សមត្ថកិច្ច​​ខេត្ត​តាកែវ​​ចាប់​ខ្លួន​​ជន​មាន​ពិការ​ភាព​ក្រោយ​បញ្ចេញ​មតិ​​រិះ​គន់​រដ្ឋាភិ​បាល

បុរស​​មាន​​ពិការ​​​ភាព លោក ភុន​ យុទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​តាកែវ​ចាប់​ខ្លួន​ជា​ថ្មី​ទៀត ក្រោយ​គាត់​រិះ​គន់​រដ្ឋាភិ​បាល ដែល​ការណ៍​នេះ រង​ការ​រិះ​គន់​ថា ជា​ការ​គំរាម​កំហែង​លើសេរី​ភាព​បញ្ចេញ​មតិ ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ ជុំវិញ​បញ្ហា​សង្គម​ចាក់​ស្រែះ​ រួម​ទាំង​បណ្តាញ​ឧក្រិដ្ឋ​កម្មឆ្ល​ង​ដែន ជាដើម។

អនុប្រធានសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​​អាដ​ហុក លោក យិន ម៉េងលី មាន​​ប្រសាសន៍​ថា នៅព្រឹ​ក​​​​ថ្ងៃ​​​ទី​​​​២៩ ខែ​​តុលា​នេះ​ មន្រ្តី​​នគរបាល​​​ខេត្ត​​តាកែវ បាន​​ចុះ​​​ទៅ​​ចាប់​​ខ្លួន​ លោក​​ ភុន យុទ្ធ នៅ​​ផ្ទះ​​របស់​គាត់​ ​ក្នុង​​​ភូមិ​ត្រពាំង​​ឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ក្រោយ​ពី​គាត់​បាន​ធ្វើ​សកម្ម​​​ភាព​​បញ្ចេញ​មតិ​យ៉ាង​សកម្ម​ នៅ​លើប​ណ្តាញ​​សង្គ​ម​ហ្វស​ប៊ុក​​របស់​​លោក អំពី​បញ្ហា​សង្គម។

តែយ៉ាងណា លោកនៅមិនទាន់ដឹងថា ​តើខ្លឹមសារនៃ​ការបញ្ចេញមតិរបស់ លោក ភុន យុទ្ធ នៅលើបណ្តាញ​​សង្គម​នោះ លើក​ឡើង​ពីរឿង​អ្វី​នោះ​ទេ។

លោកថា៖ «​ការ​ចាប់ខ្លួន​ហ្នឹង យើង​មិនទាន់ច្បាស់ថាជាមូលហេតុអ្វីទេ ប៉ុន្តែចំនុច​សំខាន់​គឺថា គាត់​ធ្លាប់​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និងផ្តន្ទាទោសចំនួន​ ២ដង​​​ហើយ[…] ហើយ​ទើបតែដោះលែង​ដែរ ហើយ​បទល្មើស​របស់គាត់ ដែល​យើងបានធ្វើការ​កត់សម្គាល់ឃើញ គឺ​វាពាក់ព័ន្ធ​ទៅ​នឹង​​សេរីភាពរបស់ជនពិការ​ហ្នឹង​​ ដែល​គាត់សម្តែងមតិ​ធ្វើ​ការ​រិះគន់​ទៅដល់​ភាព​អសកម្ម ឬក៏​ចំនុច​​មួយ​ចំនួន​ដែលគាត់​យល់​ឃើញ​ថា មិនល្អ ចឹង​លើកនេះទៀត យើងមិនទាន់ច្បាស់​មែន ក៏ប៉ុន្តែ​​យើងគិតថា គាត់ជាជនពិការ គាត់​​មិនអាចដើរ​ទៅប្រព្រឹត្តបទល្មើសអីបានទេ ចឹង​អ្វីដែលគាត់អាច​ធ្វើបានប្រហែលជាការ​បញ្ចេញ​មតិ​ទៀត​ហើយ​ នៅតាមបណ្តាញ​សង្គមហ្នឹង ប៉ុន្តែ​យើង​​ទាន់ច្បាស់អំពីខ្លឹម​សារ​ថាតើកា​របញ្ចេញមតិរបស់គាត់​ មានខ្លឹមសារយ៉ាងម៉េច?»។

បើតាមសមាគមអាដហុក នេះជាលើកទី៣ហើយ ដែល​លោក ភុន យុទ្ធ ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​យ៉ាងសកម្ម​នៅលើ​បណ្តាញ​សង្គម​ ក្នុងនោះ លើក​ទី​១ លោក​ត្រូវ​បាន​ចាប់​ និ​ង​បញ្ជូន​​​ខ្លួន​ ទៅតុលាការ​​ខេត្ត​សៀមរាប កាលពី​​ចុង​ខែ​តុលា ឆ្នាំ​២០១៩ និ​ងត្រូវបានផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធនា​គារ​​រយៈ​ពេល ១៨ខែ ពីបទ «ញុះញង់បង្ក​ឱ្យ​មានការ​រើស​អើង និង​ជេរប្រមាថ​ជាសាធារណៈ»។ ចំណែកឯ​ការ​​ចាប់​​ខ្លួន​លើក​ទី​២ កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ និងត្រូវបានបញ្ជូនទៅតុលាការ​ខេត្ត​តាកែវ ហើយ​​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ តុលាការ​​បាន​ផ្តន្ទា​ទោស​រូបគាត់​ឱ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ៦ខែ និ​ងរឹបអូស​អូរស័ព្ទ១គ្រឿង ក្រោម​ការ​ចោទ​​ពីបទ «ញុះញង់​​ឱ្យមានការរើស​អើង» ។ លោក​ទើបតែត្រូវបាន​ដោះលែងចេញពីពន្ធនាគារ​វិញ កាលពីអំឡុង​ខែកញ្ញា ឆ្នាំ​២០២៥នេះ។​

ករណីនេះ លោក​ យិន ម៉េងលី បានស្នើ​យ៉ាង​​ទទូចជាថ្មីទៀត ទៅរដ្ឋាភិបាល និង​មន្ត្រីមានសមត្ថកិច្ច​ ដោះលែង​​ លោក ភុន យុទ្ធ ឱ្យ​មានសេរីភាព​វិញ និង​បើកលំហរ​សេរីភាព​បញ្ចេញ​មតិ​នៅកម្ពុជា ដើម្បីស្តារ​ស្ថានភាពសិទ្ធិ​មនុស្ស​ដែលកំពុង​រង​ការ​រិះគន់ពី​សហគមន៍​អន្តរ​ជាតិ។

លោកថា៖ «​ប្រសិន​ជាការបញ្ចេញមតិនេះទៅ មានការ​ប៉ះពាល់យ៉ាងម៉េច យើងគ្រាន់តែ​ថា យើង​​​ចង់ឱ្យមានការធ្វើការ​​​អប់រំ ឬមានការ​ណែនាំ យើង​​មិន​ចង់​ឱ្យ​យក​​វិធានការ​តុលាការមក​ប្រើប្រាស់​​ដើម្បី​​ចាប់​អ្នកបញ្ចេញមតិនេះទេ។ អីចឹង​យើង​ឃើញ​ហើយ​ថា ប្រទេស​យើ​ងមានការ​រិះគន់ច្រើនពីមជ្ឈ​ដ្ឋាន​អន្តរ​ជាតិពី​បញ្ហាសេរីភាព​បញ្ចេញ​មតិ​នេះ​​ អីចឹង​យើងនៅតែ​ទទូចចឹងថា​សុំ​ឱ្យ​រាជរដ្ឋាភិបាល​​​បើកលំហរហ្នឹង​ឡើងវិញ ហើយ​អ្នក​ដែល​ចំណេញគឺ​រដ្ឋាភិបាល​ លោក​បាន​ទទួល​ព័ត៌​មាន​សព្វ​​​បែបយ៉ាង​ពីការ​បញ្ចេញ​មតិ​នេះ ទាំង​ភាព​សកម្មក្តី​ ភាព​អសកម្មក្តី ហើយ​ជាពិសេស​សុំឱ្យ​ដោះលែង លោក ភុន យុទ្ធ តែម្តងទៅ​នៅពេល​នេះ»។​

វីអូឌី មិន​អាចសុំការ​បញ្ជាក់ករណីនេះ ពីស្នងការនគរបាល​ខេត្ត​តាកែវ លោក ម៉ែន លី បាន​ទេ​នៅ​រសៀល​ថ្ងៃពុធនេះ។

យ៉ាងនេះក្តី តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ ​ លោក អ៊ុំ សំអាន ចាត់​ទុក​​ការ​ចាប់​ខ្លួន លោក ភុន យុទ្ធ ដែលជា​ជន​មានពិការ​ភាព​រូបនេះ ថាជា​ទង្វើ​អមនុស្ស​ធម៌ និង​ឃោរឃៅ បំពានលើសេរីភាពបញ្ចេញមតិដែល​ការ​ពារ​ដោយ​រដ្ឋ​ធម្ម​នុញ្ញ។​

លោក​ថា វិធានចាប់ខ្លួននេះ ដើម្បីបិទបាំងបញ្ហាចាក់ស្រែះ​ក្នុង​សង្គម ដូច​ជា ការ​ដឹក​នាំ​ធ្វើ​ឱ្យបា​ត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង និង​ការ​ដែល​អន្តរ​ជាតិ​​រ​ក​ឃើញ​ថា គ្រួសារ​ហ៊ុន​គប់​គិត​ជាមួយ​បណ្តាញ​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន​​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​គ្រោះ​ពី​អំពើពុ​ក​រលួយ និង​ប្រឈម​នឹង​វិធាន​ការ​អន្តរ​ជាតិ​ជាដើម។

លោកថា៖ «នៅប្រទេសកម្ពុជា គឺសាហាវ​ឃោរឃៅ​មែន​ទែន សូម្បីតែ​ជន​ពិការ​​ក៏អត់​លើកលែង ដូច្នេះ​​បង្ហាញថា លោក ហ៊ុន ម៉ាណែត ហ្នឹងគឺ​ជា​មនុស្ស​អមនុស្ស​ធម៌ មនុស្ស​ដែល​ឃោ​ឃៅ សាហាវ​ជាងប៉ុលពត ជាង​​មេដឹកនាំ​ផ្តាច់ការ​នៅ​លើ​ពិភព​លោក​ទៀត[] រដ្ឋាភិបាល​ខ្លាចស្រមោលខ្លួនឯង ដោយសារ​អី ធ្វើ​ឱ្យ​បាត់​បង់ទឹកដី កាន់អំណាច​ផ្តាច់ការ​ រំលោភ​សិទ្ធិ​មនុស្ស ធ្វើ​​ឱ្យមានវិបត្តិ​សង្គម ការ​ឆបោកតាមអនឡាញច្រើន ​​អត់ការងា​រ​ច្រើនអញ្ចឹង​​​ទៅ ជំពាក់ធនាគារ​​​វ័ណ្ឌកសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ហើយ​និងការ​រំលោភ​យកដីធ្លីអីជា​ដើម​ អីចឹង​​​​ដោយសាររឿង​​វិបត្តិ​សង្គម​ច្រើន គឺ​ថា​ខ្លាច​ស្រមោល​ខ្លួន​ឯង ខ្លាចប្រជាពលរដ្ឋ​ងើបបះបោរ​ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច​ អីចឹង​ភ័យខ្លួនឯង​ ទោះបីអ្នកណា​រិះគន់តិច​តួច​​ក៏ចាប់ដែរ មិន​ខ្វល់​ថា​អ្នក​ហ្នឹង​មានពិការ​ភាព ឬក៏អ្នកហ្នឹង​យ៉ាងម៉េច​ ឬក៏​តូចតាច​ប៉ុណ្ណា​នោះ​​ទេ ឱ្យ​តែ​រិះគន់ត្រកូលហ៊ុន គឺ​ចាប់ដាក់គុក​ទាំង​អស់»

យោង​តាម​គេហទំព័រអ្នក​​ជាប់ឃុំដោ​យ​ប្រើសិទិ្ធរបស់​អង្គការការពារ​សិទ្ធិមនុស្ស​​លីកាដូ​ ​ឱ្យ​ដឹង​ថា​ គិតចាប់​តាំងពី​​ខែកក្កដា ​ដល់​​​ថ្ងៃទី​​​២៧​​​​​ខែតុលា​នេះ​ មាន​​​អ្នក​​នយោបាយ​ សកម្ម​ជន ​និង​អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​​​ចំនួន ​១៥​នាក់​បន្ថែមទៀត​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​​ធ្វើឱ្យ​​ចំនួន​អ្នក​ជាប់​​ឃុំ​​ដោយ​ប្រើសិទ្ធិ​​បាន​កើនឡើង​​ដល់​​ ៨៦​នាក់។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​លើកឡើងថា​ បច្ចុប្បន្ន​អាជ្ញាធរ​ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​ចំនួន​​ ​បាន​បន្ត​ចាប់​​ឃាត់​ ​និង​ឃុំ​ខ្លួន​អ្នក​នយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​ដី​ធ្លី​ សហ​ជីព​ អ្នក​សារព័ត៌មាន​ និង​អ្នក​​ប្រើ​ប្រាស់​​​បណ្តាញ​សង្គម​មួយ​ចំនួន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន ​ដោយសារ​តែ​ភាព​​សកម្ម​និយម​ ឬ​ការ​បញ្ចេញ​មតិ​ របស់​អ្នក​ទាំង​នោះ​។

លីកាដូ ​រួម​ជា​មួយ​ក្រុមសិទ្ធិ​មនុស្ស​ និង​អង្គការ​សង្គម​ស៊ីវិល​​មួយ​ចំនួន​ ​អំពាវនាវ​ឱ្យ​​មាន​ការ​ដោះ​​លែង​អ្នក​ទាំង​​​នោះ​​​ជា​បន្ទាន់​ និងទម្លាក់​ចោទ​បទ​ចោទប្រកាន់​លើ​​អ្នក​ទាំង​នោះ ​ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​ពួកគេ​បន្ត​ភាព​សកម្ម​​​និយម​ ដើម្បី​​ឱ្យ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​ ។

យោង​តាម​មាត្រា៤១​​នៃ​រដ្ឋធម្មនុញ្ញ ​ចែង​ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​​​ខាង​សារព័ត៌​មាន​ សេរីភាព​ខាងការបោះពុម្ពផ្សាយ​សេរីភាព​ខាង​ការ​ប្រជុំ។ ជនណា​ក៏ដោយ​មិន​​អាច​​​ឆ្លៀត​ប្រើសិទ្ធិនេះ ដោយ​រំលោភ​នាំឱ្យប៉ះពាល់​ដល់​កិត្តិយស​​អ្នកដទៃ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ ដល់​​សណ្តាប់​ធ្នាប់​​​សាធារណៈ​ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​។​ របបសារព័ត៌មាន ​ត្រូវរៀប​ចំឡើងដោយច្បាប់។

ពាក់ព័ន្ធទៅនឹង​សំណុំ​រឿង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​វិញ ​កម្ពុជា​​បាន​​ល្បី​​កក្រើក​​លើ​​ឆាក​​អន្តរ​​ជាតិ ​ក្រោយ​​មាន​​ករណី​​​ស្លា​​ប់​​ជន​​ជាតិ​​កូរ៉េ​​នៅ​​កម្ពុជា និង​​បន្ទាប់​​​ពី​​មាន​​ការ​​ដាក់​​ទណ្ឌ​ក​ម្ម​​ពី​​សហរដ្ឋ​​អាមេរិក និង​ចក្រ​​ភព​អង់​​គ្លេស​​លើ​​ក្រុម​​ហ៊ុន​​ព្រីន​ស៍​​គ្រុប រួម​​ទាំង​​បណ្តាញ​​ក្រុម​​ទី​ផ្សារ​​​ងងឹត សរុប​​ចំនួន ១៤៦​​ផ្សេង​ទៀត ដែល​ពាក់​ព័ន្ធ​នឹ​​ងឧ​ស្សាហកម្ម​ឆបោក​អន​ឡាញ​នៅ​អាស៊ី​អាគ្នេយ៍។

ការរកឃើញ​របស់​ស្ថាប័ន​អន្តរ​ជាតិ​នេះ ហាក់​ស៊ី​គ្នាទៅ​នឹងកា​រ​រក​ឃើញ​សំបុក​លាក់​ខ្លួន​របស់​ឧក្រិដ្ឋ​ជន​ ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​កន្លែង នៅ​កម្ពុជា ពី​សំណាក់​មន្ត្រី​ជំនាញ​កម្ពុជា។

​បើតាមទីភ្នាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា ​(AKP)​ បាន​ផ្សាយ​ថា ក្នុង​​រយៈ​​ពេល ​៤​​​​ខែ​​​ចុង​​ក្រោយ​​នា​​​​ឆ្នាំ​​​២០២៥​​នេះ​ អាជ្ញាធរ​បាន​ចុះត្រួត​ពិនិត្យ​​ទីតាំង​ចំនួន​ ៩២​​កន្លែង​ នៅ​ក្នុង​ ១៨​​រាជ​ធានី ​និង​ខេត្ត​ ដោយ​​សមត្ថ​កិច្ច​​បាន​​ឃាត់​​ខ្លួន​ជន​​​សង្ស័យ​​​សរុប​​ប្រមាណ​​ជាង ៣ពាន់​​នាក់​ ដែល​​មាន​​២០​​សញ្ជាតិ ក្នុង​នោះ មាន​​ជន​​បរ​ទេស​​ជាង ២ ៨០០​​នាក់​ ត្រូវ​​បាន​​ចាប់​​បញ្ជូន​​​ចេញ​​ពី​​ប្រទេស​​កម្ពុជា​​ បន្ទាប់​ពី​សមត្ថកិច្ច​បានជួយ​សង្រ្គោះឱ្យ​រួច​ផុត​ពី​បណ្តាញ​ឧក្រិដ្ឋ​ជន​ឆបោក ​និង​សម្បុក​នៃ​ការ​ជួញ​ដូរ​មនុស្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ