មន្ត្រីផ្កាយពីរម្នាក់​ប្រឈម​បទ​ពុក​រលួយ​ពាក់​ព័ន្ធ​លុយ​២លាន​ដុល្លារ​រត់​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ

អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម អះ​អាង​ថា ខ្លួនកំ​ពុង​បើក​ការ​ស៊ើប​អង្កេត​លើ​មន្ត្រី​ផ្កាយ​ពីរ​ម្នាក់ ជុំវិញ​រឿង​អាស្រូវ​ពុក​រលួយ រត់​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជន​បរទេស ជា​ថ្នូរ​នឹង​ទទួល​លុយ​២លាន​ដុល្លារ តែ​មិន​បាន​សម្រេច ​ហើយ​មិន​ព្រម​​ប្រគល់​ប្រាក់​ឱ្យ​ជន​រង​គ្រោះ​វិញ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក គង់ វុទ្ធី ត្រូវ​បាន​គេចែ​ក​ចាយ​​លើ​បណ្តាញ​សង្គម​ជា​បន្ត​បន្ទាប់​ នាពេល​ថ្មីៗ​នេះ​ថា បាន​ទទួល​លុយ​ចំនួន​២លាន​ដុល្លារ ដើម្បី​រត់​ការ​ផ្តល់​សញ្ជាតិ​ឱ្យ​ជន​បរទេស។ ប៉ុន្តែ​ថា ជាង​១ឆ្នាំ​ហើយ មន្រ្តី​ពាក់​ផ្កាយ​ពីរ​រូប​នេះ រត់​ការ​បរាជ័យ ហើយ​លុយ​២លាន​ដុល្លារ​មិន​ព្រម​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ទេ។ 

ជុំវិញរឿងនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​បញ្ជាក់​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​២​៨ ខែ​តុលា​ថា ក្រុម​ប្រឹក្សា​វិន័យ​របស់​អគ្គ​នាយក​ដ្ឋាន​អត្តស​ញ្ញាណ​កម្ម បាន​ចាត់​វិធាន​ការ​កោះ​ហៅ​សាមី​ខ្លួន​ដើម្បី​បំភ្លឺ និង​កំពុង​បន្ត​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​បន្ថែម ។

ប្រភពប​ន្ត​ថា ករណី​រក​ឃើញ​ថា មន្ត្រី ឬថ្នា​ក់​ដឹក​នាំ​ណាម្នាក់​បាន​ប្រព្រឹត្ត​កំហុស​ផ្ទុយ​នឹង​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​នឹង​ចាត់​វិធាន​ការ​អនុវត្ត​វិន័យ​លើ​បុគ្គល​រូប​នោះ​យ៉ាង​ម៉ឺង​ម៉ាត់។

ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នើដល់​បុគ្គល​ពាក់​ព័ន្ធ ឬ​ជា​ជន​រង​គ្រោះ​សហការ​ផ្តល់​ព័ត៌​មាន ក៏​ដូច​ជា​ឯកសារ​ភស្តុតាង​បន្ថែម​មក​នាយក​ដ្ឋាន​រដ្ឋ​បាល​សរុប​នៃ​អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​រៀង​រាល់​ម៉ោង​ធ្វើការ។

ជុំវិញរឿងនេះ VOD មិនទាន់អាចសុំការបំភ្លឺបន្ថែមពី​អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម និង​អ្នក​នាំ​ពាក្យ​អង្គភា​ពប្រ​ឆាំង​អំពើ​ពុក​រលួយ លោក សយ ច័ន្ទ​វិចិត្រ​ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់​ថា ការ​ដែល​រដ្ឋាភិ​បាល​មិន​អាច​បោសស​ម្អាត​អំពើ​ពុក​រលួយ​បាន ដោ​យ​សា​រ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ​ ហើយ​មន្រ្តី​ខិល​ខូច​ទាំង​នោះ​អាង​ខ្សែ​បក្ស​ពួក​ គប់​​គិ​ត​គ្នា​ជា​ប្រព័ន្ធ​ពី​លើ​ដល់​ក្រោម ដែល​កើត​មាន​គ្រប់​ស្ថាប័ន​រដ្ឋនៅ​កម្ពុជា។

ក្នុងន័យនេះ លោកថា ទាល់តែផ្លាស់ប្តូរប្រ​ព័ន្ធ​ដឹកនាំ​បែប​គ្រួសារនិ​យម​របស់​រដ្ឋាភិ​បាល​គ្រួសារ​ហ៊ុន ទើប​អាច​បោស​សម្អាត​អំពើ​ពុក​រលួយ​ដល់​ឬស​គល់​បាន។

លោកថា៖ «ត្រូវតែហ៊ានកម្ចាត់អំពើពុករលួយ តាំងពីលើដល់ក្រោម ត្រូវ​ហ៊ាន​អារ​សាច់​ស្អុយ​ចេញ។ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ​ត្រូវ​ចាប់​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ អាហ្នឹង​ទើប​អាច​កម្ចាត់​អំពើ​ពុក​រលួយ​បាន បើ​មិន​អ៊ីចឹង​ទេ គឺ​មិន​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​សង្គម​ខ្មែរ​បាន​ទេ។ បើ​តាម​យោបល់​ខ្ញុំ​យល់​ថា​ មាន​តែ​ប្ដូរ​មេដឹក​នាំ​ប្រទេស​ចេញ​នោះ​ទេ ប្ដូរ​ត្រកូល​ហ៊ុន​ចេញ​ពី​ការ​ដឹក​នាំប្រ​ទេស ទើប​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​បាន។ បើមិនអ៊ីចឹងទេ! មិន​អាច​លុប​បំបាត់​​អំពើ​ពុក​រលួយ​បាន​ទេ ព្រោះ​ទៅ​ជាប្រពៃណី​ហើយ ដែល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​មន្ត្រី​របស់​គាត់​ហ្នឹង ពុក​រលួយ​ដើម្បី​យក​លុយ​ទៅ​ពង្រឹង​អំណាច​ឲ្យ​គណបក្ស​ប្រជាជន​ អាច​រឹង​មាំ​បន្ត​ទៀត​ ហើយ​នឹង​អាច​ឲ្យ​ត្រកូល​ហ៊ុន​ដឹក​នាំ​ប្រទេស​បន្ត​ទៀត​តាម​របៀប​ផ្ដាច់​ការ គ្រួសារ​និយម»។

ដោយឡែកអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ ជំរុញ​ឱ្យ​អង្គភា​ព​ប្រឆាំង​​អំពើ​ពុក​រលួយ​ ចូល​រួម​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​ករណី​នេះ ដើម្បី​ធានា​តម្លា​ភាព និង​យុត្តិ​ធម៌។

បន្ថែមលើនេះ លោកថា រដ្ឋាភិបាលដែលជាអាណាព្យាបាល ក៏​ត្រូវ​មាន​វិធាន​ការ​លើ​ក្រសួង​មហា​ផ្ទៃ និង​ភាគី​ពាក់​ព័ន្ធ​បើក​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​បន្ថែម​ទៀត ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​តើ​មន្រ្តី​ដែល​ទទួល​បន្ទុ​ក​ផ្នែក​អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​មែន​ឬ​យ៉ាង​ណា។

លោក​ថា៖ «ធ្វើបែបនេះ គឺ​ដើម្បីធានាបាននូវយុត្ដិធម៌តម្លាភាព​ហើយ ក៏​អាច​ផ្តល់​នូវ​ទំនុក​ចិត្ត និង​ការ​ជឿ​ជាក់​ទៅ​លើ​ការ​អនុវត្ត​របស់​រាជ​រដ្ឋាភិ​បាល​ ហើយ​និង​​ស្ថាប័ន​ពាក់​ព័ន្ធ​ ជាពិសេស​គឺ​ដើម្បី​លើក​កម្ពស់​នីតិ​រដ្ឋ​ហើយ​នឹង​ទទួល​បាន​ការ​សាទរ និង​គាំទ្រ​ពី​សាធារណ​ជន ហើយ​ក៏​ជា​ការ​ព្រមាន​ទៅ​ដល់​មន្ត្រី​ដែល​ធ្លាប់​ទទួល​សំណូក ឬ​ក៏​រៀប​ចំ​ប្រព័ន្ធ​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រត់​ការ​ ដើម្បី​ជា​ថ្នូរ​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ថវិកា ឬ​ក៏​ជា​អ្វី​មួយ​ដែល​វា​ប្រាស​ចាក​អំពី​គោល​ការណ៍​នៃ​ច្បាប់​របស់​ជាតិ​របស់​យើង»។

អង្គការតម្លាភាព​អន្តរជាតិ ដែលធ្វើការផ្តោត​លើអំ​ពើ​ពុក​​រលួយ និង​​អភិបាល​​កិច្ច បាន​​ចេញ​​សេច​ក្តី​​ថ្លែង​​ការណ៍​ថ្មី​​មួយ អំឡុ​​ង​ខែ​កុម្ភៈ​ឆ្នាំ​​២០២៥​នេះ រក​ឃើញ​ថា កម្រិត​​នៃ​អំពើ​​ពុក​​រលួយ កម្ពុជា ស្ថិត​​ក្នុង​លំដាប់​​​​អាក្រក់​ជាប់​​គ្នា​ជិត​​១០​ឆ្នាំ បើ​​ធៀប​​នឹង​​ប្រទេស​​ជា​​សមាជិក​​អាស៊ាន។

មូលហេតុ​ចម្បងមួយដែលអង្គការអន្តរជាតិ​នេះ​​រក​ឃើញ គឺ​ប្រព័ន្ធ​យុត្តិ​ធម៌​​មិន​អាច​កាត់​ទោស​កំហុស​​មេដឹក​​​​នាំ​បាន។ ហើយ​​​​​ថាប្រទេស​ដែល​​អាច​រើ​ខ្លួន​ពី​ការ​​ញាំ​ញី​​ដោយ​​អំពើ​​ពុក​រលួយ​​បាន ចាំបាច់​​ត្រូវ​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ និង​ត្រូវ​រៀប​ចំ​ឱ្យមា​ន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ តាម​គន្លង​ប្រជា​ធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ