ក្រោយចេញសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពជាមួយកម្ពុជា ជុំវិញជម្លោះព្រំដែន ថៃបានបង្កើនសម្ពាធមកលើកម្ពុជាពីជម្រើសដោះមីន នៅតំបន់ប្រាសាទតាក្របី ដែលជាទីតាំងថៃធ្លាប់គំរាមវាយកាន់កាប់ ដើម្បីសម្រេចមហិច្ឆតាលេបទឹកដីខ្មែរ តាមផែនទី ដែលថៃបានគូរដោយខ្លួនឯង ។
ការណ៍នេះ ក្រុមអ្នកឃ្លាំមើលដែលមិនចំណុះឱ្យរដ្ឋាភិបាល បានក្រើនរំឭកមេដឹកនាំខ្មែរ ឱ្យបង្កើនការប្រុងប្រយ័ត្ន ពីកលល្បិចឈ្លានពានរបស់ថៃ ដែលថៃមិនដែលបោះបង់ពីមហិច្ឆតាឈ្លានពាន ទោះមានសន្ធិសញ្ញាបារាំង សៀម និងកិច្ចព្រមព្រៀងជាច្រើនទៀត លើយន្តការវាស់វែងខ្សែបន្ទាត់ព្រំដែនក្តី។
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ណ័ដ្ឋផល នាគផាណិជ្យ បានផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មានថៃថា កម្ពុជាត្រូវដោះមីនមនុស្សធម៌បន្ថែមទៀតនៅតំបន់ប្រាសាទតាខ្វាវ ខេត្តសុរិន្ទ »ដែលខ្មែរហៅថៃប្រាសាទតាក្របី ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលថៃថា ដើម្បីបង្ហាញថា កម្ពុជាមានភាពស្មោះត្រង់។
លើសពីនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ណ័ដ្ឋផល បាននិយាយថា ក្រោយមានការព្រមព្រៀងគ្នាដកអាវុធធុនធ្ងន់តាមព្រំដែនរួច កម្ពុជាត្រូវបន្តអនុវត្តលក្ខខណ្ឌ៣ចំណុចបន្ថែមទៀត មានការដោះមីនមនុស្សធម៌តាមព្រំដែន និងរួមគ្នាបង្រ្កាបឧក្រិដ្ឋឆបោក ជាដើម។
លោកសង្កត់ធ្ងន់ថា លក្ខខណ្ឌទាំង៤ចំណុច ឃើញថា កម្ពុជាបានអនុវត្តល្អហើយ យល់ព្រមដកអាវុធធុនធ្ងន់ចេញពីតំបន់មានជម្លោះ ករណីនេះ កម្ពុជាត្រូវអនុវត្តបន្ថែមទៀត គឺដោះមីនមនុស្សធម៌តាមព្រំដែន។
លោកនិយាយថា លោក«សង្ឃឹមថាកម្ពុជានឹងពន្លឿនការដោះមីនមនុស្សធម៌បន្ថែមទៀត នៅតំបន់ប្រាសាទតាក្របី ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងគ្នាទាំង ៤ចំនុច ដែលភាគីទាំង២ធ្លាប់បានសន្យាគ្នាហើយ»។
អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា លោក ម៉ៅ ផល្លា សុំមិនបកស្រាយរឿងនេះទេ ដោយលោកបន្តជំរុញឱ្យទៅសួរអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដែលវីអូឌីមិនអាចទាក់ទងបាន។
លោកថា៖ «បាទ! ខ្ញុំអត់ដឹងដែរ ព្រោះខ្ញុំអត់ដែលបានក្រាបជាប់ទេ ខ្ញុំជុញទៅគាត់ទាំងអស់ បាទៗ ខ្ញុំអត់ដឹងទេ ខ្ញុំនៅភ្នំពេញនេះ ធ្វើម៉េចដែរ អរគុណច្រើនបង ទាក់ទងទៅគាត់ទៅបង»។
យ៉ាងណា មេដឹកនាំគណបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែន ធ្លាប់បង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា ថៃនេះ ជាការប្រមូលផលដើមរដូវ នៃយុទ្ធសាស្ត្រស្ងៀមស្ងាត់ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៣០ខែតុលានេះថា កម្ពុជាមិនមានភាពចាំបាច់ត្រូវដោះមីននៅតំបន់ប្រាសាទតាក្របី តាមការចង់បានរបស់ថៃទេ ដោយថា ថៃអាចប្រើល្បិចនេះ ដើម្បីទន្រ្ទានកាន់កាប់ប្រាសាទខ្មែរតាមការប៉ុនប៉ងរបស់ថៃ ក្រោយផ្ទុះអាវុធជាង ៣ខែមកនេះ ។
តែផ្ទុយទៅវិញ លោកថា បើកម្ពុជាព្រមដោះមីន នៅតំបន់ប្រាសាទតាក្របីមែន ហាក់បើកផ្លូវឱ្យយោធាថៃចូលឈ្លានពានប្រាសាទបុរាណខ្មែរបន្ថែមទៀត ខណៈប្រាសាទតាមាន់តូច តាមាន់ធំ ថៃកំពុងគ្រប់គ្រង។
សម្រាប់លោក អ៊ុំ សំអាន មីននៅតំបន់ប្រាសាទតាក្របី ជាមូលដ្ឋានរឹងមាំ មិនឱ្យថៃវាយដណ្តើមយកបាន អំឡុងពេលផ្ទុះអាវុធ ខណៈអតីតមេទ័ពភូមិភាគ២ថ្ងៃ លោក ប៊ុនស៊ីន ផាត់ក្លាំង ធ្លាប់និយាយថា ថៃមិនអាចវាយចូលគ្រប់គ្រងប្រាសាទតាក្របីនេះបាន ដោយសារមីន។
លោកថា៖ «គេយកបានដោយប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច នៅតែប្រាសាទតាក្របីមួយទេ ប្រាសាទបីហ្នឹង គេយកបានអស់២ហើយ នៅតែមួយហ្នឹង អីចឹងធ្វើម៉េចគេត្រូវទាមទារយកបាន ហើយការដកអាវុធនេះគឺចាញ់ល្បិចរបស់ថៃ ការដោះមីនក៏ចាញ់ល្បិចថៃដែរ ដើម្បីឲ្យថៃមកយកប្រាសាទតាក្របី គឺខ្មែរយើងនៅតែអត់រាង កាលទាហានខ្មែរយើងគេចូលចាប់ ដោយសារតែគោរពបទឈប់បាញ់ ឥឡូវគេបង្ខំយើងឱ្យដោះមីនទៀត ដូច្នេះថៃនឹងយកប្រាសាទតាក្របីទៀត»។
សម្រាប់លោក សំអាន មិនគាំទ្រឱ្យកម្ពុជាដោះមីននៅតំបន់ប្រាសាទតាក្របីនោះ តាមការជំរុញរបស់ថៃនោះទេ ដោយថា នេះជាល្បិចថៃ ដើម្បីចូលកាន់កាប់ប្រាសាទតាក្របីរបស់ខ្មែរ ដូចដែលថៃធ្លាប់ប្រើស្នៀតនេះ ដើម្បីចូលទៅគ្រប់គ្រងប្រាសាទតាមាន់តូចរហូតបច្ចុប្បន្ន។
លោកថា៖ «គឺជាយុទ្ធសាស្ត្ររបស់លោក ប៊ុនស៊ីន ផាត់ក្លាំង ហ្នឹងដើម្បីដណ្តើមយកប្រាសាទតាក្របីឱ្យបានតាមមហិ្ចចតារបស់គាត់ បន្ទាប់ពីបទឈប់បាញ់មកម្ល៉េះ អ៊ីចឹងហើយបានជាថៃរកល្បិចឱ្យយើងដកកាំភ្លើងធំចេញពីព្រំដែនពីប្រាសាទតាក្របី ឥឡូវនេះមកស្មើយើងដោះមីនចេញពីប្រាសាទតាក្របីទៀត កាលណាដោះមីន ដូចជាកាប់ឆ្ការព្រៃឫស្សីយកប្រាក់ដួងនាសម័យលង្វែក ដែលធ្វើឲ្យថៃវាយបែកបន្ទាយលង្វែកដណ្តើមយកដីខ្មែរ»។
អតីតអ្នកកាសែត និងជាអ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមនៅទីក្រុងឡង់ប៊ិចសហរដ្ឋអាមេរិក លោក មួង ណារ៉េត និយាយថា គ្មានហេតុផលដែលកម្ពុជាត្រូវធ្វើតាមថៃដោះមីន នៅតំបន់ប្រាសាទតាក្របីទេ។
លោកហាក់ស្តីបន្ទោសថា បើមេដឹកនាំកម្ពុជាព្រមធ្វើតាមសំណើររបស់ថៃមែន នោះឆ្លុះបញ្ចាំងថា មេដឹកនាំកម្ពុជា ពិតជាគ្មានឆន្ទៈចង់ការពារប្រាសាទបុរាណខ្មែររួមទាំងទឹកដីរបស់បុព្វបុរសខ្មែរនោះទេ។
លោកសង្កត់ធ្ងន់ថា មីនទាំងនោះនៅលើទឹកដីខ្មែរ គ្មានហេតុអ្វីត្រូវដោះទេ ព្រោះវាជាទឹកដីខ្មែរ ហើយមីននេះបានជួយការពារ ទប់ស្កាត់មហិច្ចតាថៃ កំឡុងពេលផ្ទុះសង្រ្គាមឈ្លានពានទឹកដីខ្មែរផងដែរ។
លោកថា៖ «តាមពិតយុទ្ធសាស្ត្ររបស់ថៃ ខ្ញុំអត់មានអីភ្ញាក់ផ្អើលទេ គឺមិននៅត្រឹមតែតំបន់១០ប៉ុន្មានហ្នឹងទេ គឺថៃគឺនៅតែតាំងចិត្តថានឹងវ៉ៃយកកន្លែងណាដែលថៃយកមិនទាន់បាន ដោយនិងប្រាសាទតាក្របីហើយនៅមានប្រាសាទមួយទៀត ដែលជាប្រាសាទខ្នារនោះ ដែលឃើញស្រមោចក្នុងខោទៀតផង ដូច្នេះវាអត់មានអីអន់ថយក្រោយទេ ព្រោះថៃឈ្នះប្រៀបយើងហើយទីមួយ គឺឈ្នះនៅពេលដែលគេចាប់ផ្ដើមរំលោភបំពានគ្រប់យ៉ាង យើងចាប់ផ្ដើមអត់ធ្មត់អាហ្នឹងហើយដែលថៃបានចិត្តបន្តឈ្លានពានដីខ្មែរយើង»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅការដោះមីននៅតំបន់ដែលថៃចង់បាន ប្រៀបដូចជាការផ្តល់ភាពងាយស្រួលឱ្យយោធាថៃ ចូលរំលោភយកដីខ្មែរតាមទំនើងចិត្ត។
លោកថា៖ «ម្ល៉ោះហើយបើថៃទាមទារឲ្យដោះមីនហ្នឹង តើបំណងថៃចង់បានអ្វីពីតំបន់ព្រំដែន បំណងរបស់ថៃដែលគេចង់បានហ្នឹង បានន័យថា គេក៏គាត់ប្រាកដជាឲ្យយើងដោះមីន ដើម្បីគេចូលមកដណ្ដើមកាន់កាប់ដីមួយចំណែក ហើយដែលគេថាទឹកដីគេទៀតវាអីចឹងណា កន្លែងហ្នឹងហើយដែលយើងបារម្ភនោះ ហើយមើលទៅភាគីកម្ពុជា គេឲ្យកិច្ចការហ្នឹងឲ្យគណៈកម្មការការពារជាតិ និងគណៈកម្មការព្រំដែនចម្រុះកម្ពុជា និងជាអ្នកធ្វើការដោះស្រាយ ដោះស្រាយទ្វេភាគីក្នុងកិច្ចព្រមព្រៀងហ្នឹង»។
សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកម្ពុជា និងថៃ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោយយន្តការអាស៊ាន និងមហាអំណាចសហរដ្ឋអាមេរិក ដែលក្នុងនោះមានការចុះហត្ថលេខា ពីនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ និងប្រធានអាស៊ានប្តូរវេន លោក អ៊ានវ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី ត្រាំ ធ្វើជាសាក្សីលើការពង្រឹងបទឈប់បាញ់នេះផងដែរ និងក្រោយមានការប្រកាសគាំទ្រពីប្រទេសបារាំង និងជប៉ុនផងដែរ។
ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន ភាគីថៃមិនបានគោរពបទឈប់បាញ់ទេ ថៃបានចល័តទ័ពចូលមករាយបន្លាលួសយកដីខ្មែរជាបន្តបន្ទាប់ ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមច្បាមយក១៧ទីតាំងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូដោយឯកតោភាគី ដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ហៅថា ជាផែនទីចោរ៕









