លោក ត្រាំ ព្រមាន លោក ពូទីន ឱ្យ​បញ្ឈប់​ប្រើ​ម៉ីស៊ីល​ឈ្លាន​ពាន​អ៊ុយ​ក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ​ដូណាល់ ត្រាំ និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀពូទីន គួរ​តែ​បញ្ចប់​សង្រ្គាម​នៅ​អ៊ុយ​ក្រែន​ ជាជាង​សាក​ល្បង​មីស៊ីល​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​ ហើយថា​សហរដ្ឋ​អាមេរិក​មាន​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​នៅ​ជិត​ឆ្នេរ​សមុទ្រ​រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters​) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា លោក ពូទីន បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា រុស្ស៊ីបា​ន​ជោគ​ជ័យ​ក្នុង​ការ​សាក​ល្បង​មីស៊ីល​បួរេ​វេស​ស្និក(Burevestnik) ដើរ​ដោយ​ថាមពល​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ ជា​អាវុធ​ដែល​មាន​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​​ដែល​ទី​ក្រុង​មូស្គូ និយាយ​ថា អាច​ទម្លុះ​ខែល​ការ​ពារ​ណា​មួយ ហើយ​អាច​ឆ្ពោះ​ទៅ​រក​ការ​ដាក់​ពង្រាយ​អាវុធ។

ទីក្រុងមូស្គូ បាន​និយាយ​ថា បួរេសវេស​ស្និក ស្តម​ផែត​ត្រល​ (Burevestnik(StormPetrel)) បាន​ហោះ​ហើរ​ចម្ងាយ ១៤ ០០០​គីឡូ​ម៉ែត្រ។ ដោយ​ឡែក​សំណួរ​បាន​លើក​ឡើង​នៅ​លើយ​ន្ត​ហោះ​អ៊ែហ្វសវ័ន អំពី​ការ​សាក​ល្បង​មីស៊ីល​អេស​អេស​ស៊ី អេក ៩ ស្កាយ​ហ្វល (SSC-X-9 Skyfall) ដោយ​អង្គ​ការ​ណាតូ លោក ត្រាំបាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មិន​ចាំ​បាច់​ហោះ​ទៅ​ឆ្ងាយ​ទេ ខណៈ​ខ្លួន​មាន​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែ​រ​នៅ​ជិត​ឆ្នេរ​សមុទ្រ​រុស្ស៊ី។

នេះបើ​យោង​តាម​​ឯកសារ​ដែល​បង្ហោះដោ​យសេ​ត​វិមាន លោក ត្រាំ បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា «ពួក​គេដឹង​ថា យើង​មាន​នាវា​មុជ​ទឹក​ដ៏អស្ចារ្យ​ក្នុង​ពិភព​លោក​នៅ​ក្បែរ​សមុទ្រ​របស់​ពួក​គេ ដូច្នេះ​ខ្ញុំ​មាន​ន័យ​ថា មិន​បាច់​ត្រូ​វចំណាយ​ទៅ​ដល់ ៨០០០​ម៉ាយ​នោះ​ទេ»។

លោក ត្រាំ បាន​បន្ត​ថា៖ «ខ្ញុំមិនគិតថា វាជារឿងដែល​​​សមរម្យ​សម្រាប់​ពូទីន​​ក្នុង​ការ​និយាយ​នោះ​ទេ ម្យ៉ាងវិញ​ទៀត​ អ្នក​គួរ​តែ​បញ្ចប់​សង្រ្គាម ដែល​សង្រ្គាម​នេះ​គួរ​តែ​ចំណាយ​មួយ​សប្តាហ៍​ឥឡូវ​នេះ គឺ​ឆ្នាំ​ទី៤ នោះ​ហើយ​​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ជំនួស​ដោយ​ការ​សាក​ល្បង​មីស៊ីល»។

ចាប់តាំងពីការប្រកាសជាលើកដំបូង​ចំពោះមីស៊ីល ៩អែម៧៣០បួរេសវេសស្និក  (9M730 Burevestnik) ក្នុង​ឆ្នាំ​២០១៨ លោក ពូទីន បង្ហាញ​អាវុធ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​សកម្មភាព​សហរដ្ឋ​អាមេរិក ក្នុង​ការ​បង្កើត​ជា​ខែល​ការ​ពារ​មីស៊ីល បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីតោ​ន​បាន​ដក​ខ្លួន​ជា​ឯកតោ​ភាគី​ក្នុង​ឆ្នាំ​២០០១ ពី​សន្ធិសញ្ញា​ប្រឆាំង​មីស៊ីល​បលលី​ស្ទី​ក​ឆ្នាំ​១៩៧២ និង​ដើម្បី​ពង្រីក​សម្ព័ន្ធ​មិត្ត​យោធា​របស់​ណា​តូ។

រ៉យទ័រ​ បាន​រាយ​ការណ៍​ពី​ទីក្រុង​វ៉ាស៊ីតោន នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា​ថា រដ្ឋបាល​លោក ត្រាំ បាន​ត្រៀម​ទណ្ឌ​កម្ម​បន្ថែម​ទៀត ដែល​ប្រើ​ដើម្បី​កំណត់​គោល​ដៅ​សំខាន់ៗ​នៃ​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី ប្រសិន​បើ​លោក ពូទីន បន្ត​អូស​បន្លាយ​ក្នុង​ការ​បញ្ចប់​សង្រ្គាម​នៅ​អ៊ុយ​ក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ