ខណៈមេដឹកនាំកម្ពុជា កំពុងប្រកាសមោទកភាពពីសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយមានទាំងការស្រែកបន្ទរ ពីក្រុមមន្ត្រីតាមស្ថាប័នរដ្ឋ ក្រឡេកមកមើលពីស្ថានភាពភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឯណេះវិញ សំឡេងគ្រឿងចក្ររបស់ថៃ បានបន្តឈូសឆាយ និងសម្អាតដី ដើម្បីត្រៀមចែកឱ្យពលរដ្ឋថៃ ដោយពួកគេហាក់ដូចជាមិនដឹងមិនឮ អំពីកិច្ចព្រមព្រៀងសន្តិភាពអ្វីនោះឡើយ។
ពលរដ្ឋនៅភូមិជោគជ័យ អ្នកស្រី ពោត មេសា ប្រាប់វីអូឌីនៅថ្ងៃទី២៨ ខែតុលាថា អ្នកស្រីនៅតែបន្តឮសំឡេងគ្រឿងចក្ររបស់យោធាថៃ នៅពីក្រោយផ្ទាំងក្រណាត់ខ្មៅ រនាំងបន្លាលួស និងគំនរសម្បកកង់ឡាន ទោះបីកិច្ចព្រមព្រៀងសន្តិភាពចូលជាធរមានពីរថ្ងៃទៅហើយក្ដី។ អ្នកស្រីដាក់ក្ដីសង្ឃឹមត្រឹម៥០ភាគរយ ទៅលើកិច្ចព្រមព្រៀងនេះ ថានឹងអាចនាំយកសន្តិភាព ក៏ដូចជាភូមិឋានអ្នកស្រីដែលត្រូវបានយោធាថៃព័ទ្ធយកត្រឡប់មកវិញ។
អ្នកស្រី ពោត មេសា និយាយថា៖ «ហាសិបៗ [៥០ភាគរយ] ហ្នឹងបង ព្រោះបើសន្តិភាពហើយ ក៏វា[យោធាថៃ] យករ៉ូឡូមកឈូសឆាយកម្ទេច អារាវមីនហ្នឹងទៀត ហើយបាំងស្បៃថែមទៀត កងទ័ព[ថៃ] ក៏នៅយាមធម្មតា»។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។
ទោះបីជាមានកិច្ចអន្តរាគមន៍ពីប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក លូកដៃចូលក្នុងបញ្ហាព្រំដែននេះក្ដី ក៏ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅតែមិនសូវជឿជាក់លើកិច្ចព្រមព្រៀងសន្តិភាព ដែលមានតែនៅលើក្រដាសនេះឡើយ ដោយពួកគាត់នៅតែបន្តស្មារតីប្រុងប្រយ័ត្ន និងដាក់វេនគ្នាយាមកាមជាប្រចាំ ព្រោះកន្លងមក ថៃបានប្រើប្រាស់ឧបាយចាប់ខ្លួនទាហានខ្មែរ និងបន្តឈ្លានពានមកលើកម្ពុជា ឥតស្រាកស្រាន្ត បន្ទាប់ពីកម្ពុជា និងថៃបានយល់ព្រមឯកភាពគ្នាលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ដែលមានការសម្របសម្រួលពីប្រធានអាស៊ានប្ដូរវេន ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
វីអូឌី មិនអាចទាក់ទង អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ ដើម្បីសុំការបកស្រាយពីស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានទេ នៅថ្ងៃទី២៨ ខែតុលា។
ទោះជាយ៉ាងណា លោក លី សុវណ្ណារិទ្ធ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២៧ ខែតុលាថា ស្ថានភាពនៅភូមិព្រៃចាន់ មានភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែនៅតំបន់ភូមិជោគជ័យ មានការចល័តគ្រឿងចក្រមួយចំនួនពីភាគីថៃ ក្នុងតំបន់ដែលថៃបានព័ទ្ធកង់ឡានយកកាលពីពេលកន្លងទៅ។
លោកថា៖ «ទាក់ទងនឹងភូមិជោគជ័យនេះដែរ ការធ្វើសកម្មភាពឈូសឆាយ និងប្រើម៉ាស៊ីនវ៉ៃកម្ទេចមីននេះ កាលព្រឹកមិញនេះ ទំហំដីប្រហែលជា៥ហិកតា អាហ្នឹងទាំងដីចម្ការនិងដីលំនៅឋាន ហើយម្ចាស់គឺម្ចាស់៦គ្រួសារហ្នឹងហើយបាទ ម្ចាស់៦គ្រួសារដែលវាបណ្ដេញចេញពីផ្ទះ»។
ដោយឡែក ពីខាងភាគីថៃវិញ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាក់គូល (Anutin Charnvirakul) បានផ្ដល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន កាលពីថ្ងៃទី២៧ ខែតុលាថា ច្រកព្រំដែនកម្ពុជា-ថៃ នឹងមិនត្រូវបានបើកនោះឡើយ នៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ ប្រសិនបើកម្ពុជា មិនប្រកាន់ខ្ជាប់នូវសេចក្តីប្រកាស៤ចំណុច គឺដកអាវុធធុនធ្ងន់ពីព្រំដែន បោសសម្អាតមីន ដោះស្រាយបញ្ហារឿងឆបោកតាមអ៊ីនធឺណិត និងស្តារទំនាក់ទំនងការទូតឡើងវិញ។
លោក អនុទីន បានអះអាងថា កម្ពុជា និងថៃ ត្រូវតែដោះស្រាយបញ្ហានៅក្នុងតំបន់ ដែលលោកអះអាងថា «ត្រួតស៊ីគ្នា» នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលមានព្រំប្រទល់ជាប់នឹងភូមិណងចាន់ ណងយ៉ាកែវ របស់ថៃជាមុនសិន ដោយលោកបានអះអាងថា តំបន់នេះ ខ្មែរបានទន្ទ្រានចូលដីថៃ ហើយថៃក៏បានទន្ទ្រានមកកម្ពុជាដែរ ហេតុដូច្នេះ បញ្ហានេះ គឺទាមទារឱ្យភាគីទាំងសងខាង ត្រូវរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋចេញទាំងអស់គ្នា ហើយចំពោះប្រជាពលរដ្ឋថៃ ដែលបានទន្ទ្រានចូលតំបន់មិនដាច់ស្រេចនេះ រដ្ឋាភិបាលថៃ នឹងផ្តល់ដីស្រែនៅទីតាំងថ្មី។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា គួរតែប្ដឹងថៃទៅប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ក្នុងការដាក់សម្ពាធឱ្យថៃ មិនគោរពតាមកិច្ចចរចានេះ ដើម្បីបង្ហាញពីគុណតម្លៃ និងឥទ្ធិពលនៃកិច្ចព្រមព្រៀងរួម ទៅកាន់សហគមន៍អន្តរជាតិ។
លោកថា៖ «បើមិនដូច្នោះទេ បញ្ហាវិវាទ និងការដោះស្រាយបញ្ហាព្រំដែន នៃភាគីទាំង២ហ្នឹង នឹងនៅតែបន្តកើតមានទៀត និងអាចមានជម្លោះហ្នឹង នៅតែបង្ក នូវការប្រើប្រាស់ហិង្សាប្រដាប់អាវុធដដែល។ អ៊ីចឹងត្រូវតែមានវិធានការអ្វីដែលមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលអាចជឿជាក់បាន»។
សារព័ត៌មានថៃ ណែវណា(NAEWNA) បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែតុលាថា មជ្ឈមណ្ឌលជាតិសកម្មភាពកំចាត់មីនថៃ ហៅកាត់ថា ធីម៉ាក់(TMAC) រួមជាមួយកម្លាំងថៃ បានបើកប្រតិបត្តិការរុករក និងកម្ទេចមីននៅក្នុងទីតាំង ដែលទាហានថៃបានរាយបន្លាលួស បានចំនួនជាង ១ម៉ឺន ១ពាន់ម៉ែត្រការ៉ និងបានចុះអង្កេតនៅតំបន់ភ្នំដងរ៉ែក ដែលមានទំហំជាង ៣០ម៉ឺនម៉ែត្រការ៉េ ដែលតំបន់នេះ ទាហានថៃសង្ស័យថា មានការលួចបង្កប់មីន។
ប្រភពដដែលបន្ថថា ប្រតិបត្តិការរុករក និងកម្ទេចមីននេះ គឺអនុលោមតាមដំណោះស្រាយ ក្នុងកិច្ចប្រជុំ GBC ជាមួយកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ដែលគ្របដណ្តប់លើ ១៣តំបន់ ហើយស្របតាមផែនការសកម្មភាពមនុស្សធម៌របស់មជ្ឈមណ្ឌលជាតិសកម្មភាពមីនរបស់ថៃ ក្រោមអនុសញ្ញាអូតាវ៉ា។ ទោះជាបែបនេះក្ដី អ្នកឃ្លាំមើល សង្កេតឃើញថា ថៃបានប្រើប្រាស់ប្រតិបត្តិការកម្ទេចមីន មកធ្វើជាលេស ដើម្បីចូលឈូសឆាយនៅក្នុងតំបន់ ដែលខ្លួនទន្ទ្រានយកពីកម្ពុជា។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើល លើកឡើងថា ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ មេដឹកនាំកម្ពុជា ត្រូវស្វែងរកការគាំពារពីស្ថាប័នយុត្តិធម៌អន្តរជាតិ បន្ថែមពីលើកិច្ចអន្តរាគមន៍របស់ប្រទេសទីបី ជាជាងការចរចាទ្វេភាគី ដែលជាការបើកផ្លូវឱ្យប្រទេសថៃ ដែលជាប្រទេសឈ្លានពាន មានឥទ្ធិពលដាក់គំនាបលើមេដឹកនាំកម្ពុជា៕











