អ្នកឃ្លាំមើលទាមទារ​ឱ្យ​លុប​បំបាត់​និទណ្ឌ​​ភា​ព​ចំពោះ​​ឧក្រិដ្ឋ​​កម្ម​​​​​លើ​អ្នក​​សារ​ព័ត៌មា​ន

អ្នកឃ្លាំមើល​ ជំរុញឱ្យ​រដ្ឋាភិបាលលុបបំបាត់និទណ្ឌភាព​ចំពោះឧ​ក្រិដ្ឋ​​កម្ម​លើ​អ្នក​សារ​​ព័ត៌មាន​នៅ​កម្ពុជា​ដោយ​ថា​ប្រមាណ​ជា​៣០​ឆ្នាំ​មក​នេះ អ្នក​សារ​ព័ត៌​មាន​យ៉ាង​ហោច​ណាស់​១៥​នាក់ ត្រូវ​បាន​ស​ម្លា​ប់ រីឯ​ការ​ស៊ើ​​បអ​ង្កេត​ប្រកប​ដោយ​ការ​ជឿ​ជាក់ ដើម្បី​នាំជ​ន​ដៃ​ដល់​មក​កាត់​ទោស​មិន​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ។

បើតាម​ប្រភព​នោះ ចាប់​តាំ​ង​​​ពី​​ឆ្នាំ​១៩៩៤មក យ៉ាង​ហោច​ណាស់ មាន​អ្នក​​សារ​ព័ត៌មាន​​ចំនួន ១៥​នាក់ ត្រូវ​បាន​​សម្លាប់​​​​នៅ​​ក្នុង​​ប្រទេស​​​កម្ពុជា ដោយសារ​ការ​បំពេញការងារ​របស់​ខ្លួន ក្នុងនោះ​ក៏មាន​មួយ​ករណី​​កើត​ឡើង​​នៅ​ចុង​ឆ្នាំ​២០២៤​ ។

នៅ​កំឡុង​នៃការ​ស្លាប់​នោះ ជនរង​គ្រោះ​ចំនួន​១២នាក់ ស្លាប់​ដោយ​សារ​ពាក់ព័ន្ធ​នឹង​​សកម្មភាព​រាយការណ៍​​ព័ត៌មានដែល​បាន​ប៉ះ​ពាល់​​ដល់​បុគ្គល​​មាន​អំណាច​នៅ​​កម្ពុជា​​។ នេះបើតាម​​សេចក្តីប្រកាសព័ត៌មានរបស់​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា ចុះថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៥នេះ។

ប្រភពដដែល​បន្តថា មក​ដល់​បច្ចុប្បន្ន កា​រស៊ើប​អង្កេត​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព ឯករាជ្យ​​ភាព​ និង​តម្លា​ភាព មិន​ត្រូវ​បាន​ដំណើរ​ការ​ដើម្បី​នាំ​ជនល្មើស​​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​នៅឡើយ ដែ​​ល​​ធ្វើឱ្យ​ជន​រង​គ្រោះ​មិន​ទាន់ទទួលបាន​យុត្តិធម៌។​ ហើយថា ​ជនល្មើស​​​នៅ​តែ​​បន្ត​​រួច​​ផុត​​​ពី​កា​​រផ្ត​ន្ទា​​ទោស​​ចំ​ពោះ​​​​អំពើ​​ឧក្រិដ្ឋ​​របស់​​ខ្លួន​។

នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក សេង សុវឌ្ឍនា បាន​លើក​ឡើង​​ក្នុង​សេចក្តីប្រកាសព័ត៌មាន​​ថា បញ្ហា​និទណ្ឌ​ភាព មិន​ត្រឹម​តែ​មានផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​ជនរង​គ្រោះ​នៃ​ឧក្រិដ្ឋ​កម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏បានបង្ក​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ទៅលើ​សិទ្ធិ​ដឹង​ឮ​​របស់​សាធារណជន​ផង​ដែរ។

លោក​បន្តថា៖ «និទណ្ឌ​ភាពចំពោះ​ឧក្រិដ្ឋ​កម្ម​​លើ​អ្នក​សារព័ត៌មាន គឺ​​ជា​សារ​គំរាម​កំហែង​ដល់​អ្នក​សារព័ត៌​មាន​ និង​បង្កើន​នូវ​ការ​ដាក់កំហិត​​សេរីភាព​​ខ្លួនឯង។ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ប្រកប​ដោយ​អត្ថន័យ តម្លា​ភាព និង​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដើម្បី​នាំ​យក​ជន​ល្មើស​មក​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​របស់​ខ្លួន និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ»

សម្រាប់​​ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ​​វិទ្យុ​​សំឡេង​ប្រជាធិបតេយ្យ វីអូឌី មាន​ប្រសាសន៍ស្រដៀង​​គ្នា​នេះ​ដែរ​​ថា បញ្ហា​និទណ្ឌ​ភាព​នៃ​ឧក្រិដ្ឋកម្មលើ​អ្នក​សារព័ត៌មាន ​មិន​ត្រឹម​តែប៉ះពាល់ដល់​​អ្នកសារ​ព័ត៌មានប៉ុណ្ណោះ​​​​ទេ ប៉ុន្តែ​ក៏ប៉ះពាល់ទៅ​ដល់​សេរីភាពសារព័ត៌មាន និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់ពលរដ្ឋ​ ហើយវា​ក៏​ជា​ស្រមោល​បង្ក​កា​រភ័យ​ខ្លាច​ដល់​អ្នកសារព័ត៌មាន​ទូទៅ​​ជា​អចិន្ត្រៃយ៍​ផង​ដែរ។

លោក​សង្កេត​ឃើញថា បញ្ហា​និទណ្ឌ​ភាព​ដែលបន្តកើត​មាន​នៅកម្ពុជា អា​ចមកពី​កត្តា​​​​​នយោ​បាយ​ ឬ​ក៏​​មាន​រដ្ឋាភិ​បាល​​​​ឬ​អ្នកមានអំណាច​ ​នៅ​ពីក្រោយខ្នង​​​​ជនល្មើ​សដែល​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​លើអ្នកសារព័ត៌មាន នោះទើប​​​ពួក​​គេ​​​​​មិន​​​ត្រូវ​​បាន​​ចាប់​​ខ្លួន ឬ​ក៏ត្រូវ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ ដែលធ្វើឱ្យ​ពន្លឺយុត្តិធម៌របស់​​​អ្នកសារព័ត៌​មាន​ដែល​បាន​​​ស្លាប់ ត្រូវ​បានកប់​បាត់សូន្យឈឹង​​។

លោកថា៖ «រូបភាពនៃការ​កើនឡើ​ងនូវ​និទណ្ឌភាពនេះ វាធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ភ័យ​ខ្លាច វាធ្វើ​ឱ្យ​ប្រជាពលរដ្ឋក្នុង​សង្គម​ទាំង​មូល​ហ្នឹង​ មានការ​ភ័យ​ខ្លាច ហើយគិតថា ឃើញទេ! អ្នកសារព័ត៌​មាន​ ឬក៏អ្នក​ដែល​ផ្តល់​ព័ត៌មាន ត្រូវ​បាន​គេ​ចាប់ ត្រូវ​បានគេ​សម្លាប់ ត្រូវ​បានគេ​គំរាម​កំហែង ដោយ​​ជន​ល្មើសហ្នឹងគ្មានទោស​ពៃ​[] កាលណា​និទណ្ឌ​ភាព​នៅ​តែ​បន្ត មានន័យថា ពន្លឺ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ នៅតែងងឹ​ងសូន្យ​សុង​ ហើយទីបំផុត ប្រទេស​ជាតិ​ទាំងមូល​ធ្លាក់​ក្នុង​ភាពងងឹត មានន័យថា អំពើពុករលួយ ឬក៏​អំពើ​ទុច្ចរិតទាំង​ឡាយ គឺ​វា​​ត្រូវ​បានកើត​ឡើង​នៅក្នុង​ភាព​អាថ៌កំបាំង ហើយ​ត្រូវបាន​​ការ​ពារ​ដោយ​ក្រុម​អ្នកកាន់អំណាច ហើយ​ទីបំផុតគឺ​ប្រជាពលរដ្ឋ និង​សង្គម​ទាំង​មូល​ជាអ្នក​រង​គ្រោះ»

បើតាម​លោក ប៉ា ងួនទៀង ប្រសិន​បើរដ្ឋាភិបាល​មាន​ឆន្ទៈ​គិត​គូរ​ និង​ចង់​​​ឱ្យ​ប្រជាពលរដ្ឋ​មានការយល់ដឹង​ និង​ចូលរួម​ការ​អភិវឌ្ឍសង្គម នោះរដ្ឋាភិបាល ត្រូវ​មានឆន្ទៈលុប​បំបាត់នូវ​វប្បធម៌​និទណ្ឌ​​ភាព​នេះឱ្យ​អស់​​ ហើយ​​​ចាប់​ជន​ល្មើស​បញ្ជូនទៅតុលាការ ​ដើម្បីផ្តន្ទា​​ទោស​​តាម​​ច្បាប់ បើ​ពុំ​នោះ​ទេ​បញ្ហា​​នៅតែបន្តកើតមានមិនអាចដោះស្រាយបាន។​

កាលពីឆ្នាំ​២០១៣ សន្និបាទអង្គការ​សហ​ប្រជាជាតិ បាន​អនុម័ត និង​ប្រកាសយក​ថ្ងៃទី​២ ខែ​វិច្ឆិកា ជាទិវាអន្តរជាតិដើម្បីបញ្ចប់​និទណ្ឌភាព​នៃ​ឧក្រិដ្ឋ​កម្ម​លើ​អ្នកសារព័ត៌មាន ដោយ​សេចក្តីសម្រេច​នោះ​បានថ្កោល​ទោស​គ្រប់ទម្រង់​នៃការ​វាយ​ប្រហារ​ និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​សារ​ព័ត៌មាន និ​ងធ្វើ​ការ​ក្នុង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ និង​ជំរុញឱ្យ​រដ្ឋជា​ភាគី ត្រូវ​ចាត់​វិធានការ​​ទប់ស្កាត់​​នូ​វរាល់អំពើ​ហិង្សា​លើអ្នក​សារព័ត៌មាន និង​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំង​ធានា​​នូវ​គណេនេយ្យភាព ដោយ​នាំ​ជនល្មើស​យក​មក​កាត់​ទោស និង​ធានា​ថា​​ជន​រង​គ្រោះ​ទទួល​​បាន​​សំណងសម​រម្យ​ផង​ដែរ។

បន្ថែម​ពីនេះ ទិវានេះ ក៏អំពានាវ​ដល់​រដ្ឋ​ជាភាគី លើក​កម្ពស់​នូវ​សុវត្ថិភាព និង​បង្ក​បរិយាកាស​ដែលអ្នក​សារព័ត៌មាន​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ និង​មិនមានការ​ជ្រៀតជ្រែត​ផងដែរ។​

នាយិកា​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ CCIM អ្នកស្រី ឆន សុគន្ធា កត់សម្គាល់​ដែរ​ថា ចាប់​ពី​ឆ្នាំ​១៩៩៥​មក​ដល់​បច្ចុប្បន្ន​នេះ​ ​អ្នក​សារ​ព័ត៌​មាន​ដែល​ត្រូវ​បាន​គេ​សម្លាប់​​នៅ​​មិន​​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅ​ឡើយ​ទេ ហើយបញ្ហានិទណ្ឌភាពទៅលើ​​​​សកម្ម​ជន​សិទិ្ធ​មនុស្ស និង​​​អ្នក​នយោបាយ ក៏ពិបាកនឹងទទួល​បាន​យុតិ្ថ​ធម៌​ផង​ដែរ។  អ្នកស្រី បន្តថា កត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ​ការ​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ ត្រូវ​បាន​ទុក​កប់ចោល​ជា​ច្រើន​ឆ្នាំនោះ គឺ​​បញ្ហា​​ឯករាជ្យ​ភាព​របស់​តុលាការ។

អ្នកស្រី​ សុគន្ធា បន្តថា ​ប្រសិន​​បើ​បញ្ហា​និទណ្ឌ​ភាព​នេះ​​នៅ​តែ​បន្តកើត​មាន វានឹង​ធ្វើ​​ឲ្យ​យុវជន​ជំនាន់​​ក្រោយ ដែល​មាន​បំណង​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​សារ​ព័ត៌​មានអាជីព​ មាន​ការ​ខ្លាច​រអាក្នុង​ការ​រាយការណ៍​ព័ត៌មាន​ពិត ព័ត៌មាន​រសើប​ដែល​កើត​មានក្នុង​សង្គម ដូច​ជា បញ្ហា​ដីធ្លី បញ្ហា​ធន​ធាន​ធម្ម​ជាតិ ព្រៃ​ឈើ​ ឧក្រិដ្ឋក​ម្ម​អន​ឡាញ ឬ​ការ​ជួញ​ដូរ​ជា​ដើម ដោយពួកគេខ្លាច​ប្រឈម​នឹង​ការ​​​ចោទ​ប្រកាន់​​តា​ម​​ផ្លូវ​​តុលាការ ការ​ដក​អាជ្ញា​ប័ណ្ណ ឬ​​ការ​បាញ់​សម្លាប់​ជា​ដើម ។

អ្នកស្រី​បានគូសបញ្ជាក់​ក្នុង​​សំណេរដើមតាមតេឡេក្រាមថា៖ «ឯ​ផល​ប៉ះពា​ល់ខ្លាំ​ង​ជាង​នេះ​ទៀត គឺ​​​ពលរដ្ឋ​ខ្វះ​ព័ត៌​មាន​ពិត និង​ពិបាក​ក្នុង​ការ​បញ្ចេញ​សំឡេង​​ ឬ​បញ្ហា​របស់​ពួក​គាត់ ដើម្បី​ឲ្យ​​ថ្នាក់​ដឹក​នាំបា​ន​ដឹង និង​ដោះ​ស្រាយ​បញ្ហា ក៏​ដូច​ជា​ទុក្ខកង្វល់​ផង​ដែរ។ ដូច្នេះ​ដើ​ម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាលកម្ពុជា សូម​កុំ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​សារ​ព័ត៌​មានដែល​ហ៊ាន​រាយ​ការណ៍​ព័ត៌​មាន​​បែប​​​រិះ​គន់ ឬ​បែប​រសើប ដើម្បី​ជា​ប្រយោជន៍​ដល់ប្រ​ទេស​ជាតិ​ទាំង​មូល ក្នុង​នោះ​​​តុ​លាការក៏​ពន្លឿន​នីតិ​វិធី​ ក្នុង​ការ​កាត់​ទោស​​ជន​ប្រព្រឹត្តិ​ ក្នុង​ការ​ស្វែង​រក​យុត្តិធ​ម៏​ជូន​ជន​រង​គ្រោះ និង​គ្រួសារ»

សម្រាប់បញ្ហានិទណ្ឌភាពនេះ មិនមែនមានតែ​នៅក្នុងវិស័យ​សារព័ត៌មាន​នោះទេ សម្រាប់​រឿង​ក្តី​របស់​សកម្មជន​ផ្សេង​ទៀត ដូចជា ករណីស្លាប់​របស់​លោក ឈុត វុទ្ធី សកម្មជន​បរិស្ថាន លោក ជា វិជ្ជា មេដឹកនាំសហជីព លោក​បណ្ឌិត កែម ឡី អ្នក​វិភាពសង្គម​និង​នយោបាយជាដើម ក៏ត្រូវបានអ្នកឃ្លាំមើលសង្កេត​ឃើញ​ថា មិន​​ដែល​​ឃើញ​មាន​​ពន្លឺ​យុត្តិធម៌​ម្តង​​ណា​​ឡើយ​ ហើ​យកា​រ​ស្លាប់​របស់ពួក​គេ​ សុទ្ធ​សឹង​តែ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់ និង​កា​រឆ្លុះបញ្ចាំង​​ពី​ការអនុវត្ត​​គោល​​នយោបាយ ​ដែ​ល​មាន​ភាព​អសកម្ម​​របស់​រដ្ឋាភិ​បាល។

លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ​នយោបាយ ថ្លែងក្នុង​កម្មវិធី​វិទ្យុ​សិទ្ធិ​មនុស្ស​​​​របស់​ CCHR នៅ​ព្រឹកថ្ងៃ​ទី​២៨​ខែតុលានេះដែរ​​ថា បញ្ហា​​​និទណ្ឌ​​ភាពនៅ​ក្នុង​សង្គមបច្ចុប្បន្ន ​​នៅ​​​តែ​បន្ត​​កើត​មាន ដោយ​សារ​​តែ​អ្នកប្រព្រឹត្តរួច​ទោស ហើយអ្នករង​គ្រោះ​នៅមិនទាន់​ទទួលបាន​យុត្តិធម៌ ដែលចំណុច​នេះវា​ពាក់ព័ន្ធនឹង​​​កង្វះឯករាជ្យភាព​ក្នុងប្រព័ន្ធ​តុលាការ ខណៈ​អង្គនីតិបញ្ញតិ ឈរទៅតាមស្មារតីបក្ស មិន​ឈរលើ​ជំហរ​របស់​​ពលរដ្ឋដែលបោះឆ្នោត​ឆ្នោត​ឱ្យ ​ដែល​ធ្វើឱ្យការ​ដឹកនាំ​រដ្ឋ មិនអាច​ឈានទៅរក​នីតិរដ្ឋ(ការប្រកាន់នូវ​គោល​ការណ៍​ច្បាប់​)បាន។

លោកបន្ត​ថា៖ «សង្គមយើង បើនិយាយ​ពី​ភាពនិទណ្ឌ​ភាពនេះ គឺ​វា​នៅៗ​កើត​បន្ត ដោយសារ​តែ​ប្រព្រឹត្ត​រួច​ទោស ហើយអ្នក​ដែល​រង​គ្រោះ​មិនទាន់​ទទួលបាន​យុត្តិធម៌[…] កន្លែងហ្នឹង​វាពាក់ព័ន្ធ​​​នឹង​ឯករាជ្យភាពតុលាការ​​ នេះជាកិច្ច​ការ​ដែល​យើង​មើល​ឃើញ[]ចំណុច​មួយ​ទៀត វា​ពាក់ព័ន្ធ​ទៅនឹង​គេ​ហៅ​ថា អង្គនីតិបញ្ញត្តិ​ សភា ព្រឹទ្ធសភា​​យើង​អត់ឯករាជ្យទេ វាតាម​តែមេបក្សថា​ឆ្វេង​ៗ ស្តាំៗ​ វា​អត់តាម​ជំហរ​ដែល​ពលរដ្ឋ​បោះឆ្នោត​ឱ្យ មែនទែនអាហ្នឹង​ជា​យន្ត​ការដែលធ្វើ​ឱ្យ​​ គេ​ហៅថាប្រព័ន្ធ​តុលាការ​យើង​ខ្វះឯករាជ្យភាព»

តាមរបាយការណ៍របស់អង្គការអ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ ហៅ​កាត់ RSF ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ចំនួន​១០​លេខ ពោល​ធ្លាក់​​ពី​ចំណាត់​ថ្នាក់​ទី​១៥១ នៅ​ឆ្នាំ​២០២៤ មក​ទី​១៦១ នៅ​ឆ្នាំ​២០២៥។

មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរ​បស់​កម្ពុជា គឺ​ដោយ​យោង​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូ​ច​ជា បរិយាកាស​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បរិបទ​នយោ​បាយ ក្រប​ខណ្ឌ​ច្បាប់ បរិបទ​សេដ្ឋកិច្ច បរិបទ​សង្គម វប្បធម៌ និង​បញ្ហា​សុវត្ថិ​ភាព។

វីអូឌី មិនអាច​សុំការ​អត្ថាធិប្បាយជុំវិញ​បញ្ហានេះ ពីអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បានទេ គិត​ត្រឹម​រសៀល​ថ្ងៃអង្គារ៍នេះ។

បើតាម​អ្នក​ឃ្លាំ​មើល​សង្គម និង​សង្គមស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស យល់ឃើញស្រដៀងគ្នា​ថា ដើម្បីលុបបំបាត់​និទណ្ឌភាព​នៅកម្ពុជា ទាល់តែ​តុលាការ​មានឯករាជ្យភាព មិន​ចំណុះឱ្យ​គណបក្ស​នយោបាយ​ និង​កែ​សម្រួល​ប្រព័ន្ធ​ច្បាប់​មួយចំនួន, ចាប់​ជន​ល្មើស​ដែល​ប្រព្រឹត្តបទឧក្រិដ្ឋ​យកទៅផ្តន្ទាទោស, អង្គនីតិបញ្ញត្តិ(រដ្ឋសភា និងព្រឹទ្ធសភា)​ត្រូវ​ឈរលើ​តម្រូវការ​របស់​ពលរដ្ឋ មិនមែនឈរតាមជំហររបស់​គណបក្ស​ខ្លួន និង​​​លុបបំបាត់​អំពើពុករលួយ​​និង​បក្ខពួក​និយមជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ