កាស៊ីណូណាហ្គាវើលដ៍​ជាប់​ពិន្ទុ​ជា​កន្លែង​ធ្វើកា​រ​ល្អ​បំ​ផុ​ត​ទោះ​បុគ្គលិក​រាប់​សិប​នាក់​តវ៉ា​ជាង​៣​ឆ្នាំ

បន្ទាប់​ពី​បាន​បោស​សម្អាត​បុគ្គលិក​ដែល​គាំទ្រ និង​ជាស​មាជិក​សហជីព​ឯករា​ជ្យ​​ចេញ​ពី​ក្រុម​ហ៊ុន និង​បាន​ចូល​រួម​បង្ក្រាប​ដោយ​ហិង្សា លើ​អតីត​បុគ្គលិក​របស់​ខ្លួន ដែល​តវ៉ា​រឿង​បញ្ឈប់​ពី​ការ​ងារ​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ ពេល​នេះ​ក្រុម​ហ៊ុន​បន​ល្បែង​កាស៊ី​ណូ ណាហ្គា​វើលដ៍​(Naga World) បាន​ទទួល​ប័ណ្ណ​សរ​សើរ​ ហើយថា​​ជា​​កន្លែង​ធ្វើកា​រ​ល្អ​បំផុត ខណៈ​អតីត​បុគ្គលិក យល់​ថា ចំណាត់​ថ្នាក់​នេះ គឺ​បាន​មក​ពី​ការ​វាយ​តម្លៃ​មិន​ត្រឹម​ត្រូវ និង​គ្មាន​ភាព​សុក្រឹត្យ។

អតីតបុគ្គលិកកាស៊ីណូ ណាហ្គាវើលដ៍ អ្នកស្រី ម៉ម សុវឌ្ឍិន ប្រាប់វីអូឌីនៅថ្ងៃទី២៩ ខែតុលាថា ក្រុមហ៊ុនបនល្បែងមួយនេះ មិន​ស័ក្ដិសមនឹងទទួលបានវិញ្ញាបនបត្រ ថាជា«កន្លែងធ្វើការដ៏ល្អបំផុត» នោះទេ ដោយសារតែកន្លងមក កាស៊ីណូ ណាហ្គាវើលដ៍ បានរំលោភសិទ្ធិការងារធ្ងន់ធ្ងរ កេងប្រវ័ញ្ចកម្លាំងពលកម្ម រើសអើងបុគ្គលិក ដែលគាំទ្រសហជីព និងការបណ្ដោយឱ្យសន្តិសុខ បង្កហិង្សាមកលើក្រុកូដករជាដើម។ អ្នកស្រីបន្តថា កម្មវិធីបច្ចេកវិទ្យាទំនើប​ផ្សេងៗដែលក្រុមហ៊ុនណាហ្គាដាក់ចេញ គឺគ្រាន់តែជារូបភាពល្អមើល ខណៈបុគ្គលិកទីនោះកំពុងរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

អ្នកស្រី ម៉ម សុវឌ្ឍិន និយាយថា​៖ «ចំណែក​ឯ​រឿង​គ្រប់​គ្រង​កម្លាំង​ពលកម្ម ឥឡូវ​ហ្នឹង​បង​បាន​ទទួល​ព័ត៌​មាន​ផ្ទាល់ ពី​បុគ្គលិក​នៅ​ខាង​ក្នុង គាត់​ប្រាប់​ថា ការ​ងារ​ហត់​ជាង​មុន ដោយ​សារ​ពី​មុន​គេ​ប្រើ​ប្រាស់​បុគ្គ​លិក​ ១០​នាក់ ឥឡូវ​គេ​ប្រើ​តែ​២​នាក់ ឬ​៣​នាក់​ទេ អ៊ីចឹង​វា​ជា​ផល​វិបាក បើ​និយាយ​ឱ្យ​ចំ ជា​ការ​កិប​កេង​កម្លាំង​ពលកម្ម»។

ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន​ណាហ្គាខប​(Naga Corp) ដែល​ជា​មេបុត្រ​សម្ព័ន្ធ​របស់​កាស៊ី​ណូ ណាហ្គា​វើលដ៍ ត្រូវ​បាន​ស្ថាប័ន​វាយ​តម្លៃ​មួយ​ឈ្មោះ Great Place To Work® ជា​ភាសា​ខ្មែរ កន្លែង​ធ្វើ​ការ​ដែល​ល្អ បាន​ទទួល​ស្គាល់​ថា ជា​កន្លែង​ធ្វើកា​រ​ល្អបំ​ផុត​ប្រចាំ​ឆ្នាំ​២០២៥-២០២៦។

គេហទំព័រ Gambling Insider បានដក​ស្រង់​សម្ដី​របស់​អគ្គ​នាយក និង​ជា​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ណាហ្គា​ខប លោក ឈិន យីហ្វុង (Chen Yiy Fon) ថា មូល​ហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​របស់​លោក​ ទទួល​បាន​ចំណាត់​ថ្នាក់ ថា​ជា​កន្លែង​ធ្វើការ​ដ៏ល្អបំ​ផុត​នេះ គឺ​ដោយ​សារ​មាន​ការ​បង្កើត​កម្ម​វិធី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង និង​សុខុមាល​ភាព​បុគ្គលិក ឱ្យ​មាន​ភាព​រស់​រវើក និង​សកម្ម តាម​រយៈ​ការ​បង្កើត​កម្មវិធី​រត់​ប្រណាំង​ណាហ្គា​វើលដ៍ (NagaRun) កម្មវិធី​ប្រឡង​សមត្ថ​ភាព និង​ទេព​កោសល្យ (Naga’s Got Talent) ដែល​ជួយ​លើក​កម្ពស់​សុខុមាល​ភាព សមត្ថ​ភាព​ខាង​សិល្បៈ និង​ការ​បង្កើន​មិត្ត​ភាព​សម្រាប់​បុគ្គលិក និង​ការ​រក្សា​បាន​នូវ​តុល្យភា​ព​យេន​ឌ័រ​នៃ​កម្លាំង​ពលកម្ម ដែល​ក្នុង​នោះ​មាន​ស្ត្រី​កំពុង​បំពេញ​ការ​ងារ​ចំនួន​ ៥០.២​ភាគ​រយ ។

បន្ថែមពីលើនេះ ក្រុមហ៊ុន ណាហ្គាវើល៍ បានសរសេរអះអានៅលើទំព័រហ្វេសប៊ុកថា មូលហេតុដែលធ្វើឱ្យក្រុមហ៊ុន ណាហ្គាខប ទទួលបានការចាត់ថ្នាក់ ថាជាកន្លែងធ្វើកាដ៏ល្អបំផុតបែបនេះ គឺដោយសារក្រុមហ៊ុនទទួលបានពិន្ទុ(Trust Index™) ខ្ពស់ចំនួន ៩៥ភាគរយ ដែលពិន្ទុនេះ បានមកពីការស្រង់មតិដោយផ្ទាល់ និងអនាមិក របស់បុគ្គលិកក្នុងក្រុមហ៊ុនជាអ្នកដាក់ឱ្យ។

ទោះជាបែបនេះក្ដី ប្រភពពីបុគ្គលិកកំពុងធ្វើការនៅក្នុ​ង​កាស៊ីណូ ណាហ្គា​វើលដ៍ មួយ​ចំនួន​ដែល វីអូឌី បានជជែក​ជាមួយ​ក្រៅ​បទ​សម្ភាសន៍​ បាន​អះ​អាង​ថា កា​រ​ស្រង់​មតិ​នេះ គ្មាន​តម្លា​ភាព​នោះ​ឡើយ ដោយ​ក្រុម​ហ៊ុន​បាន​ដាក់​សម្ពាធ និង​ទិញ​ទឹក​ចិត្ត​បុគ្គលិក ដោយ​ការ​ចែក​លុយ​ធីប ឬ​បើក​ឱ្យ​ពួក​គេ​មាន​ឱកាស​រក​លុយ​ធីប​ជា​ដើម។

យ៉ាងណាក៏ដោយចុះ នៅពីក្រោយកិត្តិយស​នៃ​ពាន​រង្វាន់​កន្លែង​ធ្វើការ​ដ៏​ល្អ​បំផុត ដែល​ក្រុម​ហ៊ុន​បន​ល្បែង​កាស៊ីណូ ណាហ្គា​វើលដ៍ ទទួល​បាន​នេះ គឺ​ពោរ​ពេញ​ទៅ​ដោយ​រឿង​រ៉ាវ​អាស្រូវ អំពើ​ពុក​រលួយ និង​ភាព​ចម្រូង​ចម្រាស់ នៅក្នុ​ង​វិវាទ​ការ​ងារ​ជាមួយ​អតីត​បុគ្គលិក ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត ៤ឆ្នាំ ​ដោយ​​គ្មាន​​ដំណោះ​ស្រាយ​​​នៅ​​ឡើយ។

ជាក់ស្ដែង កាលពីខែ​ធ្នូ ឆ្នាំ២០២១ កូដកម្ម​អហិង្សា​នៅ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍​ចាប់​​ផ្ដើ​ម​កើត​ឡើង​ នៅ​​ខាង​​មុខ​​អាគារ​​​ណាហ្គា​វើលដ៍ ​ភ្នំពេញ​ ដោយ​សារ​​ក្រុម​ហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ បាន​​បញ្ឈប់​​បុគ្គ​លិក​ប្រមាណ ១ ៣០០​នាក់ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។ ក្រុម​​កូដករ​​ អះ​អាង​​ថា ការ​បញ្ឈប់​បុគ្គលិក​នេះ គឺ​ជា​​ចេតនា​​បំបាត់​​សហជីព​​ឯករាជ្យ​ក្នុង​ក្រុម​ហ៊ុន ខណៈ​ភាគី​ក្រុម​ហ៊ុន បាន​អះ​អាង​ថា គឺ​ដោយ​សារ​ក្រុម​ហ៊ុន​បាន​ទទួល​រង​ផល​ប៉ះពា​ល់​ពី​ឥទ្ធិពល​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​បាត់​បង់​ចំណូល និង​ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​បុគ្គ​លិក។

ក៏ប៉ុន្តែ ផ្ទុយពីហេតុផលរបស់ក្រុមហ៊ុន ដែល​បាន​អះ​អាង​ពីកា​រ​ខាត​បង់​ក្រុម​ហ៊ុន​កាស៊ី​ណូ ណាហ្គា​វើលដ៍ បាន​បរិច្ចាគ​លុយ​ឱ្យ​ទៅ​កាក​បាទ​ក្រហម​កម្ពុជា និង​រដ្ឋាភិ​បាល ដែ​ល​គ្រប់​គ្រង​ដោយ​គ្រួសារ​ត្រកូល​​ហ៊ុន ជា​ច្រើន​ដង ដោយ​ក្នុង​មួយ​លើកៗ មាន​ចំនួន​ចាប់​ពី​រាប់​សិប​ម៉ឺន រហូត​ដល់​លាន​ដុល្លារ។ ទន្ទឹម​គ្នា​នេះ ក្រុម​ហ៊ុន​ថែម​ទាំង​រក​ស៊ី​បាន​ចំណេញ​កប់​ក្ដោង រហូត​ដល់​មាន​លទ្ធ​ភាព​ពង្រីក​សាខា​បន​ល្បែង និង​ប្រកាស​រើស​បុគ្គលិក​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ផង។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រាល់ លោក មឿន តុលា ភ្ញាក់​ផ្អើល​នឹង​ចំណាត់​ថ្នាក់​នេះ ព្រោះក្រុ​ម​ហ៊ុន​ណាហ្គា​វើលដ៍​មាន​ឈ្មោះ​នៅ​លើ​ទំព័រ​កាសែត​ទាំង​ជាតិ និង​អន្តរ​ជាតិ​ ទាក់​ទិន​នឹង​វិវាទ​ការ​ងារ​មិន​ទាន់​ដាច់​ស្រេច​ជាមួយ​ក្រុម​កម្មករ ដែល​ជា​សហជីព​ឯករាជ្យ។

លោកបន្តថា វិវាទនេះគួរតែដល់ពេលបញ្ចប់ ដោយ​ក្រសួង​ការ​ងារ ត្រូវ​សម្រប​សម្រួល​ភាគី​ទាំង​ពីរ ដោយ​ផ្ដល់​នូវ​ដំណោះស្រា​យ​រួម​មួយ ជា​ជាង​រុញ​ករណី​នេះ​ទៅ​តុលាការ។

លោក មឿន តុលា ថ្លែ​ងថា៖ ៖ «អាច​នឹង​ក្រសួង​[ការ​ងារ] គួរ​តែ​សម្រ​ប​សម្រួល​ឱ្យ​មាន​ការ​ជជែក​គ្នា​ឡើង​វិញ​ រវាង​ភាគី​ក្រុម​ហ៊ុន និង​ភាគី​បុគ្គលិក​និយោជិត​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ហ្នឹង ថា​មក​ទល់​ពេល​នេះ មាន​ការ​ប្រែ​ប្រួល​អ្វី​ខ្លះ។ បើ​មិន​អ៊ីចឹង​ទេ រឿង​ណាហ្គាវើល​ដ៍​នេះ វា​នៅ​តែជា Foot note ជា​កំណត់​សម្គាល់​ក្នុង​របាយ​ការណ៍​របស់​អង្គ​ការ​ពលកម្ម​អន្តរ​ជាតិ ក៏​ដូច​ជា​របាយ​ការណ៍​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ UPR ហ្នឹងដ​ដែល»។

ជាជាងការផ្ដល់ដំណោះស្រាយ​សមរម្យ​ដល់​អតីត​បុគ្គលិក អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​​សន្តិសុខ​​របស់​​ក្រុម​ហ៊ុន បាន​រួម​គ្នា​​​ប្រើ​អំពើ​​ហិង្សា រហូត​ធ្វើ​ឱ្យ​ស្ត្រីម្នា​ក់​រលូត​កូន និង​មួយ​ចំនួន​ទៀត​រង​របួស និង​សន្លប់​ ដោយ​សារ​ត្រូវ​បាន​បោក​ខ្ទប់​ក្នុង​ពេល​កូដ​កម្ម។ លើស​ពី​នេះ អតីត​មេដឹក​នាំ លោក ហ៊ុន សែន ធ្លាប់​បាន​ចោទ​​ប្រកាន់​​លាប​​ពណ៌​មក​លើ​ក្រុម​កូដករ​ជា​សាធារ​ណៈ​ថា ជា​ក្រុម​​ប​ម្រើ​​បរទេស​​រហូត​ដល់​​ប្រធាន​​សហជីព​​ក្រុម​ហ៊ុន​​ណាហ្គា​វើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ដាក់​​ពន្ធនា​គារ​​ចំនួន ២​លើក​។

អតីតបុគ្គលិកធ្វើការនៅការស៊ីណូ ណាហ្គាវើលដ៍ លើកឡើងថា ទោះ​បីជាក្រុមហ៊ុនទទួលបានពានរង្វាន់សរសើរច្រើនយ៉ាងណាក្ដី ក៏កេរ្ដិ៍ឈ្មោះទាំងនេះ គ្រាន់តែជាពារង្វាន់ក្លែងក្លាយប៉ុណ្ណោះ ប្រសិនបើក្រុមហ៊ុន នៅតែមិនផ្ដល់ដំណោះស្រាយសមរម្យដល់បុគ្គលិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ