អាមេរិកឱ្យពលរដ្ឋ​ខ្លួន​ចេញ​ពី​ប្រទេស​ម៉ាលី​ជា​បន្ទាន់​ដោយ​បារម្ភ​ពី​ក្រុម​អាល់​កៃ​ដា

សហរដ្ឋ​អាមេរិក បាន​ព្រមាន​ជន​ជាតិ​អាមេរិក​នៅ​ក្នុង​ប្រទេស​ម៉ាលី​ នៅ​ថ្ងៃ​អង្គារ ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ជា​បន្ទាន់ ដោយ​ប្រើ​ជើង​ហោះ​ហើរ​ពាណិជ្ជ​កម្ម ខណៈ​ដែ​ល​រដ្ឋាភិបាល​របស់​ខ្លួន ​ស្ថិត​ក្រោម​សម្ពាធ​ដែល​កើន​ឡើង​កាន់​តែ​ខ្លាំង ពី​ក្រុ​ម​បះ​បោរ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អាល់​កៃដា ដែល​កំពុង​ដាក់​ការ​បិទ​ប្រេង​ឥន្ធនៈ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters​) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ ចាម៉ាត់ នូស្រាត់ អាល់​អ៊ីស្លាម វ៉ាល់​មូស្លីម​មីន​(Jama’at Nusrat al-Islam wal-Muslimin)​ បាន​ប្រកាស​ពី​ការ​បិទ​ផ្លូវ​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ ទៅកា​ន់​ប្រទេស​អាហ្វ្រិក​ខាង​លិច​ដែល​​គ្មាន​​ព្រំដែន​នៅដើ​ម​ខែ​កញ្ញា។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​បាន​វាយ​ប្រហារ​ក្បួន​រថយន្ត​ដឹក​ប្រេង​ ដែល​ប៉ុន​ប៉ង​ចូល​ប្រទេស​ ឬ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​បាម៉ាកូ​(Bamako)។

រដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ បាន​បញ្ជា​ឱ្យ​ផ្អាក​សាលា​រៀន និង​សកល​វិទ្យា​ល័យ​ទូទាំង​ប្រទេស​ម៉ាលី​ រយៈ​ពេល ២​សប្តាហ៍​ដោយ​សារ​កង្វៈ​ប្រេង។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសម៉ាលី បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ‘‘បញ្ហា​ប្រឈម​ផ្នែក​ហេដ្ឋា​រចនា​​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ម៉ាលី រួម​ទាំង​ការ​រំខាន​ជា​បន្ត​បន្ទាប់​នៃ​ការ​ផ្គត់​ផ្គង់​ប្រេង​សាំង ប្រេង​ម៉ាស៊ូត​ ការ​បិទ​ស្ថាប័ន​សាធារណៈ ដូចជា​ ​សាលា និង​សាកល​វិទ្យាល័យ​ទូទាំង​ប្រទេស និង​ជម្លោះ​ប្រដាប់​អាវុធ​ដែល​កំពុង​បន្តរ​វាង​រដ្ឋាភិ​បាល​ប្រទេស​ម៉ាលី និង​ក្រុម​ភេរវករ​ជុំវិញ​ទីក្រុង​បាម៉ាកូ (Bamako) បង្កើន​ភាព​ដែល​មិន​អាច​ទាយ​ទុក​ជាមុ​ន​បាន​នៃ​ស្ថាន​ភាព​សន្តិ​សុខ​របស់​ទីក្រុង​បាម៉ាកូ (Bamako)។

អ្នកវិភាគបានពណ៌នា​ការបិទប្រេងឥន្ធនៈ​ថា ជាផ្នែក​នៃ​យុទ្ធ​នាការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​យោធា​របស់​ប្រទេស​ម៉ាលី ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ចង់​កាត់​ផ្តាច់​អុក​ស៊ីសែន​សេដ្ឋ​កិច្ច​របស់​ប្រទេស​។

ស្ថានទូត​ បាន​និយាយ​ថា អាកាសយានដ្ឋានក្នុងទីក្រុងបាម៉ាកូ​(Bamako) នៅ​តែ​បើក​ធម្មតា​ដោយ​ណែនាំ​ជន​ជាតិ​អាមេរិក​ ឱ្យ​ចាក​ចេញ​ដោយ​ប្រើ​​ជើ​ង​​ហោះ​ហើរ​ពាណិជ្ជ​កម្ម ជាជាង​ធ្វើ​ដំណើរតា​ម​ផ្លូវ​គោក​ទៅ​កាន់​ប្រទេស​ជិត​ខាង ដោយ​សារ​ហានិភ័យ​នៃ “ការ​វាយ​ប្រហារ​ភេរវ​កម្ម​តាម​ផ្លូវ​ជាតិ”។

ពលរដ្ឋ​សហរដ្ឋអាមេរិក ដែល​ជ្រើស​រើស​នៅក្នុ​ង​ប្រទេស​ម៉ាលី គួរ​តែរៀ​បចំ​ផែន​ការ​សង្រ្គោះ​បន្ទាន់ រួម​ទាំង​ជម្រក​ស្នាក់​​នៅ​សម្រាប់​រយៈ​ពេល​បន្ថែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ