អាមេរិករំពឹង​ថា​ថៃ​នឹង​ដោះ​លែង​ទាហាន​ខ្មែរ​១៨​នាក់​ភ្លាមៗ​ក្រោយ​ពង្រឹង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់

សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ក្តី​រំពឹង​ថា ថៃ​នឹង​ដោះ​លែង​ទាហាន​ខ្មែរ ១៨​នាក់​ភ្លាមៗ បន្ទាប់​ពី​មេដឹកនាំ​កម្ពុជា-ថៃ បាន​ចុះ​ហត្ថលេខា​ពង្រឹង​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ កាល​ពី​ថ្ងៃ​អាទិត្យ ក្រោម​វត្ត​មាន​របស់​ប្រ​ធានា​ធិបតីលោក ដូណាល់ ត្រាំ ធ្វើ​ជា​សាក្សី។

សារព័ត៌មាន​រ៉យទ័​រ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២៨ខែ​តុលា​នេះ​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​១រូប បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​រំពឹង​ថា​ថៃ​នឹង​ធ្វើកា​រ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ដោះ​លែង​ទាហាន​ចំនួន​ ១៨​នាក់​ភ្លាមៗ បន្ទាប់​ពី​មេដឹកនាំ​នៃប្រ​ទេស​នានា​បាន​ចុះ​ហត្ថ​លេខា​ពង្រឹង​លើ​កិច្ច​​ព្រម​ព្រៀង​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​អាទិត្យ ចំពោះ​វត្ត​មាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។ ​

យ៉ាងណា​ នាយករដ្ឋ​មន្ត្រី​ថៃ លោក អនុធិន ត្រូវ​បាន​កាសែត​ថៃ Khaosod ស្រង់សំ​ដី​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ខែ​តុលា​ថា លោក​មិន​បដិសេធ​សំណើរ​ប្រធានាធិបតី​អាមេរិក លោក ត្រាំ ដោះ​លែង​ឈ្លើយ​សឹក​កម្ពុជា ១៨​នាក់​នោះទេ​។

ក្នុង​ន័យ​នេះ លោក​បញ្ជាក់​ថា ថៃ​នឹង​ដោះលែង​ឈ្លើយ​សឹក​ទាហាន​កម្ពុជា ១៨នាក់ ប៉ុន្តែ​សូម​ឱ្យ​ស្ថាន​ភាព​ព្រំដែន​មាន​សុវត្ថិភាព​និង​ស្ងប់​ស្ងាត់។ លោក​អះ​អាង​ថា ភាគី​ថៃ​នឹង​រៀបចំ​នីតិ​វិធី​ក្នុង​​កា​រ​ដោះ​លែ​ង​ឈ្លើយសឹក​កម្ពុជា​១៨​នាក់ ប៉ុន្តែ​សូម​មិន​បញ្ជាក់​ពេល​វេលា។

យ៉ាងនេះក្តី សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និង​ការ​បរទេស​បារាំង នៅ​ថ្ងៃ​ទី​២៨​ខែ​តុលា​នេះ បាន​និយាយ​ថា ខ្លួន​ផ្តល់​តម្លៃលើ​សេ​ចក្តី​ថ្លែ​ង​ការណ៍​រួម​សន្តិភាព​កម្ពុជា-ថៃ​នេះ និង​បន្ត​តាម​ដាន​ការ​អនុវត្ត​នៃ​ប្រទេស​ទាំង​ពីរ។

បើតាមប្រភព​នោះ ប្រទេសបារាំងវាយតម្លៃខ្ពស់​ចំពោះកា​រ​ចុះហ​ត្ថលេខា​កាល​ពីថ្ងៃ​​ទី​២៦ ខែ​តុលា ឆ្នាំ២០២៥ ក្នុ​ង​ឱកាស​នៃ​កិច្ច​ប្រជុំកំ​ពូល​អាស៊ាន​លើក​ទី៤៧​ នៅទី​ក្រុង​គូឡា​ឡាំ​ពួរ លើសេ​ចក្តី​ថ្លែង​ការណ៍​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដោយ​មាន​វត្តមា​ន​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក។

ប្រភពនោះ​ បញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមនេះ អនុញ្ញាត​ឱ្យប្រ​ទេស​កម្ពុជា និង​ប្រទេ​ស​ថៃ​ដោះ​ស្រាយ​ជម្លោះព្រំ​ដែន​ដោយ​សន្តិ​វិធី ដែល​មាន​ភាព​ចាំបាច់​សម្រាប់​ស្ថិរភាព​តំបន់។

ប្រទេស​បារាំង​វាយ​តម្លៃខ្ពស់ ជាពិសេស​ចំពោះ​ការ​ចុះ​ហត្ថ​លេខា​លើ​លក្ខខណ្ឌ​យោង​សម្រាប់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន ដែល​នឹង​អនុញ្ញាត​ឱ្យ​ពន្លឿន​ការ​ដាក់​ពង្រាយ​នៅ​តាម​មូល​ដ្ឋាន កា​រ​ប្តេជ្ញា​ចិត្ត​របស់ភាគី​ទាំង​ពីរ ក្នុង​ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​ព្រំដែន ការ​បន្ត​ការ​​​ដោះ​​មីន ក៏​ដូច​ជា​ការ​ប្រកាស​របស់​ប្រទេស​ថៃ​ ស្តីពី​ការ​ដោះលែ​ង​ទាហាន​​កម្ពុជា​ដែល​ប្រទេស​ថៃ​កំពុង​ឃុំ​ខ្លួន។

ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និង​សហរ​ដ្ឋអា​មរិក ប្រទេស​បារាំង​នឹង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​អនុវត្ត​ជាក់​ស្តែង នូវ​ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ ក៏​ដូច​​ជា​ការ​បន្ត​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​រវាង​ភាគី​ទាំង​ពីរ​តាម​រយៈ​ការ​សន្ទនា និង​ដោយ​គោរព​ច្បាប់​អន្តរ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ