ដីការចាប់ខ្លួនត្រូវបានចេញប្រឆាំងនឹងជនជាតិសិង្ហបុរីចំនួន២៧នាក់ និងជនជាតិម៉ាឡេស៊ីចំនួន៧នាក់ដែលសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងបណ្តាញឆបោកដែលប្រតិបត្តិការនៅប្រទេសកម្ពុជា នេះបើយោងតាមការចេញផ្សាយដោយកាសែតដឹស្ត្រេតថាម(The Straits Times) របស់ប្រទេសសិង្ហបុរី។
កាសែតដឹស្ត្រេតថាម (The Straits Times) បានចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះថា កងកម្លាំងប៉ូលីសរបស់ប្រទេសសិង្ហបុរី(SPF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៩ ខែតុលាថា ជនសង្ស័យចំនួន ៣៤នាក់ បច្ចុប្បន្នកំពុងស្ថិតនៅខាងក្រៅប្រទេសសិង្ហបុរី ហើយកងកម្លាំងកំពុងធ្វើការជាមួយសមភាគីអន្តរជាតិ ដើម្បីកំណត់ទីតាំងហើយចាប់ខ្លួនរបស់ពួកគេ។
ជនសង្ស័យទាំងនោះ ត្រូវបានគេជឿជាក់ថា ទាក់ទងជាមួយមនុស្សចំនួន ១៥នាក់ ដែលត្រូវបានចោទប្រកាន់នៅក្នុងខែកញ្ញា ជុំវិញការពាក់ព័ន្ធនឹងក្រុមបោកប្រាស់។
កងកម្លាំងប៉ូលីសរបស់ប្រទេសសិង្ហបុរី(SPF) បានធ្វើប្រតិបត្តិការរួមគ្នាជាមួយប៉ូលីសប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ប្រឆាំងនឹងក្រុមឧក្រិដ្ឋជនដែលបានរៀបចំ មានជាប់ពាក់ព័ន្ធនឹងការឆបោករបស់មន្ត្រីរដ្ឋាភិបាលដែលផ្តោតលើជនរងគ្រោះនៅប្រទេសសិង្ហបុរី។
ក្រុមនេះ ត្រូវបានគេជឿជាក់ថា កំពុងប្រតិបត្តិការពីបរិវេណឆបោកមួយនៅក្នុងទីក្រុងភ្នំពេញ ហើយត្រូវបានគេចោទថាទទួលខុសត្រូវលើករណីចំនួន ៤៣៨ ដែលជាប់ពាក់ព័ន្ធនឹងការបាត់បង់ប្រាក់ យ៉ាងហោចណាស់ចំនួន ៤១លានដុល្លារ។
បន្ទាប់ពីប្រតិបត្តិការអនុវត្តច្បាប់ជាបឋមក្នុងប្រទេសកម្ពុជាជនសង្ស័យចំនួន ១៥នាក់ ត្រូវបានចាប់ខ្លួនដែលរួមមាន ជនជាតិសិង្ហបុរីចំនួន ១២នាក់ ជនជាតិម៉ាឡេស៊ីចំនួន ២នាក់ និងជនជាតិហ្វីលីពីនចំនួន ១នាក់។
ពួកគេត្រូវបានចាប់ខ្លួននៅក្នុងប្រទេសសឹង្ហបុរី និងត្រូវបានចោទប្រកាន់នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញាពីបទជាសមាជិកក្រុមនៃឧក្រិដ្ឋកម្មដែលជាប់ពាក់ព័ន្ធនៅក្នុងតំបន់។
តាមរយៈការស៊ើបអង្កេតបន្ថែម និងភស្តុតាងដែលប្រមូលបាននៅក្នុងប្រទេសកម្ពុជា ប៉ូលីសបានកំណត់អត្តសញ្ញាណជនជាតិសិង្ហបុរីចំនួន ២៧នាក់ផ្សេង និងជនជាតិម៉ាឡេស៊ីចំនួន ៧នាក់ ជាសមាជិកនៃក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំ។
ពួកគេត្រួវបានគេជឿជាក់ថា បានប្រតិបត្តិការចេញពីបរិវេណឆបោកក្នុងទីក្រុងភ្នំពេញ។ កងកម្លាំងប៉ូលីសរបស់ប្រទេសសិង្ហបុរី(SPF) កំពុងធ្វើការជាមួយអ៊ីនធើប៉ូល ដើម្បីចេញសេចក្តីជូនដំណឹងក្រហមប្រឆាំងនឹងជនសង្ស័យទាំងនេះ៕









