​យក​ទៅ​ទាំង​អស់ អ៊ីចឹង​គាត់​មិន​ចាត់​ការ​រឿង​ហ្នឹង​ទេ ព្រោះសុ​ទ្ធ​តែ​កូន​ជើង​គាត់​ទាំង​អស់ »។  

បន្ថែមលើនេះ​ លោក​​ សុថាវរិន្រ្ទ ព្រមានពីគ្រោះថ្នាក់អំណាច​គ្រួសារ​ហ៊ុន ដូច​មេដឹក​នាំ​នៅប្រទេស​ផ្តាច់​ការ​មួយ​ចំនួន បើ​ពលរដ្ឋ​កាន់​តែ​ច្រើន​អស់​ការ​អត់​ធ្មត់​ ហើយ​សម្រេច​ចុះ​តាម​ដង​ផ្លូវ​រួម​គ្នា​ដើម្បីទា​ម​ទារ​យុត្តិ​ធម៌​នោះ។

លោកថា៖ «អត់យូរទេ! ខ្ញុំវិភាគមើលទៅ! អង្គុយវិភាគ​ហើយ វិភាគ​ទៀត​ថា បើ​សិន​ជា​គាត់​ជាអ្នក​ស្រឡាញ់​ប្រជាពលរដ្ឋ​មែន! គាត់​ជា​ថ្នា​ក់​ដឹក​នាំ​​ពិត​ប្រាកដ​មែន ហើយ​ថវិកា​ហ្នឹង​ជា​ថវិកា​របស់​ពួក​ឧកញ៉ា ដែល​ធ្វើ​អំពើ​បោក​លុយ​ប្រជា​ពលរដ្ឋ​មែន លោក​ហ៊ុន សែន! គាត់​ចាត់​ចែង​យូរ​ហើយ។ អ្នក​ណាមិ​ន​ស្គាល់​លោក ហ៊ុន សែន! លោក ហ៊ុន សែន គាត់​ចង្អុល​ គឺ​ចង្អុល​កន្លែង​ណា​គឺរា​ប​កន្លែង​ហ្នឹង ចង់​បាន​កន្លែង​ណា គាត់បា​ន​ទាំង​អស់។ ខ្ញុំ​ជឿ​ថា កំហឹង​ប្រជា​ពលរដ្ឋ​មិន​នៅ​ស្ងៀម ស្ងៀម​បាន​ទេ ខ្ញុំ​ជឿ​ថា ប្រជាព​លរដ្ឋ​ខ្មែរ​យើង ជាពិសេស​យុវជន​ខ្មែរ​យើង​មិន​អាច​អត់​ឱន​ឲ្យ​ប្រទេស​កម្ពុជា​នឹង​ផ្ទុះ​ក្នុង​ពេល​ឆាប់ៗ​ហ្នឹង»។

សម្រាប់ប្រធាន​​អង្គការ​​ប្រជាធិបតេយ្យ​​ខ្មែរ ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី លោក ស៊ឹង ​សែន​ករុណា ស្តី​បន្ទោស​ថា ការ​​ដឹ​កនាំ​​ពោរ​​ពេញ​​ដោយ​​អំពើ​​ពុ​ករ​លួយ បក្ខ​​ពួក​​និយម​​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន គ្មាន​​ឆន្ទៈ​បម្រើ​រាស្រ្ត​​​ទេ បណ្តោយ​​ឱ្យ​ក្រុម​​ឧកញ៉ា​ខិល​​ខូច​​​បោក​ប្រាស់​​លុយ​ពលរដ្ឋ​​តាម​ទំនើង​​ចិត្ត​ដោយ​គ្មាន​​ការ​​ទប់​ស្កាត់។

លោកថា៖ «រដ្ឋាភិបាល​នឹង​មិនមែន​ជា​រដ្ឋាភិបាល​​បម្រើ​​ដល់​​ប្រជា​​ពលរដ្ឋ​​ទេ ចឹង​សង្គម​ប្រជាធិប​តេយ្យ​ បើ​មាន​​រដ្ឋាភិបាល​​បែប​​​នេះ ​មិន​អាច​បន្ត​ដឹកនាំ​អំ​​ណាច​ក្នុង​​ការ​គ្រប់​គ្រង​​ប្រទេស​​បាន​ទេ ចឹង​​ហើយ​​ប្រជា​ពលរដ្ឋ​​ត្រូវ​​ដឹង​ថា​​រឿង​​រ៉ាវ​​របស់​ពួក​​គាត់​ហ្នឹង មិន​មែន​​ដោយ​​សារ​តែ​បញ្ហា​រឿង​​ឧកញ៉ា និង​ជាមូលហេតុ​ទេ គឺ​ដោយសារ​តែ​អំពើ​ពុក​រលួយ​​បក្ខពួក​និយម​ ការពារ​នូវ​អំពើ​អាក្រក់​របស់​ពួក​ឧកញ៉ា​ហ្នឹង​ដោយ​សារ​តែ​អ្នក​ធំៗ​ ខ្សែស្រឡាយ​បក្ខ​ពួក​នឹង​ឯង​»។

បើគិតពីថ្ងៃដែលលោក ហ៊ុន ម៉ាណែត ឡើង​កាន់អំ​ណាច​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២៣ ដល់​ខែ​តុលា ឆ្នាំ​២០២៥​នេះ មាន​រយៈ​​ពេល​​ជាង​២ឆ្នាំ​ហើយ ខណៈ​ក្រោម​ការ​ដឹក​នាំ​នេះ​បាន​លេច​ឡើង​ជា​បន្ត​បន្ទាប់ នូវ​រលក​តវ៉ា​របស់​ជន​រង​គ្រោះ​ពី​អំពើ​​ឆបោក។

អំពើឆបោកធំៗក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​អាណត្តិទី​៧​នេះ យ៉ាង​ហោច​ណាស់​មាន​ជន​រង​គ្រោះ​៣ម៉ឺន​នាក់ ចាញ់​បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ជា សារ៉ន ហ៊ី គឹមហុង ក្រុម​ហ៊ុនCIC ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត ដែល​យុត្តិ​ធម៌​ពួក​គេ​ត្រូវ​បាន​កប់​ចោល។

ជាការកត់​សម្គាល់ ការរាលដាននៃអំពើឆបោកនេះ ក្រោយ​​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​អំណាច​​តាម​​បែប​ប្រជាធិប​​តេយ្យ​ច្រើន​​ឆ្នាំ​​ទៅ​​នេះ។

បរិបទនេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រើ​​​ដៃ​តុលាការ​រំលាយ​បក្ស​​សង្រ្គោះ​​ជាតិ បិ​ទ​​ខ្ទប់​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​​ឯករាជ្យ ចាប់​​ខ្លួន​សកម្មជន​​សង្គម ដែល​​ជា​​កញ្ចក់​សង្គម ដែល​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម ហើយ​ពលរដ្ឋ​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ពុក​រលួយ។

របាយ​ការណ៍​វាយ​តម្លៃ​ពី​អំពើ​ពុក​រលួយ​រប​ស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ រក​ឃើញ​ថា ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌ ​មិន​អាច​កាត់​ទោស​កំហុស​រដ្ឋាភិ​បាល​បាន វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​រ​ង​គ្រោះ ហើយ​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វាទាល់​តែ​បើក​លំហ សេរីភាព​បញ្ចេញ​មតិ និង​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ