ក្រុមយោធាថៃ នៅថ្ងៃពុធនេះ ហាក់បានផ្តល់ភ្លើងខៀវពីជម្រើសដោះលែងទាហានខ្មែរ១៨នាក់ ឱ្យមកកម្ពុជាវិញ ដែលគេមើលឃើញថា ជាសម្ពាធសហរដ្ឋអាមេរិក ខណៈទាហានខ្មែរទាំងនោះ ត្រូវទាហានថៃចល័តចូលចាប់ខ្លួនក្នុងទឹកដីខ្មែរ ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល៩២ថ្ងៃ រំលោភលើបទឈប់បាញ់។
ការផ្តល់ភ្លើងខៀវរបស់យោធាថៃ ធ្វើឡើងក្រោយពីកម្ពុជានិងថៃ បានចេញសេចក្តីថ្លែងការណ៍ សន្តិភាព ក្រោមយន្តការអាស៊ាន និងមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាផងដែរ ធ្វើជាសាក្សីក្នុងការពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់នេះ។
បើតាមសារព័ត៌មាន Amarin News បានចុះផ្សាយនៅថ្ងៃទី២៩តុលានេះថា អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក សុវារី និយាយថា ខ្លួននឹងដោះលែងទាហានខ្មែរ១៨នាក់ តាមលក្ខខណ្ឌច្បាប់អន្តរជាតិ និងលក្ខន្តិកមនុស្សធម៌អន្តរជាតិ។
ប៉ុន្តែលោកថា កម្ពុជាត្រូវអនុវត្តលក្ខខណ្ឌ ៤ចំនុច ដែលបានព្រមព្រៀងគ្នាជាមុនសិន ដូចជា ការដកអាវុធធុនធ្ងន់ចេញពីតំបន់មានជម្លោះ បន្តដោះមីនមនុស្សធម៌ រួមគ្នាបង្រ្កាបឧក្រិដ្ឋកម្មឆបោក Call Centre និងទី៤ រៀបចំពលរដ្ឋមូលដ្ឋានតាមព្រំដែនឱ្យមានរបៀបរៀបរយ។
លោកអះអាងថា ភាគីថៃព្រមគោរពនូវសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលបានចុះកិច្ចព្រមព្រៀងនៅម៉ាឡេស៊ី ដែលមានវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។
ម្យ៉ាងវិញទៀត លោកថា ភាគីថៃមិនបដិសេធសំណើររបស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតី ត្រាំ បានជំរុញឱ្យមានការដោះលែងទាហានខ្មែរ១៨នាក់នោះទេ។
ការប្តូរឥរិយាបទរបស់យោធាថៃ ក្រោយសារព័ត៌មាន Reuters របស់អាមេរិក បានចុះផ្សាយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថា ប្រទេសថៃ នឹងដោះលែងទាហានខ្មែរចំនួន១៨នាក់នោះជាបន្ទាន់ ក្រោយប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពនេះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា លោក ម៉ៅ ផល្លា បានប្រាប់VODថា ករណីដែលថាថៃមានគម្រោងដោះលែងទាហានខ្មែរ១៨នាក់នោះ លោកនៅមិនទាន់ទទួលបានព័ត៌មានយ៉ាងណានោះទេ ដោយជំរុញឱ្យទៅសួរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ដែលវីអូឌីមិនអាចទាក់ទងបាន។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន បង្ហាញការសាទរជាខ្លាំង ដោយថា បើថៃពិតជាយល់ព្រមដោះលែងទាហានខ្មែរ១៨នាក់នោះមែន។ ប៉ុន្តែលោកដាក់ការសង្ស័យថា ថៃអាចនឹងប្រើល្បិចនេះ ដើម្បីឱ្យកម្ពុជាកាត់ទឹកដីខ្លះឱ្យថៃ ជាថ្នូរនឹងការដោះលែង ពិសេសបង្គោលព្រំដែន ដែលថៃលួចរំកិលរួចហើយ ដើម្បីបិទមាត់កុំឱ្យមេដឹកនាំខ្មែរទាមទារ ។
ការណ៍នេះ លោក អ៊ុំ សំអាន បន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវពន្លឿនជំរុញសំណុំរឿងព្រំដែន ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីការពារ និងទាមទារទឹកដីខ្មែរ ដែលថៃបានរំលោភយកកន្លងមក។
លោកថា៖ «កម្ពុជាត្រូវដាក់ពាក្យប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJហ្នឹង ទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីជាសហប្រធាន ទើបអាចការពារទឹកដីយើងបាន បើមិនអ៊ីចឹងទេ យើងមិនអាចការពារទឹកដីបានទេ បើសិនយើងនៅបន្តចរចាទ្វេភាគីជាមួយថៃហ្នឹង គេទឹកដីដែលថៃគ្រប់គ្រងហ្នឹង ដែលបាត់កន្លងមក ក្នុងអំឡុងពេលសង្គ្រាម និងក្រោយមានបទឈប់បាញ់ ប្រាកដជាបាត់ ប្រាកដជាថៃមិនព្រមឱ្យវិញទេ»។
ចំណែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា ការបង្ហាញជំហរចង់ដោះលែងទាហានខ្មែរទាំង១៨នាក់នេះ ដោយសារសម្ពាធខ្លាំងពីសហរដ្ឋអាមេរិក រឿងការដំឡើងពន្ធជាដើម ដែលថៃមិនអាចបដិសេធបាន ព្រោះជាសម្ពាធអន្តរជាតិ ។
យ៉ាងណា លោក ចាន់ឡូត ក្រើនរំឮកមេដឹកនាំកម្ពុជាថា ចំពោះបញ្ហាព្រំដែនត្រូវតែបង្ហាញពិតប្រាកដបន្តការពារ និងទាមទារដែនអធិបតេយ្យរបស់កម្ពុជា ដែលថៃរំលោភបំពានកន្លងមក ត្រឡប់មកវិញ ហើយត្រូវបញ្ជូនសំណុំរឿងព្រំដែនដែលថៃបានរំលោភយក ដូចជា នៅភ្នំទ្រព្យ ប្រាសាទតាមាន់ធំ ច្រកអានសេះ ភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវប្តឹងតុលាការអន្តរជាតិ ICJ និងរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធ។
លោកថា៖ «ភាគីថៃនឹងមិនអាចបដិសេធចំពោះកិច្ចអន្តរាគមន៍ណាមួយ ពីមហាអំណាចសហរដ្ឋអាមេរិកទេ ក៏ប៉ុន្តែភាគីកម្ពុជាត្រូវចាំថា ក្នុងទំនាក់ទំនងទ្វេភាគីពុំគួរនិងជឿទុកចិត្តភាគីថៃនោះឡើយ ដូច្នេះពាក់ព័ន្ធទៅនឹងកិច្ចការនៃបញ្ហាដែនអធិបតេយ្យបូរណភាពទឹកដី ការវាស់វែងបង្គោលព្រំដែន គឺត្រូវតែមាននូវភាពច្បាស់លាស់ ហើយបើអាចគួរតែកម្ពុជាត្រូវសំអាងទៅលើយន្តការអន្តរជាតិ ក្នុងនោះគឺការប្ដឹងទៅICJដែលធានាបាននូវភាពរឹងមាំផ្លូវច្បាប់ ហើយនិងមានប្រៀបទាំងផ្នែកច្បាប់ទាំងការទូត»។
ជុំវិញបញ្ហានេះ លោក កង ឫទ្ធិគីរី ជាមេធាវីធ្លាប់ការពារក្តី នៅសាលាក្តីខ្មែរក្រហម បាននិយាយនៅថ្ងៃទី២៨ខែតុលាថា សេចក្តីថ្លែងការណ៍រួមកម្ពុជាថៃ ស្តីពីផែនការសន្តិភាពតាមព្រំដែននោះ បង្កើតបានជាកាតព្វកិច្ចតាមផ្លូវច្បាប់មិនអាចបំពានបាន ។
លោកថា ភាគីដែលរំលោភបំពាន អាចត្រូវថ្កោលទោសជាអន្តរជាតិ ឬអាចឈានដល់ការអន្តរាគមន៍ជាអន្តរជាតិ ដើម្បីចាប់បង្ខំភាគីដែលរំលោភកាតព្វកិច្ច ឱ្យអនុវត្តតាមឱ្យបានពេញលេញត្រឹមត្រូវឡើងវិញ។
ក្នុងន័យនេះ លោក កង ឫទ្ធិគីរី ពន្យល់ថា សេចក្ដីប្រកាសរួមកម្ពុជា-ថៃ ស្តីពីផែនការសន្តិភាពតាមព្រំដែន និងទម្ងន់របស់វាតាមច្បាប់អន្តរជាតិ។ ហើយថា សេចក្ដីប្រកាសគាំទ្ររបស់សហគមអឺរ៉ុប ជប៉ុន និងប្រទេសបារាំង ជាទម្ងន់បន្ថែមមួយទៀត ដល់ការទទួលស្គាល់កាតព្វកិច្ចជាអន្តរជាតិរបស់គូភាគី ។
សម្រាប់ លោក កង ឫទ្ធិគីរី សេចក្ដីប្រកាសរួមនេះ ជាកាតព្វកិច្ចជាអន្តរជាតិត្រូវអនុវត្តដោយប្រទេសទាំងពីរ តាមនិយាមអន្តរជាតិ នៃគោលការណ៍ ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួនទៅវិញទៅមក នៃគូភាគីដែលត្រូវចងភ្ជាប់ដោយកាតព្វកិច្ច តាមការព្រមព្រៀងគ្នារួចហើយ នៅក្នុងសន្ធិសញ្ញា អនុសញ្ញា កាតិកាសញ្ញា កិច្ចព្រមព្រៀង ឫសេចក្ដីប្រកាសណាមួយជាទ្វេភាគី ឫពហុភាគី។
លោកថា ឯការប្រកាសធ្វើជាសាក្សីនៃប្រទេសអាមេរិក និងប្រធានប្ដូរវេនអាស៊ាន ត្រូវបានគេកត់សម្គាល់ថា រាល់កាតព្វកិច្ចជាអន្តរជាតិ រវាងភាគីទាំងពីរមានលក្ខណៈត្រឹមត្រូវតាមច្បាប់អន្តរជាតិ និងត្រូវបានទទួលស្គាល់ថាវាអាចទទួលស្វាគមន៍ជាអន្តរជាតិបានសមល្មម ។
លោកថា យ៉ាងហោចណាស់ នៅក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ រួមទាំងអាមេរិក និងជប៉ុនដែលបានថ្លែងការណ៍គាំទ្រភ្លាមៗ និងមិនមានចំនុចខុសឆ្គង ឫផ្ដល់ដល់ការរំខានដល់ភាគីនៃរដ្ឋផ្សេងណាមួយទៀត ដែលមិនមែនជាភាគីនៅក្នុងសេចក្ដីប្រកាសរួមនេះ ដែលអាចមានសិទ្ធិជំទាស់តវ៉ាបាននោះឡើយ។
លោកគូសបញ្ជាក់ថា ឥឡូវនេះ ដល់វេនបារាំងនិងសហគមអឺរ៉ុបផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង នោះក៏បានន័យថា «សេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃ បង្កើតបានជាកាតព្វកិច្ចតាមផ្លូវច្បាប់យ៉ាងពេញលេញ មិនអាចបំពានវាបានឡើយ បើពុំនោះទេ វាអាចត្រូវបានទទួលការថ្កោលទោសជាអន្តរជាតិ ឫអាចឈានដល់ការអន្តរាគមន៍ជាអន្តរជាតិ ដើម្បីចាប់បង្ខំភាគីដែលរំលោភកាតព្វកិច្ចឱ្យអនុវត្តតាមឱ្យបានពេញលេញត្រឹមត្រូវឡើងវិញ»។
យ៉ាងនេះក្តី លោក អ៊ុំ សំអាន រំឭកថា ថៃបានរំកិលបង្គោលឡាក់លេខ៤២ ចូលដីខ្មែរប្រមាណ ២គីឡូម៉ែត្រកន្លះនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លើសពីនេះ ថៃបានរំលោភចូលដីខ្មែរប្រមាណ៣គីឡូម៉ែត្រ បើគិតមកដល់បន្លាលួសដែលទាហានថៃបានរាយ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។
សម្រាប់លោក សំអាន ថៃក៏បានរំកិលបង្គោលឡាក់លេខ៤៣ ចូលដីខ្មែរប្រមាណ២គីឡូម៉ែត្រកន្លះនៅភូមិព្រៃចាន់ផងដែរ នេះបើតាមការបញ្ជាក់របស់លោក ញឹក ប៊ុនឆៃ និងពលរដ្ឋខ្មែរដែលរស់នៅទីនោះ។
កម្ពុជានិងថៃមិនទាន់ឯកភាពគ្នាពីទីតាំងនៃបង្គោលឡាក់លេខ៤២នេះទេ ប៉ុន្តែកម្ពុជានិងថៃបានឯកភាពគ្នាពីទីតាំងនៃបង្គោលឡាក់លេខ៤៣ រួចហើយដោយកម្ពុជាបោះបង់ចោលដីខ្មែរប្រមាណ ២គីឡូម៉ែត្រកន្លះនៅបង្គោលឡាក់លេខ៤៣ ។
លោកថា សព្វថ្ងៃនេះ រដ្ឋាភិបាលទាមទារយកតែភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលមានជម្រៅទៅក្នុងដីថៃសព្វថ្ងៃនេះ ប្រហែលជាង៥០០ម៉ែត្រ គឺមានន័យថា រដ្ឋាភិបាលបោះបង់ចោលដីខ្មែរប្រមាណ ២គីឡូម៉ែត្រកន្លះ (ដែលគិតពីភូមិព្រៃចាន់និងភូមិជោគជ័យទៅដល់បង្គោលឡាក់លេខ៤២ នៅខាងលិចប្រាសាទស្តុកកក់ធំ គឺប្រហែលជាង ២គីឡូម៉ែត្រ ហើយបង្គោលឡាក់លេខ៤២ ត្រូវបានថៃរំកិលមកដល់ភូមិព្រៃចាន់សព្វថ្ងៃនេះ ) ។
សព្វថ្ងៃនេះ រដ្ឋាភិបាលមិនដែលទាមទារយកប្រាសាទស្តុកកក់ធំមកវិញនោះទេ ហើយសូម្បីតែភូមិព្រៃចាន់ និងភូមិជោគជ័យ ក៏កំពុងឈានទៅរកការបាត់បង់ផងដែរ៕











