ថៃរំលោភ​យក​ដី​ខ្មែរជិត៥​ហិកតា​នៅភូ​មិ​ជោគ​ជ័យ​ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​ពង្រឹង​បទ​ឈប់បាញ់

ក្រោយ​ចុះកិ​ច្ច​ព្រម​ព្រៀង​លើ​សេចក្តី​ថ្លែង​ការណ៍​សន្តិភាព​ជាមួយ​កម្ពុជា ថៃ​បាន​បញ្ជូន​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​យក​ដី​ខ្មែរ​ទំហំ​ប្រមាណ​ជា​៥ហិកតា នៅ​ភូមិ​ជោគ​ជ័យ ទាំង​គ្មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ​កម្ពុជា ដូច​ដែល​ថៃ​ធ្លាប់​រំលោភ​យក​ដី​ខ្មែរ ក្រោយ​មាន​បទ​ឈប់​បាញ់​៣ខែ​ម​ក​នេះ​ដែរ។

ការណ៍នេះ​ ហាក់ផ្ទុយពីការអះអាងរប​ស់មេដឹកនាំ​បក្ស​កាន់​អំណាច​កម្ពុជា លោក ហ៊ុន សែន ថា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ថ្មី​នេះ ជា​ការ​ប្រមូល​ផល​ដើម​រដូវ​របស់​កម្ពុជា កើត​ចេញ​ពី​ភាព​ស្ងៀម​ស្ងាត់​របស់​នាយក​រដ្ឋ​មន្ត្រី​កូន​ប្រុស​​លោក គឺលោក ហ៊ុន ម៉ាណែត។

ភាពគឃ្លើនរបស់ថៃជាថ្មីទៀត​នេះ ក្រុម​អ្នក​តាម​ដាន​បង្ហាញ​ក្តី​បារម្ភ​ថា ទឹក​ដី​ខ្មែរ​នៅ​តាម​បន្ទាត់​ព្រំដែន​នឹង​ត្រូវ​ធ្លាក់​ក្នុង​ការ​គ្រប់​គ្រង​របស់​ថៃ​បន្ថែម​ទៀត ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ បើ​កម្ពុជា​មិន​ប្តឹង​រឿង​នេះទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ ទាន់​ពេល។

សេច​ក្តី​​ថ្លែង​ការណ៍​​រួម ដែល​បក្សកា​ន់​អំណាច​កម្ពុជា ហៅថា​ កិច្ច​ព្រម​ព្រៀង​សន្តិភាព ​ត្រូ​វ​បាន​ចុះ​ហត្ថ​លេខា កាល​ពី​ថ្ងៃ​​​ទី​​២៦ ខែ​​តុលា ឆ្នាំ​​២០២៥។

សេចក្តីថ្លែងការណ៍សន្តិភាព​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​​នាយក​​រដ្ឋ​​មន្ត្រី​​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​​នាយក​​​រដ្ឋ​មន្ត្រី​​​ថៃ​ លោក​ អនុធិន នៅ​​ទីក្រុង​​កូឡា​​ឡាំពួរ ប្រទេស​​ម៉ាឡេ​​ស៊ី ក្រោម​​វត្ត​​មាន​ប្រធានាធិបតី​​សហរដ្ឋ​​អាមេ​រិក លោក ដូណាល់ ត្រាំ ដែល​លោ​​ក ត្រាំ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ផង​ដែរ ដើម្បី​ធ្វើ​​​ជា​​សាក្សី។

ភ្លាមៗ ក្រោយមាន​កិច្ចព្រមព្រៀងនេះ ប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​ថា នេះ​ជា​ការ​ប្រមូល​ផល ដើម​រដូវ​នៃយុ​ទ្ធ​សាស្ត្រ​(ស្ងាត់​តែ​មិន​ស្ងៀម)​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ស្ងៀម​ស្ងាត់​ជិត​៣ខែ​មក​ តបត​ទៅ​នឹង​ទង្វើ​ថៃ​ចូល​រាយ​​បន្លា​លួស​យក​ដី​ខ្មែរ​ រំលោភ​លើ​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ដែ​ល​មាន​រយៈ​ពេល​៣ខែ​មក​នេះ។

លោក ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ការរក្សាឲ្យបាន​នូវ​សន្តិភាព​ទាំង​នៅ​ផ្ទៃ​ក្នុង​ប្រទេស ទាំង​ជាមួយ​ប្រទេស​ជិត​ខាង ​គឺ​ជា​អាទិភាព​កំពូល​របស់​យើង»។

ជុំវិញបញ្ហានេះ អភិបាលរងខេត្ត និងជាអ្នក​នាំពាក្យខេត្ត​បន្ទាយ​មាន​ជ័យ លោក លី សុវណ្ណា​រិទ្ធ បាន​ទទួល​ស្គាល់​ថា ថៃ​ពិត​ជា​បាន​ឈ្លាន​ពាន​ទឹក​ដី​ខ្មែ​រ​នៅ​ភូមិ​ជោគ​ជ័យ ក្រោមមានកិច្ចព្រមព្រៀងនេះមែន។

លោកបញ្ជាក់ថា ពីថ្ងៃទី២៧ខែ​តុលា កងទ័ពថៃ ពិត​ជា​បាន​ចូល​មក​ធ្វើ​សកម្មភាព​រំលោភ​បំពាន​ដី​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ លើ​ដី​ទំហំ​ប្រមាណ​ជា​៥ហិកតា ទាំង​ដី​លំនៅ​ឋាន និង​ដី​ចម្ការ។

លោកថា៖ «ទាក់ទងនឹងភូមិជោគជ័យនេះដែរ ការធ្វើ​សកម្មភាព​ឈូស​ឆាយ​ និង​ប្រើ​ម៉ាស៊ីន​វ៉ៃ​កម្ទេច​មីន​នេះ កាល​ព្រឹក​មិញ​នេះ ទំហំ​ដី​ប្រហែល​ជា​៥ហិកតា អាហ្នឹង​ទាំង​ដី​ចម្ការ​និង​ដី​លំនៅ​ឋាន ហើយ​ម្ចាស់​គឺម្ចាស់​៦គ្រួសារ​ហ្នឹង​ហើយ​បាទ ម្ចាស់​៦គ្រួសារ​ដែល​វា​បណ្ដេញ​ចេញ​ពី​ផ្ទះ»។

ការលើកឡើងនេះ ក្រោយពីសារព័ត៌មានថៃ ជា​ច្រើន​បាន​បង្ហោះ​វីដេអូ ពី​សកម្មភាព​យោធា​ថៃ ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​នេះ​ផង​ដែរ។

បើតាមសារព័ត៌មានប៉ុស្តិ៍លេខ៧ថៃ បាននិយាយ​ថា យោធា​ខ្លួន​បាន​នឹង​កំពុង​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ឈូស​សម្អាត​ដី ដើម្បី​ដោះ​មីន​លើ​ទឹក​ដី​របស់​ខ្លួន នៅ​ភូមិ​ណង​ចាន់។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ ​លោក អ៊ុំ សំអាន ហាក់​សើច​ចំអក​ថា លោក ហ៊ុន សែន កំពុង​ប្រមូល​ផល​ដើម​រដូវ គឺ​ក្រដាស​ទទេ ខណៈ​ថៃ​បាន​ប្រមូល​ផល​លើ​ទឹក​ដី​ខ្មែរ ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នេះ។

ក្នុងន័យនេះ លោកពន្យល់ថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀង​កាត់​ដី​ខ្មែរ​ឱ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភាព និង​អំណាច តពូជ​របស់​មេដឹ​កនាំ​​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ មិន​មែន​ធ្វើ​ឡើង​ដើម្បី​បុព្វ​ហេតុ​ជា​តិ​ទេ។ លោក​ថា ថៃ​នឹង​បន្ត​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​បន្ថែម​ទៀត ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ថ្មី​នេះ បើ​កម្ពុជា​មិន​ប្តឹង​ករណី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ)។

លោកថា៖ «ឆ្លុះបញ្ចាំងថាមេដឹកនាំកម្ពុជាយើង​ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺ​ជា​មេដឹក​នាំ​អសមត្ថ​ភាព​ក្នុង​ការ​ការ​ពារ​ទឹក​ដី ហើយ​ជា​មេដឹក​នាំ​ក្បត់​ជាតិ​ សុខ​ចិត្ត​កាត់​ទឹក​​ដី​ឱ្យ​បរទេស​ជិត​ខាង​ដើម្បី​រក្សា​អំណាច​របស់​ត្រកូល​ហ៊ុន យើង​ឃើញ​កម្រ​ណាស់​ ទឹក​ដី​យើង​បាត់​ទៅ​ថៃ​ ទៅ​វៀតណាម​ហ្នឹង​អត់​មាន​មេដឹក​នាំ​ណា​គេ​បណ្ដោយ​ឲ្យ​បាត់​ទឹក​ដី ឬ​កាត់​ទឹក​ដី​យើងឲ្យ​ទៅ​ប្រទេស​ជិត​ខាង​អីចឹង​ទេ»។

ប្រហែលគ្នានេះដែរ ប្រធានចលនាខ្មែរ​ដើម្បី​ប្រជាធិប​តេយ្យ KMD អ្នកស្រី មូរ សុខហួរ អះ​អាង​ថា កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ មិន​អាច​ការ​ពារ​ទឹក​ដី​ខ្មែរ​បាន​ទេ បើមិ​ន​រុញ​បញ្ហា​នេះ ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ឱ្យ​កាត់​ក្តី​ទាន់​ពេល​ទេ​នោះ។

អ្នកស្រីថា៖ «ហើយយើងគួរតែត្រូវតែមានគ្រប់លក្ខណៈទាំង​អស់ ទៅ​ជា​លក្ខណៈ​ថា​យើង​ជា​ភាគី​ឈ្នះ​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារី​ស ហើយ​និង ICJ ម្ដេច​មិន​យក​ទៅ​ប្រើ ពីព្រោះ​អ្នក​ដឹក​នាំ​របស់​យើង​ត្រូវ​គេ​រុញ​ផ្ទប់​នឹង​ជញ្ជាំង​ គឺ​រឿង​ឧក្រិដ្ឋ​កម្ម​ឆបោក​ដោះ​អត់​រួច​ទេ ដូច្នេះ​គាត់​អត់​យក​រឿង​ជាតិ​យើង​ទៅ​ដោះ​ទេ គាត់​យក​ពួក​ឧក្រិដ្ឋ​កម្ម​នេះ​មក​ការ​ពារ គឺ​គាត់​ការ​ពារ​ឧក្រិដ្ឋ​កម្ម​ឆបោក ឬ​ជន​ម៉ាហ្វី​យ៉ា​ជា​ធំ​ទៅ​វិញ»។

លើសពីនេះ អតីត​​​​អ្នក​​​កាសែត និ​ង​​​​​ជា​​អ្នក​​​ធ្វើ​អត្ថាធិប្បាយ​​​​​​លើ​​បណ្តាញ​​​សង្គម​​នៅ​​ទីក្រុង​​​​ឡង់​​​ប៊ិច ​សហរដ្ឋ​​​អាមេ​រិក ​លោក មួង ណារ៉េត អះ​​អាង​​ថា សេចក្តី​ថ្លែង​ការណ៍​រួម​នេះ គឺ​កម្ពុជា​​​ចាញ់​​ប្រៀប​​ថៃ​ទាំង​ស្រុង។

ក្នុងន័យនេះ លោកពន្យល់ថា ចាញ់ប្រៀបថៃនៅត្រង់ថា ​កម្ពុជា​​មិ​ន​បាន​ដាក់​​សំណើរ​ឱ្យ​ថៃ​​រើ​​បន្លា​​លួស​​ និង​​ការ​​ប្រគល់​​​ភ្នំ​ទ្រព្យ ប្រាសាទ​​តាមាន់​​តូច ប្រាសាទ​​តាមាន់​​ធំ ច្រក​​អាន​​សេះ មក​​​ឱ្យ​​កម្ពុជា​វិញ​នោះ​ទេ។

លោកប​ន្ត​ថា មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំកម្ពុជាក៏មិនទាន់ឃើញ​បង្ហាញ​ជំហរ​ទាម​ទារ​ទឹក​ដី​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់​ទេ ខណៈ​ថៃនៅ​តែ​គឃ្លើន​ឈ្លាន​ពាន ដោយ​អះ​អាង​ថា​ជា​ទឹក​ដី​របស់​គេ។

លោកថា៖ «ថៃមិនត្រឹមតែមិនដកបន្លាលួសចេញពីភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ​ទេ គឺ​បន្ត​ឈូស​ឆាយ​រាវមីន​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេងៗ​ទៀត​ផង ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​គេ​កំណត់​លក្ខ​ខណ្ឌ​ជា​ច្រើន​ទៀត គឺគេ​បាន​​ប្រាប់​ហើយ តើ​ទាហាន​ខ្មែរ​១៨​នា​ក់​ក៏​អត់​ដោះ​លែង​ដែរ លើក​លែង​តែ​យើង​គោរ​ពលក្ខ​ខ​ណ្ឌ​​៤ចំណុច​របស់​គេ ហើយ​៤ចំណុច​​ហ្នឹង​មាន​អី​ដក​សព្វា​វុធ​ធុន​ធ្ងន់​ពី​ព្រំដែន​ ទីពីរ​គឺ​សហការ​ដោះមី​ន​នៅ​តំបន់​​ដែល​មាន​វិវាទ​នៅ​ឯ​ព្រំដែន​ អត់​មាន​​ដោះ​មីន​នៅ​កន្លែង​ឆ្ងាយ​ទេ​ អ៊ីចឹង​បើ​ដោះ​មីន​នៅ​ព្រំដែន​ វា​មិន​ប៉ះ​ពាល់​ដល់​អារឿង​ដែន​អធិប​តេយ្យ​យើង​ទៀត​ទេ ព្រោះ​អី​មីន​ហ្នឹង​បាន​ជួយ​ការ​ពារ​ទឹក​ដី​យើង»។

អ្នកជំនាញភូមិសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ នៅរាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា​របស់​រដ្ឋាភិ​បាល​និយាយ​ថា ទង្វើ​របស់​ថៃ បញ្ជា​ក់​ច្បាស់​ថា ថៃ​ហាក់​មិន​គោរព​កិច្ច​ព្រម​ព្រៀង​សន្តិភាព ២៦​តុលា​នេះ​ទេ ហើយ​ក៏​បញ្ជាក់​ថា ថៃ​មិន​ទាន់​មាន​សុច្ឆន្ទៈ​បន្ធូ​របន្ថយ​ស្ថាន​ការ​ណ៍ព្រំ​ដែន​ដែរ ដែល​លោ​ក​ថា​បញ្ហា​នេះ កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ពង្រឹង​សមត្ថ​​ភាព។

លោកថា៖ «ថៃនៅតែមានលេសបំពានក្នុង​រូបភាព​កល​ល្បិច​ផ្សេង​ទៀត តែ​បំពាន​ជា​ចំហ​ ខ្ញុំ​គិត​ថា ថៃ​អាច​នឹង​ក្រែង​រអែង​ផង​ដែរ​បាទ ក្រែង​រអែង​ផង​ដែរ អ៊ីចឹង​មាន​ន័យ​ថា ថៃ​មិន​អាច​គឃ្លើន​ឈ្លាន​ពាន​ដូច​មុន​បាន​ទៀត​ទេ ប៉ុន្តែ​កល​ល្បិច​នេះ កម្ពុ​ជា​នៅ​តែប្រុ​ង​ប្រយ័ត្ន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ថា​តើ​ថៃ​អាច​បញ្ឈប់​ការ​ឈ្លាន​ពាន​កម្ពុជា​ដែរ​ឬ​អត់ ជា​ទស្សនៈ​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​ថា​ ថៃ​មិន​បញ្ឈប់​ទេ បើ​ថៃ​ចេះ​ឈប់​ថៃ​ឈប់​១០០ឆ្នាំ​កន្លង​មក​នេះ ចាប់​តាំ​ងពី​សម័យ​អាណា​និគមន៍​មក​គឺ​១៩០៤ ១៩០៧ មក​ទល់​បច្ចុប្ប​ន្ន​នេះ​វា​១០០​ឆ្នាំជាង​ហើយ​ គឺ​ថៃ​មិន​ដែល​ឈប់​គំនិត​មហិច្ឆតា​ឈ្លាន​ពាន​ទេ»។

ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ធ្លាប់​បញ្ជាក់​ប្រាប់​VOD​ថា កិច្ច​ព្រម​ព្រម​ព្រៀង​សន្តិភាព​ថ្មី​នេះ ជា​ការ​ដោះ​ដូរ​អធិប​តេយ្យ​កម្ពុជា ដើម្បី​សន្តិភាព​និង​អំណាច​របស់​មេដឹក​នាំ។

លោកថា៖ «ការលើកឡើងរបស់​លោក ហ៊ុន សែន ពាក់​ព័ន្ធ​ទៅនឹ​ង​សមិទ្ធ​ផល​នា​ដើម​រដូវ ដែល​ចង់​សំដៅ​ទៅ​លើ​ភាព​ជោគ​ជ័យ​នៃ​ការ​អត់​ធ្មត់​របស់​លោក ហ៊ុន ម៉ាណែត ខ្ញុំ​មើល​ឃើញ​ថា វា​គ្រាន់​តែ​ជា​ការ​បញ្ចោច​បញ្ចើរ​ហើយ ដោយ​មិន​បាន​ពិនិត្យ​ទៅ​លើ​ភាព​ជាក់​ស្ដែង​នៃ​ផល​ប្រយោជន៍ ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​សន្តិភាព​នេះ​ទេ បើ​យើង​និយាយ​ឲ្យ​ស្រួល​ស្ដាប់​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នេះ វា​មិន​ខុ​ស​អ្វី​អំ​ពី​ការ​ដោះ​ដូរ​អធិប​តេយ្យ​បូរណ​ភាព​​ទឹក​ដី​ ជា​ថ្នូរ​ទៅ​នឹង​សន្តិ​ភាព​ ហើយ​ដែល​វា​ប្រាស​ចាក​ពី​អ្វី​ដែល​ លោក ហ៊ុន សែន​ កាល​នៅ​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​ថា កម្ពុជា​មិន​យក​អធិប​តេយ្យ​ជាតិ​ ទៅ​ដោះ​ដូរ​ទៅ​នឹង​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ណា»។

ជុំវិញបញ្ហានេះ ក្រោយ​ប៉ះទ​ង្គិ​ច​គ្នាដោ​​យ​​អាវុធ​​ទ្រង់​​ទ្រាយ​​​ធំ កាល​​​​ពី​ថ្ងៃ​ទី​​២៤ ខែ​​​​កក្កដា ឆ្នាំ​​​២០២៥ និង​​​មាន​​បទ​​​​ឈប់​បាញ់​​​នៅ​​​ថ្ងៃ​ទី​​២៨ ខែ​​ក​ក្កដា​​នោះ ថៃ​​​មិន​​​បា​ន​គោរព​បទ​ឈប់​បាញ់​ទេ។ ថៃ​ចូល​មក​​រាយ​បន្លា​​លួស​ព័ទ្ធ​យក​ប្រាសាទ​​តាមាន់ធំ ស្ថិតក្នុង​ខេត្ត​ឧត្តរ​មាន​​ជ័យ តំប​ន់​​​អាន​​​​សេះ ក្នុង​ខេត្ត​ព្រះ​​​វិហារ និង​​ភូ​មិ​​​​ព្រៃ​​ចាន់ ភូមិ​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និងគំរាមវាយកយកទីតាំង​១៧​​កន្លែង​ទៀត​​​នៅ​ក្នុង​ខេត្ត​​ពោធិ៍​​សាត់ និង​​ខេត្ត​​កោះ​កុង តាម​​ផែន​ទី​ដែល​ថៃ​​គូរ​​ដោយ​​​ឯកតោ​ភាគី​​ខ្នាត​១លើ​៥០​ពាន់។

ដោយឡែក មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ធ្លាប់ហៅផែនទីខ្នាត១លើ៥០ពាន់ដែល​ថៃគូរ​ដោយឯកតោ​ភាគី ដើម្បី​​លេប​ទឹក​ដី​ខ្មែរ​តាម​ព្រំដែន​នោះ ថា​ជា​ផែន​ទី​ចោរ ។ យ៉ាង​ណាពេ​ល​នេះ ថៃ​កំពុង​ពង្រីក​ទឹក​ដី​ខ្លួន​រំលោភ​យក​ទឹក​ដីខ្មែ​រ តាម​ផែន​ទី​ចោរ​នេះ ទាំង​គ្មាន​ការ​រំខាន​ពី​កង​កម្លាំង​ការ​ពារ​ជាតិ​កម្ពុជា ចាប់​ពី​មាន​បទ​ឈប់​បាញ់​ថ្ងៃ​ទី២៨ខែ​កក្កដា។

ការមិនទប់ស្កាត់ទង្វើសត្រូវឈ្លានពាននេះ ដើម្បីបុព្វហេតុបូរណភាពទឹក​ដី​នេះ ហាក់​ផ្ទុយ​ទៅ​នឹង​ស្មារតី​រដ្ឋធម្ម​នុញ្ញ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។

មាត្រា​៥២​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​ឯករាជ្យ អធិប​​តេយ្យ​ បូរណ​​ភាព​ទឹក​​ដី អនុ​​​វ​​​ត្ត​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ