ប៉ូលិស​សិង្ហ​បុរី​ចេញ​ដីការ​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​៣៤​នាក់​ពាក់​ព័ន្ធ​ករណី​ឆបោក​មាន​មូល​ដ្ឋាន​នៅ​កម្ពុជា

ជន​ជាតិ​សិង្ហ​បុរី​សរុប​ចំនួន ២៧​នាក់ និង​ជន​ជាតិ​ម៉ាឡេស៊ី ៧​នាក់ ត្រូវ​បាន​ប៉ូលិស​សិង្ហ​បុរី ចេញ​ដីការ និង​ស្វែង​រក​ចាប់​ខ្លួន ពី​បទ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ឆបោក​តាម​អ៊ីនធឺណិត​ជា​​ប្រព័ន្ធ ដែល​ប្រតិ​បត្តិ​ការ​ចេញ​ពី​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ប្រកាស​របស់ កង​កម្លាំង​ប៉ូលិស​សិង្ហ​បុរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា។

កងកម្លាំង​ប៉ូលីស​សិង្ហ​បុរី (SPF) បាន​រក​ឃើញ​ថា បណ្ដាញ​ក្រុម​ឆបោក​តាម​អ៊ីធឺណិត​ទាំង​នេះ បាន​ផ្តោត​គោល​ដៅ​ទៅ​លើ​ជន​រ​ង​គ្រោះ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ដោយ​ពួក​គេ​បាន​ប្រើ​ប្រាស់​ឧបាយ​កល តាម​រយៈ​ការ​ក្លែង​បន្លំ​អត្ត​សញ្ញាណ​​ជា​មន្ត្រី​រដ្ឋាភិ​បាល ឬ​បុគ្គលិក​របស់​ស្ថាប័ន​មួយ​ចំនួន ជា​ដើម។

ប៉ូលីស​សិង្ហ​បុរី បាន​បន្ថែម​ថា ក្រុម​ជន​សង្ស័យ​ដែល​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ទាំង ៣៤​នាក់​នេះ បាន​ប្រព្រឹត្តិ​ករណី​​បោក​ជន​រង​គ្រោះ យ៉ាង​ហោច​ណាស់​ចំនួន ៤៣៨​ករណី ក្នុង​ទំហំ​ទឹក​ប្រាក់​សរុ​ប​ប្រមាណ​ ៣១.៧​លាន​ដុល្លារ​អាមេរិក។

តែយ៉ាង​ណា ប៉ូលិស​សិង្ហ​បុរី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​​ជ​នស​ង្ស័យ​​ទាំង ​៣៤​​នាក់​​នេះ ​កំពុង​​នៅ​ក្រៅ​​ប្រទេស​​សិង្ហ​​បុរី​ ហើយ​អាជ្ញាធរ​សិង្ហ​បុរី កំពុង​ធ្វើការ​ជាមួយ​សម​ភាគី​អន្តរ​ជាតិ ក៏​ដូច​ជា ប៉ូលិស​អាំង​ទ័រ​ប៉ូល ដើម្បី​កំណត់​ទីតាំង និង​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​ទាំង​នោះ។

តាម​ការអះអាង​របស់​អាជ្ញាធរ​សិង្ហ​បុរី ជន​សង្ស័យ​ក្នុង​ប្រតិ​បត្តិ​ការ​ឆបោក​តាម​អ៊ីន​ធឺណិត​ទាំង ៣៤​នាក់ ត្រូវ​បាន​គេ​កំណត់​អត្ត​សញ្ញាណ បន្ទាប់​ពី​កង​កម្លាំង​ប៉ូលិស​សិង្ហ​បុរី បាន​ធ្វើ​ប្រតិ​បត្តិ​ការ​រួម​គ្នា​ជាមួយ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា រហូត​កំណត់បា​ន​ទីតាំង​ធ្វើ​ប្រតិ​បត្តិ​ការ​ចេញ​ពី​បរិវេណ​អាគារ​ឆបោក នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

ប៉ូលីសសិង្ហបុរី បានបញ្ជាក់បន្ថែមថា អាជ្ញាធរសិង្ហ​បុរី នឹង​មិន​លះ​បង់​ការ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​តាម​ចាប់​ខ្លួន​ក្រុម​ឧក្រិដ្ឋជ​ន​ឆបោក​តាម​អន​ឡាញ ទាំង​នៅ​ក្នុង ឬ​ក្រៅ​ប្រទេស​នោះ​ឡើយ​ ដរាប​ណា ឧក្រិដ្ឋ​កម្ម​ឆបោក​ឆ្លង​ដែន​មួយ​នេះ រលាយ​បាត់​ខ្លួន​ចេញ​ពី​សិង្ហ​បុរី។

ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺ​ណិត ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ សារ​ព័ត៌​មាន​វៀត​​ណាម ណិត​(Vietnam Net)​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ​ថា ប៉ូលិស​ខេត្ត​ឡៃចូវ​(Lai Chau) បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​តាម​អ៊ីនធឺណិត​ឆ្លង​ដែន ជន​ជាតិ​វៀត​ណាម​ចំនួន ៥៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៥​នាក់ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រភព​បន្ត​ថា ជន​សង្ស័យ​ទាំង​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ជន​រ​ង​គ្រោះ​ជាង ៨ពា​ន់​នាក់ ក្នុង​ចំនួន​ទឹក​ប្រាក់​ប្រហែល ១២.២​លាន​ដុល្លារ​អាមេរិក។

យោងតាមអ្នកស៊ើបអង្កេត ជនសង្ស័យ​បាន​ប្រើ​យុទ្ធ​សាស្ត្រ​បោក​ប្រាស់​ផ្សេងៗ ដូច​ជា ក្លែង​បន្លំ​ជា​បុគ្គលិក​ដឹក​ជញ្ជូន មន្ត្រី​ប៉ូលីស បុគ្គលិក​យោធា និង​ល្បិច​អន្ទាក់​ទឹក​ឃ្មុំ ដោយ​ប្រើ​ប្រាស់​ទំនាក់​ទំន​ង​ស្នេហា ដើម្បី​បញ្ឆោត​ជន​រង​គ្រោះ។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នង​ការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន និង​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ លោក​ស្រី ជូ ប៊ុន​អេង ដើម្បី​សុំ​ការ​បក​ស្រាយ​បន្ថែម ជុំវិ​ញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា។

ទោះ​ជាយ៉ាង​ណា អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃ លោក ទូច សុឃៈ បាន​លើក​ឡើង​ថា គិត​ត្រឹម​រយៈ​ពេល​៩ខែ ក្នុង​ឆ្នាំ​២០២៥​នេះ អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ទីតាំង​បទ​ល្មើស​បច្ចេក​វិទ្យា (Online scam) ចំនួន ៤៨លើក ក្នុង​ភូមិ​សាស្រ្ត ១៥​រាជធានី​ខេត្ត។

លោក ទូច សុឃៈ បញ្ជាក់​ថា នៅ​ក្នុង​ប្រតិបត្តិ​ការ​បោស​សម្អាត​នេះ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជិត​ ៣ពាន់​នាក់ ក្នុង​នោះ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចំនួន ១៦៨​នាក់ និង​អនុវត្ត​នីតិវិធី​បណ្ដេញ​ចេញ​ពី​កម្ពុជា​ចំនួន​ជាង ២ពាន់​៧រយ​នាក់។

ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ឃើញ​ថា ដើម្បី​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អ៊ីនធឺ​ណិត ឱ្យ​មាន​ប្រសិទ្ធិ​ភាព រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អន្តរ​ជាតិ ដើម្បី​ចាប់​ខ្លួន​មេខ្លោង​ធំ ខណៈ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​វិញ រដ្ឋាភិ​បាល​ត្រូវ​បោស​សម្អាត​អំពើ​ពុក​រលួយ ដែល​ជា​ឬស​គល់​នៃ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​មួយ​នេះ។

លោក​ថា៖ «ដូច្នេះ នេះ​គឺជា​អំពើពុ​ក​រលួយ​មួយ ដែល​ត្រូវ​តែ​ព្យាយាម​លុប​បំបាត់ ដើម្បី​ធានា​បាន​នូវ​ភា​​ព​រឹ​ង​មាំ​​​ក្នុ​ង​ការ​អនុវត្ត​ច្បាប់ ក៏​ដូច​ជា​ការ​ស្ដារ​កិត្តិយស និង​ភាព​ថ្លៃ​ថ្នូរ​របស់​កម្ពុជា នៅលើ​ឆាក​អន្តរ​ជាតិ ទា​​ក់​ទ​ង​​ទៅ​នឹង​បទ​ល្មើស​បច្ចេក​វិទ្យា​នេះ​ផង​ដែរ»

កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​បាន​ប្រកាស​បើក​យុទ្ធនាការ​បោស​សម្អាត​បទ​ល្មើស​អន​ឡាញ​នៅទូទាំង​ប្រទេស ដោយ​បញ្ជា​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រប់​ទីតាំង ដោយ​ភាព​ម្ចាស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន។

ក៏ប៉ុន្តែ អ្នកស៊ើបអង្កេតឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺ​ណិត សង្កេត​ឃើញ​ថា ប​ទ​បញ្ជា​នេះ មិន​បាន​អនុវត្ត​ឱ្យ​មាន​សុក្រឹត្យ​ភាព​នោះ​ឡើយ ដោយ​​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់ ហាក់​​កំពុ​ង​​រក្សា​តំណែង​​​នៅ​​​លើ​​តារាង​​លំដាប់​​កំពូល​​នៅ​​ឡើយ ទោះ​​បី​ជា​ចរន្ត​នៃ​ប្រតិបត្តិ​ករ​ឆបោក​​​នៅ​​កម្ពុជា ត្រូវ​​បាន​​ផ្លាស់​​ប្ដូរ​​ទីតាំង និង​​ត្រូវ​​អាជ្ញាធរ​​ចុះ​​បង្ក្រាប​​បាន​​មួយ​​ចំនួ​​ន​​ក្ដី ក៏​​ក្រុម​​ជន​ឆបោក​ទាំង​​នោះ ហាក់​មិន​បាន​ទៅ​ណា​​ឆ្ងាយ​ពី​ទឹក​ដី​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ថែម​ទាំង​ពង្រីក​​បណ្ដាញ​ប្រតិ​បត្តិ​ការ កាន់​តែ​ធំ​ជាង​មុន​ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ