មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង តម្រូវឱ្យរថយន្តដឹកទំនិញធុនធ្ងន់ផ្អាកជាបណ្តោះអាសន្នរាល់ការធ្វើចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១ ត្រង់ភូមិស្វាយតាភ្ល ខេត្តស្វាយរៀង ដោយសារជំនន់ទឹកភ្លៀង កំពុងហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យផ្លូវមិនអាចទ្រាំទ្របាន។
មន្ទីរសាធារណការ និយាយក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ខែតុលាថា ការផ្អាកនេះ ដោយសារជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវខេត្តលេខ៣១៤សេ ប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពនោះគូសបញ្ជាក់ថា ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ ដែលខ្លួនចាំបាច់ផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវដូចបានជំរាបជូនខាងលើ។
លើសពីនេះ ការផ្អាកនេះ ចាប់ពីថ្ងៃជូនដំណឹងទៅ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវកុំឱ្យរងការខូចខាត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕











